ការរឹបអូសទ្រព្យសម្បត្តិអ្នកជាប់ពន្ធត្រូវបានកំណត់ដូចជា៖
- ប្រសិនបើអ្នកជាប់ពន្ធមិនបានបង់បំណុលពន្ធក្នុងរយៈពេល១៥ថ្ងៃក្រោយពីបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ រដ្ឋបាលសារពើពន្ធអាចរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដើម្បីធានាបំណុលពន្ធ ព្រមទាំងសោហ៊ុយចំណាយក្នុងការប្រមូលពន្ធនោះ ។ សម្រាប់គោលដៅនៃច្បាប់នេះ ពាក្យ “ការរឹបអូស” សំដៅដល់ការរឹបអូសតាមគ្រប់មធ្យោបាយ និងការលក់ទ្រព្យសម្បត្តិអ្នកជាប់ពន្ធដោយរដ្ឋបាលសារពើពន្ធ តែមិនត្រូវរឹបអូសទ្រព្យសម្បត្តិឲ្យហួសពីបំណុលពន្ធ និងចំណាយក្នុងការប្រមូលពន្ធឡើយ ។
- បុគ្គលដែលមានភារៈកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដែលត្រូវរដ្ឋបាលសារពើពន្ធរឹបអូស មិនអាចបង្វិលទ្រព្យសម្បត្តិនោះទៅឲ្យអ្នកជាប់ពន្ធវិញ ឬក៏យកទ្រព្យសម្បត្តិនោះទៅធ្វើការទូទាត់ផ្សេងៗបានទេ លើកលែងតែការទូទាត់ដែលរដ្ឋបាលសារពើពន្ធបានអនុញ្ញាត ។
- រដ្ឋបាលសារពើពន្ធ អាចអនុវត្តការរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដែលកាន់កាប់ និងគ្រប់គ្រងដោយបុគ្គលដទៃទៀតយ៉ាងតិច១៥ថ្ងៃក្រោយពេលជូនដំណឹងដល់អ្នកកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិនោះ ។
- បុគ្គលអ្នកកាន់កាប់ និងគ្រប់គ្រងលើទ្រព្យសម្បត្តិដែលត្រូវរឹបអូស ត្រូវប្រគល់ទ្រព្យសម្បត្តិនោះ ឬក៏បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម ការប្រាក់ និងសោហ៊ុយចំណាយក្នុងការប្រមូលពន្ធជូនរដ្ឋបាលសារពើពន្ធ លើកលែងតែចំណែកទ្រព្យសម្បត្តិណាមួយដែលស្ថិតនៅក្នុងដំណើរការជម្រះបញ្ជីរំលាយសកម្មភាពអាជីវកម្ម ។
- បុគ្គលដែលមិនបានប្រគល់ទ្រព្យសម្បត្តិ ត្រូវទទួលខុសត្រូវលើចំនួនទឹកប្រាក់នៃតម្លៃទ្រព្យសម្បត្តិនោះ ប៉ុន្តែមិនលើសពីចំនួនទឹកប្រាក់ដែលជាកម្មវត្ថុនៃការរឹបអូសនោះទេ ។
- បុគ្គលណាដែលបានប្រតិបត្តិតាមការតម្រូវ ត្រូវបានរួចផុតអំពីការទទួសខុសត្រូវចំពោះអ្នកជាប់ពន្ធ ឬតតិយជនលើទ្រព្យសម្បត្តិ ប្រាក់ពន្ធ ឬកាតព្វកិច្ចផ្សេងទៀតដែលបានប្រគល់ជូនទៅរដ្ឋបាលសារពើពន្ធ ។
- ប្រសិនបើរដ្ឋបាលសារពើពន្ធមានមូលដ្ឋានត្រឹមត្រូវជឿជាក់ថា ការប្រមូលពន្ធអាចមានឧបសគ្គ រដ្ឋបាលសារពើពន្ធអាចទាមទារឲ្យអ្នកជាប់ពន្ធបង់ពន្ធភ្លាម ហើយបើអ្នកជាប់ពន្ធមិនបានបំពេញតាមការទាមទារនេះទេ អាចរឹបអូសទ្រព្យសម្បត្តិអ្នកជាប់ពន្ធភ្លាម ។
- ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចមានកំណត់ក្នុងអនុក្រឹត្យ ត្រូវបានរួចផុតពីការរឹបអូស ។
- ការលក់ទ្រព្យសម្បត្តិរឹបអូសត្រូវធ្វើឡើងតាមការដាក់ឲ្យដេញថ្លៃ ។ សោហ៊ុយចំណាយផ្សេងៗក្នុងការលក់ទ្រព្យសម្បត្តិ គឺជាបន្ទុករបស់អ្នកជាប់ពន្ធ ។