Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Ma Net
2018-08-31 20:37
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ : គោលបំណងៈ គោលបំណងរបស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា "សន្តិ "ដែលប្រែថា" សេចក្តីស្ងប់ " ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។ គោលដៅ :សន្តិភាព ឬនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ ហេីយក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ: ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិង​ពាក្យ​សម្តី។ ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងសម្តី។ ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។ លក្ខណៈរបស់ពុទ្ធសាសនិក ៖ លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។ លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។ លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។ មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។ ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។ ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។ ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។ សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ឯកសារយោង៖ អត្ថបទរបស់លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login