សំណួរ
១. តើប្រភពថវិកាសម្រាប់អភិវឌ្ឍន៍និងការថែទាំផ្លូវថ្នល់បានមកពីណា ?
២. តើមន្ត្រីអធិការកិច្ចផ្លូវថ្នល់មានសិទ្ធិធ្វើអធិការកិច្ចនិងចាត់វិធានការដូចម្តេចខ្លះ ?
៣. ចូរនិយាយពីទោសប្បញ្ញត្តិមួយចំនួនដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីផ្លូវថ្នល់លើមាត្រា៥៤និង៥៥ ។
៤. ចូរផ្តល់និយមន័យ “ឈ្មោះផ្លូវ លេខផ្លូវ ផែនដីអាសយដ្ឋានផ្លូវ អាសយដ្ឋានផ្លូវ” ។
៥. តើសញ្ញាចរាចរណ៍ផ្លូវគោកមានប៉ុន្មាន ? អ្វីខ្លះ ?
ចម្លើយ
១. ប្រភពថវិកាសម្រាប់អភិវឌ្ឍន៍និងការថែទាំផ្លូវថ្នល់បានមកពី ៖
- ថវិកាជាតិ
- ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ដៃគូអភិវឌ្ឍនានា
- ហិរញ្ញប្បទានពីវិស័យឯកជន
- អំណោយសប្បុរសធម៌ពីសប្បុរជន អង្គការជាតិ អន្តរជាតិ សមាគម ឬសហគមន៍
- ផលចំណេញពីការវិនិយោគ និងអាជីវកម្មស្របច្បាប់លើវិស័យផ្លូវថ្នល់
- ប្រាក់ពិន័យអន្តរការណ៍
- ចំណូលពីប្រភពស្របច្បាប់ផ្សេងទៀត ។
២. មន្ត្រីអធិការកិច្ចផ្លូវថ្នល់មានសិទ្ធិធ្វើអធិការកិច្ចនិងចាត់វិធានការដូចតទៅ ៖
- ធ្វើសវនកម្មនិងធ្វើការត្រួតពិនិត្យ ជាប្រចាំទៅលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងមន្ទីរពិសោធន៍ឯកជនដែលប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់
- ទទួលសិទ្ធិនិងទទួលសំណៅឯកសារផ្សេងៗ ពីប្រភពផ្តល់និងទីតាំងផលិតសម្ភារផ្សេងៗដែលបម្រើការសាងសង់ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ក្នុងលក្ខខណ្ឌបុរេនិច្ឆ័យការងារសាងសង់និងបរិស្ថាន ដែលអាចបង្កមហន្តរាយនិងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
- ត្រួតពិនិត្យ បញ្ឈប់ និងពិន័យអន្តរការណ៍លើរាលមហន្តរាយនិងផលប៉ះពាល់ដល់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវថ្នល់
- ដកហូតជាបណ្តោះនូវលិខិតអនុញ្ញាតឬអាជ្ញាបណ្ណ ពាក់ព័ន្ធក្នុងករណី ដែលអ្នកកាន់កាប់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណនោះប្រព្រឹត្តល្មើសនឹងច្បាប់នេះ នីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នល់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ។
៣. និយាយពីទោសប្បញ្ញត្តិមួយចំនួនដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីផ្លូវថ្នល់លើមាត្រា៥៤និង៥៥ ៖
- មាត្រា៥៤ ៖ ជនណាដែលទទួលសិទ្ធិសាងសង់ផ្លូវថ្នល់ ផ្លូវប្រសព្វផ្លូវប្រសព្វក្នុងលំហ ផ្លូវជាន់គ្នា ស្ពានអាកាស ស្ពានរំលង ផ្លូវរូង ក្រោមដី ផ្លូវក្រោមទឹក ឬផ្លូវជួបគ្នារវាងផ្លូវអយស្ម័យានដោយមិនគោរពតាមបទប្បញ្ញត្តិបច្ចេកទេស ដែលបានកំណត់ក្នុងគម្រោងប្លង់សាងសង់ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០០០ ០០០រៀល និងត្រូវតម្រូវឱ្យសាងសង់ឡើងវិញតាមគម្រូប្លង់ដែលបានកំណត់ ។
- មាត្រា៥៥ ៖ នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៥៤ខាងលើនេះ ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០ ០០០ ០០០(ដប់លាន) រៀល តម្រូវឱ្យសាងសង់ឡើងវិញតាមគម្រោងប្លង់ដែលបានកំណត់ ។
៤. និយមន័យ ៖
- ឈ្មោះផ្លូវ ៖ សម្តៅដល់ឈ្មោះផ្តល់ឱ្យជាផ្លូវការ ដែលប្រើប្រាស់សម្រាប់គោលបំណងសម្គាល់ទីតាំងផ្លូវឬអាសយដ្ឋានផ្លូវក្នុងតំបន់ណាមួយជាក់លាក់ ។
- លេខផ្លូវ ៖ សម្តៅដល់ឈ្មោះផ្តល់ឱ្យជាផ្លូវការ ដែលប្រើប្រាស់សម្រាប់គោលបំណងសម្គាល់ ទីតាំងផ្លូវឬអាសយដ្ឋានផ្លូវក្នុងតំបន់ណាមួយជាក់លាក់ ។ លេខផ្លូវត្រូវដាក់តាមលេខរៀងពីតូចទៅធំមានលក្ខណៈជាលេខសេសឬលេខគូ ។
- ផែនទីអាសយដ្ឋានផ្លូវ ៖ សម្តៅដល់ផែនដីកំណត់បញ្ជាក់យ៉ាងច្បាស់លាស់ អំពីឈ្មោះផ្លូវនិងលេខផ្លូវ ចំណុចចាប់ផ្តើមនិងចំណុចបញ្ចប់នៃផ្លូវនីមួយៗ ព្រមទាំងបរិក្ខាសំខាន់ៗនៃផ្លូវនីមួយៗផងដែរ ។
- អាសយដ្ឋានផ្លូវ ៖ សម្តៅដល់ប្រព័ន្ធប្រើប្រាស់សម្រាប់បញ្ជាក់ទីតាំងអគារឬក្បាលដីប្រព័ន្ធឈ្មោះផ្លូវឬលេខច្រកផ្លូវចូលសំខាន់ៗ ។
៥. សញ្ញាចរាចរណ៍ផ្លូវគោកមាន៤គឺ ៖
- ភ្លើងសញ្ញាចរាចរណ៍
- គំនូសចរាចរណ៍នៅលើផ្លូវ
- សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍
- សញ្ញាផ្សេងៗទៀត ។