សំនួរ
១. តើឧបសគ្គអ្វីខ្លះ ដែលសាធារណរដ្ឋសូវៀតរូស៊ីបានជួបប្រទះក្រោយបដិវត្តន៍ ?
២. តើសាធារណរដ្ឋសូវៀតរូស៊ី និងសហភាពសូវៀតមានប្រព័ន្ធគ្រប់គ្រងរដ្ឋខុសគ្នាយ៉ាងណា ?
៣. តើមូលហេតុអ្វី ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសរុងរឿងដោយមានឩទាហរណ៍បញ្ជាក់ផង ។
៤.តើ”វឌ្ឍនភាព"តាមបែបសហរដ្ឋអាមេរិកមានឥទ្ធិពលវិជ្ជមាននិងអវិជ្ជមានយ៉ាងណាខ្លះដល់សង្គម ?
៥. ហេតុដូចម្តេចបានជាវិស័យកសិកម្មអាមេរិកចាប់ផ្តើមធ្លាក់ចុះតាំងពីឆ្នាំ ១៩២៥ មុនវិស័យឩស្សាហកម្ម ?
ចម្លើយ
១. ឩបសគ្គដែលសាធារណរដ្ឋសូវៀតរូស៊ីបានជួបប្រទះក្រោយបដិវត្តន៍ គឺ
ក. ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេស
- ក្នុងរយៈពេលបីឆ្នាំ (១៩១៨១៩២១)សង្រ្គាមផ្ទៃក្នុងមួយបានកើតពាសពេញប្រទេស ។ ពួកប្រឆាំងនឹងបដិវត្តន៍ដែលគេហៅថា “ទ័ពទង់ស” បានបង្កើតឡើងដោយទទួលជំនួយឩបត្ថម្ភយ៉ាងចំហពីពួកសម្ព័ន្ធមិត្តចាស់របស់ស្តេចរូស៊ីក្នុងអំឡុងសង្រ្គាមលោកលើកទី១
- ជាអវសានពួកប្រឆាំងនឹងបដិវត្តន៍បានត្រូវកំទេចទាំងអស់ក្នុងអំឡុងពេលបីឆ្នាំ ។
ខ. អន្តរាគមន៍បរទេស
- សម្ព័ន្ធមិត្តចាស់ (បារាំង អង់គ្លេស ) របស់រូស៊ីមិនសប្បាយចិត្តនឹងរូស៊ីដែលស្ថាបនារបបកុំមុយនីសឡើយ គេខិតខំរិះរកគ្រប់ឱកាសដើម្បីធ្វើអន្តរាគន៍កំទេចបដិវត្តន៍ចោល
- រដ្ឋាភិបាលសូវៀតរូស៊ីបានប្រើអស់សមត្ថភាពរបស់ខ្លួនដើម្បីវាយកំចាត់សត្រូវគ្រប់ទិសទី ។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំរបស់លោកត្រួតស្តី បានធ្វើឱ្យបច្ចាមិត្តគ្រប់សមរភូមិដកខ្លួនថយ ។
គ. វិបតិ្តរដ្ឋបាល ៖ រៀបចំអង្គការគ្រប់គ្រងនានា និងរៀបចំរដ្ឋធម្មនុញ្ញឡើងវិញ ។
ឃ. វិបត្តិសេដ្ឋកិច្ច ៖ កសិកម្ម (បញ្ហាដីស្រែចំការ) ឩស្សាហកម្ម (ទ្រុឌទ្រោមនិងអន់ថយ) និងហិរញ្ញវត្ថុ (រៀបចំធនាគារ និងរូបិយប័ណ្ណ) ។
ង. វិបត្តិនយោបាយមជ្ឈិមបក្ស ៖ ក្រោយពីលោកលេនីនស្លាប់អ្នកបដិវត្តន៍មួយចំនួនមិនពេញចិត្តនឹងលោកស្តាលីន ។
២. សាធារណរដ្ឋសូវៀតរូស៊ី និងសហភាពសូវៀតមានប្រព័ន្ធគ្រប់គ្រងរដ្ឋខុសគ្នាដោយ ៖
- សាធារណរដ្ឋសូវៀតរូស៊ី មានប្រព័ន្ធគ្រប់គ្រងរដ្ឋបែបកុំមុយនីស ។
- សហភាពសូវៀត ៖ មានប្រព័ន្ធគ្រប់គ្រងរដ្ឋបែបកុំមុនីសហើយបានលុបបំបាត់ចោលអស់នូវវណ្ណៈផ្សេងៗ ក្នុងសង្គមហើយបានលើកតម្កើងវណ្ណពលករនិងអនុវត្តផែនការប្រាំឆ្នាំ ។
៣. មូលហេតុដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសរុងរឿងព្រោះ ៖
- ជាប្រទេសមានទឹកដីធំទូលាយ ហើយមានធនធានធម្មជាតិដ៏ច្រើនមហិមា
- ធនធានមនុស្ស និងបច្ចេកទេសខ្ពស់
- ទឹកដីសហរដ្ឋអាមេរិកពុំមែន ពុំមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោកលើកទី១
- សហរដ្ឋអាមេរិក ជាអ្នកផលិតអាវុធគ្រប់ធុនសម្រាប់លក់ឱ្យប្រទេសដែលកំពុងធ្វើសង្គ្រាម
- សហរដ្ឋអាមេរិក ជាប្រទេសដែលមានប្រាក់ច្រើនសន្ធឹកសម្រាប់ឱ្យប្រទេសទាំងឡាយដែលធ្វើសង្រ្គាមខ្ចីបុល ។ ឩទាហរណ៍ ប្រទេសអង់គ្លេស និងបារាំងដែលធ្លាប់មានប្រាក់ឱ្យប្រទេសដទៃខ្ចីក៏ក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិកដែរ ។
- មកដល់ឆ្នាំ ១៩១៩ រោងចក្រនៅសហរដ្ឋអាមេរិក លែងប្រើប្រាស់ថាមពលចំហាយទឹកទៀតហើយ គឺគេយកថាមពលប្រេងកាត និងអគ្គិសនីមកជំនួសវិញ ដែលធានាការជឿនលឿនក្នុងឩស្សាហកម្ម
- ការរៀបចំការងារថ្មី គឺការផលិតផលតាមស៊េរី និងតាមខ្សែ នាំឱ្យរោងចក្រទាំងឡាយផលិតបានច្រើន ហើយចំណេញពេលវវេលាច្រើនលើសលប់ ។
៤. ក. ឥទ្ធិពលវិជ្ជមាន ៖
- ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន
- ប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នាៗ
- ជីវភាពប្រជាជនមានភាពធូរធារ
- ការរស់នៅប្រកបដោយផាសុកភាព
- មានសម្ភារៈប្រើប្រាស់ទំនើបៗ
- វិទ្យាសាស្រ្តមានភាពជឿនលឿន
- មានសេវាកម្មល្អ
- អាចធ្វើឱ្យគេពង្រីកឥទ្ធិពលទៅលើប្រទេសដទៃទៀត ។
ខ. ផលអវិជ្ជមាន
- ប្រជាជនឥតការងារធ្វើ
- មានគំលាតរស់នៅរវាងប្រជាជនអ្នកមាន និងប្រជាជនក្រដែលរស់នៅដោយស៊ីឈ្នួលគេ
- សហគ្រាសតូចតាចមិនអាចឈរជើងបានព្រោះសហគ្រាសធំៗលេបត្របាក់
- ការរីកចម្រើននាំឱ្យសហរដ្ឋអាមេរិកវាទទីលើប្រទេសដទៃ
- នាំឱ្យមានកំណើនប្រជាជនយ៉ាងឆាប់រហ័សមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាច្រើនទៀត ។
៥. បានជាវិស័យកសិកម្មអាមេរិកចាប់ផ្តើមធ្លាក់ចុះតាំងពីឆ្នាំ ១៩២៥ មុនវិស័យឩស្សាហកម្ម ព្រោះ ៖ កសិករអាមេរិកពុំអាចលក់ផលិតផលរបស់ខ្លួនបាន ព្រោះទីផ្សារនៅអឺរ៉ុបត្រូវបិទទ្វារមួយភាគធំ ហើយតម្លៃចុះថោកបំផុត ។