Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ជំពូកទី១

ស្តីអំពីកិច្ចសន្យា

ផ្នែកទី១ បទបញ្ញតិទូទៅ

មាត្រា ១-

            កិច្ចសន្យា គឺជាឆន្ទៈព្រមព្រៀងរវាងបុគ្គល២នាក់ ឬច្រើននាក់ ដើម្បីបង្កើត កែប្រែ ឬរំលត់កាតព្វកិច្ច ឬច្រើនដែលទាក់ទិននិងខ្លួន ។

            ក្នុងអត្ថន័យខាងលើ បុគ្គលអាចជារូបវន្តបុគ្គល ជានីតិបុគ្គល ។

            នីតិបុគ្គល អាចធ្វើកិច្ចសន្យាតាមរយៈបុគ្គលដែលជាតំណាងខ្លួន ។

មាត្រា ២-

            កិច្ចសន្យាទាំងឡាយ ត្រូវរួមចំណែកក្នុងការផ្សារភ្ជាប់ផលប្រយោជន៍បុគ្គល និងផលប្រយោជន៍សង្គម ។

            ភាគីនៃកិច្ចសន្យា ត្រូវសហការនិងគ្នាក្នុងកិច្ចបរិយាកាសទុកចិត្ត ស្មោះត្រង់នឹងគ្នា អនុវត្តសមស្របនិងគោលការណ៍សីលធម៌សង្គម  ហើយជាពិសេស កំចាត់នូវគំនិត មនុស្សជិះជាន់មនុស្ស ។

ផ្នែកទី ២

សុពលភាព និងទម្រង់នៃកិច្ចសន្យា

មាត្រា ៣-

            កិច្ចសន្យាទាំងឡាយនិងយកជាការបាន លុះណាតែកាតព្វកិច្ចដែលកើតកិច្ចសន្យានោះ ៖

            ១- កើតចេញពីការព្រមព្រៀងដោយពិតប្រាកដ និងដោយសេរី

            ២- កើតចេញពីជនដែលមានសមត្ថភាពចុះកិច្ចសន្យា

      ៣- មានវត្ថុមួយដែលជាក់លាក់ ដែលអាចធ្វើកើត និងដែលស្របច្បាប់របៀបរៀបរយសាធារណៈ ឬទំនៀមទំលាប់ដ៏ល្អប្រពៃ ។

មាត្រា ៤-

            កិច្ចសន្យាអាចធ្វើដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ។ ច្បាប់អាចកំណត់ឲ្យមានទម្រង់មួយជាក់លាក់ក្នុងការធ្វើកិច្ចសន្យា ។ កិច្ចសន្យាទាំងឡាយណា ដែលមិនបានធ្វើតាមទម្រង់ដែលច្បាប់បានកំណត់ត្រូវទុកជាមោឃៈ លើកលែងតែមានបទបញ្ញត្តិនៃ​វិធានច្បាប់ណាមួយកំណត់ផ្ទុយពីនេះ ។

         កិច្ចសន្យាគ្រប់ប្រភេទ ស្តីពីប្រាក់ ឬវត្ថុដែលមានចំនួន ឬមានតម្លៃលើសពីប្រាំពាន់រៀល ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ។

ផ្នែកទី ៣

មោឃៈភាពនៃកិច្ចសន្យា

មាត្រា ៥-

            ត្រូវទុកជាមោឃៈជាដាច់ខាត ៖

            - កិច្ចសន្យាទាំងឡាយដែលមិនស្របនឹងច្បាប់ របៀបរៀបរយសាធារណៈ ឬទំនៀមទំលាប់ដ៏ល្អប្រពៃ ។

            - កិច្ចសន្យាទាំងឡាយណាដែលមិនស្របនិងផលប្រយោជន៍សង្គម ឬមិនស្របនិងគោលការណ៍សីលធម៌សង្គម ។

            - កិច្ចសន្យាទាំងឡាយណាដែលមានតាវកាលិក កម្មវត្ថុនៃកិច្ចសន្យា មិនអាចធ្វើកើត ។

មាត្រា ៦-

អាចទុកជាមោឃៈបាន ៖

- កិច្ចសន្យាទាំងឡាយណាដែលមិនកើតចេញពីការព្រមព្រៀងដោយពិតប្រាកដ ឬដោយសេរី ។

- កិច្ចសន្យាទាំងឡាយណាដែលមិនកើតចេញពីបុគ្គលគ្មានសមត្ថភាព ចុះកិច្ចសន្យា ។

មាត្រា ៧-

            មិនអាចចាត់ទុកថា មានការព្រមព្រៀងត្រឹមត្រូវទេ កាលណាការព្រមព្រៀងនោះមិនធ្វើដោយការភ័ន្តច្រឡំ ដោយមានហឹង្សា​ ឬដោយការបន្លំបោកប្រាស់ ។

មាត្រា ៨-

            ការភ័ន្តច្រឡំនិងជាមូលហេតុមោឃៈភាពនៃកិច្ចសន្យាបាន បើមានការភ័ន្តច្រឡំទៅលើសារជាតិនៃរបស់ដែលជាកម្មវត្ថុនៃកិ​ច្ចសន្យា​។

            ការភ័ន្តច្រឡំទៅលើបុគ្គល មិនអាចចាត់ទុកជាមូលហេតុមោឃៈភាពនៃកិច្ចសន្យាបានឡើយ លើកលែងតែបុគ្គលនោះ ជាមូលហេតុនៃកិច្ចចំបងនៃកិច្ចសន្យា ។

មាត្រា ៩-

            ហឹង្សានិងទៅជាមូលហេតុនិងទៅជាមោឃៈភាពនៃកិច្ចសន្យាបាន កាលណាហឹង្សានោះជាការគំរាមកំហែង បង្ខិតបង្ខំតាមផ្លូវកាយ ឬផ្លូវចិត្ត ប្រព្រឹត្តទៅលើភាគីណាមួយ ឬទៅលើប្តី ប្រពន្ធ បុព្វញ្ញាតិ ឬបច្ឆាញ្ញាតិណាមួយរបស់ភាគីនោះ ។

មាត្រា ១០-

            ការបន្លំបោកប្រាស់ ជាមោឃៈភាពនៃកិច្ចសន្យា កាលណាមានឧបាយកល អំពើបញ្ឆោត អំពើបន្លំភូតភរប្រព្រឹត្តដោយភាគីណាមួយ ដែលជាហេតុបញ្ជាក់ច្បាស់ថា បើគ្មានកិច្ចកលទាំងនោះទេ ភាគីម្ខាងទៀតប្រាកដជាមិនធ្វើកិច្ចសន្យានោះឡើយ ។

មាត្រា ១១-

            កាលណានៅពេលចុះកិច្ចសន្យា ភាគីណាមួយឆ្លៀតទាញយកប្រយោជន៍ពីស្ថានភាពភាគីម្ខាងទៀត ធ្វើកិច្ចសន្យាដោយមានចំណេញច្រើនមិនសមស្របមកលើខ្លួន ភាគីរងគ្រោះអាចប្តឹងបដិសេធកិច្ចសន្យានោះបានជានិច្ច ។

មាត្រា ១២-

            នៅពេលធ្វើកិច្ចសន្យា កាលណាមានភាពខុសគ្នាមិនសមស្របរវាងតម្លៃនៃតាវកាលិក និងតម្លៃតាវកាលិកតបវិញ ភាគីរងគ្រោះអាចប្តឹងបដិសេធកិច្ចសន្យាបាន ក្នុងលក្ខណៈដែលខ្លួនពុំដែលមានបំណងធ្វើអំណោយទេនោះ ។

មាត្រា ១៣-

            ភាគីដែលដោះសារសំអាងថា​ ខ្លួនបានចុះកិច្ចសន្យាដោយមានការភ័ន្តច្រឡំ ដោយមានហឹង្សា ឬដោយមានការបន្លំបោកប្រាស់ ដើម្បីមិនអនុវត្តកាតព្វកិច្ចដែលកើតចេញពីកិច្ចសន្យានោះ ត្រូវជូនភស្តុតាងអំពីរឿងនោះ ។

មាត្រា ១៤-

            ជនទាំងឡាយដែលមានអាយុគ្រប់ ១៨ឆ្នាំ អាចធ្វើកិច្ចសន្យាបានគ្រប់ពេលវេលា​ លើកលែងតែជនគំហាត់ដែលមានចែងក្នុងច្បាប់ ។

មាត្រា ១៥-

            អនីតិជនអាយុតិចជាង ១៨ឆ្នាំ មិនអាចធ្វើឲ្យកើតសិទ្ធិ ឬករណីកិច្ចនានា ជាពិសេសមិនអាចចុះកិច្ចសន្យាដោយគ្មានការយល់ព្រមពីអ្នកអាណាព្យាបាលស្របច្បាប់របស់ខ្លួនបានឡើយ ។

            កិច្ចសន្យាដែលធ្វើឲ្យអនីតិជន គ្មានការយល់ព្រមជាបឋមពីអ្នកអាណាព្យាបាលស្របច្បាប់របស់ខ្លួន និងអាចយកទៅអនុវត្តបាន លុះត្រាតែអ្នកអាណាព្យាបាលស្រប​ច្បាប់ឯកភាពលើកិច្ចសន្យានោះ ក្រោយពេលដែលអនីតិជនបានចុះកិច្ចសន្យានោះរួច ។

            ប៉ុន្តែចំពោះកិច្ចសន្យាទាំងឡាយណា ធ្វើដោយអនីតិជនសម្រាប់បំពេញការរស់នៅប្រចាំថ្ងៃនោះ មិនចាំបាច់មានការយល់ព្រមពីអ្នកអាណាព្យាបាលស្របច្បាប់នៃអនីតិជននោះឡើយ ។

មាត្រា ១៦-

            គូសន្យានៃអសមត្ថជន មិនអាចដោះសារដើម្បីគេចកែពីកាតព្វកិច្ចនៃកិច្ចសន្យា ដោយសំអាងថារូបជនដែលចុះកិច្ចសន្យាជាមួយនិងខ្លួននោះ ជាអសមត្ថជនបានឡើយ ។

មាត្រា ១៧-

            កិច្ចសន្យាទាំងឡាយត្រូវមានវត្ថុស្ថិតក្នុងពាណិជ្ជកម្ម ។ វត្ថុទាំងនេះត្រូវចែងឲ្យប្រាកដោយឡែកពីគ្នា តាមប្រភេទ តាមបរិមាណ និងតាមគុណភាព ។

            វត្ថុដែលនឹងមានក្នុងអនាគតកាល ក៏អាចជាវត្ថុនៃកិច្ចសន្យាបានដែល ។ ប៉ុន្តែកិច្ចសន្យាលក់មរតក ដែលមានម្ចាស់នៅរស់ពុំអាចធ្វើបានឡើយ ទោះបីម្ចាស់មរតកនោះយល់ព្រមផងក៏ដោយ ។

មាត្រា ១៨-

            ជនគ្រប់រូបអាចនឹងសុំមោឃភាពដាច់ខាតនៃកិច្ចសន្យាដែលមានចែងក្នុងមាត្រា ៥ បានគ្រប់ពេលវេលា ។

មាត្រា ១៩-

            ក្នុងករណីមោឃភាពនៃកិច្ចសន្យា បណ្តាលមកពីមូលហេតុអសមត្ថភាព ការភ័ន្តច្រឡំ ហឹង្សា ឬការបន្លំបោកប្រាស់ ការសុំមោឃភាពនៃកិច្ចសន្យានេះអាចនឹងធ្វើឡើងបានដោយភាគីរងគ្រោះ ឬដោយជនទាំងឡាយណាដែលមានប្រយោជន៍ស្របច្បាប់ ក្នុងការសុំមោឃភាពនោះ ។

            ភាគីរងគ្រោះ ឬជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការសុំមោឃភាព ត្រូវឲ្យដំណឹងទៅភាគីម្ខាងទៀត ។ ភាគីដែលទទួលដំណឹងត្រូវឆ្លើយតបជាបន្ទាន់ ។ ក្រោយពេលឲ្យដំណឹងភាគីរងគ្រោះ ឬជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការសុំមោឃភាព អាចសុំប្តឹងមោឃភាពនៃកិច្ចសន្យានោះ ក្នុងរយៈពេល១២ខែយ៉ាងយូរ ។

មាត្រា ២០-

            សិទ្ធិប្តឹងមោឃភាពនៃកិច្ចសន្យាដែលមានចែងក្នុងមាត្រាទី១៩ ត្រូវរលត់ប្រសិនបើក្រោយពីពេលប្តឹងសុំឲ្យមានមោឃភាពនោះមក ជនដែលមានសិទ្ធិប្តឹងនេះយល់ព្រមអនុវត្តកាតព្វកិច្ចរបស់ខ្លួន ឬសុំឈប់ប្តឹងវិញដោយលាយលក្ខណ៍អក្សរ អំពីមោឃភាពនៃកិច្ចសន្យានោះ ។

មាត្រា ២១-

            ក្នុងករណីមានមោឃភាពនៃកិច្ចសន្យា ស្ថានភាពដែលមាននៅពេលមុនចុះកិច្ចសន្យា ត្រូវមានឡើងវិញ ។

ផ្នែកទី ៤

អានុភាព និងការបកស្រាយនៃកិច្ចសន្យា

មាត្រា ២២-

            កិច្ចសន្យាទុកជាច្បាប់របស់គូភាគី ។

            កិច្ចសន្យានិងអាចកែប្រែបាន លុះត្រាតែមានការយល់ព្រមពីគូភាគី ។ កិច្ចសន្យាត្រូវយកទៅអនុវត្តដោយសុច្ចរិត និងតាមបំណងនៃគូភាគី ។

            កិច្ចសន្យាមានអានុភាពតែទៅលើភាគីនៃកិច្ចសន្យាតែប៉ុណោ្ណះ ។

មាត្រា ២៣-

            កាលបើកិច្ចសន្យាធ្វើឡើងដោយមានន័យថាមិនច្បាស់ កិច្ចសន្យានោះត្រូវបកស្រាយតាមទំលាប់ប្រើ ឬតាមទំនៀមទំលាប់នៃកន្លែងដែលកិច្ចសន្យានោះបានធ្វើ កុំឲ្យតែការបកស្រាយនោះផ្ទុយនឹងបទបញ្ញត្តិនៃក្រឹត្យច្បាប់នោះ ។

            ក្នុងករណីសង្ស័យ កិច្ចសន្យាត្រូវបានបកស្រាយជាប្រយោជន៍នៃភាគីកូនបំណុល ។

មាត្រា ២៤-

            ភាគីកូនបំណុលនៃកិច្ចសន្យា មានកាតព្វកិច្ចសងដោយទ្រព្យសម្បត្តិ ជាចលនវត្ថុ និងអចលវត្ថុបច្ចុប្បន្ន និងអនាគត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login