ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
បុគ្គលគ្រប់រូបដែកកើតមកហើយនៅលើលោកសន្និវាសនេះតែងតែមានបំណងចង់បាននូវអ្វីដែលខ្លួនប៉ងប្រាថ្នា សម្រាប់បបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅ ប្រកបដោយសេចក្តីសុខសុភមង្គល ។ ហើយដើម្បីសម្រេចនូវបំណងខាងលើនេះ យើងគួរតែបំពេញសេចក្តីតស៊ូព្យាយាមជាកត្តាមូលដ្ឋានចាំបាច់បំផុតទើបនាំជីវីតរបស់អ្នកទទួលបានជោគជ័យ ផ្សារភ្ជាប់និងជំនឿជាក់លើខ្លួនឯង ។ ដោយមើលឃើញពីអត្ថប្រយោជន៍បែបនេះហើយទើបមានពំនោលមួយបានលើកឡើងថា « ជំនឿជាក់លើខ្លុនឯងជាកត្តាជំរុញឲ្យការងារទទួលបានជោគជ័យ » ។
តើគំនិតរបស់ប្រធានខាងលើមានអត្ថន័យដូចម្តេច ?
ដើម្បីជាជំនួយក្នុងការបកស្រាយប្រធានខាងលើនេះឲ្យបានក្បោះក្បាយ យើងគប្បីយល់អត្ថន័យនៃពាក្យគន្លឹះជាមិនសិន៕ ពាក្យ ជំនឿជាក់លើខ្លួនឯងមានន័យថា ការដែលជឿជាក់ច្បាស់លើខ្កួនឯងស្គាល់សមត្ថភាពរបស់ខ្លួនឯងច្បាស់លាស់ពីតប្រាកដ ។ ចំណែកឯពាក្យ ជោគជ័យ គឺសំដៅទៅលើការទទួលបានលទ្ធផលល្អ ឈ្នះលើអ្វីមួយ ។ ដូចនេះប្រធានមានន័យថាការស្គាល់សមត្ថភាពខ្លួនឯង ទុកចិត្តខ្លួនឯងធ្វើឲ្យមនុស្សមមានជំនឿជាក់លើខ្លួនឯងបានជាកត្តាជំរុញឲ្យមនុស្សអាចសម្រេចការងារ្ ឬកិច្ចការផ្សេងៗទទួលបានផលល្អ ។
ជាការពិតណាស់ផ្អែកតាមជីវភាពជាក់ស្តែងនៅក្នុងសង្គមយើងគេឃើញថា ប្រសិនបើមនុស្សគ្រប់គ្នារស់នៅចេះតស៊ូគ្រប់កាលៈទេសៈស្គាល់ពីតម្លៃខ្លួនឯងពិតប្រាកដព្រមទាំងមានជំនឿជាក់លើសមត្ថភាពរបស់ខ្លួនទីបំផុតលទ្ធផល តែងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ជាទីគាប់ចិត្ត ។ យ៉ាងណាមិញអ្នកសិក្សាតស៊ូព្យាយាមរៀនសតូត្រ ចេះស្តាប់គ្រូពន្យល់អត្ថាធិប្បាយរៀបរាប់គ្រប់មុខវិជ្ជា មិនថាតែមុខវិជ្ជាផ្នែកលសង្គម ឬមួយជាមុខវិជ្ជាផ្នែកវិទ្យាសាស្រ្តលពិតទេ ចេះក្តាប់បានរាល់ខ្លឹមសារគ្រប់មេរៀនទាំងឡាយ ហើយទទួលស្គាល់ពីចំណុចខ្លាំងរបស់យើង នោះលទ្ធផលបញ្ចប់ការសិក្សាប្រាកដជាប្រលងជាប់ មាននិទ្ទេសល្អគ្រប់មុខវិជ្ជាជាក់ជាមិនខាន ។ ចំណែកអ្នកធ្វើការវិញ ប្រសិនបើខិតខំតស៊ីជំនះគ្រប់ឧបសគ្គតូចធំទាំងឡាយទោះបីការងារនោះប្រើដោយកម្លាំងកាយក្តី កម្លាំងបញ្ញក្តី ទើបធ្វើឲ្យការងាររបស់យើងឆ្លើយតបមកវិញនូវប្រសិទ្ធភាពខ្ពស់មានតម្លៃ កិត្តិយស នៅក្នុងអង្គភាព ស្ថាប័នជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល ផ្សេងៗទៀត ។ ជាងនេះទៀតចំពោះអាជីវករតូចធំទាំងឡាយ ខិតខំរកស៊ីពួកគឹនិងមានទ្រព្យសម្បត្តិច្រើនមានអំណាចកិត្តិតស រស់នៅបានសុខស្រួលប្រកបដោយសុខដុមរមនា ក្នុងគ្រួសារជាក់ជាមិនខាន ។ ជាក់ស្តែងនៅក្នុងស្នាដៃអក្សរសិល្ប៍រឿងកុលាបប៉ៃលិន ជាទឹកដៃនិពន្ធរបស់លោក ញ៉ុក ថែម យើងឃើញថាចៅចិត្រជាយុវជន មានជំនឿជាក់លើសមត្ថភាពផ្លូវកាយ ចិត្រមានសុខភាពល្អមានកម្លាំងកាយមាំមួនអាចធ្វើជាកម្មករជីកត្បូងឲ្យលោកហ្លួងរតនៈបានទោះបីជាការងារជីកត្បូងនេះលំបាកយ៉ាងណាក៏ដោយ ចិត្រអាចបំពេញកិច្ចការនេះបានយ៉ាងរលួន ដោយអននុវត្តតាមរបស់តាមចឺម ជាឪពុកថា « អត្តាហិ អត្តនោនាថោ » មានន័យថា ខ្លួនទីពឹខ្លួនឯងជាមុនសិន ពេលឲ្យអ្នកដទៃជួយខ្លួននោះ ។ដោយមើលឃើញពីអត្ថន័យពាក្យទូន្មានរបស់ឪពុកបែបនេះហើយ ទើបធ្វើឲ្យចៅចិត្រមានកម្លាំងកាយធ្វើការដោយមិនរុញរាឡើយ ។ ចិត្រពោលធានារ៉ាប់រងការងារជាមួយលោកហ្លួងរតនៈសម្បត្តិ ព្រមទាំងបានបញ្ជាក់យាងច្បាស់នៅចំពោះមុខនាងឃុននារី ថា « មនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សល្ងង់ទេ ឯមនុស្សស្គមក៏គេមិនសម្គាល់ថាជាមនុស្សខ្សោយដែរ ស្គមយ៉ាងខ្ញុំបាទនេះមានកម្លាំងដូចមនុស្សធាតុមាំដែរគ្រាន់តែមិនសូវមានសាច់ឈាមធាត់បរិបូរណ័ប៉ុណ្ណោះ ទេតើ ។ មិនត្រឹមតែប៉ុណ្ណោះទេយុវជនចិត្រថែមទាំងអាចមានកម្លាំងខ្លាំងហ៊ានប្រយុទ្ធតបតជាមួយចោរ រហូតដល់ទៅពីលើកទៀតផងទាំងនៅក្នុងព្រៃ និងទាំងនៅក្នុងផ្ទះរបស់ចៅហ្វាយនាយរបស់ខ្លួនថែមទៀតផង ។ ទង្វើគ្រប់សកម្មភាពរបស់យុវជនរូបនេះ បានស្តែងឲ្យឃើញពីសមត្ថភាពផ្លូវកាយរបស់ចិត្រ ដែលមានកាយសម្បទាពេញលេញគ្រប់គ្រាន់ ប្រកបទៅដោយថាមពលអង់អាចក្លាហានជាទីបំផុត ។ ម្យ៉ាងវិញទៀតចិត្រជឿជាក់ទៅលើសមត្ថភាពផ្លូវចិត្ត ។ ជាក់ស្តែងគេជាមនុស្ស ចេះតស៊ូ អំណត់ អត់ធន់ គ្រប់បែបយ៉ាងថាមិនថាតែរឿងការងារ ឬមួយរឿងស្នេហាទេ ។ ក្នុងនោះដែរចំពោះរឿងការងារ ចៅចិត្រទ្រាំនិងពាក្យរិះគន់របស់ឃុននារី ប្រមាថមើលងាយថាខ្លួនជាមនុស្សស្គម គ្មានកម្លាំងកំហែងដូចជាមនុស្សញៀនអាភៀន នាងបានសម្លឹងមើលចៅចិត្រតាំងពីក្បាលរហូតចុងជើងមើលហើយមើលទៀតរហូតលាន់មាត់ថា « កម្មករនេះស្គមដូចអ្នកញៀនអាភៀននិងមានកម្លាំងជីកដីបានឬនិងពាក្យរិះគន់របស់លោកបាឡាត់ថែមទៀតផង ។ ជាងនេះទៅទៀតចៅចិត្រជាមនុស្សមានសមត្ថភាពផ្លូវបញ្ញា ដែលជាហេតុនាំឲ្យគេទទួលបានជោគជ័យ ទោះបីជាចិត្តជាកូនកំព្រាមានជីវភាពគ្រីក្រមែនពិត ប៉ុន្តែចៅចិត្រមានការតស៊ូរៀនសូត្រ មានចំណេះដឹង មានសញ្ញាបត្រប្រកាសនីយបត្រ មានជំនាញនិងចេះដោះស្រាយបញ្ហាពេលមានអាសន្ន ។ លើសពីនេះចិត្រចេះជួសជុលឡាន មានបញ្ញាឈ្លាសវៃ ចេះឆ្លើយឆ្លង និងប្រើចិត្តសាស្រ្តក្នុងការពន្យល់ឃុននារីរហូតបានធ្វើឲ្យចិត្តរបស់នាងឃុននារី ដែលធ្លាប់តែប្រកាន់ខ្លួនមានអត្តចរិកឆ្មើងឆ្មៃមិនសូវត្រូវជាមួយចិត្រនោះបានធ្វើឲ្យនាងផ្លាស់ប្តូរមកជាមនុស្ស ដែលចេះគិតមានហេតុផលវិញ ។ ទីបំផុតដោយសារតែមានសមត្ថភាពសំខាន់ៗនៃការជឿទុកចិត្តរបស់ចិត្របែបនេះទើបធ្វើឲ្យរូបគេទទួលជោគជ័យចំពោះរឿងការងារ ក៏ដូចជារឿងស្នេហារហូតបាននាងឃុននារីជាឧត្តមភរិយាថែមទៀតផង ។
សរុបសេចក្តីមកការបកស្រាយខាងលើ អាចបញ្ជាក់បានថាមានជំនឿជាក់លើខ្លួនឯង អាចធ្វើឲ្យមនុស្សទទួលបានជោគជ័យក្នុងជីវីតគ្រប់ពេលវេលា ។
ឆ្លងតាមការបកស្រាយើងឃើញថា ប្រធានខាងលើមានអត្ថន័យល្អ អប់រំឲ្យយើងជឿជាក់លើសមត្ថភាពខ្លួនឯងដោយពឹងផ្អែកលើចំណេះដឹង និងការខិតខំប្រឹងប្រែងតស៊ូព្យាយាម ។ ក្នុងនាមយើងជាយុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រពង្រីកនូវចំណេះដឹងសមត្ថភាពមរបស់ខ្លួនដើម្បីជំរុញឲ្យការងារទទួលបានជោគជ័យ ។