ជំរឿនគឺជាការរាប់ចំនួនប្រជាជនទាំងប្រុសទាំងស្រីនិងកុមារទាំងអស់ក្នុងប្រទេសមួយ តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមែប្រមូលទិន្នន័យក្នុងការធ្វើផែនការអភិវឌ្ឍន៍សម្រាប់អនាគត ។ ប្រទេសកម្ពុជាធ្លាប់ធ្វើជំរឿន៤ដងរួចមកហើយរហូតមកដល់ពេលនេះ ។
- លើកទីមួយ ធ្វើឡើងនៅឆ្នាំ១៩២១ដោយអាណាព្យាបាលបារាំង តែមិនមែនជាជំរឿនពិតប្រាកដឡើយ ព្រោះ គោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពីអាយុ២០ឆ្នាំដល់៦០ឆ្នាំគោលបំណងដើម្បីប្រមូលពន្ធដារប៉ុណ្ណោះ ។
- លើកទីពីរ ធ្វើឡើងនៅឆ្នាំ១៩៦២នៅសម័យសង្គមរាស្ត្រនិយម ។ ជំរឿននេះធ្វើឡើងជាលើកទីមួយនៅទូទាំងប្រទេសចាប់តាំងពីប្រទេសទទួលបានឯករាជ្យមក ។ ព្រះរាជក្រឹត្យនៅពេលនោះ បានកំណត់យ៉ាងច្បាស់ថាការប្រមូលទិន្នន័យនិងពត៌មានទាំងអស់មិនអនុញ្ញាតឲ្យយកទៅប្រើប្រាស់សម្រាប់សកម្មភាពគាបសង្កត់ដូចជាការប្រមូលពន្ធដារឡើយ ។ ជំរឿននៅពេលនោះគឺដើម្បី ស្រង់ពត៌មានចង់ដឹងពីស្ថិតិប្រជាជនផង និងប្រមូលទិន្នន័យផង ។
- លើកទីបី ធ្វើឡើងនៅថ្ងៃទី ៣ដល់ថ្ងៃទី១២ខែមីនា១៩៩៨ ក្នុងគោលបំណងចង់ដឹងចំនួនប្រជាជន ដែលកំពុងរស់នៅក្នុងប្រទេស បន្ទាប់ពីខកខានធ្វើចាប់តាំងពីឆ្នាំ១៩៦២ ដោយសារតែភាពចលាចលផ្នែកនយោបាយដែលកើតមានជាងពីរទស្សវត្សន៍រួចមក ដើម្បីប្រមូលទិន្នន័យអភិវឌ្ឍប្រទេស ។
- លើកទីបួន ចាប់ពីឆ្នាំ១៩៩៨មករាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តធ្វើជំរឿនទូទៅនូវប្រជារាស្ត្ររៀងរាល់ដប់ឆ្នាំម្តងស្របតាមសំណូមពររបស់អង្គការសហប្រជាជាតិនិងច្បាប់ស្តីពីស្ថិតិរបស់ប្រទេសកម្ពុជា ។ ជំរៀនលើកទីបួនធ្វើឡើងចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៣ ខែមីនា២០០៨ ។ នេះជាជំរឿនលើកទីពីរ បន្ទាប់ពីកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យ ។