ពាក្យថា “ព្រះស្រែ” មានអត្ថន័យច្រើនណាស់ ៖
- អត្ថន័យធម្មតា “ស្រែ” សំដៅទៅលើស្រែដែលជាទីកន្លែងសម្រាប់ប្រជាកសិករធ្វើស្រែ ដើម្បីទទួលបាននូវផលស្រូវក្នុងការចិញ្ចឹមជីវិត ។
- តាមន័យម៉្យាងទៀត “ព្រះស្រែ” គឺជាស្រែដែលព្រះមហាក្សត្រទ្រង់ច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំនៃពិធីច្រត់ព្រះនង្គ័ល ។
- ម៉្យាងទៀត តាមរយៈសិលាចារឹតជាច្រើនទាំងសម័យមុនអង្គរ ឬក្រោយអង្គរក៏ដោយ ក៏បានរៀបរាប់ពីអំណោយព្រះមហាក្សត្រនៅក្នុងនោះក៏មានការធ្វើអំណោយស្រែថ្វាយជាសម្បត្តិដល់សាសនា ។ កាលណាគេនិយាយថា “ព្រះស្រែ” គឺស្រែនោះនៅក្បែរប្រាសាទ ឬទេវស្ថានគឺជាស្រែថ្វាយដល់ព្រះ តែបើស្រែស្ថិតនៅជិតវាំងបុរាណវិញគឺស្រែហ្លួង ។ ដូច្នេះយើងឃើញថាពាក្យ”ព្រះស្រែ” គឺជាពាក្យដែលគេតែងនិយមប្រើតែនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល តែប៉ុណ្ណោះរហូតដល់មកបច្ចុប្បន្ននេះពាក្យនេះក៏នៅតែត្រូវបានប្រើប្រាស់ដែរដោយសារប្រទេសខ្មែរយើងនៅមានព្រះមហាក្សត្រគ្រប់គ្រងប្រទេសនៅឡើយ ។ ម៉្យាងទៀតពិធីនេះក៏ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ។