សំនួរ
១.តើមាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថាដូចម្តេច ?
២. ចូរបង្ហាញអំពីទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់ដោយលើកឩទាហរណ៍មកបញ្ជាក់ផង ។
៣. ដើម្បីមានឈ្មោះថា ជារដ្ឋមួយ តើត្រូវមានធាតុផ្សំសំខាន់ៗប៉ុន្មាន ? គឺអ្វីខ្លះ ?
៤. ចូរនិយាយអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋាបាលតាមបែបមជ្ឈការ និងវិមជ្ឈការ ។
ចម្លើយ
១. មាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ៖
- ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត ។
- ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិទៅបោះឆ្នោត។
- ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសតាំងជាតំណាងរាស្ត្រ
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសតាំងជាសមាជិកព្រឹទ្ធសភា
- បទប្បញ្ញាត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
២. ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ពណ៍សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ រីឯ ច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម ។ ដូច្នេះការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយគឺ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
៣. ដើម្បីមានឈ្មោះថា ជារដ្ឋមួយ ត្រូវមានធាតុផ្សំសំខាន់ៗ ចំនួន៤ ដែលមិនអាចខ្វះបានគឺ ៖
- ដែនដី ឬទឹកដី ៖ ដែនដី ដែនទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រគល់ អធិបតេយ្យភាពជាតិ ។
- ប្រជាជន ប្រជារាស្ត្រ ៖ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៌
- អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាល ៖ មានរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋត្រឹមត្រូវ ។
- អធិបតេយ្យភាពជាតិ ៖ មានសិទ្ធិសម្រេចខាងកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា ការទូត និងមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ។
៤. រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងមជ្ឈការ និង វិមជ្ឈការ
ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្តាល) ៖
- គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស)
- រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្តាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ
- មានឋានន្តរស័ក្តិពីធំ ដល់តូច
- អង្គភាពមជ្ឈការដែលធំជាងគេ គឺរាជរដ្ឋាភិបាលមាន ៖
+ នាយករដ្ឋមន្ត្រី
+ ឩបនាយករដ្ឋមន្ត្រី
+ ទេសរដ្ឋមន្ត្រី
+ រដ្ឋមន្ត្រី
+ រដ្ឋលេខាធិការ
- នៅពេលសមាជិកមជ្ឈការណាម្នាក់ធ្វើខុសសមាជិកនោះត្រូវទទួលខុសត្រូវខ្លួនឯង
- មានរចនាសម្ព័ន្ធអំណាចតាមឋានានុក្រម
- នៅកម្ពុជាមជ្ឈការមាន សហមជ្ឈការ និងវិសហការមជ្ឈការ
- ទោះជាមជ្ឈការ សហមជ្ឈការ វិសហមជ្ឈការ ក៏អំណាចស្ថិតនៅលើថ្នាក់កណ្តាលដដែល
- ថ្នាក់លើបញ្ជា និងសម្រេចហើយមូលដ្ឋានជាអ្នកអនុវត្ត
- នៅក្នុងវិសហមជ្ឈការ គេប្រើពាក្យថា ចែករំលែក សិទ្ធិអំណាច ។
ខ. វិមជ្ឈការ (អំណាចមូលដ្ឋាន) ៖
- ជានីតិបុគ្គល
- ផ្ទេរសិទ្ធិអំណាចសម្រេចទៅថ្នាក់ក្រោម
- ផ្តល់សិទ្ធិអំណាចឱ្យសម្រេចដើម្បីប្រជាជន
- មានប្រជាជនចូលរួម
- ពុំមាននរណានៅលើទេ ព្រោះជាក្រុមមនុស្ស
- អង្គភាពមជ្ឈការធំជាងគេ គឺរដ្ឋហើយមានដូចជា
+ ក្រុមប្រឹក្សារាជធានី ខេត្ត
+ ក្រុមប្រឹក្សា ស្រុក ខណ្ឌ និងក្រុង
+ ក្រុមប្រឹក្សាឃុំ សង្កាត់
- នៅពេលដែលសមាជិកណាម្នាក់នៃវិមជ្ឈការធ្វើខុសរដ្ឋជាអ្នកប្តឹង និងដោះស្រាយ
- គ្មានរចនាសម្ព័ន្ធអំណាចតាមឋានានុក្រមទេ
- នៅប្រទេសកម្ពុជាវិមជ្ឈការមាន ៖ វិមជ្ឈការមុខងារ វិមជ្ឈការបច្ចេកទេស
- ក្រុមប្រឹក្សានីមួយៗ មិនក្រោមគ្នាទេ
- ការបង្កើតសិទ្ធិសម្រេចការបម្រើសេវាសាធារណៈទៅឱ្យជិតអ្នកប្រើប្រាស់
- នៅក្នុងវិមជ្ឈការ គេប្រើពាក្យថា ផ្ទេរសិទ្ធិអំណាច ។