ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ផ្នែកទី ៦
កិច្ចសន្យានៃការផ្ញើទុក
មាត្រា ៨៩-
កិច្ចសន្យានៃការផ្ញើទុក ជាកិច្ចសន្យាដែលជនម្នាក់ផ្ញើចលនវតត្ថុណាមួយនឹងជនម្នាក់ទៀតឲ្យរក្សាទុក ដោយឥតយកឈ្នួល ឬយកឈ្នួល ហើយឲ្យប្រគល់វត្ថុនោះទៅជនដែលយកមកផ្ញើនោះវិញ ឬប្រគល់ឲ្យជនណាដែលអ្នកផ្ញើប្រាប់ឈ្មោះមកយ៉ាងច្បាស់ តាមពេលដែលសម្មត់ ឬនៅពេលដែលទារយកវត្ថុនោះវិញ ។
មាត្រា ៩០-
តាមគោលការណ៍ បើកិច្ចសន្យាមិនបានចែងអំពីឈ្នួលទេ អ្នកទទួលបញ្ញើមិនត្រូវបានឈ្នួលឡើយ ។
មាត្រា ៩១-
អ្នកទទួលបញ្ញើ ត្រូវរក្សាបញ្ញើឲ្យគង់វង់ ហើយត្រូវប្រគល់ឲ្យវិញនៅពេលដែលបានសន្មត់ ឬនៅពេលដែលអ្នកផ្ញើមកយក ។
អ្នកទទួលបញ្ញើ គ្មានសិទ្ធិយកបញ្ញើទៅប្រើប្រាស់ទេ បើគ្មានការអនុញ្ញាតពីអ្នកផ្ញើ ។
មាត្រា ៩២-
អ្នកទទួលបញ្ញើត្រូវទទួលខុសត្រូវលើការខូចខាត ឬការបាត់បង់នៃបញ្ញើដែលបានកើតឡើងដោយកំហុសរបស់ខ្លួន ។
បើបញ្ញើអន្តរាយ ឬបាត់ដោយករណីប្រធានសក្តិ អ្នកទទួលខុសត្រូវមិនត្រូវសងទេ ។
មាត្រា ៩៣-
បើផ្ញើមានឈ្នួល ហើយបញ្ញើនោះត្រូវអន្តរាយដោយចោរកម្ម អ្នកទទួលបញ្ញើត្រូវសង ។
បើផ្ញើឥតឈ្នួល ហើយបញ្ញើនោះត្រូវអន្តរាយដោយចោរកម្ម អ្នកទទួលបញ្ញើមិនត្រូវសងទេ ប្រសិនបើអ្នកទទួលបញ្ញើមានភស្តុតាងបញ្ជាក់ថា ខ្លួនមានការប្រុងប្រយ័ត្នដែរក្នុងការរក្សាបញ្ញើនោះ ។
ប៉ុន្តែម្ចាស់សណ្ឋាគារ ម្ចាស់ទៀម ម្ចាស់ភោជនាគារ ត្រូវទទួលសងទ្រព្យរបស់ជនទាំងឡាយ ដែលមកស្នាក់អាស្រ័យក្នុងគ្រឹះស្ថានរបស់ខ្លួណ បានផ្ញើទ្រព្យនោះក្នុងគ្រឹះស្ថានរបស់ខ្លួន ហើយអន្តរាយដោយចោរកម្ម ។
ផ្នែកទី ៧
កិច្ចសន្យានៃការឲ្យខ្ចីប្រើ
មាត្រា ៩៤-
ការឲ្យខ្ចីប្រើ គឺគ្មានយកការប្រាក់ ឬការយកឈ្នួលអ្វីទេ ។ អ្នកដែលឲ្យវត្ថុណាមួយទៅគេខ្ចីប្រើនៅតែជាកម្មសិទ្ធិករនៃវត្ថុនោះដដែល ។
មាត្រា ៩៥-
អ្នកខ្ចីមិនអាចលក់ ឬដូរវត្ថុ ឬឲ្យវត្ថុនោះទៅតតីយជនខ្ចីប្រើដោយគ្មានការព្រមព្រៀងពីអ្នកឲ្យខ្ចីបានឡើយ ។
មាត្រា ៩៦-
អ្នកខ្ចីត្រូវប្រើប្រាស់វត្ថុនោះឲ្យល្អ ថែទាំបីដូចខ្លួនជាម្ចាស់វត្ថុ និងប្រើឲ្យសមស្របនឹងមុខការរបស់វា ។
មាត្រា ៩៧-
បើវត្ថុនោះខូចខាត ឬបាត់ដោយករណីប្រធានសក្តិ អ្នកខ្ចីមិនត្រូវទទួលសងឡើយ ប៉ុន្តែបើការខូចខាតឬការបាត់បណ្តាលមកពីកំហុសរបស់ខ្លួន អ្នកខ្ចីត្រូវទទួលសងតម្លៃវត្ថុទៅឲ្យអ្នកឲ្យខ្ចី ។
មាត្រា ៩៨-
អ្នកខ្ចីត្រូវប្រគល់វត្ថុទៅឲ្យម្ចាស់វត្ថុវិញ នៅពេលដែលបានកំណត់ ។ បើកិច្ចសន្យាគ្មានបានកំណត់យ៉ាងណាទេ អ្នកឲ្យខ្ចីអាចទារយកវត្ថុរបស់ខ្លួនវិញក្នុងពេលណាក៏បាន ។
មាត្រា ៩៩-
បើអ្នកខ្ចីយកវត្ថុទៅប្រើការក្រៅពីមុខការរបស់វា អ្នកឲ្យខ្ចីអាចទារវត្ថុរបស់ខ្លួនភ្លាមវិញបាន ថ្វីបើមិនទាន់ដល់រយៈពេលកំណត់ ។
ផ្នែកទី ៨
កិច្ចសន្យានៃការជួល
មាត្រា ១០០-
ការជួលជាកិច្ចសន្យាដែលអ្នកជួលសន្យាថា និងផ្តល់ទៅឲ្យអ្នកទទួលជួលនៅវត្ថុណាមួយ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ដោយតម្រូវឲ្យគិតថ្លៃនៃការជួលវត្ថុនោះឲ្យអ្នកជួល ។
វត្ថុដែលអាចជួលបាននោះ គឺវត្ថុជាអចលនវត្ថុ ឬជាចលនវត្ថុ ។
មាត្រា ១០១-
កិច្ចសន្យានៃការជួលអាចកំណត់ ឬមិនកំណត់ក៏បាននូវរយៈពេលនៃការជួល ក្នុងករណីដែលគ្មានកំណត់រៈពេលនៃការជួល ថិរវេលានៃកិច្ចសន្យាមានកំណត់១២ឆ្នាំយ៉ាងយូរ ។
កិច្ចសន្យានៃការជួលដែលមានកំណត់លើសពី១ឆ្នាំត្រូវធ្វើជាលាយល័ក្ខអក្សរ ។
មាត្រា ១០២-
កាលបើកិច្ចសន្យានៃការជួលបានធ្វើដោយគ្មានសំបុត្រស្នាម ហើយប្រសិនបើភាគីម្ខាងប្រកែកបន្ទាល់នៃការជួលនេះនឹងសំអាងសាក្សីមកបញ្ជាក់បាន លុះណាតែកិច្ចសន្យានៃការជួលនោះ មានកំណត់ត្រឹមតែ១ឆ្នាំប៉ុណោ្ណះ ។
មាត្រា ១០៣-
អ្នកជួលត្រូវប្រគល់វត្ថុដែលមានភាពនៅល្អឲ្យទៅអ្នកទទួលជួល ត្រូវជៀសវាងនូវអំពើទាំងពូងដែលនាំឲ្យរំខានដល់អ្នកទទួលជួល ហើយត្រូវរ៉ាប់រងដល់អ្នកទទួលជួលអំពីការរំខានទាំងឡាយ ដែលបណ្តាលមកពីតតីយជនដែលទាមទារសិទ្ធិណាមួយលើវត្ថុជួលនោះ ដូចជាកម្មសិទ្ធិ ការបញ្ចាំជាដើម ។
មាត្រា ១០៤-
អ្នកជួលត្រូវទទួលបន្ទុកនូវការជួសជុលធំៗចំពោះវត្ថុជួល លើកលែងតែច្បាប់ ឬកិច្ចសន្យាចែងផ្សេងពីនេះ ។
មាត្រា ១០៥-
អ្នកទទួលត្រូវបង់ប្រាក់ថ្លៃឈ្នួលតាមការកំណត់ ត្រូវប្រើប្រាស់វត្ថុជួលឲ្យសមស្របនិងមុខការនៃវត្ថុជួល និងតាមកំណត់នៃកិច្ចសន្យា ត្រូវថែទាំវត្ថុនោះឲ្យបានគង់វង់ល្អ ត្រូវទទួលបន្ទុកនូវការជួសជុលបន្តិចបន្តួច ដែលជាការជួសជុលជាធម្មតា លើកលែងតែច្បាប់ ឬកិច្ចសន្យាចែងផ្សេងពីនេះ ។
មាត្រា ១០៦-
នៅពេលចប់កិច្ចសន្យា អ្នកទទួលជួលត្រូវប្រគល់ទៅឲ្យអ្នកជួលវិញនូវត្ថុជួលដែលត្រូវនៅមានសភាពល្អ គឺគ្មានការបាក់បែក គ្មានការខូចខាត ឬគ្មានការកែប្រែនៃវត្ថុនោះដែលបណ្តាលមកពីអំពើនៃអ្នកទទួលជួល ។
មាត្រា ១០៧-
អ្នកជួលអាចរំលាយកិច្ចសន្យានៃការជួលបាន ប្រសិនបើអ្នកទទួលមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ឬក៏យកវត្ថុជួលនោះទៅប្រើប្រាស់ខុសអំពីការដែលត្រូវប្រើ ឬក៏ប្រើក្នុងការដែលនាំឲ្យអន្តរាយដល់វត្ថុនោះ ។
មាត្រា ១០៨-
អ្នកទទួលជួលមិនអាចជួលវត្ថុបន្តឲ្យទៅអ្នកដទៃ ដោយគ្មានការអនុញ្ញាតពីអ្នកជួលឡើយ លើកលែងតែកិច្ចសន្យាចែងផ្ទុយពីនេះ ។
មាត្រា ១០៩-
អ្នកទទួលជួលដែលបានជួលវត្ថុបន្ត ត្រូវនៅជាប់កាតព្វកិច្ចជាមួយនឹងអ្នកជួលដដែល ជាអាទិ៍អ្នកទទួលជួលត្រូវទទួលខុសត្រូវលើអ្នកទទួលជួលពីខ្លួន ចំពោះការមិនបង់ប្រាក់ថ្លៃឈ្នួល ការបែកបាក់ ការខូចខាតទាំងឡាយនៃវត្ថុជួល ដែលបណ្តាលមកពីអំពើរបស់អ្នកទទួលជួលបន្ត ។
មាត្រា ១១០-
ចំពោះកិច្ចសន្យានៃការជួលសម្រាប់ថិរវេលាគ្មានកំណត់ គូភាគីអាចនឹងរំលាយបាន លុះណាតែមានការឲ្យតំណឹងមុន១ខែ យ៉ាងតិច ឬ២ខែយ៉ាងយូរ ។
មាត្រា ១១១-
ទោះអ្នកជួលស្លាប់ក្តី ក៏កិច្ចសន្យានៃការជួលត្រូវតែអនុវត្តតទៅទៀត ។
បើអ្នកទទួលជួលស្លាប់វិញ កិច្ចសន្យានៃការជួលនឹងលែងយកមកអនុវត្តបាន លុះណាតែទាយាទលែងចង់ជួលតទៅទៀត ។