ក. តម្លៃត្រូវបានគេឱ្យនិយមន័យដូចតទៅ
- ទស្សនៈរបស់រូឃីច: តម្លៃ គឺជាជំនឿស្ថិតស្ថេរមួយដែលជាវិធីជាក់លាក់នៃការប្រព្រឹត្តដែលគួរឱ្យចូលចិត្ត ជាលក្ខណៈបុគ្គល និលក្ខណៈសង្គម ជាច្បាប់នៃការប្រព្រឹត្តដែលមានលក្ខណៈផ្ទុយពីនេះ។
- សាស្ត្រាចារ្យ ភើរី: តម្លៃជាទំនាក់ទនងពិសេសរវាងផលប្រយោជន៍ណាមួយ ជាមួយនឹងគោលបំណងរបស់វា ឬលក្ខណៈពិសេសនៃគោលបំណងដែលមាននៅក្នុងផលប្រយោជន៍នោះ ដែលត្រូវបានគេយកចេញពីតម្លៃ។
ខ. ស្ថានភាពតម្លៃ
- ទ្រឹស្ដីអត្តនោម័ត មានទស្សនៈ វិទូ ចច សាន់តាយ៉ាណា និងដេវីដ ផាឃើ ជាអ្នកដែលជឿថា តម្លៃមានលក្ខណៈអត្តនោម័ត ពោលគឺ តម្លៃ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ឬជំនឿ ដែលមនុស្សបានជួបប្រទះ ឬឆ្លងកាត់។ តម្លៃ គឺជាការវិនិច្ឆ័យ គឺជាការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់មនុស្សទៅលើគុណភាពរបស់វត្ថុ ឬស្ថានភាពមួយដែលមានឥទ្ធិពលលើមនុស្សដែលកំពុងជួបប្រទះនូវវត្ថុ ឬស្ថានភាពនោះ។ ពួកអត្តនោម័ត បានបញ្ជាក់យ៉ាងច្បាស់ថា តម្លៃមិនមែនជាអ្វីមួយជាក់លាក់ទេ តម្លៃប្រែប្រួលទៅតាមបុគ្គលនីមួយៗ ឬក្រុមនីមួយៗ។ ឧទាហរណ៍ ភាពអាក្រាត គឺជាភាពថោកទាបចំពោះមនុស្សខ្លះ ប៉ុន្តែចំពោះសិល្បករ ឬអ្នកស្នេហាសិល្បៈ ភាពអាក្រាតគឺជាសោភ័ណភាពមួយដែលត្រូវតែគូរនៅលើផ្ទាំងសំពត់។
- ទ្រឹស្ដីសត្យានុម័ត មានដូចជា ផ្លេតូ និងអារីស្តូថល អះអាងថាស្ថានភាពនៃតម្លៃមានលក្ខណៈសត្យានុម័ត។ ចំពោះពួកគេ តម្លៃ គឺជាសម្បត្តិ ឬជាគុណភាពរបស់វត្ថុវិស័យភាព (វត្ថុ គំនិត មនុស្ស អំពើ ស្ថានភាព)។ តម្លៃនេះស្ថិតនៅយ៉ាងពិតប្រាកដខាងក្រៅពិភពរបស់យើង ហើយដែលរង់ចាំរបកគំហើញរបស់មនុស្ស។ មនុស្សចាប់អារម្មណ៍ចំពោះវត្ថុវិស័យភាពទាំងនោះ ហើយបានដឹងថា អ្វីដែលលេចចេញចំពោះវត្ថុនោះគឺជាតម្លៃ មិនមែនចំណាប់អារម្មណ៍របស់មនុស្សគឺជាតម្លៃនោះទេ។ វត្ថុ ឬសកម្មភាពដែលល្អ ឬត្រឹមត្រូវ មិនមែនព្រោះតែយើងវិនិច្ឆ័យថាវាល្អនោះទេ ប៉ុន្តែពីព្រោះនៅក្នុងវត្ថុ ឬសកម្មភាពនោះមានគុណភាពក្នុងពេលដែលយើងបានជួបប្រទះ ពិនិត្យឃើញថាវាមានប្រយោជន៍គួរឱ្យយើងចង់បាន។ សោភ័ណភាពនៃផ្កា ភាពរឹងនៃពេជ្រ និងសេចក្ដីរីករាយដែលគេបានដកស្រង់ចេញពីចម្រៀង ឬមិត្តភាព គឺជាគុណភាពពិត។
គ. ប្រភេទផ្សេងៗនៃតម្លៃមានដូចខាងក្រោម
- តម្លៃសម្ភារៈ ជាតម្លៃនៃអ្វីមួយដែលកើតមានឡើងដោយសារតែទំនាក់ទំនងរបស់វាទៅនឹងអ្វីៗផ្សេងទៀត។ វត្ថុមួយមានតម្លៃ ព្រោះតែតួនាទីដែលវាបំពេញធ្វើឱ្យសម្រេចគោលបំណងជាក់លាក់ណាមួយ។
- តម្លៃបីធម្មជាតិ ជាតម្លៃដែលជាប់ទាក់ទងជាមួយគុណភាព ឬលក្ខណៈដែលវត្ថុអ្វីមួយមានស្រាប់។ ក្នុងចំណោមវត្ថុដែលមានតម្លៃពីធម្មជាតិ គឺមានសោភ័ណភាប ពុទ្ធិ សច្ចភាព សុភមង្គល សេចក្ដិរីករាយខាងផ្លូវចិត្ត មិត្តភាព សេចក្ដីគោរព ស្នាដៃសិល្បៈជាដើម។