2018-08-03 23:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ៖ មនុស្សដែលកើតនៅក្នុងពិភពលោកនេះ ចម្រុះទៅដោយពណ៌សម្បុរ និងមានអត្ថចរិតផ្សេងពីគ្នា ខ្លះល្អ ខ្លះអាក្រក់ រីឯខ្លះទៀតព្រហើនកោងកាចក្អេងក្អាង លើកតំកើងខ្លួនឯងហួសហេតុ ថែមទាំងធ្វើឲ្យគេស្អប់ ព្រមទាំងបាត់បង់តម្លៃទៀតផង រីឯបុគ្គលខ្លះទៀតចេះសម្របខ្លួន ដាក់ខ្លួន ស្គាល់កាលៈទេសៈ ហើយថែមទាំងចេះគោរពចាស់ទុំ គ្រូ ឬក៏រៀមច្បងផងដែរ ទីបំផុតក៏មានអ្នកស្រឡាញ់រាប់អានច្រើន យ៉ាងណាមិញ គេសង្កេតឃើញថាមនុស្សទាំងអស់ ទោះបីអាក្រក់យ៉ាងណាក៏អាចអប់រំបានដែរ។ ដោយហេតុផលនេះហើយ ទើបដូនតាខ្មែរបង្កើតជាសុភាសិតមួយឡើងយ៉ាងដូច្នេះថា «ងើយស្រក ឱនដាក់គ្រាប់»។
តើសុភាសិតនេះមានន័យអប់រំយ៉ាងដូចម្ដេច?
ដើម្បីជាស្ពានចម្លងទៅដល់ការបកស្រាយសុភាសិតនេះ គួរគប្បីយល់នូវពាក្យគន្លឺមួយចំនួនសិន ដូចជា «ងើយ» និង «ស្កក»។ ពាក្យ «ងើយ» មានន័យថា សម្លឹងមើលទៅលើ ដោយមិនមើលអ្នកនៅក្រោមៗឡើយ រីឯ «ស្កក» គឺខកខាន អត់ប្រយោជន៍។ សុភាសិតទាំងមូលនេះ បើតាមន័យត្រង់ សំដៅទៅលើដើមស្រូវ កាលណា វាយងើយឡើងទៅលើគឺគ្មានគ្រាប់ស្រូវទេ ប់ុន្តែបើវាឱន ប្រាកដជាមានគ្រាប់ស្រូវមិនខាន នេះបើតាមន័យធៀបចង់សំដៅថា បុគ្គលដែលចេះដាក់ខ្លួន រមែងមានគេចូលចិត្ត គោរពស្រឡាញ់ និងឲ្យតម្លៃ ចំណែកបុគ្គលដែលមានអំនួតក្អេងក្អាង មិនចេះឱនលំទោន ច្រើនតែទទួលនូវការស្អប់ខ្ពើមពីអ្នកផងទាំងឡាយ។
ជាការពិតណាស់ មនុស្សនៅក្នុងសង្គមសម័យថ្មីនេះមានការរីកចម្រើនខ្លាំងណាស់ ខ្លះស្ទើរតែភ្លើតភ្លើនទៅតាមសម្ភារនិយម រីឯខ្លះមានចិត្តនឹងន ស្រឡាញ់ការសិក្សារៀនសូត្រ និងចេះគោរពចាស់ទុំផងដែរ។ ជាទឡ្ហីករណ៍ មនុស្សដែលអួតថាខ្លួនចេះគ្រប់យ៉ាង រមែងចាញ់អាត្មា ទីបំផុតក៏ត្រូវគេជាន់កែងខ្លួនឯង ហើយទទួលរងនូវក្ដីអាម៉ាស់ តួយ៉ាង បើយើងធ្វើដំណើរទៅណាមកណា ហើយត្រូវវង្វេងផ្លូវ ត្រូវចេះជំរាបសួគេ ចេះសំពះទៅតាមបែបបទនៃសីលធម៌ខ្មែរ ហើយសឹមសួរគេនូវតំបន់ណាដែលយើងចង់ទៅ តែបើមកដល់ យើងប្រើពាក្យអសុរោះមិនគោរពគេ គេប្រាកដវាយតម្លៃយើងភ្លាមថាជា បុគ្គលអសីលធម៌ ហើយជួនកាលគេមិនឆ្លើយតបវិញផងក៏ថាបាន។ រឿងមួយទៀត ទោះបីខ្លួនចំណេះដឹងជ្រៅជ្រះយ៉ាងណាក៏ដោយ ក៏ត្រូវចេះចូលរួមក្នុងសង្គមដែរ ដោយសារតែក្នុងលោកនេះមិនមែនមានតែយើងម្នាក់ទេ អ្វីដែលយើងមិនដឹង អ្នកផ្សេងអាចដឹង ទោះបីអ្នកនោះជាអ្នកសុំទានក្ដី ឬកសិករក្រីក្រ ឬជាក្មេងក្ដី គឺសុទ្ធតែគ្រូយើងទាំងអស់ ដូចពាក្យចាស់តែងពោលថា «ចេះឯង ឲ្យក្រែងចេះគេ» ឬមួយទៀតថា «ភ្នំខ្ពស់គង់ទាបជាងស្មៅ»។ ការរស់នៅក្នុងសង្គម ត្រូវចេះមើលគេមើលឯង គេរស់បែបណា យើងក៏រស់បែបនោះបានដែរ ឲ្យតែវិធីសុចរិតត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ការចេះដាក់ខ្លួន រមែងទទួលបាននូវតម្លៃ និងការកោតសរសើរពីគ្រប់បុគ្គលនានាគ្រប់មជ្ឍដ្ឋាន និងអាចរៀនសូត្ររាល់ចំណេះថ្មីៗទៀតផង។
ដើម្បីឲ្យកាន់តែច្បាស់នោះ សូមក្រឡេកទៅមើលអក្សរសិល្ប៍ខ្មែរមួយចំនួន។ ក្នុងនោះគេសង្កេតឃើញថា តួអង្គចៅចិត្រ នៅក្នុងរឿងកុលាបប៉ែលិន ចេះដាក់ខ្លួនធ្វើការជាកម្មករជីកត្បូង ដោយមិនរើសអើងឡើយ គេបានលះបង់កម្លាំងយុវវ័យរបស់ខ្លួនដើម្បីការងារ ហើយចេះរាប់អានមិត្តៗកម្មករដូចគ្នាយ៉ាងស្អិតល្មួតទៀតផង។ ជាងនេះទៅទៀត ចៅចិត្រមានសីលធម៌ខ្ពស់ ចេះគោរពចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ និងចៅហ្វាយនាយរបស់ខ្លួន ដោយប្រើពាក្យសម្ដីពីរោះពិសា ទន់ភ្លន់ ប៉ុន្តែពុំមានពុតត្បុតឡើយ ដែលខុសពីលោកបាឡាត់ស្រុកសង្កែ ដែលតែងតែនិយាយក្អេងក្អាង អាងអំណាច មើលងាយអ្នកក្រ មិនចេះឲ្យតម្លៃអ្នកតូចទាបជាងខ្លួន ចំណុចទាំងនេះបានធ្វើឲ្យនាងឃុន នារី មិនពេញចិត្តរូបលោកឡើយ។ បន្ថែមពីនេះ លោក ហ្លួងរតនសម្បត្តិ គឺជាមហាសេដ្ឋីដែលចេះ រាប់អានកូនចៅ មិនប្រកាន់ឋានៈបុណ្យសក្ដិ ឬបុណ្យសក្ដី លោកបានរៀនសូត្រច្រើនពីអ្នកក្រ ដែលធ្វើលោកយល់ដឹងច្រើនពីបញ្ហារបស់អ្នកក្រ ហេតុនេះហើយគេសង្កេតឃើញថា កម្មករដែលនៅក្រោមបង្គាប់របស់លោក និងអ្នកនៅជុំវិញខ្លួនលោក សុទ្ធតែគោរពនិងពេញចិត្តលោកគ្រប់គ្នា។ ក្រៅនេះ នៅក្នុងអក្សរសិល្ប៍រឿង ផ្កាស្រពោន ដែលជាវណ្ណកម្មរបស់លោក នូ ហាច ក៏សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ប៊ុនធឿន មិនត្រឹមតែមានចំណេះដឹងទេ ថែមទាំងមានសុជីវធម៌ក្នុងការរស់នៅទៀតផង ដែលខុសពី ណៃ ស៊ត គឺមានចរិតព្រហើនអាងជាកូនអ្នកមាន មិនគោរពចាស់ទុំ ធ្វើឲ្យអ្នកភូមិស្អប់ខ្ពើម សូម្បីតែនាងវិធាវី ក៏មិនពេញចិត្តដែរ ហើយនាងសុខចិត្តក៏មិនប្រាថ្នា បុគ្គលដែល «ងើយស្កក» ដែរ គឺប្រាថ្នាតែប៊ុនធឿនមួយគត់ ដែលអាចហៅបានថា បុរស «ឱនដាក់គ្រាប់»។ តាមរយៈរឿងទុំទាវ ដែលជាស្នាដៃរបស់ភិក្ខុសោម បានលាតត្រដាងឲ្យឃើញនូវការប្រើអំណាចរបស់បក្សពួកអរជួន ដែលមានសភាពព្រៃផ្សៃនៅខេត្តត្បូងឃ្មុំ ហ៊ានពង្រាត់ប្ដីប្រពន្ធស្របច្បាស់របស់គេគឺទុំនិងទាវ ដែលព្រះរាជាជាអ្នកផ្សំផ្គុំឲ្យ រហូតឈានដល់សម្លាប់ទុំនៅក្រោមដើមពោធិ៍ជើងខាល រីឯនាងទាវក៏ធ្វើអត្តឃាតទៅតាមទុំដែរ។ សោកនាដកម្មនេះក៏បានលេចឮទៅដល់ព្រះកាណ៌របស់ព្រះបាទរាមាជើងព្រៃ ហើយព្រះអង្គខ្ញាល់ជាខ្លាំង ក៏លើករេហ៍ពលយាងមកដោយអង្គឯង ហើយកាត់ទោសបក្សពួកអរជួនឲ្យក្ស័យមរណា។ ទាំងនេះគឺសុទ្ធតែជាទង្វើព្រហើនរបស់បក្សពួកអរជួននេះ ទើបទទួលលទ្ធផលបែបនេះ។ យ៉ាងណាមិញ រឿងព្រះអាទិត្យថ្មីរះលើផែនដី លោក សួន សុរិន្ទ បានបង្ហាញឲ្យឃើញរាល់សកម្មភាពទាំងអស់របស់តួអង្គ សម ដែលចេះស្រឡាញ់មនុស្សនៅជុំវិញខ្លួន ហើយគោរពមនុស្សទាំងអស់ទោះចាស់ក្មេងមានក្រក្ដី សមមិនដែលប្រើពាក្យឬបញ្ចេញអាកប្បកិរិយាមើលងាយមើលថោកនរណាម្នាក់ឡើយ។ សកម្មភាពនេះធ្វើឲ្យសម ទទួលបានមកវិញនូវការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់តួអង្គក្នុងក្ដីនិងអ្នកអាន អ្នកសិក្សាក្ដី។
សរុបមកឃើញថា ការដែលមនុស្សចេះដាក់ខ្លួនឱនលំទោនដោយភាពទន់ភ្លន់នោះ មិនខ្លះទេអ្នកជួយជ្រោមជ្រែង កុំឲ្យតែមានអំនួតអួតអាង ទោះបីអ្នកឯងមានដល់ណាក្ដីក៏គ្មានតម្លៃដែរ ហើយរឹតតែទទួលបាននូវការស្អប់ខ្ពើមបំផុត ថាមិនត្រូវអាចនឹងបាត់បង់តំណែង ឬជីវិតវៀតផង។
យោងតាមការបកស្រាយយ៉ាងក្បោះក្បាយខាងលើ បានឆ្លុះបញ្ចាំងឲ្យឃើញថា សុភាសិតនេះពិតជាមានតម្លៃអប់រំយ៉ាងខ្ពង់ខ្ពស់ក្នុងការបណ្ដុះឲ្យមនុស្សគ្រប់រូបចេះរស់នៅក្នុងសង្គមដោយគ្មានការរើសអើង និងការមានសីលធម៌ក្នុងខ្លួន។ ដូចនេះ ក្នុងនាមជាអ្នកសិក្សា គួរគប្បីស្វែងយល់ពីអ្វីៗឲ្យបានច្រើន ហើយមិនត្រូវប្រកាន់ខ្លួន ឬរើសអើងនរណាម្នាក់ឡើយ ចូរចងចាំថា អ្វីៗដែលនៅជុំវិញខ្លួនយើង គឺសុទ្ធតែជាគ្រូរបស់យើងទាំងអស់។