ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ភាសាវិទូជា អ្នកសិក្សាមុខវិជ្ជាភាសាវិទ្យា ជាធម្មតាតែងតែត្រូវបានគេគិតរំពឹងថា អាចនឹងក្លាយទៅជាភាសាវិទូ ដែលអង់គ្លេសហៅថា Linguist ។ តាមអ្នកស្រី JEAN Aitchison នៅក្នុងពាក្យភាសាអង់គ្លេសមានពាក្យមួយទៀត ដែលសក្តិសមជាងគឺជា ពាក្យ Linguistician (អ្នកភាសាវិទ្យា)តែពាក្យនេះមិនបានទទួលការនិយម ពីសំណាក់អ្នកប្រើប្រាស់ទូទៅទេ ពីព្រោះវាជាពាក្យដែលពិបាកបញ្ចេញសំឡេងជាងពាក្យ Linguist ។
ពាក្យ ភាសាវិទូ បានធ្វើឲ្យភ័ន្តច្រឡំក្នុងចំណោមមនុស្សមួយចំនួនពីព្រោះគេគិតថាភាសាវិទូ គឺជាអ្នកចេះនិយាយ ចេះប្រើច្រើនភាសា ។ តាមការពិតភាសាវិទូ នៅក្នុងន័យ Linguistic Experts មិនចាំបាច់ចេះនិយាយភាសារត់មាត់នោះទេ តែគាត់ត្រូវតែមានបទពិសោធន៍ទូលំទូលាយអំពីភាសាផ្សេងៗ ។ កិច្ចការដ៏សំខាន់របស់គាត់គឺត្រូវវិភាគ ( Analyze ) និងខិតខំពន្យល់អំពីប្រព័ន្ធស្រៈក្នុងភាសាទួគីឬ អំពីប្រព័ន្ធកិរិយាសព្ទក្នុងភាសាអាល្លឺម៉ង់ តែពុំមានន័យថាគាត់ចេះនិយាយភាសាទួគី ឬភាសាអាល្លឺម៉ង់ដើម្បីឲ្យអ្នកទីក្រុង Istanbul ឬទីក្រុង Berlin យល់គាត់បាននោះទេ តែកាត់ជាអ្នកមានជំនាញ ជាអ្នកសង្កេតមិនបំផ្លើស ( Objective Observer ) មិនមែនជាអ្នកចូលរួមក្នុងសកម្មភាពនោះទេ ។ មានអ្នកវិទ្យាសាស្រ្តសង្គមម្នាក់បានចាត់ទុកភាសាវិទូ ថាជាអ្នកប្រើប្រាស់ភាសា មិនមែនជាអ្នកផលិតនោះទេ ។
បើគេធ្វើការប្រៀបធៀបទៅ ភាសាវិទូមិនខុសគ្នាពីតន្ត្រីវិទូ ( Musicologist ) ប៉ុន្មានឡើយ ។ តន្រ្តីវិទូអាចធ្វើការវិភាគអំពីការប្រគុំតន្រ្តីព្យាណូដោយបង្ហាញអំពីខ្លឹមសារនៃបទនិពន្ធ អំពីប្រែប្រួលបទនិពន្ធ អំពីចង្វាក់និងភាពពិរោះនៃសំឡេក ប៉ុន្តែតាមពិតទៅគាត់មិនមែនជាអ្នកប្រគុំ ( លេង ) តន្រ្តីឡើយឯការប្រគុំតន្រ្តី គឺជាកិច្ចការរបស់តន្រ្តីករ ទៅវិញទេ ។
ម៉្យាងវិញទៀត បើយើងសង្កេតឲ្យមែនទែនទៅឃើញថាពាក្យ ភាសាវិទូ មានតម្លៃធំធេងណាស់គួរតែប្រើពាក្យនេះសម្រាប់ហៅអ្នកប្រាជ្ញធំៗ ដែលបានបង្កើត មូលដ្ឋានគ្រឹះនៃទ្រឹស្តីសម្រាប់វិទ្យាសាស្រ្តភាសាដូចលោក Ferdinand De Saussure លោក Leonard Bloomfield លោក Noam Chumsky ជាដើម ។ ចំណែកអ្នកដែលបានបញ្ចប់មុខវិទ្យា អ្នកស្រាវជ្រាវភាសា ដែលផ្អែកលើទ្រឹស្តីដែលមានស្រាប់បណ្ឌិតសាស្រ្តចារ្យ ដែលបង្រៀនមុខវិជ្ជា ភាសាវិទ្យាហាក់ដូចជាសក្តិសមនឹងពាក្យអ្នកភាសាវិទ្យាជាង ។