2018-10-16 12:18
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរកំណត់ន័យនៃពាក្យ “ប្រេត” ?
២. តើប្រភេទប្រេតចែកចេញជាប៉ុន្មានពួក ? គឺអ្វីខ្លះ ? ចូរបញ្ជាក់ពីប្រភេទនៃប្រេតនៃប្រេតនីមួយៗ ។
៣. តើបទស្មូត “ទំនួញប្រេត” និពន្ធដោយកវីខ្មែររូបណា ? មានខ្លឹមសារអប់រំដូចម្តេច ? គេសូត្របទនេះនៅពេលណា ?
៤. ចូររៀបរាប់អំពីពិធីបុណ្យទាក់ទងនឹងប្រេត ។
៥. តើពិធីបុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេសប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ? ចូរពន្យល់រៀបរាប់ ។
ចម្លើយ
១. ប្រេត អានថា ប្រេត តាមលំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្រឹ្កត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា “បេត” អានថា “ ប៉េតៈ “ ។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជាមនុស្សស្លាប់ ឬព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុង អបាយភូមិពួកមួយ ឩទាហរណ៍ ពួកប្រេតមានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោហើយ ។ ក្រោយមកពុទ្ធសាសនាមហាយានបានជ្រាបទៅដល់ប្រទេសចិនជនជាតិចិនបានបកប្រែពាក្យ ប្រេត ពីភាសាសំស្រឹ្កត ទៅជាភាសាចិនថា “អេគុយ” ដែលមានន័យផ្សេងថា “ខ្មោចស្រេកឃ្លាន” ដែលមានន័យក្នុងគម្ពីរព្រះត្រៃបិដក និងផ្នត់គំនិតខ្មែរ និងសាសន៍ផ្សេងៗទៀតដែលកាន់់ពុទ្ធសាសនានិកាយថេរវាទ រហូតមកដល់សព្វថ្ងៃ ។ ទស្សនៈអំពីខ្មោច ឬព្រលឹង នៅក្នុងវប្បធម៌របស់ជនជាតិឥណ្ឌានិងជនជាតិចិន មិនដូចគ្នាសោះឡើយ ។ ដូច្នេះការបកប្រែភាសា និងការបង្រៀនទ្រឹស្តីពុទ្ធសាសនាក៏មានការប្រែប្រួលដែលនាំកើតមានទស្សនៈថ្មីស្រឡាងនៅជំនាន់ក្រោយៗទៀត ។ តាមន័យនៅក្នុងគម្ពីរបេតក្នុងវត្ថុ នៃគម្ពីរព្រះត្រៃបិដករបស់ពុទ្ធសាសនានិកាយថេរវាទ ពាក្យថា ប្រេត គឺជាបុថុជ្ជន ឬជនសាមញ្ញ ដែលស្លាប់រួចបានកើតជាសត្វក្នុងអបាយភូមិ ពោលគឺអបាយភូមិបេតវិស័យ ដោយសារតែពួកគេបានប្រពឹត្តអកុសលកម្ម ផ្សេងៗកាលពីនៅជាមនុស្ស ។
២. ប្រភេទប្រេត ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក ។
យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមកការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម៉្យាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របសស់ខ្លួនដែរ ។ បើតាមគម្ពីរព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន ។ មនុស្សចិត្តអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗលុះស្លាប់ទៅតែងតែកើតជាប្រេត ៤ ប្រភេទ គឺ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម (សត្ថង្គប្រេត) ប្រេតស្រេកឃ្លានអាហារជានិច្ច (បព្វតង្គប្រេត) និងប្រេតដែលភ្លើងឆេះជានិច្ច (អគ្គិជាលមុខប្រេត) និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឩទ្ទិសទៅឱ្យ ។
ប្រេតទាំង១២ពួក ឬ១២ប្រភេទ រួមមាន៖
គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះបប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើង ក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្រ្គោងស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឲ្យអ្នកមានសីលខ្ពស់ ។
អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។ ក្នុងតម្រាខ្មែរហៅថា អជតរៈ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លាជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតីខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ន្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែកទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែមិនខ្លាចម៉ែឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះព្រះសង្ឈក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀតទើបធ្វើឱ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯងមានភ្លើងគ្រប់ពេលវេលាបែបនេះ ។
ប្រេតមានវិមាននៅ ។ ក្នុងតម្រាខ្មែរហៅថាវេមានិក មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខទុក្ខស្ទើរគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា យមរាជ ទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៌ ដល់ពេល សោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តលេលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្ម សងទាំងពីរបែបនេះ ។
ប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយមើលខុសត្រូវប្រេតទាំងឡាយ) ។ ក្នុងតម្រាខ្មែរចែងថា ប្រេតឈ្មោះមហិទ្ធិកៈ នេះរូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិល្អឥតមានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រល់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់់តែក្លាយជាដុំដែក ក្រហមច្រាលឆ្អៅឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន ក្លិនស្អុយអសា្ចរ្យ ល្អតែរូបកាយ ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុះសាយបួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆារចារ ឆបោកគ្រហស្ថ ប្លន់លាភមិនប្រតិបត្តិតាមវិន័យ ។
៣. បទស្មូត “ទំនួញប្រេត” និពន្ធដោយលោក ពេជ្រ សុខា ជាចម្រៀងរៀបរាប់សុខទុក្ខបុណ្យបាបរបស់ឪពុកម្តាយ ដែលបានកើតទៅជាប្រេតក្រោយពេលស្លាប់ ។ ទំនួញប្រេតមានអត្ថន័យអប់រំកូនចៅ ដែលនៅកំពុងរស់នៅ ឱ្យស្គាល់ភារកិច្ច និងកិច្ចដែលត្រូវធ្វើពេលភ្ជុំបិណ្ឌ ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌ ជាពេលដែលពួកយមបាល បើកទ្វារនរកអនុញ្ញាតឱ្យប្រេតមានឳកាសឡើងមកទទួលទានរបស់កូនចៅសាច់ញាតិ ឬគ្រួសាររបស់ពួកគេ ។ ប្រជាជនខ្មែរធ្លាប់ឮបទស្មូតនេះនៅតាមវត្ថុអារាម ក្នុងព្រះរាជាណាចក្រកម្ពុជានៅរដូវបុណ្យកាន់បិណ្ឌ ។ បទមួយទៀត មានចំណងជើងថា “ទំនួញប្រេត” ដូចគ្នាដែរ ប៉ុន្តែមិនមែនជាស្មូតទេ អត្ថន័យក៏ខុសគ្នាដែរ ។
៤. ពិធីបុណ្យទាក់ទងនឹងប្រេត
នៅក្នុងគម្ពីរធម្មបទដ្ឋកថា បាននិយាយពីរឿងពួកប្រេតរបស់ព្រះរាជាព្រះនាមពិម្ពិសារមួយក្រុមបានបំពេញទានមានវត្ថុមិនស្អាតបរិសុទ្ធ ពោលគឺស៊ីបាយមុនលោក លុះធ្វើមរណកាលទៅបានទៅកើតក្នុងបេតវិស័យ “កើតជាប្រេត” សោយទុក្ខវេទនាអស់កាលដ៏យូរអង្វែង គឺតាំងពីមុនភទ្ទកប្បយើងនេះទៅទៀត ។ លុះមកដល់ភទ្ទកប្បយើងនេះមានព្រះពុទ្ធត្រាស់ដឹងធម៌ប្រាំព្រះអង្គ គឺកុក្កសន្ធោ កោនាគមនោកស្សបោ សមណគោត្តម និងអរិយមេត្តេយ្យ ។ នៅសល់ព្រះមួយអង្គទៀតដែលមិនទាន់បានត្រាស់ គឺព្រះអរិយមេត្តេយ្យ ដែលលោកកំពុងតែបំពេញបារមីនៅឋានតុសិតសព្វថ្ងៃនេះ ។ ព្រះពុទ្ធព្រះនាមកុក្កសន្ធោ បានត្រាស់ដឹងឡើងមុនគេក្នុងភទ្ទកប្បនេះ ពួកប្រេត ទាំងនោះក៏នាំគ្នាទៅសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចុះយើងខ្ញុំទាំងឡាយកាលណាទើបបានអាហារបរិភោគ ។ ព្រះអង្គទ្រង់ត្រាស់ថា ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតនេះអ្នកទាំងឡាយមិនត្រូវបានអាហារបរិភោគទេ ។ លុះផែនដីដុះបានមួយយោជន៍ឡើង ព្រះពុទ្ធព្រះនាមកោនាគមនោបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះបាននាំគ្នាទៅសួរព្រះអង្គ ហើយព្រះអង្គត្រាស់ថា អ្នកទាំងឡាយត្រូវបានអាហារបរិភោគក្នុងសាសនាតថាគតនេះហើយ តែចាំមើលពេលណាដែលព្រះបាទពិម្ពិសារជាញាតិរបស់អ្នកទាំងឡាយ ថ្វាយទានដល់តថាគតនឹងញុំាងអាហារឱ្យសម្រេចដល់អ្នកទាំងឡាយ អអ្នកទាំងឡាយនឹងបានអាហារបរិភោគក្នុងពេលនោះ ។ លុះព្រះបាទពិម្ពិសារបានថ្វាយទានក្នុងថ្ងៃដំបូងហើយមិនបានផ្សាយផលទៅឱ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតទាំងឡាយនោះយំស្រែកទ្រហឹងអឺងកងក្នុងរាត្រី នោះជាសំលេងគួរឱ្យព្រឺព្រួចភ័យខ្លាចពេកណាស់ ដែលស្ថិតនៅពាសពេញព្រះរាជដំណាក់ ។ លុះព្រឹកឡើងព្រះបាទពិម្ពិសារក៏បានយាងទៅកាន់វត្តវេឡុវ័ន ហើយសួរព្រះសម្ពុទ្ធពីហេតុការណ៍យប់នោះ ព្រះអង្គទ្រង់ត្រាស់ថា ពួកប្រេតជាញាតិរបស់ព្រះអង្គនាំគ្នាយំស្រែករកអាហារព្រោះពួកប្រេតទាំងនោះត្រូវបានអាហារបរិភោគក្នុងសាសនាតថាគតនេះហើយ ។ ព្រះរាជាគ្រាន់តែបានដឹងហេតុយ៉ាងដូច្នេះហើយ ក៏បានចាត់ចែងធ្វើបុណ្យទានម្តងទៀតមានបាយ ទឹក នំចំណី ត្រី សាច់ សំពត់់អាវស្បៃជា ដើមដល់ព្រះសង្ឃទាំងឡាយមានព្រះពុទ្ធជាប្រធានព្រះអង្គក៏បានអនុមោទនាដោយ “តិរោកុឌ្ឌសូត្រ”ស្រេចហើយ ពួកប្រេតទាំងនោះក៏ទទួលផលក្នុងពេលនោះ ហើយក៏បានរួចចាកអំពីប្រេតវិស័យទៅកើតក្នុងសុគតិភពអស់ទៅ ។ រឿងនេះលើកយកមកទៅបំភ្លឺឱ្យឃើញអំពីទំនាក់ទំនងជាមួយបុណ្យភ្ជុំបិណ្ឌហើយជារឿងដែលគួរយកជាប្រមាណក្នុងកិច្ចកុសលបាន។គួរបញ្ជាក់ថាមនុស្សដែលស្លាប់ទៅមិនមែនសុទ្ធតែចាប់កំណើតជាប្រេតទាំងអស់នោះ ទេអ្នកធ្វើល្អតែងទៅកើតក្នុងសុគិតភពមានឋានទេវលោកជាដើម ហើយកុសលផលបុណ្យដែលញាតិធ្វើក្នុងរដូវភ្ជុំបិណ្ឌក៏ទៅជួយ សណ្តោងអ្នកល្អទាំងអស់នោះឱ្យរឹងរឹតសុខចម្រើនទ្វេឡើងថែមទៀតការលើកឡើងនេះក្រែងមានទស្សនៈយល់ច្រឡំ និងដើម្បីបញ្ចៀសនូវការយល់ខុស ។
៥. បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ ៖
១. ដើម្បីឩទ្ទិសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោក ទោះទៅកើតនៅទីណាជាអ្វីក៏ដោយ ។ គោលដៅនៃបុណ្យភ្ជុំបិណ្ឌនេះគឺធ្វើឡើងដើម្បីឩទ្ទិសចំពោះពួក ប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគិតភពសុខចម្រើជាភយ្យោភាពតទៅ ។
២. ដើម្បីឱ្យបានសុខចម្រើនសិរិសួស្តីដែលកើតពីផល ទាននៃបុណ្យភ្ជុំបិណ្ឌដល់ខ្លួន និងសង្គមគ្រួសារមនុស្សគ្រប់រូបទោះល្អឬអាក្រក់តែងប្រាថ្នាចង់បានសុខចម្រើន មិនចង់ជួយសេចក្តីទុក្ខឡើង ប៉ុន្តែសុខឬទុក្ខជាសភាវៈពិតស្តែងចេញតាមអំពើឬសកម្មភាពរបស់មនុស្ស ដែលប្រព្រឹត្តដូចពាក្យថា ធ្វើល្អធ្វើអាក្រក់បានអាក្រក់ នេះជាសច្ចភាព ។
៣. ដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិព្រោះហេតុនោះ ទើបមានកំណត់ថ្ងៃ ខែ ពេលវេលា និងកំណត់ទានវត្ថុ ដូចជានំអន្សម នំគមជាដើម ប្លែកជាងទាននៃបុណ្យផ្សេងៗ ហើយស្រុះស្រួលបបួលគ្នាធ្វើស្ទើរគ្មានសល់ម្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។