2020-06-03 12:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ផ្នែកទី ២
ការខ្ចីមានការប្រាក់
មាត្រា ៥៦-
ការខ្ចីមានការប្រាក់ ជាកិច្ចសន្យាដែលបុគ្គលម្នាក់ប្រគល់ប្រាក់ឲ្យទៅបុគ្គលម្នាក់ទៀត ហើយបុគ្គលក្រោយម្នាក់នេះមានកាតព្វកិច្ចសងវិញដោយមានតំឡើងទឹកប្រាក់ទៅតាមពេលវេលានៃកិច្ចសន្យា ។
មាត្រា ៥៧-
កិច្ចសន្យាត្រូវធ្វើជាលាយលក្ខណ៍អក្សរ ។ កិច្ចសន្យាត្រូវកំណត់ឲ្យច្បាស់អំពីឈ្មោះ ទីលំនៅរបស់គូភាគី ចំនួនទឹកប្រាក់ដែលខ្ចី ចំនួនការប្រាក់ រយៈពេលខ្ចីនិងថ្ងៃសងវិញ ។ កូនបំណុលត្រូវចុះហត្ថលេខាលើកិច្ចសន្យានោះ ។
មាត្រា ៥៨-
បើកិច្ចសន្យាមិនកំណត់ថ្លៃសង និងមិនកំណត់ការប្រាក់ទេនោះ សន្មត់ថាគូភាគីព្រមព្រៀងចុះកិច្ចសន្យាសម្រាប់រយៈពេលមួយឆ្នាំ ដោយគ្មានការប្រាក់ ។
មាត្រា ៥៩-
និងអាចឲ្យយកការប្រាក់ខ្ចីបាន លុះត្រាតែមានការព្រមព្រៀងនៃគូភាគីក្នុងកិច្ចសន្យា ។ អត្រានៃការប្រាក់មិនត្រូវឲ្យលើសពី៥ភាគរយក្នុងមួយឆ្នាំ លើកលែងតែមានបទបញ្ញត្តិចែងផ្ទុយពីនេះ ។
មាត្រា ៦០-
ការប្រាក់ដែលអ្នកឲ្យខ្ចីបានយកលើសរហូតមកក្នុងពេលដែលជំពាក់ ត្រូវកាត់ដាច់ជាសំណងប្រាក់ដើម ។
បើអ្នកខ្ចីបានសងលើសពីប្រាក់ដើម និងការប្រាក់តាមច្បាប់កំណត់ អ្នកឲ្យខ្ចីនិងត្រូវបង្ខំឲ្យសងប្រាក់ដែលខ្លួនបានយកលើសខុសច្បាប់នោះទៅអ្នកខ្ចីវិញ ព្រមទាំងតម្រូវឲ្យបង់ការប្រាក់ផង គិតពីថ្ងៃដែលបានសង ។ ក្នុងករណីនេះ អ្នកឲ្យខ្ចីត្រូវចាប់ចោទតាមបទបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌជាធរមានថែមទៀត ។
មាត្រា ៦១-
ការប្តឹងទារប្រាក់មុនពេលផុតកំណត់នៃកិច្ចសន្យា មិនអាចធ្វើបានទេ ។ ប៉ុន្តែបើអ្នកជំពាក់បំណុលស្លាប់ ប្រាក់ដែលជំពាក់នោះតម្រូវឲ្យទារភ្លាមបាន ហើយទាយាទនៃអ្នកស្លាប់ត្រូវកាត់មរតកសងជាមុនសិន រួចសឹមចែកមរតកជាក្រោយ ។
មាត្រា ៦២-
ដើមបំណុលត្រូវប្រគល់សំបុត្រជំពាក់ ឬសំបុត្របញ្ជាក់អំពីការប្រាក់ឲ្យកូនបំណុលនៅពេលកូនបំណុលសងប្រាក់ទៅខ្លួន ។
មាត្រា ៦៣-
ការខ្ចីប្រាក់លើទ្រព្យសម្បត្តិចលលវត្ថុឯទៀត ត្រូវប្រតិបត្តិតាមបទបញ្ញត្តិកំណត់សម្រាប់ការខ្ចីប្រាក់ដែរ ។
ផ្នែកទី ៣
ការបញ្ចាំចលនវត្ថុ
មាត្រា ៦៤-
ការបញ្ចាំចលនវត្ថុជាកិច្ចសន្យាដែលកូនបំណុលយកទ្រព្យសម្បត្តិចលនវត្ថុរបស់ខ្លួនទៅទុកដៃដើមបំណុល ដើម្បីធានាសំណងបំណុល ។
ដើមបំណុលដែលមានចលនវត្ថុនៅក្នុងដៃ មានសិទ្ធិយកប្រាក់សំណងដែលបានមកពីការលក់ចលនវត្ថុបញ្ចាំ មុនដើមបំណុលទៀត ។
មាត្រា ៦៥-
កិច្ចសន្យាបញ្ចាំចលនវត្ថុត្រូវធ្វើជាលាយលក្ខ័អក្សរ ។ ទ្រព្យដាក់ធានា ត្រូវបានប្រគល់ដល់ដៃនៃដើមបំណុល ទើបកិច្ចសន្យានោះទុកជាបានការ ។
កិច្ចសន្យាត្រូវកំណត់ចំនួនទឹកប្រាក់ដែលជំពាក់ និងវត្ថុដែលបញ្ចាំឲ្យច្បាស់លាស់ ។
បើកិច្ចសន្យាមិនកំណត់ថាត្រូវមានការប្រាក់ទេ មិនកំណត់ពេលវេលាដែលត្រូវសងទេ បំណុលនោះត្រូវទុកជាឲ្យខ្ចីដោយឥតយកការប្រាក់ក្នុងកំណត់មួយឆ្នាំ គិតពីថ្ងៃចុះកិច្ចសន្យានោះ ។
មាត្រា ៦៦-
ដើមបំណុលគ្មានសិទ្ធិចាត់ចែងវត្ថុបញ្ចាំតាមទំនើងចិត្តរបស់ខ្លួនបាន ។ ដើមបំណុលមានករណីកិច្ចទុកវត្ថុនោះឲ្យគង់វង់ និងថែរក្សាឲ្យបានល្អ ។ ក្នុងករណីដែលវត្ថុបញ្ចាំនោះត្រូវខូចខាត ឬបាត់បង់បណ្តាលមកពីកំហុសរបស់ខ្លួន ដើមបំណុលត្រូវជួសជុលសំណងវត្ថុបញ្ចាំនោះ ។
មាត្រា ៦៧-
ប្រសិនបើគ្មានកំណត់ក្នុងកិច្ចសន្យាជាលាយល័ក្ខអក្សរច្បាស់លាស់ទេ ដើមបំណុលមិនត្រូវបានអនុញ្ញាតឲ្យយកវត្ថុបញ្ចាំនោះទៅប្រើប្រាស់ ឬទាញយកផលប្រយោជន៍ពីវត្ថុបញ្ចាំនោះបានទេ ។ ប៉ុន្តែដើមបំណុលត្រូវបានអនុញ្ញាតិឲ្យទទួលយកផលធម្មជាតិ នៃវត្ថុបញ្ចាំនោះបាន ។ ផលនោះទុកជាអាទិ៍សម្រាប់ចំណាយចាំបាច់ទាំងឡាយ ។
ប្រសិនបើដើមបំណុលប្រើវត្ថុបញ្ចាំនោះដោយរំលោភលើកិច្ចសន្យា កូនបំណុលអាចសុំប្តឹងដកវត្ថុបញ្ចាំមកវិញបាន ។
មាត្រា ៦៨-
ប្រសិនបើដើមបំណុលចាត់ចែងចំណាយវត្ថុបញ្ចាំដោយគ្មាបានទទួលការព្រមព្រៀងជាមុនពីកូនបំណុល នោះដើមបំណុលនឹងត្រូវជាប់ចោទ តាមបទបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌជាធរមាន ។
មាត្រា ៦៩-
កាលណាដល់ថ្ងៃកំណត់ហើយសំណងក៏ត្រូវបានប្រគល់ឲ្យគ្រប់ចំនួនរួចស្រេចនោះ ដើមបំណុលត្រូវប្រគល់វត្ថុបញ្ចាំទៅម្ចាស់ដើមវិញ ។ បើកូនបំណុលមិនទាន់សងគ្រប់ចំនួនទេ ដើមបំណុលនិងរក្សាទុកវត្ថុដែលបញ្ចាំនោះបាន ។
មាត្រា ៧០-
ប្រសិនបើដល់ថ្ងៃកំណត់ ហើយកូនបំណុលមិនលោះដើមបំណុលអាចទាមទារតាមរយៈតុលាការប្រជាជនឲ្យលក់វត្ថុបញ្ចាំ ។ ប្រាក់ដែលបានមកពីការលក់ ត្រូវសងទៅដើមបំណុលដែលបានទទួលបញ្ចាំវត្ថុនោះ ។ ប្រាក់សល់ពីនោះ ត្រូវប្រគល់ឲ្យកូនបំណុល ឬដើមបំណុលឯទៀតដែលមានបំណុលដល់កំណត់ត្រូវសង ។
បើប្រាក់ថ្លៃលក់វត្ថុនោះមិនគ្រប់គ្រាន់និងសងបំណុលដែលបញ្ចាំវត្ថុនោះ កូនបំណុលត្រូវនៅជំពាក់បំណុលដែលនៅសល់ទៅទៀត ។
មាត្រា ៧១-
ត្រូវទុកជាមោឃៈកិច្ចសន្យាទាំងឡាយណាដែលកំណត់ឲ្យដើមបំណុលទៅម្ចាស់កម្មសិទ្ធិនៃវត្ថុបញ្ចាំ ក្នុងករណីដែលកូនបំណុលមិនបានបំពេញកាតព្វកិច្ច ។
ផ្នែកទី ៤
កិច្ចសន្យាសហគ្រាស
មាត្រា ៧២-
កិច្ចសន្យាសហគ្រាស ជាកិច្ចសន្យាដែលបុគ្គលមួយទទួលបន្ទុកធ្វើការងារអ្វីមួយឲ្យបុគ្គលមួយទៀត ដោយថ្លៃសមស្របនឹងទំហំនៃការងារនោះ ។
មាត្រា ៧៣-
ប្រសិនបើថ្លៃការងារមិនបានកំណត់ក្នុងកិច្ចសន្យា តុលាការត្រូវវិនិច្ឆ័យកំណត់ថ្លៃទៅតាមទំលាប់នៃកន្លែងធ្វើការនោះ ។
មាត្រា ៧៤-
ការងារត្រូវធ្វើឲ្យត្រឹមត្រូវតាមកិច្ចសន្យា ។ បើការងារដែលបានធ្វើនោះ មិនត្រូវតាមកំណត់ដែលមានចែងក្នុងកិច្ចសន្យាទេ អ្នកជួលអាច ៖
ក- ឬមួយមិនព្រមទទួលយកការងារនោះ ហើយក្នុងករណីនេះកិច្ចសន្យាអាចរំលាយបានដោយតម្រូវឲ្យអ្នកទទួលធ្វើបង់ជំងឺចិត្ត និងសងសំណងបង់ខាតផ្សេងៗ ប្រសិនបើមានទៅឲ្យអ្នកជួល ។
ខ- ឬមួយតម្រូវឲ្យធ្វើការកែប្រែប្រចាំបាច់ក្នុងរយៈពេលកំណត់តាមការព្រមព្រៀងនៃគូភាគី ដោយអ្នកទទួលធ្វើចេញប្រាក់ផ្ទាល់ខ្លួន ដើម្បីសម្រួលតាមការកំណត់នៃកិច្ចសន្យាវិញ ។
គ- ឬមួយព្រមទទួលយកការនោះ ដោយបញ្ចុះថ្លៃ ។
មាត្រា ៧៥-
ប្រសិនបើកិច្ចសន្យាកំណត់រយៈពេល ដែលការងារត្រូវតែធ្វើឲ្យហើយក្នុងពេលណាមួយ ហើយបើការនោះធ្វើមិនហើយតាមពេលកំណត់ កិច្ចសន្យាអាចលប់ចោលវិញដោយពុំទាន់គិតដល់ជំងឺចិត្តដែលអ្នកជួលអាចទាមទារបាន ។
ប៉ុន្តែប្រសិនបើការយឺតយ៉ាវបណ្តាលមកពីប្រធានសក្តិ នោះជួលពុំអាចទាមទារជំងឺចិត្តបានឡើយ ។
មាត្រា ៧៦-
ប្រសិនបើអ្នកជួលបានសន្យាថានឹងបើកប្រាក់ឲ្យមុនខ្លះ ឬវត្ថុធាតុដើមខ្លះឲ្យទាន់ពេលវេលា ហើយមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា នោះអ្នកជួលពុំអាចលើកយកការយឺតយ៉ាវក្នុងការអនុវត្តការងារមកសំអាងដើម្បីបញ្ឈប់កិច្ចសន្យានោះបានឡើយ ។
អ្នកទទួលធ្វើអាចសំអាងលើការខូចខាតពេលវេលារង់ចាំសម្ភារៈយូរ ដើម្បីលប់កិច្ចសន្យា ។ ក្នុងករណីនេះអ្នកទទួលធ្វើត្រូវបានទទួលឈ្នួលសមស្របតាមការងារដែលខ្លួនបានធ្វើហើយ ។
មាត្រា ៧៧-
អ្នកជួលអាចលប់ចោលកិច្ចសន្យាបានជានិច្ច នៅមុនពេលការងារធ្វើហើយជាស្ថាពរ ប៉ុន្តែត្រូវគិតថ្លៃការងារដែលបានធ្វើ គិតចំណាយផ្សេងៗ និងជំងឺចិត្តទៅឲ្យអ្នកទទួលធ្វើ ។
មាត្រា ៧៨-
បើការងារត្រូវអន្តរាយមុនពេលធ្វើរួច ដោយកំហុសនៃអ្នកទទួលធ្វើ ហើយអ្នកជួលបានបើកប្រាក់ឲ្យមក និងផ្តល់វត្ថុធាតុដើមឲ្យទៀត នោះអ្នកជួលមានសិទ្ធិទារសំណងស្មើនឹងការ ជួសជុលអន្តរាយបណ្តាលមកពីការបាត់វត្ថុ និងចំណាយផ្សេងៗដែលខ្លួនបានចាយក្នុងការធ្វើនោះ ។ ប៉ុន្តែបើការខូចខាតបណ្តាលមកពីករណីប្រធានសក្តិ ភាគីនៃកិច្ចសន្យាត្រូវទទួលផលវិបាក ដោយពុំអាចប្តឹងទាមទារពីគ្នាបានឡើយ ។
មាត្រា ៧៩-
អ្នកទទួលធ្វើការងារនោះ ត្រូវទទួលខុសត្រូវខាងរដ្ឋប្បវេណី ចំពោះជនដែលខ្លួនប្រើធ្វើាការងារនោះ ។
មាត្រា ៨០-
កាលបើការងារសម្រេចបានហើយ អ្នកទទួលធ្វើការអាចទារថ្លៃនៅពេលប្រគល់ការងារបាន ។
ការប្រគល់ថ្លៃការងារ ទុកជាការព្រមទទួលយកការងារដែលធ្វើរួច ។
មាត្រា ៨១-
កាលបើក្រោយពីបានប្រគល់ការងារមក គុណវិបត្តិ និងវិការៈក៏កំបាំងណាមួយបានផុសឡើង បណ្តាលមកពីកំហុសអ្នកទទួលធ្វើក្នុងពេលដែលធ្វើការងារនោះ កិច្ចសន្យាត្រូវតែរំលាយចោល ឬត្រូវបង្វិលថ្លៃឈ្នួលខ្លះមកឲ្យអ្នកជួលវិញ ឬក៏ការងារនោះត្រូវជួសជុលដោយបង់ខាតនៃអ្នកទទួលធ្វើ ។
អ្នកជួសអាចប្តឹងបានតែក្នុងករណីដែលវិការៈនោះ លេចឡើងក្នុងរយៈពេលដែលអ្នកទទួលធ្វើរ៉ារប់រងទទួលខុសត្រូវដូចមានចែងក្នុងកិច្ចសន្យា ។ បើគ្មានចែងអំពីរយៈពេលរ៉ាប់រងទទួលខុសត្រូវក្នុងកិច្ចសន្យាទេ អ្នកជួលអាចប្តឹងបានក្នុងរយៈពេល៣ឆ្នាំ គិតពីថ្ងៃដែលបានទទួលការងារនោះមក ។
មាត្រា ៨២-
ចំពោះរូបវន្តបុគ្គល បើអ្នកទទួលធ្វើស្លាប់ កិច្ចសន្យានោះត្រូវរលាយ ។
ផ្នែកទី ៥
កិច្ចសន្យាដឹកជញ្ជូន
មាត្រា ៨៣-
កិច្ចសន្យាដឹកជញ្ជូន ជាកិច្ចសន្យាដែលអ្នកដឹកជញ្ជូនសន្យាដឹកអ្នកដំណើរ ភារៈវត្ថុ ឬទំនិញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយយកថ្លៃតាមការព្រមព្រៀង ឬតាមថ្លៃកំណត់របស់រដ្ឋ ។
មាត្រា ៨៤-
កាលណាអ្នកដឹកជញ្ជូនយឺតយ៉ាវក្នុងការប្រគល់យានដឹកជញ្ជូន អ្នកជញ្ជូនមានសិទ្ធិបញ្ឈប់កិច្ចសន្យាហើយតម្រូវ ៖
- ឲ្យសងប្រាក់ចំណាយក្នុងការលើកដាក់ និងប្រាក់ដែលបានបង់រួចហើយទៅឲ្យអ្នកដឹកជញ្ជូនផ្សេងទៀត ។
- ឲ្យសងជួសជុលអន្តរាយ បណ្តាលមកពីការយឺតយ៉ាវ “ករណីបាត់ ឬខូចសម្ភារៈវត្ថុ ឬទំនិញដែលត្រូវដឹកជញ្ជូន ឬការចុះតម្លៃ បណ្តាលមកពីការយឺតយ៉ាវ ។
មាត្រា ៨៥-
កាលណាអ្នកបញ្ជូនយឺតយ៉ាវក្នុងការលើកដាក់សម្ភារៈវត្ថុ ឬទំនិញ អ្នកដឹកជញ្ជូនមានសិទ្ធិតម្រូវឲ្យជួសជុលការខាតបង់ និងបញ្ឈប់កិច្ចសន្យា ។
មាត្រា ៨៦-
អ្នកដឹកជញ្ជូនត្រូវទទួលខុសត្រូវអំពីការបាត់បង់ ឬការខូចខាតលើវត្ថុដឹកជញ្ជូន ។ អ្នកដឹងជញ្ជូនក៏ត្រូវទទួលខុសត្រូវអំពីគ្រោះថ្នាក់ដែលបណ្តាលឡើងដល់អ្នកដំណើរ ក្នុងពេលដែលខ្លួនដឹកជញ្ជូនដែរ ។
អ្នកដឹកជញ្ជូនត្រូវបានរួចខ្លួនពីការទទួលខុសត្រូវខាងលើ ក្នុងករណីប្រធានសក្តិ ឬក្នុងករណីអ្នកដំណើរត្រូវរងគ្រោះ ដោយមកពីការធ្វេសប្រហែលរបស់ខ្លួន ។
បើសម្ភារៈវត្ថុ ឬទំនិញដែលត្រូវគេប្រគល់ឲ្យដឹកជញ្ជូនអន្តរាយដោយចោរកម្ម អ្នកដឹកជញ្ជូនត្រូវជួសជុលសំណងនៃភារៈវត្ថុ ឬទំនិញនោះ ។
មាត្រា ៨៧-
អ្នកដឹកជញ្ជូនត្រូវធានាអំពីការខូចខាតលើវត្ថុ ប្រសិនបើការខូចខាតនោះមិនមែនបណ្តាលមកពីករណីប្រធានសក្តិ ឬវិបត្តិផ្ទាល់នៃវត្ថុនោះ ។ អ្នកដឹកជញ្ជូនត្រូវទទួលខុសត្រូវជាពិសេសចំពោះការបាត់បង់ ឬការខូចខាត បណ្តាលមកពីការយឺតយ៉ាវដោយគ្មានមូលហេតុសមស្របនៅពេលដឹកជញ្ជូន ។
មាត្រា ៨៨-
បណ្តឹងសុំជួសជុលការខូចខាត ត្រូវធ្វើក្នុងរយៈពេល១ឆ្នាំ គិតពីថ្ងៃដែលម្ចាស់របស់បានដឹងថា បាត់ ឬខូចខាត ឬគិតពីថ្ងៃដែលអ្នកដំណើរបានទទួលរងគ្រោះ ។