Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើប្រការដែលគេគួរជៀសវាង ?

២- តើប្រភេទលិខិតរដ្ឋបាលមានអ្វីខ្លះ ?

៣- តើលិខិតរដ្ឋបាលមានប៉ុន្មានលិខិត ? អ្វីខ្លះ ?

៤- តើលិខិតសំណើ មានគំរូទម្រង់ដូចម្តេច ?

៥- តើលិខិតរង់ចាំមានគំរូទម្រង់ដូចម្តេច ?

ចម្លើយ

១- ប្រការដែលគេគួរជៀសវាងនោះ គឺការសរសេរអូសបន្លាយឃ្លាប្រយោគឲ្យវែងហួសហេតុ ពីភាពងាយស្រួលទៅលំបាក សរសេរមិនចំបញ្ហា ការសរសេរពាក្យបាលីសំស្រ្កឹត ពាក្យបរទេស ខ្វះការយកចិត្តទុកដាក់ ខ្វះភាពប៉ិនការប្រសប់ ។ កត្តាទាំងអស់នេះ អាចធ្វើឲ្យលិខិតដែលយើងផ្ញើទៅ មិនឆ្លើយតបតាមសំណូមពរ អាចនាំឲ្យមានការរាំស្ទះការងារក្នុង និងក្រៅអង្គភាព-ស្ថាប័ន ឬពេលខ្លះអាចធ្វើឲ្យមានទំនាស់សមត្ថកិច្ចរវាងអង្គភាពមួយទៅនឹងអង្គភាពមួយទៀត ។

២- ប្រភេទលិខិតរដ្ឋបាល រួមមានដូចតទៅ ៖

  • ប្រភេទលិខិតរដ្ឋបាល ទំនាក់ទំនងជាមួយខាងក្រៅ ៖​ លិខិតប្រើប្រាស់ផ្លូវការធម្មតា (លិខិតស្នើសុំនានា លិខិតឆ្លើយតប លិខិតបញ្ជូន លិខិតទទួល លិខិតរង់ចាំ​ លិខិតជូនព័ត៌មាន លិខិតរំលឹក) លិខិតបញ្ជាក់ វិញ្ញាបនបត្រ លិខិតអញ្ជើញ លិខិតបញ្ជាបេសកកម្ម លិខិតបង្គាប់ការ កំណត់ហេតុ បង្កាន់ដៃទទួល សារទូរលេខ ដីការអម ដីកាបញ្ជូនត្រូវឆ្លើយ ។
  • ប្រភេទលិខិតរដ្ឋបាល ទំនាក់ទំនងជាមួយសាធារណៈជន ៖ សេចក្តីប្រកាស សេចក្តីជូនដំណឹង កិច្ចសន្យាបណ្តឹង ។
  • ប្រភេទលិខិតរដ្ឋបាល ទំនាក់ទំនងផ្ទៃក្នុង ៖ កំណត់បង្ហាញរឿង របាយការណ៍ សេចក្តីរាយការណ៍ ក្រដាសតូច សាលាប័ត្រ សេចក្តីណែនាំ ។

៣- លិខិតរដ្ឋបាលមាន១៩លិខិត ដូចជា ៖

១- លិខិត សំណើ

២- លិខិត រង់ចាំ

៣- លិខិត ឆ្លើយតប

៤- លិខិត រំលឹក

៥- លិខិត ទទួល

៦- គំលិខិត បញ្ជូន

៧- លិខិត ស្នើសុំយោបល់

៨- លិខិត​ ជូនព័ត៌មាន

៩- សេចក្តីប្រកាស ឬសេចក្តីជូនដំណឹង

១០- កិច្ចសន្យា

១១-​ពាក្យបណ្តឹង

១២- លិខិតអញ្ជើញ

១៣-​ បង្កាន់ដៃទទួល លិខិតបញ្ជាក់ វិញ្ញាបនប័ត្រ

១៤- កំណត់បង្ហាញរឿង

១៥- ក្រដាសតូច

១៦- របាយការណ៍

១៧-​ កំណត់ហេតុ

១៨- លិខិតបង្គាប់ការ

១៩- ដីកាអម

៤- លិខិតសំណើ មានគំរូទម្រង់ដូចជា ៖

+ គំរូលិខិត សំណើ

                                                                 ព្រះរាជាណាចក្រកម្ពុជា

                                                             ជាតិ សាសនា ​ព្រះមហាក្សត្រ

Logo

សាលាខេត្តកំពង់ចាម

លេខៈ...................                                                                                    កំពង់ចាម ថ្ងៃទី....ខែ.......ឆ្នាំ២០....

                                                                 អភិបាលខេត្តកំពង់ចាម

                                                                       សូមគោរពជូន

                                           ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

                                                                                                                                    ជាទីគោរពដ៏ខ្ពង់ខ្ពស់ ។

កម្មវត្ថុ ៖ សំណើសុំម៉ូតូម៉ាកហុងដា C100 ចំនួន១៨គ្រឿង​ សម្រាប់ចែកជូនដល់ឃុំស្ថិតនៅដាច់ស្រយាល ។

                 សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំមានកិត្តិយស​ សូមគោរពជម្រាបជូនឯកឧត្តមមេត្តាជ្រាបថា បច្ចុប្បន្ន សាលាឃុំដែលស្ថិតនៅចុងកាត់មាត់ញ៉កដាច់ស្រយាលឆ្ងាយពីសាលាស្រុក មានការលំបាកខ្លាំងណាស់ លើមធ្យោបាយចុះបំពេញការងារតាមបណ្តាភូមិ ក៏ដូចជាការធ្វើដំណើរមកកាន់សាលាស្រុកដើម្បីចូលរួមប្រជុំ និងទំនាក់ទំនងការងារជាមួយសាលាស្រុក ។ ឃុំស្ថិតនៅដាច់ស្រយាលពីសាលាស្រុកមាន ១៨ឃុំ ក្នុងស្រុកចំនួន ៦ ។ ឃុំទាំងនេះ​ ស្ថិតនៅឆ្ងាយពីសាលាស្រុកប្រហែល ៧០គីឡូម៉ែត្រ និងស្ថិតនៅឆ្ងាយពីសាលាខេត្តប្រហែល ១៥៥គីឡូម៉ែត្រ ។

            ដូចនេះ ដើម្បីបង្កលក្ខណៈលើមធ្យោបាយធ្វើដំណើរដល់ឃុំស្ថិតនៅដាច់ស្រយាល ក្នុងការទំនាក់ទំនងការងារជាមួយស្រុក ក៏ដូចជាមួយសាលាខេត្តឲ្យកាន់តែមានភាពងាយស្រួល និងជាការលើកទឹកចិត្តផងនោះ  ខ្ញុំសូមគោរពស្នើសុំឯកឧត្តមមេត្តា ផ្តល់ម៉ូតូចំនួន ១៨គ្រឿង ដើម្បីចែកជូនដល់ឃុំដាច់ស្រយាលខាងលើ ។

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមមេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ ។

            សូម ឯកឧត្តមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។

                                                                                                                                                       ​​​​​​​​​                                                                                                                                                               ហត្ថលេខា

                                                                                                                                                   ត្រា                                                                                                                                                               ឈ្មោះ

សូមគោរពជូនភ្ជាប់ជាមួយនូវ ៖

- បញ្ជីឈ្មោះឃុំទាំង ១៨ ចំនួន០១ច្បាប់

 

                                                             ព្រះរាជាណាចក្រកម្ពុជា

                                                         ជាតិ សាសនា ព្រះមហាក្សត្រ

                                                                                                     រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ២០......

                 ខ្ញុំបាទ............................ជាតំណាងឲ្យនិស្សិតថ្នាក់ A101 ជំនាញគ្រប់គ្រង ឆ្នាំទី១ ពេលរសៀល

                                                                     សូមគោរពជូន

                                           ឯកឧត្តម សាកលវិទ្យាធិការ សាកលវិទ្យាល័យ...........................

កម្មវត្ថុ ៖ សំណើសុំថវិកាចំនួន ២០០ USD សម្រាប់ធ្វើដំណើរទស្សនៈកិច្ចសិក្សាទៅខេត្តសៀមរាប ។

              តាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមអនុញ្ញាតគោរពជម្រាបជូនឯកឧត្តមមេត្តាជ្រាប ដ័ខ្ពង់ខ្ពស់ថាដោយមានការឯកភាពពីនិស្សិតថ្នាក់ A101 ទាំងមូល ខ្ញុំបាទនឹងដឹកនាំនិស្សិតថ្នាក់ A101ទៅទស្សនៈកិច្ចសិក្សានៅខេត្តសៀមរាប រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ........រហូតដល់ថ្ងៃ........។

            គោលបំណងនៃដំណើរទស្សនៈកិច្ចសិក្សានេះ​​ គឺដើម្បីស្វែងយល់អំពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏អស្ចារ្យរបស់ជាតិយើង ក៏ដូចជាការបង្កើនសាមគ្គីភាពមិត្តភក្តិក្នុងថ្នាក់ឲ្យកាន់តែប្រសើរឡើងថែមទៀត បន្ទាប់ពីការហត់នឿយក្នុងការសិក្សាអស់រយៈពេលពេញមួយឆមាស កន្លងទៅនេះ ។

            អំពីថវិកាសម្រាប់ចំណាយទៅលើពិធីដំណើរកំសាន្តនេះ បានមកពីការរ៉ៃអង្គាសនិស្សិតក្នុងថ្នាក់ ដែលម្នាក់ៗត្រូវចំណាយចំនួន ១០ USD សរុបថិវកាទទួលបានចំនួន 700 USD ហើយថវិកាដែលត្រូវចំណាយក្នុងដំណើរទស្សនៈកិច្ចនេះ ត្រូវចំណាយអស់ចំនួន ៩០០ USD ដូចមានគម្រោងចំណូល-ចំណាយជូនភ្ជាប់ ។

            ដូចនេះ ខ្ញុំបាទតំណាងឲ្យនិស្សិតថ្នាក់ សូមគោរពស្នើសុំឯកឧត្តម នូវថវិកាចំនួន ២០០ USD ដើម្បីឲ្យពិធីដំណើរទស្សនៈកិច្ចខាងលើអាចប្រព្រឹត្តទៅបាន ។

            អាស្រ័យដូចបានជម្រាបជូនខាងលើ​ សូមឯកឧត្តមមេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ ។

            សូម ឯកឧត្តម ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។

                                                                                                                               តំណាងនិស្សិតថ្នាក់ A101

                                                                                                                                       ហត្ថលេខា ឈ្មោះ

ជូនភ្ជាប់ ៖

- កម្មវិធី

- បញ្ជីឈ្មោះនិស្សិតចូលរួម

៥- លិខិតរង់ចាំមានគំរូទម្រង់ដូចជា ៖

                                                             ព្រះរាជាណាចក្រកម្ពុជា

                                                         ជាតិ​ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង.................

លេខៈ...................                                                                            រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....

                                                        រដ្ឋមន្ត្រីក្រសួង........................

                                                                     ជម្រាបមក

                                                    ឯកឧត្តម អភិបាលខេត្តកំពង់ចាម

កម្មវត្ថុ ៖ ករណីសំណើ សុំម៉ូតូ ចំនួន ១៨ គ្រឿង សម្រាប់ចែកជូនដល់ឃុំស្ថិតនៅដាច់ស្រយាល ។

យោង ៖ លិខិតលេខ.......ចុះថ្ងៃទី.....ខែ........ឆ្នាំ២០០៨ របស់សាលាខេត្តកំពង់ចាម ។

              សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបឯកឧត្តម ជ្រាបថា ចំពោះសំណើសុំម៉ូតូចំនួន ១៨គ្រឿង សម្រាប់ចែកជូនដល់សាលាឃុំដែលស្ថិតនៅចុងកាត់មាត់ញ៉ក ដាច់ស្រយាលឆ្ងាយពីសាលាស្រុក ដើម្បីជាមធ្យោបាយចុះបំពេញការងារតាមបណ្តាភូមិ ក៏ដូចជាការធ្វើដំណើរមកកាន់សាលាស្រុកដើម្បីចូលរួមប្រជុំ និងទំនាក់ទំនងការងារជាមួយសាលាស្រុកនោះ ក្រសួងកំពុងចាត់ឲ្យអង្គភាពជំនាញដើម្បីធ្វើការពិនិត្យ និងដោះស្រាយជូនហើយ ។ នៅពេលទទួលបានលទ្ធផល ខ្ញុំនឹងជម្រាបជូនឯកឧត្តមពេលក្រោយទៀត ។

            អាស្រ័យហេតុនេះ សូម ឯកឧត្តម ជ្រាបតាមការគួរ ។

            សូមឯកឧត្តមទទួលនូវការស្រឡាញ់ រាប់អាន ដ៏ស្មោះស័្មគ្រពីខ្ញុំ ។

                                                                                                                                                                                                                                                                                                                       ហត្ថលេខា

                                                                                                                                                      ត្រា

                                                                                                                                                                                                                                                                                                                          ឈ្មោះ­

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login