ចំនួនប្រាក់ពន្ធត្រូវកំណត់ដូចជា ៖
- ក្នុងករណីដែលប្រាក់ពន្ធរបស់អ្នកជាប់ពន្ធត្រូវបានបង់តាមវិធីកាត់ទុក ហើយអ្នកជាប់ពន្ធគ្មានកាតព្វកិច្ចធ្វើប្រកាសសារពើពន្ធនោះ ការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ គឺជាកំណត់ចំនួនប្រាក់ពន្ធដែលបានកាត់ទុកនៅក្នុងឆ្នាំប្រតិទិន ។
- ក្នុងករណីដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកមានកាតព្វកិច្ចត្រូវដាក់លិខិតប្រកាសសារពើពន្ធ ការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក គឺជាការកំណត់ពន្ធដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកបានគណនានៅលើលិខិតប្រកាសសារពើពន្ធ ដែលដាក់ជូនរដ្ឋបាលសារពើពន្ធ ។
- ក្នុងករណីដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ ប៉ុន្តែមិនបានធ្វើលិខិតប្រកាស មិនបានរក្សាទុកឲ្យបានត្រឹមត្រូវនូវបញ្ជីការគណនេយ្យ ឬឯកសារផ្សេងទៀតតាមការតម្រូវ ឬមិនបានផ្តល់ពត៌មានចាំបាច់ជូនរដ្ឋបាលសារពើពន្ធ ដើម្បីកំណត់ពន្ធឲ្យបានត្រឹមត្រូវ ការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកគឺជាការកំណត់ពន្ធជាឯកតោភាគីដែលរដ្ឋបាលសារពើពន្ធបានធ្វើ និងបានប្រគល់ឲ្យបុគ្គលនោះ ។ ការកំណត់ពន្ធជាឯកតោភាគីត្រូវផ្អែកលើ ៖
ក- ពត៌មានដែលមានចុះនៅក្នុងលិខិតប្រកាសសារពើពន្ធនានា ឬឯកសារផ្សេងទៀតដែលអ្នកជាប់ពន្ធបានដាក់ជូនរដ្ឋបាលសារពើពន្ធ ។
ខ- ពត៌មានដែលមានចុះក្នុងលិខិតប្រកាសពត៌មាន ។
គ- ពត៌មានផ្សេងទៀតដែលរដ្ឋបាលសារពើពន្ធបានទទួល ។
- បើសិនជាមានមូលដ្ឋានបញ្ជាក់ថា ការប្រមូលពន្ធអាចមានឧបសគ្គ រដ្ឋបាលសារពើពន្ធអាចធ្វើការកំណត់ពន្ធលើអ្នកជាប់ពន្ធនៅពេលណាមួយក៏បាន ។