2020-06-02 12:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ផ្នែកទី ៥
អាជ្ញាយុកាលនៃកិច្ចសន្យា
មាត្រា ២៥-
លើកលែងតែច្បាប់ចែងផ្សេងពីនេះ កាតព្វកិច្ចទាំងឡាយដែលកើតចេញពីកិច្ចសន្យាត្រូវផុតអាជ្ញាយុកាល កាលបើភាគីដើមបំណុលមិនប្តឹងទាមទារឲ្យអនុវត្តក្នុងអំឡុង៥ឆ្នាំ គិតពីថ្ងៃកំណត់កិច្ចសន្យា ឬបើគ្មានកំណត់ថ្ងៃទេ ត្រូវគិតពីថ្ងៃចុះកិច្ចសន្យា ។
មាត្រា ២៦-
អាជ្ញាយុកាលត្រូវបានផ្អាកសិន កាលបើភាគីកូនបំណុលអវត្តមានពីលំនៅដ្ឋាន ហើយអវត្តមាននេះត្រូវបានរដ្ឋអំណាចមូលដ្ឋានបញ្ជាក់ត្រឹមត្រូវបានច្បាប់ ។
បណ្តឹងរបស់ភាគីកូនបំណុល ក៏ត្រូវផ្អាកអាជ្ញាយុកាលនៃកិច្ចសន្យាដែរ ។
មាត្រា ២៧-
កូនបំណុល ឬអ្នកធានា អាចនឹងលើកយកអាជ្ញាយុកាលមកតវ៉ាបាន ។ បើកូនបំណុល ឬអ្នកធានាមិនបានលើកយកអាជ្ញាយុកាលមកតវ៉ាទេ តុលាការប្រជាជនត្រូវលើកជួសសាម៉ីខ្លួន ។
មាត្រា ២៨-
ភាគីកូនបំណុល ឬអ្នកធានាដែលបានបំពេញកាតព្វកិច្ចដែលផុតអាជ្ញាយុកាលរួចទៅហើយ ពុំអាចទាមទារយកចំនួនទឹកប្រាក់ ឬតម្លៃនោះមកវិញបានឡើយ ។
ផ្នែកទី ៦
ការអនុវត្តកិច្ចសន្យា
មាត្រា ២៩-
កាតព្វកិច្ចទាំងឡាយដែលមានចែងក្នុងកិច្ចសន្យា ត្រូវតែអនុវត្តយ៉ាងទៀតទាត់ និងត្រឹមត្រូវជាពិសេសអំពីបរិមាណ គុណភាព ទីកន្លែង និងរយៈពេលកំណត់ ។
មាត្រា ៣០-
ភាគីនីមួយនៃកិច្ចសន្យាគឺ ៖
- កូនបំណុល ចំពោះកាតព្វកិច្ចដែលខ្លួនត្រូវធ្វើ
- ដើមបំណុល ចំពោះកាតព្វកិច្ចដែលខ្លួនត្រូវទារ
មាត្រា ៣១-
ភាគីដើមបំណុលមិនអាចត្រូវបានបង្ខំ ៖
- ឲ្យទទួលយកវត្ថុផ្សេងពីវត្ថុដែលខ្លួនត្រូវបាននោះឡើយ ថ្វីត្បិតតម្លៃនៃវត្ថុដែលបង្ខំឲ្យយកនោះស្មើ ឬលើសពីតម្លៃនៃវត្ថុដែលខ្លួនត្រូវបាន ។
- ឲ្យព្រមទទួលយកការអនុវត្តមួយផ្នែកនៃកិច្ចសន្យា ។ ប៉ុន្តែដោយយោលទៅលើស្មារតីសុច្ចរឹត និងស្ថានភាពក្រលំបាករបស់ភាគីកូនបំណុល តុលាការប្រជាជនអាចឲ្យបន្ថយរយៈពេលអនុវត្ត និងបង្គាប់ឲ្យបង្អង់សិន ។ ក្នុងករណីពិសេសនេះ សេចក្តីសម្រេចត្រូវតែដាក់មូលហេតុឲ្យបានច្បាស់លាស់ ហើយតុលាការប្រជាជនត្រូវប្រើអំណាចនេះដោយប្រុងប្រយ័ត្នបំផុត ។
មាត្រា ៣២-
ការអនុវត្តកិច្ចសន្យា ត្រូវប្រព្រឹត្តទៅនៅលំនៅស្ថានរបស់កូនបំណុលក្នុងករណីដែលកិច្ចសន្យាពុំបានកំណត់កន្លែងផ្សេងទៀត ។
មាត្រា ៣៣-
ក្នុងករណីគ្មានកំណត់រយៈពេលដើម្បីអនុវត្តកិច្ចសន្យា កូនបំណុលអាចសង ឬផ្តល់នៅពេលណាក៏បាន ។
ជំពូកទី ២
អំពីកិច្ចសន្យាមួយចំនួន ដែលប្រើញឹកញាប់
ផ្នែកទី ១
ការលក់ដូរ
មាត្រា ៣៤-
ការលក់ ជាកិច្ចសន្យាមួយដែលបុគ្គលម្នាក់មានកាតព្វកិច្ចផ្ទេរកម្មសិទ្ធិនៃវត្ថុមួយ ឬសិទ្ធិណាមួយឲ្យទៅបុគ្គលម្នាក់ទៀតដែលមានកាតព្វកិច្ចត្រូវប្រគល់ប្រាក់ថ្លៃវត្ថុ ឬសិទ្ធិនោះមកវិញ ។
មាត្រា ៣៥-
ត្រូវទុកជាមោឃៈ ៖
- ការលក់វត្ថុរបស់អ្នកដទៃ
- ការលក់វត្ថុពីប្តីទៅឲ្យប្រពន្ធ ឬពីប្រពន្ធទៅឲ្យប្តី
- ការលក់វត្ថុអវិភាគ “ដែលបំបែកពីគ្នាមិនបាន” ដោយសហកម្មសិទ្ធិករម្នាក់ដោយគ្មានបានទទួលការព្រមព្រៀងពីសហកម្មសិទ្ធិករឯទៀត ។
១- កាតព្វកិច្ចរបស់អ្នកលក់
មាត្រា ៣៦-
អ្នកលក់ត្រូវរក្សាវត្ថុឲ្យបានល្អរហូតដល់ថ្ងៃកំណត់ ដើម្បីអាចបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវប្រគល់វត្ថុនោះ ។
មាត្រា ៣៧-
អ្នកលក់ត្រូវជៀសវាងកុំផ្លាស់ប្តូរ កែប្រែវត្ថុតាមរបៀបណាក៏ដោយ ចាប់តាំងពីថ្ងៃលក់រហូតដល់ថ្ងៃប្រគល់វត្ថុ ។
មាត្រា ៣៨-
អ្នកលក់ត្រូវទទួលខុសត្រូវអំពីការអន្តរាយដែលបណ្តាលឡើងដល់វត្ថុនោះ រហូតដល់ថ្ងៃដែលត្រូវប្រគល់ ។ ការលក់រំលាយចោលបាន ប្រសិនបើវត្ថុដែលដល់នោះបាត់ ឬខូតខាតច្រើនមុនពេលប្រគល់ ឬក្នុងករណីដែលអ្នកលក់រកវត្ថុដូចគ្នាមកជំនួសពុំបាន ។ ប្រសិនបើការលក់ត្រូវរំលាយចោល អ្នកលក់ត្រូវបង់ជំងឺចិត្តឲ្យអ្នកទិញចំពោះការបាត់វត្ថុ ឬការខូចខាតវត្ថុបណ្តាលមកពីកំហុសរបស់អ្នកលក់ ។
មាត្រា ៣៩-
អ្នកលក់ត្រូវប្រាប់អ្នកទិញនូវគុណភាពជាសាវ័ន្តនៃវត្ថុ ព្រមទាំងស្ថានភាពទាំងឡាយសំខាន់ៗទាក់ទងទៅនឹងវត្ថុនោះ ជាពិសេសប្រាប់អំពីសិទ្ធិនោះ ឬអំពីបន្ទុកដែលមានលើវត្ថុនោះ ។ ម្យ៉ាងទៀតអ្នកលក់ក៏ត្រូវប្រគល់ដល់ដៃអ្នកទិញនូវឯកសារទាំងឡាយ ដែលទាក់ទងនិងស្ថានភាពទាំងនោះ ។
មាត្រា ៤០-
អ្នកលក់ត្រូវប្រគល់ពុំមែនតែវត្ថុដើមប៉ុណោ្ណះទេ ប៉ុន្តែត្រូវប្រគល់ផល ឬវត្ថុរាយរងទាក់ទងទៅនឹងវត្ថុដើមទៀតផង ។ ក្នុងរឿងលក់ចលនវត្ថុ ការប្រគល់ប័ណ្ឌនៃចលនវត្ថុ ទុកជាការប្រគល់ចលនវត្ថុដោយត្រឹមត្រូវ ។ ប្រាក់ចំណាយក្នុងការប្រគល់ត្រូវធ្លាក់មកលើអ្នកលក់ ប្រសិនបើគ្មានចែងផ្សេងពីនេះ នៅក្នុងកិច្ចសន្យាលក់ទេនោះ ។
មាត្រា ៤១-
ចំពោះចលនវត្ថុ ការផ្ទេរសិទ្ធិរបស់អ្នកលក់ឲ្យទៅអ្នកទិញទុកជាត្រឹមត្រូវបាន លុះត្រាតែសំបុត្រលក់នោះមានសេចក្តីបញ្ជាក់ និងប្រថាប់ត្រា ។ ចាប់តាំងពីថ្លៃដែលសំបុត្រនោះមានសេចក្តីបញ្ជាក់ និងប្រថាប់ត្រា តតីយជនជំទាស់លែងបាន ។
ចំពោះចលនវត្ថុ ការផ្ទេរកម្មសិទ្ធិទុកជាត្រឹមត្រូវបាន ហើយតតីយជនក៏ជំទាស់លែងបាន ចាប់តាំងពីពេលដែលប្រគល់វត្ថុនោះដល់អ្នកទិញ លើកលែងតែការលក់ត្រូវធ្វើសំបុត្រមានសេចក្តីបញ្ជាក់ ។ ក្នុងករណីខាងក្រោយនេះ តតីយជនជំទាស់លែងបានចាប់តាំងពីថ្ងៃដែលសំបុត្រនោះមានសេចក្តីបញ្ជាក់ ។
មាត្រា ៤២-
អ្នកលក់ពុំទទួលខុសត្រូវចំពោះវិការៈដែលមើលឃើញពីក្រៅទេ ប៉ុន្តែត្រូវទទួលខុសត្រូវចំពោះវិការៈដ៏កំបាំងដែលមានមុខពេលលក់ ។
បើអ្នកទិញមានភស្តុតាងថា វិការៈនោះមានមុខពេលលក់ អ្នកទិញអាចទាមទារឲ្យរំលាយការលក់នោះចោល ឬក៏បន្ថយថ្លៃបាន ។ ទោះនិងលែងក្តី ទោះនិងទាមទារឲ្យបន្ថយថ្លៃក្តី អ្នកទិញត្រូវតវ៉ាក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃប្រគល់វត្ថុ ។ បើមិនតវ៉ាក្នុងរយៈមួយឆ្នាំនោះទេ ការនៅស្ងៀមរបស់ខ្លួនទុកដូចជាការយល់ព្រម ។
មាត្រា ៤៣-
អ្នកលក់ត្រូវធានាដល់អ្នកទិញ ចំពោះការរំខានណាដែលតតីយជន គំរាមថានិងប្តឹងឲ្យដកហូតវត្ថុពីអ្នកទិញ ។ សេចក្តីគំរាមថា ប្តឹងឲ្យដកហូតនោះកើតឡើងក្នុងគ្រាដែលតតីយជនទាមទារឲ្យអ្នកទិញទទួលស្គាល់សិទ្ធិរបស់ខ្លួនលើវត្ថុនោះ ។
មាត្រា ៤៤-
ខណៈណាដែលមានតតីយជនគំរាមថា និងប្តឹងឲ្យដកហូត អ្នកទិញអាចទៅហៅអ្នកលក់ឲ្យមកធានារ៉ាប់រងភ្លាមបាន ។ ខណៈអ្នកលក់ត្រូវបញ្ចេញប័ណ្ណរបស់ខ្លួន ប្រើគ្រប់មធ្យោបាយដើម្បីឲ្យតតីយជនលែងប្តឹងទៅ ឬក៏ឲ្យបានឈ្នះតតីយជននោះតាមអំណាចសាលក្រមរបស់តុលាការ ។
មាត្រា ៤៥-
បើអ្នកលក់ដែលអ្នកទិញបានហៅឲ្យធានារ៉ាប់រងជួសខ្លួនរំងាប់សេចក្តី ដែលតតីយជនប្រកាន់នោះបាន អ្នកទិញមិនត្រូវបានជំងឺចិត្តអ្វីឡើយ ។
បើអ្នកលក់រំងាប់សេចក្តីរំខាន់នោះមិនបានទេ ការប្តឹងផ្តល់ក៏ត្រូវប្រព្រឹត្តទៅរាមតំណើរ ។
មាត្រា ៤៦-
បើតុលាការកាត់សេចក្តីឲ្យដកហូតវត្ថុ អ្នកលក់ត្រូវបង្វិលថ្លៃទាំងអស់ដែលខ្លួនបានទទួលឲ្យអ្នកទិញវិញ ម្យ៉ាងទៀតអ្នកលក់ត្រូវចេញជំងឺចិត្តផង នៅក្នុងជំងឺចិត្តនោះត្រូវគិតប្រាក់បង់ខាតក្នុងការធ្វើកិច្ចសន្យា និងប្រាក់ចំណាយផ្សេងៗ ដែលអ្នកទិញគិតបញ្ចូលទៅក្នុងវត្ថុនោះ តាំងពីថ្លៃលក់មក ។
មាត្រា ៤៧-
បើអ្នកលក់ស្លាប់ កាតព្វកិច្ចនៃការទទួលរ៉ាប់រងត្រូវធ្លាក់ទៅលើទាយាទទាំងអស់នៃអ្នកលក់ ។
មាត្រា ៤៨-
បើវត្ថុដែលលក់នោះបានមកដោយអំពើល្មើសជាបទឧក្រិដ្ឋ ឬជាបទល្មើសមធ្យមអ្នកទិញកាលបើដឹងហើយ អាចប្តឹងទាមទារឲ្យរំលាយការលក់នោះវិញបាន ទោះបីគ្មានតតីយជនណាគំរាមកំហែងដកហូតវត្ថុនោះវិញក៏ដោយ ។
កិច្ចសន្យាដែលផ្ទុយពីសេចក្តីនេះ ត្រូវទុកជាមោឃៈ ។
មាត្រា ៤៩-
ប្រសិនបើវត្ថុដដែលហើយលក់ឲ្យច្រើននាក់តៗគ្នា អ្នកទិញក្រោយបង្អង់ត្រូវហៅអ្នកដែលលក់ឲ្យខ្លួនមកធានារ៉ាប់រង ។ អ្នកលក់នេះនិងប្រកាន់អ្នកដែលលក់ឲ្យខ្លួនតៗគ្នាទៅទៀតតាមត្រូវការ ។
១- កាតព្វកិច្ចនៃអ្នកទិញ
មាត្រា ៥០-
អ្នកទិញត្រូវប្រគល់ប្រាក់នៅថ្ងៃ និងទីកន្លែងបានកំណត់ ។ ប្រសិនបើកិច្ចសន្យាពុំមានកំណត់ទីកន្លែង និងថ្ងៃដែលត្រូវទទួលប្រាក់ទេ ត្រូវសន្មត់ថាការប្រគល់ប្រាក់ត្រូវធ្វើនៅទីកន្លែង និងនៅពេលដែលប្រគល់វត្ថុ ។
មាត្រា ៥១-
កិច្ចសន្យាអាចតម្រូវឲ្យអ្នកទិញបង់ការប្រាក់និងតម្លៃវត្ថុ ក្នុងករណីមានការប្រគល់យឺតយ៉ាវ ។ អត្រានៃការប្រាក់នោះ មិនអាចគិតឲ្យលើសពី៥ភាគរយក្នុងមួយឆ្នាំ ។
ប្រសិនបើកិច្ចសន្យាមិនកំណត់អំពីការប្រាក់ទេ អ្នកទិញត្រូវចេញតែថ្លៃវត្ថុដែលចុះក្នុងកិច្ចសន្យា ប៉ុន្តែក្នុងករណីដែលវត្ថុនោះបង្កើតជាផល ឬជាផលទុនការប្រាក់ត្រូវគិតតាមអត្រាដែលច្បាប់កំណត់ ។
មាត្រា ៥២-
បើអ្នកទិញបានទទួលវត្ថុហើយ ហើយមានគេប្រកាន់ថា និងប្តឹងឲ្យដកហូតវត្ថុនោះវិញ អ្នកទិញអាចមិនទាន់បង់ថ្លៃវត្ថុនោះបាន ។ អ្នកទិញត្រូវប្រគល់ថ្លៃនោះទៅឲ្យអ្នកលក់ កាលណាការរំខានបានត្រូវរំងាប់វិញហើយ ។
មាត្រា ៥៣-
ដរាបណាអ្នកទិញមិនទាន់ចេញថ្លៃឲ្យ ដរាបនោះអ្នកលក់មានសិទ្ធិផ្អាកវត្ថុនោះទុកដែរ ។
មាត្រា ៥៤-
បើដល់ថ្ងៃសន្មត់ហើយ អ្នកទិញមិនទាន់បង់ថ្លៃ អ្នកលក់អាចសុំរំលាយការលក់នោះវិញបាន ប្រសិនបើអ្នកលក់មិនចង់ប្តឹងទារថ្លៃនោះទេ ។
ដរាបណាភាគខ្លះនៃថ្លៃមិនទាន់សងអស់ ដរាបនោះអ្នកលក់អាចសុំរំលាយការលក់បាន ។
មាត្រា ៥៥-
ការរំលាយការលក់ តម្រូវឲ្យភាគីទាំងសងខាងនៃកាតព្វកិច្ច បង្វិលរបស់ដែលខ្លួនបានទទួលឲ្យគ្នាវិញ ។
អ្នកទិញត្រូវបង្វិលវត្ថុព្រមទាំងផល ឬផលទុនដែលខ្លួនបានយក ។
អ្នកលក់ត្រូវសងទៅអ្នកទិញវិញនូវប្រាក់ដែលអ្នកទិញបានចេញក្នុងថ្លៃវត្ថុ ហើយត្រូវគិតការប្រាក់តាមអត្រាដែលច្បាប់កំណត់ តាំងពីថ្ងៃដែលបានសងថ្លៃមួយលើកៗ ។