ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើតុលាការមិនអាចបញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយផ្តល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ជាសំអាងក្នុងករណីលែងលះបានដែរឬទេ ?
១២- តើលិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ តម្រូវឱ្យថតចម្លងជូនភ្ជាប់មកជាមួយនឹងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
១៣- តើចំណូលពីអាជីវកម្ម និងពាណិជ្ជកម្ម អាចប្តូរមកដាក់ក្នុងចំណុចសាច់ប្រាក់បានដែរឬទេ ?
១៤- តើកម្រៃដែលបានមកពីការធ្វើជាទីប្រឹក្សានៅកន្លែងផ្សេងតម្រូវឱ្យប្រកាសដែរឬទេ ?
១៥- តើបុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលមានឋានន្តរសក្តិ វរសេនីយ៍ឯក និងដែលមានងារជាឧកញ៉ា តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
ចម្លើយ
១១- យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ប្រធានអង្គភាពមានបុព្វសិទ្ធិ បើកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតែក្នុងករណីស៊ើបអង្កេតអំពើពុករលួយតែប៉ុណ្ណោះ ។ ដូច្នេះ អង្គភាពប្រឆាំងអំពើពុករលួយមិនអាចប្រគល់ឯកសារនេះជូនតុលាការលើបុព្វហេតុសម្រេចសេចក្ដីចំពោះករណីលែងលះបានទេ ។
១២- លិខិតទាំងនេះ មិនតម្រូវឱ្យជូនភ្ជាប់មកជាមួយឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ព្រោះស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុលមិនអាចផ្ទុកឯកសារទាំងនេះបានគ្រប់ចំនួនទេ ហើយបើមានការបើកស្រោមសំបុត្រសម្រាប់ការស៊ើបអង្កេតទើបតម្រូវឲ្យយកមកផ្ទៀងផ្ទាត់ ។
១៣- ចំណូលប្រភេទនេះអាចដាក់ក្នុងចំណុចសាច់ប្រាក់បាន តែអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវប្រកបមុខរបរអាជីវកម្ម និងពាណិជ្ជកម្មណាដែលមិនត្រូវបានហាមឃាត់ដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។
១៤- កម្រៃនេះត្រូវប្រកាស កុំឱ្យតែមុខងារជាទីប្រឹក្សានេះមានទំនាស់ផលប្រយោជន៍ជាមួយមុខងារបច្ចុប្បន្នជាមន្ត្រី ។ ឧទាហរណ៍ មន្ត្រីនគរបាលមិនអាចបើកកុងស៊ីទទួលបញ្ចាំបានទេ។ ចំណូលដែលបានមកពីមុខងារខាងលើ ត្រូវបង់ពន្ធតាមច្បាប់កំណត់ ដើម្បីឱ្យចំណូលនេះក្លាយទៅជាចំណូលស្របច្បាប់ ។
១៥- បុគ្គលនេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះមានឋានន្តរសក្តិដែលជាប់កាតព្វកិច្ចប្រកាស។ បើបុគ្គលនេះជាឧកញ៉ាសុទ្ធសាធ មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។ ឧកញ៉ាគ្រាន់តែជាងារ មិនមែនជាមន្ត្រីសាធារណៈ ។