ផ្កាបិណ្ឌនេះធ្វើទៅតាមតំបន់នីមួយៗ ផ្សេងៗពីគ្នាមិនមានលក្ខណៈដូចគ្នាបេះបិទទេ ។ តែខ្ញុំយោងតាមឯកសារខ្លះមានលក្ខណៈបែបនេះ ៖
- ផ្កាបិណ្ឌនេះ គេធ្វើអំពីឈើ មានកំពស់១ហត្ថ ១ចំអាម មានសំនុំផ្កាធំក្រោម តូចលើ មានបង្គោលឈើមូល១ មានទំហំ ខាងគល់ប៉ុន មេដៃខាងចុងប៉ុនកូនដៃ គែយកក្តារកំរាសម្រាមដៃ ធ្វើជាកង់មួយ ចោះរន្ធនៅចំកណ្តាល សម្រាប់ស៊កបង្គោល នៅខាងក្រោមធំ ខាងលើតូច តាមលំដាក់ទាំង៥ថ្នាក់ ។
- ក្តារថ្នាក់ក្រោមមានទំហំ៥ធ្នាប់ ។ ឯក្តារថ្នាក់លើបន្តបន្ទាប់ មានរៀងតូចរៀវរហូតដល់ថ្នាក់លើតាមលំដាប់ ។ ប្រដាប់ផ្កាបិណ្ឌនេះរចនាដោយក្បាច់ស្ពាន់ក្រាប់ពណ៌ផ្សេងៗជាក្បាច់កញ្ចាំងបិទភ្ជាប់ជុំវិញកង់ទាំង ៥ថ្នាក់ មានក្បាច់ដកចន្ទន៍ បិទភ្ជាប់ ៥ដុំក្នុង១ថ្នាក់ ។ នៅខាងក្រោយក្បាច់ដក ចន្ទន៍គ្រប់ថ្នាក់កន្លែង មានដែករស់ធ្វើជាដងដោតផ្កាញ័រ ដែលធ្វើពីស្ពាន់ក្រាប់ ឱ្យខ្ពស់ជាងក្បាចដកចន្ទន៍បន្តិចឡើង ។
- នៅខាងក្រោមក្បាច់ដកចន្ទន៍ទាំង៥ នៃថ្នាក់១ នៅខាងក្រោមបង្អស់គេយកចំរៀកឫស្សីតូចៗ ប៉ុនទ្រនង់ស្លឹកដូងធ្វើជាដង ដោតទង់ក្រពើ៥ដែលធ្វើពីស្ពាន់ក្រាប់ ។ នៅខាងចុងដងទងនោះ មានដោតផ្កាស្ពាន់ក្រាប់ដែរ ។
- គេបន្ថែមថ្នាក់តូចមួយ នៅខាងក្រោមទៀត ដោតភ្ជាប់ស្ពាន់ក្រាប់ថារូបនាគ៤ យកក្បាលនាគមួយៗ ទោភ្ជាប់ពីខាងក្រោមក្បាច់ដកចន្ទន៍ថ្នាក់ក្រោមបំផុត ។ យកកន្ទុយនាគទៅភ្ជាប់នឹងគល់បង្គោលខាងក្រោម ។ នៅក្នុងមាត់នាគទាំង៤នោះ មានចុងក្បាច់ស្លឹកពោធិ៍ សំយុងចុះធ្វើជានាគទ្រផ្កាបិណ្ឌ ។