Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ការ​កកើត​នៃ​គ្រឹស្តសាសនា ដែល​ជា​ចំណុច​ចាប់ផ្តើម​ នៃ​សករាជថ្មី ក្នុង​ប្រតិទិន​របស់​ពិភពលោក​បច្ចុប្បន្ន គឺ​គ្រឹស្តសករាជ។

យើងដឹងហើយ​ថា ប្រជាជន​ជ្វីហ្វ ដែល​ជា​ប្រទេស​តូចមួយ នៅ​តំបន់​មេឌីទែរ៉ាណេ ត្រង់​ដែនដី​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​សម័យកាលបច្ចុប្បន្ន គឺ​ជា​ប្រជាជន ដែល​បាន​​បង្កើត​មុនគេ នូវ​មនោគមន៍​វិជ្ជា​សាសនា​ដ៏ថ្មីស្រឡាង​មួយ ដោយ​មាន​មូលដ្ឋាន​លើ​ជំនឿ​ថា ព្រះពិត​មាន​តែមួយ គឺ​ព្រះជា​ម្ចាស់ ដែល​បាន​បង្កើត​ និង​មាន​អំណាច​លើ​អ្វីៗ​ទាំងអស់​នៅលើ​ចក្រវាល​ទាំងមូល​។ មនោគមន៍​វិជ្ជា​សាសនា​របស់​ពួកជ្វីហ្វ​នេះ គេ​ឲ្យ​ឈ្មោះ​ថា “សាសនា​យូដា”។ ក៏ប៉ុន្តែ កាលពី​២ពាន់​ឆ្នាំមុន សាសនា​យូដា​នេះ​បាន​បែកមែកធាង ទៅ​ជា​សាសនា​ថ្មី​មួយទៀត គឺ ​គ្រឹស្តសាសនា។

 

យូដា និង​គ្រឹស្តសាសនា៖ ដំណើររឿង​រួម

សាសនាយូដា របស់​ជនជាតិ​ជ្វីហ្វ និង​គ្រឹស្តសាសនា ដែល​​ជា​សាសនា​គោរព​ដោយ​ប្រជាជន​ភាគច្រើន​លើសលុប នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន តាមពិត​មាន​ដំណើររឿង​ដើម​រួមគ្នា គឺ​ដំណើរ​រឿង​ ដែល​មាន​កត់ត្រា​ទុក​នៅ​ក្នុង​​សញ្ញាចាស់​នៃ​គម្ពីរប៊ីប​ ឬ​គម្ពីរ​តូរ៉ា​របស់​ពួក​ជ្វីហ្វ។

សាសនាយូដា និង​គ្រឹស្តសាសនា​មាន​ជំនឿ​ដូចគ្នា​ភាគច្រើន ដូចជា ជំនឿ​ទៅលើ​ព្រះតែមួយ ដែល​បង្កើត​គ្រប់​អ្វីៗ​ទាំងអស់។ ជំនឿ​បែប​សុទិដ្ឋិនិយម​ថា ថ្ងៃ​អនាគត​អ្វីៗ​អាច​នឹង​ប្រសើរ​ឡើង ហើយ​មនុស្ស​​ជាតិ​ចាំបាច់​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​​ឲ្យ​ស្ថានភាព​របស់​ខ្លួន​បាន​ប្រសើរ​ឡើង។ មនុស្ស​ចាំបាច់​ត្រូវ​តែ​ចេះងើប​ឡើង​រើបម្រះ​ពី​ការ​ជិះជាន់ ដោយ​មិន​ត្រូវ​ដេករង់ចាំ​វាសនា ឬ​ផ្តេកផ្តួល​ទទួល​ភាព​អយុត្តិធម៌​ ដោយ​ចាត់ទុក​ថា​ ជា​ផល ដែល​បាន​មក​ពី​កម្ម ដែល​ខ្លួន​បាន​ធ្វើ​ពីមុន។ ទាំង​សាសនាយូដា ទាំង​គ្រឹស្តសាសនា សុទ្ធតែ​មាន​ជំនឿ​ដូចគ្នា​ថា ព្រះ​បាន​បង្កើត​មនុស្ស​ទាំងអស់​​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា​​ មិនថា​ស្រី មិនថា​ប្រុស មិន​ថា​ជាតិសាសន៍​​ ឬពណ៌​សម្បុរ​អ្វី​នោះទេ ដែល​នេះ​គឺ​ជា​ចំណុច​ចាប់ផ្តើម ដែល​ឈាន​ទៅ​បង្កើត​ទស្សនាទាន​នៃ​សិទ្ធិមនុស្ស​ជា​សកល ក្នុង​ពេល​បច្ចុប្បន្ន។

ក៏ប៉ុន្តែ សាសនា​យូដា និង​គ្រឹស្តសាសនា​ បាន​ដើរ​មក​ដល់​ផ្លូវ​បំបែក ជាមួយ​នឹង​ការ​ចាប់កំណើត​របស់​ព្រះយេស៊ូវ នៅ​ស្រុក​ណាសារ៉ែត ដែនដី​អ៊ីស្រាអែល។ ការ​ចាប់កំណើត ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​សករាជ​ថ្មី​ ក្នុង​ប្រតិទិន​របស់​ពិភពលោក​បច្ចុប្បន្ន គឺ​ “គ្រឹស្តសករាជ”។

យូដា និង​គ្រឹស្តសាសនា៖ ផ្លូវ​បំបែក

សម្រាប់​អ្នក​កាន់​គ្រឹស្ត​សាសនា​ គេ​មាន​ជំនឿ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះ​សង្រ្គោះ (ដែល​គេ​ហៅថា “យេស៊ូវគ្រីស្ត”) ដែល​មក​ជួយ​រំដោះ​មនុស្ស​ពី​អំពើ​បាប និង​ពី​ទំនៀមទម្លាប់​ដ៏ចាស់​គំរឹល និង​ដ៏តឹងតែង​របស់​សាសនា​យូដា ដូចជា ការ​កាត់ស្បែក និង​ការ​ហាមឃាត់​មិន​ឲ្យ​ទទួលទាន​សាច់នេះ ឬ​សាច់សត្វនេះ ឬ​សត្វនោះ​ ជាដើម។ ម្យ៉ាងទៀត តាម​សេចក្តីបង្រៀន​របស់​ព្រះយេស៊ូវ ព្រះជាម្ចាស់​ទ្រង់​គឺ​ជា​វិញ្ញាណ ដែល​មាន​វត្តមាន​ នៅ​គ្រប់​ទីកន្លែង​ទាំងអស់ មិនមែន​នៅ​តែ​ក្នុង​វិហារ​នោះទេ។ ដូច្នេះ មនុស្ស​គ្រប់គ្នា​ទាំងអស់​អាច​អធិស្ថាន​​ទៅ​ព្រះ ពី​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ព្រះជា​ម្ចាស់ ដោយមិនចាំបាច់​ឆ្លងកាត់​តាម​មន្រ្តី​សង្ឃ ដូច​​ជា​ទំនៀមទម្លាប់​របស់​សាសនា​យូដា​នោះទេ។

 

ការ​បង្រៀន​ទាំងអស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មន្រ្តី​សង្ឃ​នៃ​សាសនា​យូដា ដែល​មិន​ត្រឹមតែ​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះយេស៊ូវ​ថា​ជា​ព្រះ​សង្រ្គោះ​នោះទេ ក៏ប៉ុន្តែ ថែម​ទាំង​ចាត់ទុក​ព្រះអង្គ​ថា​ជា​អ្នក​បះបោរ​ប្រឆាំង​នឹង​សាសនា​យូដា​ទៀត​ផង។ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ចាប់បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​អាជ្ញាធររ៉ូម​ប្រហារ​ជីវិត នៅលើ​ឈើឆ្កាង។

សាវ័ក​របស់​ព្រះយេស៊ូវ ដែល​មាន​ជំនឿ​ថា ព្រះអង្គ​បាន​រស់​ពី​សុគតឡើង​វិញ នៅ​ថ្ងៃ​ទីបី បាន​នាំគ្នា​បន្ត​ចែកចាយ​សេចក្តីបង្រៀន​របស់​ព្រះអង្គ ទៅ​ដល់​មនុស្ស​គ្រប់គ្នា ហើយ​បាន​បង្កើត​ជា​វិហារ ឬ​ក្រុមជំនុំ និង​សហគមន៍ ដែល​គេ​ហៅថា គ្រីស្ទាន គឺ​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ត។ សហគមន៍​ដែល​បាន​រីកសាយ​កាន់តែ​ធំឡើងៗ រហូត​ទៅ​ស្ទើរតែ​ពាសពេញ​ពិភពលោក។

គ្រឹស្តសាសនា​ និង​ចក្រភព​រ៉ូម

​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គ្រឹស្តសាសនា គឺ​ជា​សាសនា​ ដែល​មាន​អ្នក​​គោរព​ច្រើន​ជាង​គេ​បង្អស់ នៅលើ​ពិភពលោក។ បើគិតជា​សរុប គ្រប់​ក្រុម និង​និកាយ​ទាំងអស់ គ្រឹស្តសាសនិកជន​នៅទូទាំង​ពិភពលោក មាន​ចំនួន​​​ជាង ២ពាន់​លាន​នាក់ ធៀប​នឹង​អ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​មាន​ប្រមាណ​ជា ១ពាន់ ៥រយ​លាន​នាក់ និង​អ្ន​កកាន់​ពុទ្ធសាសនា ប្រមាណ​ជា ១ពាន់ ២រយ​លាន​នាក់។

មានអ្នកខ្លះ​បាន​ចោទជាសំណួរ​ឡើង​ថា តើ​ហេតុអ្វី​បាន​ជា​គ្រឹស្តសាសនា​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន រហូតក្លាយ​ទៅជា​សាសនា​ដ៏ធំបំផុត​នៅលើ​ពិភពលោក នាពេល​បច្ចុប្បន្ន​នេះ? សម្រាប់​អ្នក​កាន់គ្រឹស្តសាសនា ចម្លើយ​ គឺ​សាមញ្ញ​បំផុត៖ ដោយសារ​តែ​​​នេះ​ជា​សាសនា​នៃ​សេចក្តីពិត ជឿទៅលើ​ព្រះពិត ដែល​មាន​តែមួយ។ សម្រាប់​អ្នក​ប្រវត្តិសាស្រ្ត​ខ្លះ​ទៀត គេ​​បាន​ព្យាយាម​បកស្រាយ​តាម​បែប​ប្រវត្តិសាស្រ្ត ដោយ​គេ​គិត​ថា ការរីកសាយភាយ​នៃ​គ្រឹស្តសាសនា ក៏​មិនខុស​ពី​ការ​រីកសាយភាយ​នៃ​អរិយធម៌​ក្រិកដែរ គឺ​មាន​កត្តា​ចម្បង​ដូចគ្នា នោះ​គឺ​ចក្រភព​រ៉ូម។

ចក្រភព​រ៉ូម ដែល​ពី​ដំបូង​បាន​ធ្វើ​ការ​បៀតបៀន ធ្វើ​​ទុក្ខបុកម្នេញ ពួក​អ្នក​កាន់​គ្រឹស្តសាសនា បាន​ក្លាយបន្តិចម្តងៗ​ទៅជា​ចក្រភព​នៃ​គ្រឹស្តសាសនា។ នៅ​សតវត្សរ៍​ទី​៤គ.ស អធិរាជ​នៃ​ចក្រភព​រ៉ូម​ ឈ្មោះ កុងស្តង់តាំង (Constantin) ដែល​កាន់​អំណាច​ពី​ឆ្នាំ​៣០៦ ដល់​ឆ្នាំ​៣៣៧​គ.ស បាន​ប្រែខ្លួន​ជា​គ្រឹស្តសាសនិកជន ហើយ​បាន​កំណត់​ឲ្យ​ចក្រភព​រ៉ូម​​យក​គ្រឹស្តសាសនា ​ជាសាសនា​របស់​រដ្ឋ ហើយ​ឥទ្ធិពល​នៃ​គ្រឹស្តសាសនា​​ក៏​បាន​រីកសាយភាយ​ ទៅតាម​អំណាច​នៃ​ចក្រភព​រ៉ូម។

ក៏ប៉ុន្តែ ដោយសារ​តែ​ចក្រភព​រ៉ូមត្រូវ​បាន​ពុះចែក​ជាពីរ គឺចក្រភពរ៉ូម​ខាង​លិច មាន​រាជធានី នៅ​រ៉ូម និង​ចក្រភព​រ៉ូម​ខាង​កើត មាន​រាជធានី​នៅ​កង់ស្តង់ទីណូប អាជ្ញាធរ​គ្រប់គ្រង​វិហារ​​គ្រឹស្តសាសនា​នៃ​ចក្រភព​រ៉ូម​ក៏​មាន​ការ​បែងចែក​ជាពីរ​ដែរ គឺ​ខាង​កើត និង​ខាងលិច។

 

គ្រឹស្តសាសនា៖ កាតូលិក និង​អ័រតូដុក្ស៍

នៅ​ពេល​ដែល​ចក្រភព​រ៉ូម​ត្រូវ​ដួលរលំ នៅ​ឆ្នាំ​៤៧៦ គ្រឹស្តសាសនា​​ខាងកើត និង​ខាងលិច ក៏​ត្រូវ​ស្ថិត​ក្រោម​អំណាច​នយោបាយ​ដាច់ពី​គ្នា​ស្រឡះ ហើយ​​គ្រឹស្តសាសនា​ទាំងពីរ​ក៏​ចាប់ផ្តើម​ដើរ​តាម​គន្លង​ផ្លូវ​ផ្សេងគ្នា​​បន្តិចម្តងៗ រហូតដល់​ឆ្នាំ​១០៥៤ ក៏​​បែក​ទៅ​​ជា​និកាយ​ពីរ​ដាច់​ពីគ្នា​ស្រឡះ គឺ​គ្រឹស្តសាសនា​នៃ​អតីត​ចក្រភព​រ៉ូម​ខាង​លិច បង្កើត​ទៅជា​និកាយ​រ៉ូម៉ាំងកាតូលិក ដែល​មាន​សម្តេច​ប៉ាប នៅ​បុរីវ៉ាទីកង់ គឺ​ជា​ប្រមុខដឹកនាំ ហើយ​គ្រឹស្តសាសនា​នៃ​ចក្រភព​រ៉ូម​ខាងកើត (ប៊ីហ្សង់តាំង) បង្កើត​ទៅជា​និកាយ​អ័រតូដុក្ស៍ (Orthodox) ដែល​​បច្ចុប្បន្ន​មាន​វត្តមាន​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ និង​នៅ​តំបន់​មជ្ឈិមបូព៌ា។

 

នៅ​ដើមសតវត្សរ៍​ទី១៦ គ្រឹស្តសាសនា​និកាយ​រ៉ូម៉ាំង​កាតូលិក​​ក៏​បាន​បែក​ទៅ​ជា​និកាយថ្មីមួយទៀត ដែល​ជា​និកាយ​ធំ​ទី៣ នៃ​គ្រឹស្តសាសនា​បច្ចុប្បន្ន គឺ​និកាយ​ប្រូតេស្តង់៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login