Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការហាមជែងគ្នានៅក្នុងករណីណាខ្លះ ?

២. តើយានយន្តណាខ្លះ ដែលមានសិទ្ធិអាទិភាពក្នុងការបំពេញភារកិច្ច ?

៣. តើការហាមឈប់ឬចតយានជំនិះនៅកន្លែងដូចម្តេចខ្លះ ?

៤. តើគ្រប់យានយន្តឬរ៉ឺម៉កដែលកំពុងធ្វើសកម្មភាពអាជីវកម្មដឹកជញ្ជូនត្រូវមានអ្វីខ្លះ ?

៥. តើមន្រី្តនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើឱ្យរំខានឬអាចនាំឱ្យមានគ្រោះថ្នាក់ដល់យានដទៃដែរឬទេ ? ហេតុអ្វី​ ?

ចម្លើយ

១. ការហាមជែងគ្នានៅក្នុងករណីដូចតទៅ ៖

  • ជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងជែង)
  • កន្លែងមានសញ្ញាហាមជែង
  • នៅកន្លែងផ្លូវកោងឬផ្លូវឡើងទទួល លើកលែងតែការជែងនេះអាចទុកឱ្យ ផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្ហូតកណ្តាលនៅទំនេរបាន
  • នៅជិតឬកន្លែងផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល
  • នៅកន្លែងកំពូលចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
  • នៅលើស្ពានឬពេលចុះចំណោត
  • នៅកន្លែងការដ្ឋាន
  • នៅជិតឬកន្លែងកំណាត់ផ្លូវ ដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
  • នៅផ្លូវក្រោមស្ពានឬផ្លូវរូង
  • នៅពេលមើលឃើញ មិនច្បាស់ដូចជាពេលភ្លៀងខ្លាំងចុះអ័ព្ទខ្លាំង ដីហុយខ្លាំង ឬផ្សែងខ្លាំង
  • ​នៅជិតឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
  • នៅលើផ្លូវដែលមានទឹកលិច ។

២. យានយន្ត ដែលមានសិទ្ធិអាទិភាពក្នុងការបំពេញភារកិច្ចតាមលំដាប់ដូចតទៅ ៖

  • យានពន្លត់អគ្គិភ័យ
  • យានសង្រ្គោះរបស់មន្ទីរពេទ្យ
  • យាននគរបាល យោធា កងរាងអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបានចរាចរណ៍ផ្លូវគោកនាំមុខ ។

៣. ការហាមឈប់ឬចតយានជំនិះនៅកន្លែងដូចតទៅ ៖

  • នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឱ្យថ្មើរជើងនិងក្នុងចន្លោះយ៉ាងតិច៥ (ឆ្នាំ) ម៉ែត្រពីមុខគំនូសឆ្នតកាត់ទទឹងទ្រូងផ្លូវសម្រាប់ថ្មើរជើងឬនៅលើគំនូសនេះ
  • នៅលើផ្លូវសម្រាប់ថ្មើរជើង
  • លើកន្លែងបម្រុងទុកសម្រាប់ការឈប់ឬចត នៃយានប្រភេទខ្លះ
  • នៅចន្លោះគែមទ្រូងផ្លូវនិងខ្សែគំនូសបង្ហូត ប្រសិនបើនៅចន្លោះខ្សែគំនូសបង្ហូត និងយានចតនេះតិចជាង៣ម៉ែត្រ ដែលមានអាចឱ្យយានផ្សេងទៀតបរបានដោយឥតឆ្លងកាត់ឬជាន់លើខ្សែគំនូសបង្ហូត
  • នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ដែលធ្វើឱ្យបាំងភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបាន
  • នៅគ្រប់ទីកន្លែង ដែលធ្វើឱ្យរាំងស្ទះដល់ច្រកចេញចូលការចត ឬការឈប់នៃយានដទៃទៀត
  • នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវរូង លើផ្លូវប្រសព្វ លើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ផ្លូវកោងខ្លាំង ឬលើផ្លូវចោតផ្លូវ ដែលមិនអាចមើលយានផ្សេងទៀតពីចម្ងាយបាន
  • នៅចន្លោះតិចជាង២០ម៉ែត្រពីផ្លូវរថយន្តឆ្លងកាត់
  • នៅចន្លោះតិចជាង១០ម៉ែត្រពីមុខនិងពីក្រោយទីតាំងបូមទឹករបស់យានពន្លត់អគ្គិភ័យ និងនៅមុនស្ថានីយ៍ពន្លត់អគ្គិភ័យ
  • លើច្រកចេញចូលនៃអគារសារធាណៈ
  • នៅលើទ្រូងផ្លូវមុខច្រកចេញចូលផ្ទះឯកជនលើកលែងតែយានរបស់ម្ចាស់ផ្ទះដែលជាកម្មសិទ្ធិតែមួយ
  • ជាពីរជួរទន្ទឹមគ្នា
  • នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀតដែលឈមមុខគ្នាជាកន្លែងទុកសម្រាប់ឱ្យយានជំនិះចត លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង
  • នៅកន្លែងដែលមានសញ្ញាហាមឈប់ឬហាមចត​
  • នៅលើទ្រូងផ្លូវថ្នល់លើសពី២៤ម៉ោង
  • នៅចន្លោះតិចជាង១០ម៉ែត្រ ពីមុខឬពីក្រោយរថយន្តដែលឈប់ឬចតបន្តបន្ទុយគ្នា
  • នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខឬពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់
  • នៅជិតផ្លូវប្រសព្វឬផ្លូវបត់ ។

៤. គ្រប់យានយន្តឬរ៉ឺម៉កដែលកំពុងធ្វើសកម្មភាពអាជីវកម្មដឹកជញ្ជូនត្រូវមាន ៖

  • បណ្ណសម្គាល់យានយន្តឬបណ្ណសម្គាល់រ៉ឺម៉ក និងផ្លាលេខ
  • បណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
  • លិខិតអនុញ្ញាតឱ្យយានយន្ត ឬរ៉ឺម៉កធ្វើអាជីវកម្មដឹកជញ្ជូន
  • វិញ្ញានបនបត្រធានារ៉ាប់រងចេញដោយក្រុមហ៊ុនធានារ៉ាប់រង
  • លិខិតអនុញ្ញាតផ្សេងទៀតចេញដោយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ។

៥. មន្រី្តនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើឱ្យរំខានឬអាចនាំឱ្យមានគ្រោះថ្នាក់ដល់យានដទៃបាន ដោយយកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក្នុងករណីដែលម្ចាស់យានជំនិះមិនព្រមទទួលការពិន័យឬគ្មានវត្តមាន ។ ការស្ទូចយានជំនិះយកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក៏ត្រូវអនុវត្តផងដែរចំពោះយានជំនិះពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលពុំអាចដោះស្រាយបាន ។ ម្ចាស់យានជំនិះ ត្រូវទទួលខុសត្រូវបង់សោហ៊ុយថ្លៃស្ទូចនិងថ្លៃរក្សាទុកត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login