ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ៖ ការជ្រើសរើសអ្នកដឹកនាំជាការសំខាន់ណាស់ ទាំងអ្នកដឹកនាំប្រទេស ទាំងអ្នកដឹកនាំសហគមន៍ផ្ទាល់ ព្រោះអ្នកដឹកនាំជាអ្នកទទួលខុសត្រូវកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំធ្វើតាម ចាំអនុវត្ត ឬ ប្រតិបត្តិតាម ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណាមួយដោយជោគជ័យ។ សម្រាប់ការដឹកនាំឃុំ សង្កាត់ក៏ដូចច្នេះដែរ មេឃុំមានតួនាទីជាអ្នកដឹកនាំផ្ទាល់ ឬជាមនុស្សសំខាន់ក្នុងការដឹកនាំរបស់ខ្លួន។ មេឃុំត្រូវតែមានអភិបាលកិច្ចល្អ ដើម្បីបង្កើនការអភិវឌ្ឍឃុំរបស់ខ្លួន។ ចំពោះការជ្រើសរើសមេឃុំ គេសង្កេតឃើញមានទស្សនៈពីរផ្ទុយគ្នា។ អ្នកខ្លះយល់ថា "មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ"។ ឯអ្នកខ្លះទៀតយល់ថា "មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ"។
តើមតិទាំងពីរនេះ មួយណាសមស្របតាមស្ថានភាពសង្គមជាង?
ដើម្បីជាស្ពានដើម្បីឈានទៅរកការបកស្រាយពីទស្សនៈប្រធានឲ្យបានក្បោះក្បាយ ជាបឋមយើងគប្បីយល់នូវពាក្យ "អភិបាលកិច្ច" ជាមុន។ អភិបាលកិច្ចសម្តៅលើការគ្រប់គ្រង ដឹកនាំ និងមានទំនាក់ទំនងល្អ។ មេឃុំបានមកពីការជ្រើសតាំងមានអភិបាលកិច្ចល្អ ព្រោះមេឃុំរូបនេះបានត្រូវតែងតាំងដោយថ្នាក់លើ ដូច្នេះមេឃុំប្រភេទនេះខិតខំធ្វើការងារគ្រប់បែបយ៉ាងឲ្យតែថ្នាក់លើបញ្ជា ឬដាក់ផែនការ។ ម្យ៉ាងទៀតមេឃុំប្រភេទនេះប្រឹងប្រែងយកចិត្តយកថ្លើមថ្នាក់លើ ឬចៅហ្វាយនាយ ឬថ្នាក់លើដាក់បញ្ជា ឬដាក់ផែនការអ្វីមួយហើយ មេឃុំត្រូវតែទទួលភារៈធ្វើដោយពុំហ៊ានតវ៉ា ។ ដូចជាមេឃុំផាន់ ក្នុងរឿងគូលីកំណែន។ មេឃុំផាន់បានខិតខំដើរទារពន្ធដារពីប្រជាជនតាមការបញ្ជារបស់ថ្នាក់លើ និងយកចិត្តថ្លើមថ្នាក់លើណាស់។ ជាក់ស្តែងនៅពេលមេឃុំផាន់ជូនលោកចៅហ្វាយពីភូមិដើមក្រសាំងចូលកាត់ភូមិដើមអំពិល។ ពូផាន់ដើរយ៉ាងលឿនទៅផ្ទះអាចារ្យគីម។ គាត់ស្រែកបង្គាប់អាចារ្យគឹមថា " បងអាចារ្យរកដូងបានប្រាំជូនលោកតេជគុណ និងថី។ បងរកឲ្យឆាប់ ព្រោះល្ថាចណាស់ហើយ តេជគុន នឹងអាលទៅសាលាស្រុកវិញ ។
ចំពោះក្នុងសង្គមជាតិវិញ ចាប់តាំងពីសម័យរដ្ឋកម្ពុជារហូតដល់មុនឆ្នាំ២០០២ គេរើសមេឃុំដោយការជ្រើសរើស ។ ហើយមេឃុំពេលនោះមានអភិបាលកិច្ចល្អ ដោយខិតខំធ្វើការងារយ៉ាងសកម្ម ហើយបានបំផុសប្រជាជនឲ្យចូលរួមក្នុងសកម្មភាពចាត់តាំងរបស់ថ្នាក់លើដូចជាសកម្មភាពជីកប្រឡាយ លើកទំនប់ ការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល។ល។ ពេលមានមេទិញម្តងៗ មេឃុំបានដើរកោះប្រមូលប្រជាជនឲ្យចូលរួមមេទិញតាមផែនការរបស់ថ្នាក់លើ មិនមានធ្វេសប្រហែសឡើយ។
សរុបសេចក្តីមក ការបកស្រាយត្រួសៗខាងលើនេះ បង្ហាញថាមេឃុំដែលកើតឡើងដោយការជ្រើសតាំងពិតជាមានអភិបាលកិច្ចល្អមែន។
តើមេឃុំដែលបានជ្រើសតាំងឡើងមក ពិតជាមានអភិបាលកិច្ចល្អមែនរឺ ? ទន្ទឹមនឹងមតិខាងលើនេះក៏លេចចេញនូវមតិមួយទៀតថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរ ព្រោះមេឃុំនេះកើតឡើងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានអ្នកបោះឆ្នោតឲ្យ។ ដូច្នេះថ្នាក់ដឹកនាំមូលដ្ឋានត្រូវបម្រើឲ្យរាស្ត្រផ្ទាល់ ដោយខិតខំអភិវឌ្ឍឃុំរបស់ខ្លួួនឲ្យកាន់តែរីកចម្រើនថែមទៀត។ ម្យ៉ាងទៀតមេឃុំដែលបានដោយការបោះឆ្នោត ខិតខំកែទម្រង់គ្រប់គ្រងបម្រើសេចក្តីត្រូវការរបស់រាស្រ្ត មិនរើសមុខទេដោយមេឃុំនៅផ្ទាល់ជាមួយពលរដ្ឋ ជាអ្នកដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ បើពលរដ្ឋ ខ្វះខាតអ្វី មេឃុំជាអ្នកបម្រើរៀបចំការងារកសាងឲ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជារាស្ត្រ មួយថ្ងៃៗ មេឃុំនេះខិតខំពន្យល់បំផុសប្រជាជនឲ្យចូលរួមជាបដិភាគក្នុងការស្ថាបនាមូលដ្ឋានរបស់ខ្លួផ្ទាល់។ ឧទាហរណ៍ក្នុងសង្គមជាតិសព្វថ្ងៃ កាលពីឆ្នាំ២០០២កន្លងទៅថ្មីៗនេះ មានការបោះឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់បង្កើតជាក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដើម្បីអនុវត្តគោលការណ៍អភិបាលកិច្ចឲ្យបានល្អប្រសើរ។ គេត្រូវផ្តល់អំណាចវិមជ្ឈការឲ្យទៅអ្នកថ្នាក់ក្រោម ដើម្បីអនុវត្តក្នុងផែនការមូលដ្ឋានរបស់ខ្លួន។ នៅប្រទេសជឿនលឿនភាគច្រើនដែលកាន់លទ្ធិប្រជាធិបតេយ្យ មេឃុំ ឬចៅសង្កាត់សុទ្ធតែកើតឡើងពីការបោះឆ្នោតដូចជានៅប្រទេសថៃ សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស អូស្រ្តាលី...។ ដូចគ្នានេះដែរ នៅក្នុងស្នាដៃអក្សរសិល្ប៍រឿងគ្រូបង្រៀនស្រុកស្រែរបស់លោកអ៊ឹម ថុកក៏មានបំផុសឲ្យបោះឆ្នោតជ្រើសរើសមេឃុំតាមទស្សនៈរបស់ពូហមដែរ ដូចត្រង់សម្តីរបស់ពូហមថា "ហេតុដូច្នេះបានជាខ្ញុំយល់ឃើញថា ដល់រួចរាល់ឆ្នាំក្រោយៗនេះ យើងត្រូវបើកឲ្យមានសិទ្ធិប្រជាជនបោះឆ្នោតជ្រើសរើសមេឃុំដែលតំណាងឲ្យប្រជារាស្រ្តក្នុងឃុំ តែមិនមែនជាអ្នកគាបលើរាស្ត្រដូចអាណានិគមបារាំងបង្កើតនោះទេ។" រីឯស្នាដៃរបស់លោក សួន សុរិន្ទ តាមរយៈរឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់វិញ សមបានត្រូវពេញចិត្តបោះឆ្នោតឲ្យជាប់ជាមេឃុំសង្គមរាស្រ្តនិយម។ សមដឹកនាំខ្លួនបានរីកចម្រើន ប្រជាជនមានជីវភាពធូរធារជាបណ្តើរៗក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទនរោត្តមសីហនុ ។
សរុបសេចក្តីមកមតិទីពីរដែលថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរនេះពិតជាត្រឹមត្រូវម្យ៉ាងដែរ។
ឆ្លងតាមការបកស្រាយនូវមតិទាំងពីរខាងលើយើងឃើញថាមតិទីមួយគេលែងត្រូវការទៅហើយ។ ឯមតិទីពីរកាន់តែត្រឹមត្រូវ ព្រោះមេឃុំ ឬចៅសង្កាត់ដែលប្រជាជនបោះឆ្នោតជ្រើសរើសដោយផ្ទាល់មានការគ្រប់គ្រងបានល្អជាង។ ម្យ៉ាងដើម្បីឲ្យមានអភិបាលកិច្ចល្អ ត្រូវមានប្រជាធិបតេយ្យតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម តាមយុគសម័យកាលនីមួយៗ។
ដូចនេះមតិទីមួយមិនទាន់ត្រឹមត្រូវទេ ឯមតិទីពីរមានលក្ខណៈល្អប្រសើរ ព្រោះការបោះឆ្នោតនាំឲ្យមានតម្លាភាពក្នុងប្រទេសប្រជាធិបតេយ្យ ដែលពលរដ្ឋមានសិទ្ធិជ្រើសរើសដោយផ្ទាល់។ ក្នុងនាមយើងជាពលរដ្ឋត្រូវតែចូលរួមជ្រើសរើសយកការបោះឆ្នោតដែលជារបៀបដឹកនាំជឿនលឿនតាមមាគា៌ប្រជាធិបតេយ្យ។