លើកលែងតែមានភស្តុតាងផ្ទុយ ប្រព័ន្ធអេឡិចត្រូនិកដែលបានប្រើប្រាស់សម្រាប់កត់ត្រា ឬរក្សាទុកកំណត់ត្រាអេឡិចត្រូនិក ត្រូវបានសន្មតថាមានសុក្រឹតភាពក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ តាមលក្ខខណ្ឌដូចជា ៖
- ក្នុងករណីមានភស្តុតាងគាំទ្រដល់អង្គហេតុណាមួយដែលបញ្ជាក់ថាប្រព័ន្ធអេឡិចត្រូនិក ឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀត បានដំណើរការជាប្រក្រតីនៅពេលដែលកំណត់ត្រាអេឡិចត្រូនិកនោះត្រូវបានកត់ត្រា ឬរក្សាទុក ឬនៅពេលដែលយកទៅធ្វើជាភស្តុតាង ឬក្នុងករណីដែលប្រព័ន្ធអេឡិចត្រូនិក ឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀតនោះមិនបានដំណើរការជាប្រក្រតី ឬឈប់ដំណើរការទាំងស្រុង ប៉ុន្តែមិនធ្វើឲ្យប៉ះពាល់ដល់សុក្រឹតភាពនៃកំណត់ត្រាអេឡិចត្រូនិក ហើយគ្មានមូលហេតុ សមស្របណាផ្សេងយកមកជំទាស់សុក្រឹត្ភាពនៃកំណត់ត្រានោះ ។
- ក្នុងករណីមានភស្តុតាមអាចបង្ហាញបានថា កំណត់ត្រាអេឡិចត្រូនិកត្រូវបានកត់ត្រាឬរក្សាទុក ដោយភាគីដែលមានផលប្រយោជន៍ផ្ទុយគ្នាទៅនឹងភាគីម្ខាងទៀត ដែលប្រើប្រាស់កំណត់ត្រាអេឡិចត្រូនិកនោះជាភស្តុតាងក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ។ ឬ
- នៅពេលដែលមានភស្តុតាងអាចបង្ហាញបានថា កំណត់ត្រាអេឡិចត្រូនិកត្រូវបានកត់ត្រាឬរក្សាទុកជាប្រក្រតីក្នុងគោលបំណងអាជីវកម្មធម្មតាដោយបុគ្គលដែលមិនមែនជាភាគីក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ហើយបុគ្គលនោះមិនបានកត់ត្រាឬរក្សាទុកនូវកំណត់ត្រាអេឡិចត្រូនិកក្រោមការគ្រប់គ្រងរបស់ភាគិដែលប្រើប្រាស់កំណត់ត្រាអេឡិចត្រូនិកនោះជាភស្តុតាងក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ។