សូក្រាត ត្រូវបានគេចាត់ទុកជាទស្សនវិទូម្នាក់ដែលបានបើកសម័យកាលទស្សនៈវិជ្ជារបស់ទ្វីបអ៊ឺរ៉ុបតាំងពីប្រមាណជា ២៥ សត្សវតមកហើយ។មានអ្នកខ្លះបានប្រៀបធៀបទៅជាមួយ ខុងជឺ ទស្សនវិទូរបស់ចិន។
គាត់ល្បីដោយសារគាត់យល់ថា ទស្សនវិជ្ជា ប្រៀបបីដូចជាការស្រាវជ្រាវនិង មានភាពចាំបាច់សំរាប់ការរស់នៅរបស់មនុស្សលោក, គាត់ជាគំរូដ៏អស្ចារ្យមួយសំរាប់មនុស្សជាតិអំពីភាពមានជំនឿជាក់លើខ្លួនឯង ព្រោះគាត់បានយកការស្លាប់របស់គាត់ជាសន្យាធានាដើម្បីរក្សា សច្ចភាពអោយបានរស់រានក្នុងពិភពលោកយើង។
អ្វីដែលកូនសិស្សរបស់គាត់បានដឹង និង ការបង្រៀនរបស់គាត់គឺបានមកពីការពិភាក្សាជជែងវែកញែក,ពេលខ្លះបានបង្ហាញលក្ខណៈយ៉ាងច្បាស់ ពេលខ្លះមានភាពស្រមើលស្រមៃខ្ពស់នេះត្រូវបានគេដឹងតាមរយៈ ប្លាតុង និង សៀវភៅ Memorabili របស់ សាកណូហ្វូន អ្នកទាំងពីរជាសិស្សរបស់សូក្រាត។
ទោះជាមានចំនុចមួយចំនួនមិនចុះសំរុងគ្នាតែគេឃើញថាការសរសេរបកស្រាយរបស់អ្នកទាំងពីរអំពីគំនិតរបស់គ្រូខ្លួនប្រៀបបានជាការបំពេញ អោយគ្នាទៅវិញទៅមកធ្វើអោយទស្សនៈរបស់ សូក្រាត ក្លាយជាអមតៈក្នុងទស្សនៈរបស់មនុស្សជាតិ។
សូក្រាត ជាកូនរបស់ សូហ្រ្វូននីសគូស គេនិយាយថានៅ ពេលចាប់ផ្តើមមុខរបរមុនដំបូងគាត់បានឈានចូលក្នុងវិស័យ សិល្បៈ។នៅពេលឈានចូលដល់វ័យ ជំទង់ គាត់បានរៀបការជាមួយនារីម្នាក់ ឈ្មោះ សានធីបផា គេបាននិយាយថាប្រពន្ធរបស់គាត់ជានារីម្នាក់ឆ្នាស់ឆ្នើមគា្មនសីលធម៌ ប៉ុន្តែគេមិនមានភស្តុតាងអះអាងអោយច្បាស់លាស់នោះទេ។ហេតុដូចនេះ សូក្រាតធ្លាប់និយាយថា បើអ្នកបានប្រពន្ធម្នាក់ល្អ អ្នកនឹងមានសុភមង្គល តែបើបានប្រពន្ធម្នាក់មានចរិតឆ្នាស់ឆ្នើម អ្នកនឹងក្លាយជាទស្សនវិទូ។
Will Durant បាននិយាយថា ប្រពន្ធរបស់សូក្រាតជាមនុស្សស្រលាញ់សូក្រាតបំផុតហើយមានការឈឺចាប់យ៉ាងខ្លាំងចំពោះមរណភាពរបស់សូក្រាត។
គេមិនអាចបង្ហាញច្បាស់ថា តើនរណាជាគ្រូរបស់សូក្រាតនោះទេ តែគេឃើញថាគាត់ហាក់បានទទួលឥទ្ធិពលពី ទ្រឹស្តី របស់ Parmenides, Heraclitus, Anaxagoras រូមជាមួយមនុស្សមូយចំនួនបានទៀតដែលគាំទ្រទ្រឹស្តី អាតូម។អ្នកទាំងនោះត្រូវបានគេចាត់ទុកដូចជា គ្រូរបស់សូក្រាត។
មុនពេលគាត់មានអាយុ ៤០ឆ្នាំ គាត់ត្រូវបានល្បីពីសមត្ថភាពផ្នែកបា្រជា្ញ។តាមការកត់សំគាល់របស់ ប្លាតុង បានសរសេរថាតាមរយៈការបកស្រាយវោហាសាស្រ្ត និងការនិយាយក្នុងប្រាសាទ ដែននីស បង្ហាញថាគាត់ជាមានចំនេះដឹងជាងគេនៅក្រិចក្នុងស័មយនោះ។
សូក្រាតបានប្រើជំនាញខាងវោហាសាស្រ្តរបស់គាត់ ធ្វើអោយមនុស្សមួយចំនួនដែលតែងតែគិតថាគេចេះដឹងគ្រប់បែបយ៉ាងក្លាយជាគ្នានយល់អ្វីទាំងអស់។
សូក្រាតបានចាប់ផ្តើមស្វែងយល់អំពីសីលធម៌ក្នុងការរស់នៅនិងស្វែងយល់អ្វីទៅហៅថាបញ្ញា។ ជារៀងរាល់ថ្ងៃគាត់បានព្យាយាមពន្យល់អ្នកក្នុងទីក្រុងអាតែនអំពីទសន្សៈរបស់គាត់អោយពួកគេមានការកែប្រែក្នុងជីវិត។ ការពន្យល់របស់គាត់តែ ធ្វើឡើងតាមដងវិថីក្នុងទីផ្សារ។
ជាធម្មតាពេលគាត់ពន្យល់ពីអ្វីមួយតែងតែមានយុវជនជាច្រើន បានចូលរួមស្តាប់និងពិចារណា។ គាត់បានពិភាក្សាអំពី សីលធម៌,យុត្តិធម៌,សិទ្ធរបស់មនុស្ស។
មនុស្សមួយចំនួនបានគិតថាសូក្រាតជាមនុស្សម្នាក់ដាក់ខ្លួនព្រោះទោះជាគាត់ល្បីបែបនេះតែគាត់នៅតែមិនដែលបានបោះបង់ចោលកាត្វកិច្ចជាប្រជាពលរដ្ឋល្អម្នាក់បានព្យាយាមស្ថារ ស្ថានភាពប្រទេសជាតិនិង អប់រំប្រជាជនអោយមានភក្តីភាពជាមួយប្រទេសជាតិ។ទោះជាយ៉ាងណា នៅតែមានអ្នកគិតពីគាត់ក្នុងផ្លូវមិនល្អ។គេថាគាត់ជាមនុស្សមិនដែលទទួលគំនិតអ្នកដ៏ទៃ ហើយចូលចិត្តបំបាក់មុខអ្នកដ៍ទៃក្នុងចំនោមអ្នកដ៍ទៃនិយាយជារួមមកចូលចិត្តរករឿងឈ្លោះ។តែការគិតបែបនេះជាមនុស្សមិនយល់ពីសច្ចភាបចេះតែរស់ដើម្បីរស់មិនបានផ្តល់ភាពរីកចំរើនអោយសង្គមជាតិទេតែមាត់របស់គេបានបៀមជាប់នូវពាក្យស្នេហាជាតិ។
ក្នុងឆ្នាំ ៣៩៩ មុនគ្រិះសករាគ សូក្រាតបានត្រូវគេកាត់ទោសចោតពីបទញុះញង់និងបានធ្វើយុវជនខូច ជាពិសេសការមើលស្រាលអាទិទេព និងការដែលបានណែនាំអាទិទេពចំលែកដល់ប្រជាជានអាតែន។ការកាត់ក្តីរបស់សូក្រាតបានក្លាយជារឿងមួយក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ព្រោះតែការពារសច្ចភាពសេរីភាពក្នុងការស្វែងយល់ សូក្រាតបានលះបង់ជីវិតរបស់គាត់។រឿងរាវទាំងអស់នេះយើងអាចដឹងបានតាមរយៈការកត់ត្រារបស់សិស្សដ៍ឆ្នើមរបស់គាត់គឺបា្លតុង ក្នុងសៀវភៅមានឈ្មោះថា Apology ។សូក្រាតត្រូវបានកាត់ទោសប្រហារជីវិតដោយការលេបថ្នាំពុលនេះជាទង្វើមួយយ៉ាងសាហាវឃោរឃៅរនិងគ្មានមូលដ្ឋានច្បាស់លាស់ក្នុងការចោតប្រកាន់ ក៏បានបង្ហាញឃើញពីភាពខ្វះការពិចារណារបស់សង្គមក្នុងសម័យនោះផងតែ។
សូក្រាតបានចាក់ចេញទៅក៏ពិតមែនតែ ទស្សនៈប្រកបដ៏អត្ថន័យក្នុងជីវិតរបស់គាត់នៅតែស្ថិតនៅជាដរាប។ មុនពេលគាត់បានស្លាប់ទៅគាត់បាននិយាយថា គាត់អាចស្លាប់បានតែសច្ចភាពមិនអាចស្លាប់បានទេ។
(បកប្រែ និង រៀបរៀងដោយ ម៉ៅ សុខេន)