Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក — 

អភិបាល​រដ្ឋ​ New York ​លោក Andrew Cuomo បាន​ប្រកាស​លាលែង​ពី​តំណែង​របស់​លោកនៅ​ថ្ងៃ​អង្គារ ជុំវិញ​ការ​ចោទ​ប្រកាន់ទៅ​លើ​ការ​បៀតបៀនផ្លូវ​ភេទ​ស្ត្រី​ គឺ​មួយ​ឆ្នាំ​បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​សរសើរ​នៅ​ទូទាំង​ប្រទេស​ពី​ការ​ដឹក​នាំ​និង​ការ​រាយការណ៍​លម្អិត​ប្រចាំ​ថ្ងៃ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូវីដ​១៩​នៅ​ក្នុងរដ្ឋ New York។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

 

នៅ​ក្នុង​សុន្ទរកថា​ដែល​ត្រូវ​បាន​ផ្សាយ​តាមកញ្ចក់​ទូរទស្សន៍​នោះ​ អភិបាល​រដ្ឋ New York ដែល​មាន​អាយុ ៦៣ឆ្នាំ ខាង​គណបក្ស​ប្រជាធិបតេយ្យរូប​នេះ​ បាន​បដិសេធ​ថា​លោក​មិនបាន​ប្រព្រឹត្ត​ខុស​ដោយ​ចេតនា​ណា​មួយទៅ​លើ​ស្ត្រីមួយ​ចំនួន​ ហើយ​បាន​ហៅ​ការ​ដាក់​សម្ពាធ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​នោះ​ថា​ ជា​រឿង​នយោបាយ។ លោក​បន្ត​ថា ការ​វាយ​បក​ទៅ​វិញ​ជុំវិញ​រឿង​នេះនឹង​ដាក់​រដ្ឋ​ក្នុង​ភាព​ច្របូក​ច្របល់​ចំនួន​រាប់​ខែ​ទៅ​មុខ​ទៀត «ដូច​នេះ​វិធី​ដែល​ល្អ​បំផុត​នោះ គឺ​ខ្ញុំ​ត្រូវ​ចុះ​ចេញ​ពី​តំណែង​ ហើយ​ទុក​ឲ្យ​រដ្ឋាភិបាល​រដ្ឋ​គ្រប់​គ្រង​ការងារ»។

 

ការ​ប្រកាស​ចុះ​ចេញ​ពី​តំណែង​របស់អភិបាល​រដ្ឋ​រូប​នេះ​ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈ​ពេល​២​សបា្តហ៍​ខាង​មុខ​ទៀត។ លោក Andrew Cuomo ​បាន​កាន់​តំណែង​ជា​អភិបាល​រដ្ឋ​អស់​រយៈពេល​៣​អាណត្តិ​មក​ហើយ។ ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ក៏ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​អំពាវនាវ​ឲ្យ​អភិបាល​រដ្ឋ​រូប​នេះ​ចេញ​ពី​តំណែង​ផង​ដែរ។

 

ការ​ប្រកាស​ចុះ​ចេញ​ពី​តំណែង​ជា​អភិបាល​រដ្ឋ New York ​របស់​លោក Andrew Cuomo កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍ បន្ទាប់​ពីអគ្គ​រដ្ឋអាជ្ញារបស់​រដ្ឋនេះ ចេញផ្សាយ​នូវ​លទ្ធផល​ស៊ើប​អង្កេតមួយ​ ដែល​បាន​រក​ឃើញ​ថា លោក Cuomo​ បាន​បៀតបៀន​ផ្លូវ​ភេទ​ស្ត្រី​យ៉ាង​ហោច​ក៏ចំនួន​១១​នាក់​ដែរ។

 

អ្នកស្រី Kathy Hochul អភិបាល​រង​រដ្ឋ New York នឹងត្រូវ​ជំនួស​លោក Andrew Cuomo ពី​គណបក្ស​ប្រជាធិបតេយ្យ​ដូច​គ្នា នៅ​ពេលលោក​ចុះចេញ​ពី​តំណែងជា​ផ្លូវការនៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ខាង​មុខ ដោយ​អ្នកស្រី​នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​ដែល​នឹង​កាន់​តំណែង​ជា​អភិបាល​រដ្ឋ New York។ អ្នកស្រី Hochul អាយុ​៦២​ឆ្នាំ បាន​កាន់​តួនាទីជា​មន្ត្រី​ជាន់​ខ្ពស់​លំដាប់​ទី​២​នៃ​រដ្ឋ New York តាំង​ពី​ឆ្នាំ​២០១៥​មក ហើយ​នឹងចូល​កាន់​តំណែង​ជា​អភិបាល​ទី​៥៧​នៃ​រដ្ឋ New York៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login