សំនួរ
១. តើប្រទេសកម្ពុជាយើង មានទីតាំងស្ថិតនៅចន្លោះខ្សែរស្របនិងខ្សែបណ្តោយទីប៉ុន្មាន ?
២. តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យកម្ពុជាមានរដូវពីច្បាស់លាស់ ?
៣. តើមានផលប៉ះពាល់អ្វីខ្លះនៃរដូវទាំងពីរ ?
៤.តើត្រូវធ្វើដូចម្តេច ដើម្បីដឹងពីសីតុណ្ហភាពមធ្យមប្រចាំឆ្នាំ ?
ចម្លើយ
១. ទីតាំងនៃប្រទេសកម្ពុជាយើងគឺៈ
ប្រទេសកម្ពុជាយើងមានទីតាំងស្ថិតនៅចន្លោះខ្សែស្របទី ១០ និង ទីក១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី ១០៨នៃរយៈបណ្តោយខាងកើត ។
២. កត្តាដែលធ្វើឲ្យប្រទេសកម្ពុជាមានរដូវពីរច្បាស់លាស់គឹ ៖
- មានទីតាំងនៅក្បែរអេក្វាទ័រ ចន្លោះខ្សែស្របទី ១០ និង ១៥នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និង១០៨ នៃរយៈបណ្តោយខាងកើត ។ ទីតាំងនេះស្ថិតនៅក្នុងតំបន់ត្រូពិច ដែលទទួលឥទ្ធិពលខ្យល់មូសុង ។
- របបខ្យល់បង្កើតបានជាអាកាសធាតុមួយមានលក្ខណៈក្តៅសើម
- សីតុណ្ហភាពមធ្យមប្រចាំឆ្នាំមានកម្រិតខ្ពស់លើសពី ២៧អង្សាសេ ចន្លោះកម្តៅប្រចាំឆ្នាំប្រែប្រួលពី ៣.៨ អង្សាសេ ទៅ ៤.២ អង្សាសេ ។
៣. ផលប៉ះពាល់នៃរដូវទាំងពីរ ៖
- រដូវប្រាំងៈ អាកាសធាតុក្តៅខ្លាំង ជាហេតុបង្កឲ្យមានអគ្គិភ័យកើតឡើង ការខ្វះខាតទឹកប្រើប្រាស់ការរស់នៅរបស់ប្រជាជនមានការលំបាកទ្រាំព្រោះសីតុណ្ហភាពឡើងខ្ពស់ ដែលជាហេតុបង្កឲ្យមានជំងឺបន្ថែមទៀត ។
- រដូវវស្សាៈ គេឃើញមានរបាយទឹកភ្លៀងមិនស្មើគ្នា តំបន់ខ្លះទទួលទឹកភ្លៀងច្រើន និងតំបន់ខ្លះទៀតទទួលទឹកភ្លៀងតិចតួច ។ កត្តាទាំងពីរនេះសុទ្ធតែទទួលផលប៉ះពាល់ទាំងអស់ដូចជា ធ្វើឲ្យលិចលង់ផលដំណាំនៅតំបន់ភ្លៀងច្រើន និងខូចផលដំណាំនៅតំបន់ដែលមានភ្លៀងតិច ។ ម៉្យាងទៀតរដូវនេះ មានកូនរដូវប្រាំង ហើយក៏ជួបប្រទះនឹងគ្រោះរាំងស្ងួតផងដែរ ។
៤. ដើម្បីដឹងពីសីតុណ្ហភាពមធ្យមប្រចាំឆ្នាំគឺជា មធ្យមនព្វន្តនៃសីតុណ្ហភាពមធ្យមប្រចាំខែទាំង១២ ក្នុងឆ្នាំនីមួយៗ ។