2019-05-21 03:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើពិធីបុណ្យភ្ជុំបិណ្ឌជាអ្វី ?
២. តើខ្មែរយើងធ្វើពិធីបុណ្យភ្ជុំបិណ្ឌក្នុងគោលបំណងអ្វី ?
៣. ចូរបង្ហាញពីប្រភពនៃពិធីបុណ្យភ្ជុំបិណ្ឌ ។
៤. ហេតុអ្វីបានជាប្រពៃណីខ្មែរ ហៅថាកាន់បិណ្ឌឬដាក់បិណ្ឌ ?
៥.តើពាក្យភ្ជុំបិណ្ឌមានន័យដូចម្តេច ?
៦. តើពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅប្រទេសខ្មែរមានប៉ុន្មានបែបអ្វីខ្លះ ?
៧. ចូរនិយាយពីពិធីកាន់បិណ្ឌតាមបែបប្រពៃណីព្រះមហាក្សត្រ ?
៨. ចូរពន្យល់ពីគ្រឿងសក្ការបូជា នៅក្នុងពិធីកាន់បិណ្ឌ និងពីធីភ្ជុំបិណ្ឌ ។
៩. តើផ្កាបិណ្ឌមានលក្ខណៈដូចម្តេច ?
១០. តើអ្វីទៅជាជើងទ្រផ្កាបិណ្ឌ ?
១១. តើអ្វីទៅជាផ្កាបិណ្ឌ ?
១២. តើគេយកផ្កាបិណ្ឌយកទៅធ្វើអ្វី ?
១៣. ចូរបង្ហាញពីការប្រើប្រាស់ តោកនិងបាយជើងផ្កាបិណ្ឌ ។
១៤. បាយជើងបិណ្ឌតើគេយកញអ្វី ធ្វើ ? ចូរពន្យល់ ?
១៥. តើបាយបត្តបូរ ( បាយបិតបូរ )ជាអ្វី ?
១៦. ហេតុអ្វីបានជាមិនទាន់មានការឯកភាពគ្នា អំពីបាយបិណ្ឌ ?
១៧. តើទំនៀមនៃការធ្វើបាយបិណ្ឌ និងបាយបិតបូរតាមប្រពៃណីខ្មែរកម្ពុជាក្រោមមានលក្ខណៈដូចម្តេច ?
១៨. អ្វីជាបាយបិណ្ឌ ?
១៩. អ្វីជាការបោះបាយបិណ្ឌ ?
២០. ហេតុអ្វីបានជាមានការបោះបាយបិណ្ឌនៅមុនថ្ងៃរះ ? តើអ្នកយល់យ៉ាងណា ?
២១. តើប្រភពនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានអ្វីខ្លះ ?
២២. ចូរបង្ហាញពីប្រភពនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមរយៈសាស្រ្តវិជ្ជាធរ ។
២៣. ចូរបង្ហាញពីប្រភពនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមរយៈគម្ពីរសាស្រ្តអានិសង្សបិណ្ឌ ។
២៤. ចូរបង្ហាញពីប្រភពនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមរយៈគម្ពីរបេតវត្ថុ ។
២៥. ចូរនិយាយអំពីរបៀបធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ?
២៦. តើហេតុអ្វីបានជាប្រពៃណីខ្មែរថ្ងៃភ្ជុំបិណ្ឌ ចាំបាច់ធ្វើការសែនព្រេន ?
២៧. តើត្រូវរៀបចំពិធីសែនជីដូជីតា នៅថ្ងៃណា ?
២៨. តើប្រេតជាអ្វី ? អ្វីទៅជាអបាយភូមិ ?
២៩. តើប្រេតចែកចេញជាប៉ុន្មាន ពួកអ្វីខ្លះ ?
៣០. តើប្រេតប្រភេទណាដែលយើងធ្វើបុណ្យភ្ជុំបិណ្ឌ និងឧទ្ទិសកុសលទៅនោះ ?
៣១. តើយើងធ្វើបុណ្យឧទ្ទិសកុសលទៅកាន់ពពួកប្រេតយ៉ាង ដូចម្តេច ?
ចម្លើយ
១. ពីធីបុណ្យភ្ជុំបិណ្ឌគឺជា ពិធីប្រពៃណីខ្មែរ ដែលធ្វើដើម្បីឧទ្ទិសទៅដល់អស់អ្នកមានគុណដែលបានស្លាប់ទៅ និងពពួកប្រេតទាំងឡាយ ។
២. ប្រពៃណីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលខ្មែរបានធ្វើសព្វថ្ងៃនេះ នៅក្នុងគោលបំណងធ្វើបុណ្យឧទ្ទិសផលដល់ជនជាតិខ្មែរ ដែលបានភ្លាត់គតិទៅកើតជាសត្វនរក ប្រេត ឲ្យរួចរំដោះចាកផុតពីសត្វនរក ប្រេត ប៉ុណ្ណោះ ។ ពីព្រោះ សត្វនរក ប្រេតទាំងអស់នោះសោយតែទុក្ខ គ្មាន អ្វីស៊ី ស៊ីតែខខ្ទុះឈាម និង លាមក ។
៣. ពិតណាស់ ជាព្រះសមណគោតម បានសម្តែងពីញាតិ ព្រះបាទពិម្ពិសាររាជ ជាស្តេចនៅក្នុងប្រទេសឥណ្ឌាមែនដែលបានស៊ីចង្ហាន់បិណ្ឌបាតរបស់ព្រះសង្ឃ ។ លុះរំលងខន្ធបានធ្លាក់ចុះទៅកើតជាសត្វនរក ។
នេះជាឧទាហរណ៍ ឯក្រុមញាតិនៃស្តេចស្រុកខ្មែរ ក៏បានលួចស៊ីចង្ហាន់បិណ្ឌបាតព្រះសង្ឃ ។ លុះរំលងខណ្ធក៏បានទៅកើតជាសត្វនរកដូចគ្នាដែរ ។
លុះព្រះមហាថេរ ព្រះនាមព្រះឧបគុត្តត្ថេរ បាននិមន្តចុះទៅឋាននរកបានជួបនឹងក្រុកញាតិព្រះបាទពិម្ពិសារ។ ក្រុមញាតិព្រះបាទពិម្ពិសារមានករលំបាកវេទនាខ្លាំង ក៏បានផ្តាំនឹងព្រះមហាថេរ ព្រះនាមព្រះឧថបគុត្តត្ថេរ ថាសូមឲ្យប្រេះបាទពិម្ពិសារ ធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសូមឧទ្ទិសកុសលឲ្យទៅយើងខ្ញុំំ ឲ្យបានរួចរំដោះផុតចាកទុក្ខវេទនា ឲ្យបានរួចផុតចាកទុក្ខពីសត្វនរកទាំងឡាយផង ។
បើពិនិត្យគម្ពីរខុម្ពីរខុទ្ទកនិកាយ នៅក្នុងព្រះត្រៃបិដកក្តី នៅក្នុងគម្ពីរធម្មបទភាគ៣ ជាដើមក្តី ឃើញមានលំនាំប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ មិនមានលក្ខណៈដូចគ្នាបេះបិតទេ ។ សូម្បីប្រពៃណីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ខ្មែរក៏មិនមានលក្ខណៈដូចគ្នានឹងប្រពៃណី កាន់បិណ្ឌនិងភ្ជុំបិណ្ឌរបស់ថៃ ។ ឯពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ថៃ ក៏មិនដូចជាពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌរបស់ឡាវពីព្រោះអ្វី ? ពីព្រោះជនជាតិនីមួយៗ តែងធ្វើតាមទម្លាប់របស់ខ្លួន ។ បើធ្វើដូចគ្នា គេមិនអាចសម្គាល់បានថា ជាប្រពៃណីខ្មែរ ថៃ ឡាវ បានឡើយ ។ ដូចនេះ ប្រពៃណីនៃប្រទេសនីមួយៗ ត្រូវតែមានលក្ខណៈប្លែកពីគ្នា ជារៀងររហូត ។
៤. ផ្នត់គំនិតរបស់ខ្មែរ កាលបើគេនឹកឃើញដល់មាតាបិតា ឬញាតិកាណាមួយ គេតែងតែធ្វើចង្ហាន់ យកទៅប្រគេនព្រះសង្ឃឧទ្ទិសកុសលជូនដល់អ្នកនោះ ។
តែការធ្វើកុសលតាមបំណងរបស់ខ្លួន ឃើញមានថ្ងៃខ្លះ មានពុទ្ធបរិស័ទមានចំនួនច្រើនលើសលប់ មានចង្ហាន់ព្រះសង្ឃ ឆាន់មិនអស់តែថ្ងៃខ្លះ ពុទ្ធបរិស័ទមានតិច ឬគ្មានធ្វើឲ្យព្រះសង្ឃមានចង្ហាន់ឆាន់មិនគ្រប់គ្រាន់ឬគ្មានចង្ហាន់ឆាន់សោះ ។
ដោយមានមូលហេតុដូចខាងលើនេះហើយ ទើបធ្វើឲ្យពុទ្ធបរិស័ទធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃតាមក្រុម តាមការសន្មតគ្នារហូតមកដល់សព្វថ្ងៃដែលយើងហៅថាដាក់វេន ឬតាមដាន ។
តែនៅថ្ងៃខាងដើមនៃថ្ងៃចូលព្រះវស្សា ប្រជាពុទ្ធបរិស័ទមានជាប់រវល់ស្ទូងដកច្រើន មិនអាចរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវេនឲ្យបានគ្រប់៣ខែបាន ។
លុះដល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទទើបបានសន្មតគ្នារៀបចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវេន ដែលគេហៅថា ដាក់បិណ្ឌជារៀងរាល់ឆ្នាំ ។
ឯថ្ងៃខាងដើមនៃថ្ងៃដាក់បិណ្ឌ និងខាងចុងនៃថ្ងៃកាន់បិណ្ឌ ឬថ្ងៃបិណ្ឌដែលមិនមែនជាវេនរបស់ខ្លួន ទុកជាថ្ងៃធ្វើបុណ្យតាមសទ្ធារៀងៗខ្លួន ។
៥. ពាក្យថា ភ្ជុំបិណ្ឌ គឺគេប្រមូលវេន ឬក្រុមមនុស្សអ្នកលកាន់បិណ្ឌ ឬដាក់បិណ្ឌ ចំនួន១៤វេន ឬ១៤ក្រុម នោះមកធ្វើរួមគ្នាតែមួយថ្ងៃគេហៅថា ថ្ងៃភ្ជុំបិណ្ឌ ។
៦. នៅប្រទេសខ្មែរមានពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មាន២បែបគឺពិធីកាន់បិណ្ឌតាមបែបប្រជារាស្រ្ត និងពិធីកាន់បិណ្ឌតាមបែបព្រះមហាក្សត្រ ។
៧. នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានចំនួន ១៥ថ្ងៃនេះព្រះមហាក្សត្រនិងរាជវង្សានុវង្សរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានចំនួនតែ៥ថ្ងៃទេ គឺចាប់ពីល្ងាចនៃថ្ងៃទី១១ រោច ថ្ងៃទី ១២រោច ថ្ងៃទី១៣រោច ថ្ងៃទី ១៤រោចជាថ្ងៃដាក់បិណ្ឌ ។ ឯថ្ងៃ ១៥រោច ខែភទ្របទជាថ្ងៃភ្ជុំបិណ្ឌ ។
បើពុទ្ធបរិស័ទណា ចង់ដឹងពីព្រះរាជពិធីព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស រៀបចំពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ សូមមើលសៀវភៅ ព្រះរាជពិធីទ្ធារទសមាសចាប់ទំព័រ ៤៥ទៅ ។
បែបប្រពៃណីប្រជានុរាស្រ្ត
នៅក្នុងផ្នែកទី២នេះ ខ្ញុំសូមលើកយកពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌមកពន្យល់ និងបង្ហាញឲ្យបានច្បាស់លាស់ តាមគោលការណ៍ដោយសង្ខេបខ្លីឲ្យបានដឹងខ្លះៗ ទុកជាទិដ្ឋានុគតិឬទុកជាសញ្ញាណជាតិរបស់ខ្លួន ។
៨. យើងត្រូវរៀបចំគ្រឿងសក្ការៈបូជា ថ្វាយព្រះរតនត្រ័យ និងពពួកទេវតាទាំងអស់ ដែលមករង់ចាំទទួលយកបុញ្ញកម្មដែលជូនទៅនោះ ហើយប្រាប់ថាអ្នកនេះឈ្មោះនេះ នៅស្រុកនេះ បានឧទ្ទិសផលមកជូន សូមឲ្យអ្នកទទួលយកនឹងបានរួចរំដោះចាកទុក្ខវេទនាទាំងឡាយ ។
ឯគ្រឿងសក្ការបូជាទាំងនោះ មានទៀន៥ ធូប៥ ស្លាធម៌កូនចេក ១គូបាយស៊ីប៉ាក់ឆាប១គូ ... ។
៩. ឯផ្កាបិណ្ឌនេះធ្វើទៅតាមតំបន់នីមួយៗផ្សេងៗពីគ្នាមិនមានលក្ខណៈដូចគ្នាបេះបិទទេ ។ តែខ្ញុំយោងតាមឯកសារខ្លះមានលក្ខណៈបែបនេះ ៖
ផ្កាបិណ្ឌនេះ គេធ្វើអំពីឈើ មានកំពស់១ហត្ថ ១ចំរាម មានសំនុំផ្កាធំក្រោម តូចលើមានបង្គោលឈើមូល១ មានទំហំ ខាងគល់ប៉ុនមេដៃខាងចុងប៉ុនកូនដៃ គេយកក្តារកំរាស់ម្រាប់ដៃ ធ្វើជាកង់មូលចោះរន្ធនៅចំកណ្តាល សម្រាប់ស៊កបង្គោល នៅខាងក្រោមធំ ខាងលើតូច តាមលំដាប់ទាំង៥ថ្នាក់ ។
ក្តារថ្នាក់ក្រោមមានទំហំ ៥ធ្នាប់ ។ ឯក្តារថ្នាក់លើបន្តបន្ទាប់ មានរៀងតូចរៀវរហូតដល់ថ្នាក់លើតាមលំដាប់ ។
ប្រដាប់ផ្កាបិណ្ឌនេះរចនាដោយក្បាច់ស្ពាន់ក្រាប់ពណ៌ផ្សេងៗ ជាក្បាច់កញ្ចាំងបិទភ្ជាប់ជុំវិញកង់ទាំង៥ថ្នាក់ មានក្បាច់ដកចន្ទន៍ បិទភ្ជាប់៥ជុំ ក្នុង១ថ្នាក់ ។ នៅខាងក្រោយក្បាច់ដក ចន្ទន៍គ្រប់ថ្នាក់គ្រប់កន្លែង មានដែករស់ធ្វើជាដងដោតផ្កាញ័រ ដែលធ្វើជាស្ពានក្រាប់ ឲ្យខ្ពស់ជាងក្បាច់ដកចន្ទន៍បន្តិចឡើង ។
នៅខាងក្រោមក្បាច់ដកចន្ទន៍ទាំង៥ នៃថ្នាក់១នៅខាងក្រោមបង្អស់គេយកចំរៀកឬស្សីតូចៗ ប៉ុនទ្រងនុងស្លឹកដូងធ្វើជាដង ដោតទង់ក្រពើ៥ដែលធ្វើពីស្ពាន់ក្រាប់ ។ នៅខាងចុងដងទងនោះ មានដោតផ្កាស្ពាន់ក្រាប់ដែរ ។
គេបន្ថែមថ្នាក់តូចមួយ នៅខាងក្រោមទៀតដោតភ្ជាប់ស្ពាន់ក្រាបជារូបនាគ៤ យកក្បាលនាគមួយៗទេភ្ជាប់នឹងគល់បង្គោលខាងក្រោម ។ នៅក្នុងមាត់នាគទាំង៤នោះ មានចុងក្បាច់ស្លឹកពោធិ៍ សំយុងចុះ ធ្វើជានាគទ្រផ្កាបិណ្ឌ ។
១០. មានឈើមូល ឬឈើជ្រុង៤ជ្រុងទំហំ៨ធ្នាប់ រាងធំក្រោមតូចលើកម្ពស់៥ធ្នាប់យកមកធ្វើជាជើងទ្ររាងផ្កាបិណ្ឌ ដើម្បីឲ្យមានជំហរឈរត្រង់ទៅលើ ។
១១. នៅក្នុងវចនានុក្រមខ្មែរ ទំព័រ ៧០៣ បានពន្យល់ថាពាក្យថា ផ្កាបិណ្ឌ ព្រះអង្គបានពន្យល់ថាគ្រឿងលម្អដែលរចនា ដោយស្ពាន់គក្រាប់មានដងដោតបាន សម្រាប់សម្គាល់ក្នុងពិធីបុណ្យកាន់បិណ្ឌ ។ នៅក្នុងពិធីទ្វារសមាសត្តីវចនានុក្រមខ្មែរក្តីអាចសម្គាល់បានថា ជាគ្រឿងលំអដែលបានរចនា ដោយវត្ថុផ្សេងៗមានស្ពាន់ក្រាបជាដើម ។
១២. បើតាមឯកសារ គេយកផ្កាបិណ្ឌទាំងអស់ ( បើតាមព្រះបរមរាជវាំងមានចំនួន ១០ ) ទៅដាក់លើតោក ។ ក្នុងតោក១ គេដាក់ផ្កាបិណ្ឌ១ ។
១៣. តោកដាក់ផ្កាបិណ្ឌទាំងអស់ គេត្រូវរៀបជាពីរជួរ គឹជួរមុខនឹងជួរក្រោយ ។ តោកនៅជួរមុខមគេត្រូវដាក់កែវតូចៗចំនួន៥ សម្រាប់ដាក់បង្អែមនិងចំអាបនៅក្នុងតោកនីមួយៗ ។
គេពូតបាយបិណ្ឌ លុញឲ្យមូលជាដុំៗ យកទៅដាក់ក្នុងតោកគ្រប់តោកដែលមាន ។ បាយទាំងនោះជាជើងផ្កាបិណ្ឌ ។ បាយនេះបើហៅតាមទំនៀមរាស្រ្តថា បាយជើងបិណ្ឌ ។
១៤. នៅក្នុងឯកសារនានា ខ្ញុំរកមិនឃើញមាននិយាយបញ្ជាក់សោះ ។ ខ្ញុំបានសួរលោកយាយលោកតាចាស់់ៗ ដែលគាត់ធ្លាប់ធ្វើគាត់បានប្រាប់ថា គេរើសយកអង្ករសំនើបល្អយកទៅដាំដោយមានខ្ទះដូង ល្ង ។ គេដាំចំហុយឲ្យឆ្អិនស្អិតរមួតទើបគេយកមកច្របាច់ពូតជាដុំ លុញឲ្យមូលល្អ ។
បិណ្ឌ ការប្រមូលឲ្យមូលឬពូតឲ្យជាដុំ ដុំការចិញ្ចឹមជីវីត ។បើយើងប្រើពាក្យនេះ ជាឈ្មោះនៃពិធីធ្វើទានមួយយ៉ាង ( តាមប្រពៃណីរបស់ ប្រទេស ) ធ្វើបានពីត្រឹមថ្ងៃរោច ខែភទ្របទទៅដល់ថ្ងៃ ១៥រោច( ១៥ថ្ងៃ ) ។
នៅពេលនិមន្តព្រះសង្ឃសូត្រធម៌ « បរាភវសូត្រ » នៅថ្ងៃទី១ គេដាក់១ដុំ ថ្ងៃទី២គេដាក់២ដុំ ...ដល់ថ្ងៃទី១៥ គេដាក់១៥ដុំ ។
លុះដល់ថ្ងៃចប់ភ្ជុំបិណ្ឌ គេយកបាយជើងបិណ្ឌនេះ ទៅព្រាតតាមស្រែចំការរបស់ខ្លួន ក្នុងគោលបំណងដើម្បីឲ្យដីស្រែចំការមានជីជាតិល្អ បានផលផ្លែល្អច្រើន។
១៥. បាយបត្តបូរ ជាបាយបំពេញបាត្រ ( បាយរាប់បាត ) ឬបាយសម្រាប់បំពេញបាត្រ គឺបាយដែលទាញយកគេទុកបំរុងនឹងថែមក្រែង ភិក្ខុសង្ឃចខ្វះខាតឆាន់មិនគ្រាន់ ។
ម្យ៉ាងទៀត គេហៅថាបាយបិតបូរ បាយសម្រាប់បំពេញផលឲ្យប្រេតគឺបាយដែលទាយកប្រគេនភិក្ខសង្ឃ ហើយឧទ្ទិសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ ។
១៦. បាយបិណ្ឌធ្វើតាមតំបន់ នៅមិនទាន់មានលក្ខណៈស្របគ្នាទេ
១៧. ព្រះភិក្ខុធម្មញាណ ចន្ទ សោភា វត្តលង្កា មានព្រះពុទ្ធដីកាថានៅកម្ពុជាក្រោម មានធ្វើតាមព្រះមហា ថាច់ វៀង បានមករៀននៅខេត្តបាត់ដំបងនៅពេលត្រលប់ទៅកម្ពុជាក្រោមវិញ បានណែនាំពុទ្ធបរិស័ទនៅកម្ពុជាក្រោមថាបាយបិតបូរគួរហៅថា « បាយសត្តបករណ៍» ពីព្រោះបាយនេះ ជាបាយការឧទ្ទិសផលដល់ប្រេត ។
របៀបធ្វើ បាយសត្តករណ៍ គេដាក់បាយ៧ដុំ ៖
ក. ពំនូតកណ្តាល គេពូតជាពំនូកធំ ជាពំនូកមានរាងដូចជាយកចានទៅផ្កាប់នៅចំកណ្តាលចាន តែម្ខាងជាបាយដំណើប ដែលមានលាយខ្ទិះដូង ល្ង ... ។ ឯម្ខាងទៀតជាបាយខ្សាយ ឆាលាយសាច់ ... ។
ខ. គេពូតបាយដំណើប៣ដុំ និងបាយខ្សាយរួមត្រូវជាដុំបាយ៧ដុំ ដំណាងធម៌ សត្តបករណ៍ ៧មេ សត្តបករណ៍៧មេសម្រាប់តារឧទ្ទិសកុសលដល់ប្រេត ។
បាយបិណ្ឌ
បាយបិណ្ឌ គឺបាយគេយកទៅញាក់ក្នុងកែវ ឲ្យណែនហាប់ ម្ខាងជាបាយសំណើប ម្ខាងជាបាយខ្សាយ ។លុះដល់ជិតភ្លឺ គេយកកែវបាយបិណ្ឌ ទៅគោះដាក់ជើងពាន យកសាជីគ្រប ព្រះសង្ឃដារចប់ ទើបយកបាយបិណ្ឌ ទើបយកបាយបិណ្ឌទៅប្រគេនព្រះសង្ឃ ។
ខ្ញុំបានយកពិធីធ្វើបាយបិណ្ឌបែបខាងលើ ទៅសួរលោកយាយលោកតា យាយតាខ្លះ គាត់ឆ្លើយថាមិនដែលឃើញ តែយាយតាខ្លះ គាត់ឆ្លើយថា គាត់ធ្លាប់ឃើញ តែគេឈបធ្វើបែបខាងលើនេះយូរហើយ ។
បាយបិណ្ឌក្តី បាយបិតបូរក្តី ដើម្បីឲ្យចាស់ៗគាត់បានប្រាប់ពិធីធ្វើថា ៖
ការធ្វើបែបនេះមានលក្ខណៈស្របតាមវចនានុក្រមខ្មែរដែរ ។
១៨. បាយបិណ្ឌគឺបាយគេដាំពីអង្គរដំណើប លាយ ដោយខិ្ទះដូង ទឹកដោះ គោ ល្ង ... ។ គេយកបាយនោះមកលុញមូលប៉ុនម្រាមដៃ ។
១៩. គឺគេយកដុំបាយ ដែលខ្លួនបានលុញនោះទៅបោះក្នុងទីចន្លោះទីណាមួយឲ្យបាមុនថ្ងៃរះ ។
២០. គេយកបាយទៅបោះឲ្យនៅពេលមុនថ្ងៃរះ ។ បើបោះនៅពេលថ្ងៃរះ ពួកប្រេតមិនអាចទទួលយកបានទេ ពីព្រោះប្រេតបានរលាយខ្លួនបាត់ ទៅហើយ ។
បើយកបាយជើងបិណ្ឌទៅបោះនៅមុនថ្ងៃរះ ដែលបានន័យថាបាយជើងបិណ្ឌ និងបោះបាយបិណ្ឌជាពិធីតែមួយ ។ តែគ្មានអ្នកណាម្នាក់ ឬឯកសារណាមួយបាននិយាយគេយកបាយជើងបិណ្ឌទៅបោះ ៖
ខ្ញុំយល់ថាទំនៀមនៃការបោះនេះ គឺធ្វើទំនៀមទម្លាប់តៗគ្នាមក ដោយមិនឃើញមានគម្ពីរឯកសារណាបញ្ជាក់ពីការបោះបាយបិណ្ឌនោះទេ ។ គ្រាន់តែការយល់ ឃើញរបស់មនុស្សគិតថាប្រេតមិនអាចត្រូវពន្លឹថ្ងៃបានទេ ។
ម្យ៉ាងទៀត នៅពេលព្រះសង្ឃសូត្រ «បរាភវសូត្រ » ចប់ទើប អាចនាំគ្នាយកបាយជើងបិណ្ឌចែកគ្នា យកទៅបោះជុំវិញព្រះវិហារ ស្រែចម្ការរបស់ខ្លួន មុនពេលថ្ងៃរះ ។ តើព្រះសង្ឃអាចមកសូត្រនៅពេលដែលមិនទាន់មានពន្លឺថ្ងៃបាន ដែរឬទេ ?
២១. បើយោងតាមការស្រាវជ្រាវ ឃើញថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ខ្មែរ ដោយយោងទៅលើគម្ពីរ៣គឺ សាស្រ្តវិជ្ជាធរ សាស្រ្តអានិសង្សបិណ្ឌ គម្ពីរបេតវត្ថុ ។
២២. សាស្រ្តវិជ្ជាធរនេះ បានសម្តែងថាមានព្រះមហាថេរ១ ព្រអង្គមានព្រះនាម ឧបគុត្តត្ថេរ លោកបានហោះជ្រែក ក្រលាមហាប្រឹថពីទៅកាន់ឋាននរក ។ ដោយអំណាចរិទ្ធិរបស់ព្រះអង្គ ទើបមានផ្កាឈូកមាស ប៉ុនកងរាជរថ ផុសឡើងមកទទួលព្រះបាទរបស់ព្រះអង្គ ។ ព្រះអង្គទ្រង់គង់ពែនលើផ្កា ឈូកនោះអណ្តែតលើពពួកសត្វនរក ។
ហេតុតែអានុភាពព្រះឧបគុត្តត្ថេរ ពួកសត្វនរកបានដកដង្ហើមចេញចូលស្រួល មួយពេលនោះទើបនាំគ្នាសំពះមហហាឧបគុត្តត្ថេរ ។ ព្រះមហាឧបត្តត្ថេរ មានព្រះទ័យករុណា សម្តែងធម៌ឲ្យស្តាប់ ។ បើពួកសត្វនរក បានស្តាប់ធម៌ហើយបាន ផ្តាំមកក្រុមញាតិសណ្តានរបស់ខ្លួនថាបពិត្រព្រះមហាឧបគុត្តត្ថេរ បើព្រះអង្គត្រឡប់ទៅមនុស្សលោកកវិញសូមព្រះអង្គមេត្តាប្រោស ប្រាប់ម្តាយឪពុក បងប្អូន កូនចៅ ញាតិផៅសណ្តានរបស់យើងខ្ញុំ មានឈ្មោះនេះ នៅស្រុកនេះ សូមឲ្យអាសូរ ករុណាខំព្យាយាមធ្វើបុណ្យ ឲ្យឧទ្ទិសកុសលផលមកឲ្យយើងខ្ញុំផង ។
បើព្រះមហាឧបគុត្តត្ថេរ បានទទួលពាក្យបណ្តាំពពួក សត្វនរកហើយក៏ហោះត្រឡប់មកមនុស្សលោកវិញ ទ្រង់នាំនាម៉ឺនសព្វមុខមន្រ្តី និងអ្នកនគរជាច្រើនរូប ចូលទៅក្រាបថ្វាយបង្គំព្រះដ៏មានបុន្យថា «បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើនបើគ្រូបាធ្យាយ ម្តាយឪពុក បងប្អូន កូនចៅ ញាតិសណ្តាន របស់ទូលព្រះបង្គំអ្នកខ្លះមិនបានធ្វើបុណ្យ ឲ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប » ។
លុះដល់អស់អាយុសង្ខាទៅ បានទៅកើតក្នុងឋាននរក រងទុក្ខវេទនា ។ ទូលបង្គំទាំងអស់គ្នា ជាបងប្អូនកូនចៅ នៅឯក្រោយ តើត្រូវធ្វើបុណ្យដូចម្តេចទើបឧទ្ទិសកុសលផលជូនទៅសត្វនរកនោះឲ្យបានរួចរំដោះចាកទុក្ខបាន ?
ព្រះដ៏មានបុណ្យទ្រង់ត្រាស់ឆ្លើយតបថា បើព្រះមហារាជចង់ធ្វើអំពើបុណ្យកុសល ឧទ្ទិសផលជូនទៅសត្វនរក ត្រូវធ្វើបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥ រោច ខែភទ្របទហើយត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប១អង្គ១ថ្ងៃដរាបដល់ថ្ងៃ១៥រោច ខែភទ្របទនោះឯង ។
ម្យ៉ាងទៀតត្រូវចងពិដានពាសរនាំងវាំនន ក្រាលកម្រាល ត្រូវសមាទានចាំសីលឲ្យបរិសុទ្ធ ត្រូវបោសច្រាសគ្រវាសវត្តអារាមព្រះវិហារគ្រូរៀបរណ្តាប់គ្រឿងបណ្ណការ គន្ធពិដារជាដើម ហើយត្រូវនិមន្តព្រះសង្ឃទ្រង់ សីលបរិសុទ្ធសូត្រធម៌មហាសម័យសូត្រប្រកាសបួងសួង អញ្ជើញគ្រូបាធ្យាយ ឪពុកម្តាយ បងប្អូន ញាតិការដែលបានចែកឋានទៅហើយទាំងប៉ុន្មាន មយយអន្លើដោយទេវតា ហើយត្រួវនិមន្តលោកទេសនាសាស្រ្តាវិជ្ជាធរជាតកក្នុងយប់នោះ ។
លុះព្រឹកឡើង ត្រូវធ្វើបាយបិណ្ឌ បាយបិតបូរ មានទាំងផ្លែឈើ និងសារពើភោជនាហារផង ផ្គូផ្គាប់អង្គាសដាក់បាត្រ ព្រះសង្ឃ ឧទ្ទិសផលជូន ទៅដល់អស់ពពួកសត្វនរកទាំងនោះ ។
ដោយអនុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរំដោះរួចផុតពីទុក្ខភ័យដ៏កាលនោះ បានទៅកើតព្ធដ៏ស្ថានសួគ៌ទេវលោកនាយបានទាំងឲ្យពរសព្ទសាធុការ មកញាតិសណ្តានដែលបានធ្វើបុណ្យឲ្យទាន ឧទ្ទិសឈ្មោះជូនទៅនោះឲ្យកើតសុខសួរស្តីទីឃាយុយឺនយូរ ព្ធដ៏កាលនោះហោង» ។
២៣.សាស្រ្តអានិសង្សបិណ្ឌ បាននិយាយថា «ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ចំពោះអនាថបណ្ឌិតសេដ្ឋីថាម្តាយឪពុក បងប្អូន ញាតិសណ្តានរបស់បងប្អូនទាំងឡាយ ដែលស្លាប់ទៅពីមុនៗនោះ ទោះទៅកើតឯណាៗក្តីតែដល់រនោចខែ ភទ្របទ ជាពេលដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំគ្នានៅពេលនោះ ដោយហេតុតែតេជៈនៃអនិសង្សនៃបុណ្យ ដែលអស់ញាតិសណ្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ នាខែភទ្របទហើយឧទ្ទិសផលជូនទៅនោះ ក៏បានរំដោះរួចោផុតពីសត្វនរកប្រេតនោះហោង » ។
រីសត្វនរកប្រេតផងទាំងឡាយ ដែលបានមកកាន់មនុស្សលោកក្នុងខែភទ្របទ ប្រេតខ្លះបានមកកើតជាកណ្តូបខ្មោច ទំយំលើនៅដំបូលផ្ទះខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ បាត់ទ្វារផ្ទះជើងជណ្តើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្តាល ផ្លូវ ខ្លះមកចំអើត មើលទៅមក ខ្លះបាំងដៃមើលមកពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា « ឱខ្លួនអាញអើយ អភ័ព្វអ្វីម៉្លេះបានមកកើតជាប្រេត នរក រងទុក្ខវេទនា ទុរាទុរន់ប្រមាណយូរឆ្នាំហើយ កើតមានសម្រែក គំលានក្រៃពេក » ។
សត្វនរក ប្រេតទាំងនោះកាលបើដល់ខែភទ្របទ ដែលជនទាំងឡាយបានរាបរណ្តាប់បាយបិណ្ឌបាយបិតបូរ ឧទ្ទិសផល្លាអានិសង្ស ជូនទៅក៏សឹងបានរំដោះរួចមកហោង ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ណែអនាថបណ្ឌិត សេដ្ឋី នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោល ចងទង ចងពិដានរ ដាក់ពាសនូវរនាំងវាំងននជាដើម ហើយរៀបរណ្តាប់គ្រឿងបណ្ណាការ គឺទៀន ធូប ភ្ញី ផ្កា ស្លា ម្លូ និងគ្រឿងគន្ធដារ ព្រមទាំងផ្លែឈើ តូច ធំ នំ ចំណី ភោជនាអាហារ បូជាព្រះសង្ឃ ។
ផលាអានិសង្ឃនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតា ម្តាយឪពុក បងប្អូន កូនចៅ ញាតិផៅ៧សណ្តានដែលស្លាប់ទៅ បានទៅកើតជានរកប្រេតរងទុក្ខវេទាននោះ ឲ្យបានសម្បត្តិសួគ៌ សម្ប្តត្តិនិព្វានជាស្ថានបរមសុខដ៏ប្រសើរហោង ។
អនាថបណ្តិក នរូបុរស បុគ្គលប្រុសស្រី ឯណានីមួយបើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផង ទាំងឡាយមកអង្គុយជុំវិញ ហើយទុកសង្វែកចន្លោះ កណ្តាលប្រមាណ១ហត្ថយកត្រីសាច់ អាហារភោជនា និងផ្លែឈើ ធំ តូច អន្សម នំគម នំចេក អំពៅ ត្រាវ ដូង ត្នោត ព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀនធូប ភ្ញី ផ្កា ស្លា ម្លូ ប្រេង ម្សៅមកបូជាព្រះរតនត្រៃ ហើយឲ្យមេបាចាស់ទុំ ជីដូនជីតា ឪពុកម្តាយ បងប្អូន កូនចៅ ស្មាលាទោសឲ្យផង កុំឲ្យមានវេរាកម្មមកតាមទៀតឡើយ ។
នៅក្នុងខែភទ្របទនោះ មិនមានអ្នករៀបរណ្តាប់ បាយបិណ្ឌបាយបិតបូរ បូជាព្រះរតនត្រៃយ៍បញ្ចូនទៅទេ អស់ប្រេតនរកអំបាលនោះអត់បាយអត់ទឹកស្រេកឃ្លានពន់ពេក ។ ម្លេះហើយប្រេតទាំងនោះក៏ជេរប្រទេច ផ្កាស្លា មកញាតិការទាំងឡាយ ឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ម្តាយឪពុកប្តីប្រពន្ធ កូនចៅញាតិប្រាំពីរសណ្តានជាដើម .... ។
២៤. គម្ពីរបេតវត្ថុនេះមាននិយាយអំពី មានព្រានម្នាក់នៅក្នុងក្រុងពារាណសី តែងតែទៅបាញ់សត្វក្នុងព្រៃ ចិញ្ចឹមជីវីតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញពួកក្មេងៗតែងចោម រោមសុំសាច់រាល់ថ្ងៃ ។ ថ្ងៃនេះព្រាននោះទៅបាញ់មិនបានសត្វ ក៏បានេះផ្កាត្របែក ព្រៃ( ឯកសារខ្លះថា ផ្ការាជព្រឹក្ស ) ប្រដាប់ខ្លួននិងរែកយកមកផ្ទះជាច្រើន ។
នោះដល់ទ្វារភូមិ ពួកក្មេងមកសុំសាច់ដូចសព្វដងទៀត ។ ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់មួយស្មែង។ លោះព្រាននោះស្លាប់ទៅបានទៅកើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃ ប្រដាប់ក្បាល ដើរទៅក្នុងទឹកសំដៅទៅផ្ទះញាតិរបស់ខ្លួន ដើម្បីរកអាហារបរិភោគ ។
វេលានោះកោសិយអាមាត្យ ជាអាមាត្ររបស់ព្រះបាទពិម្ពិសារ ជិះទូកទៅបង្រ្កាបស្រុកសច្ចន្តគ្រាម បានឃើញប្រេតនោះ សួរដឹងសេចក្តីហើយមានសេចក្តីអាណិត ទើបនិយាយថា សដូវយើងមានធ្វើម្តេចអ្នកនឹងបរិភោគបាន ?
ប្រេតឆ្លើយថា ក្នុងទុកនេះបើមានឧបសកអ្នកតម្កល់ ខ្លួននៅក្នុងព្រះត្រៃយ៍សរណគមន៍ សូមលោកឲ្យសដូវទៅ ឧបសកនោះ ហើយឧទ្ទិសចំណែកដល់រូបខ្ញុំចុះ ។
កោសិកយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនា ហើយបានសេចក្តីសុខ ទៀបផ្តាំថា« សូមលោកមេថាដល់ ប្រេតឯទៀតផង កាលបើលោកបានកុសលឯណានីមួយ ហើយសូមឧទ្ទិសចំណែកកុសលឲ្យប្រេតខ្លះផង » ។
បើអាមាត្យនោះត្រឡប់មកដល់ស្រុកវិញបានថ្វាយទាន ចំពោះព្រះពុទ្ធនិងព្រះសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប ។ ព្រះបរមសាស្រ្ត ទ្រង់អធិស្ឋានឲ្យពុទ្ធបរិស័ទ មកប្រជុំគ្នាហើយទ្រង់សម្តែងបេតនិកាយ ( រឿងពួកព្រេត ) ឲ្យប្រាកដឡើងដូចដែលបានពោលមកខាងលើនេះ ។
ខ្ញុំបានលើយករឿងទាំងបីនេះមកបញ្ជាក់ដោយសង្ខេបខ្លីប៉ុណ្ណោះ ឯងគ្រាន់តែចង់បញ្ជាក់ពី ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដែលបានធ្វើឲ្យប្រជាជនខ្មែរ មានជំនឿស៊ុបចំពោះ មាតាបិតា...រាប់សតវត្សកន្លងមកហើយជាជំនឿធ្វើឲ្យប្រជាជនខ្មែរចេះគោរពដឹងគុណ មាតាបិតារបស់ខ្លួន ។ មិនត្រឹមតែមាតាបិតាមានជិវីតរស់នៅប៉ុណ្ណោះទេ សូម្បីតែមាតាបិតាដែលស្លាប់បាត់បង់ជិវីតទៅហើយកូនប្រុសស្រីនៅតែគោរពថ្វាយបង្គំធ្វើបុណ្យបញ្ចូនកុសលទៅជូនទៀត ។
២៦. បើតាមការពិនិត្យឃើញថា ការធ្វើបុណ្យកាន់បិណ្ឌនៅក្នុងកម្ពុជារដ្ឋយើងនេះត្រូវតាមដំណើរសាស្រ្តវិជ្ជាធរផង តាមសាស្រ្តអានិសង្ឃបិណ្ឌផងនិងគម្ពីរបេតវត្ថុផងគឺ៖
បើតាមប្រពៃណីខ្មែរ តែដល់ថ្ងៃ១រោច ខែភទ្របទ ខ្មែរតែងនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ នៅតាមវត្តអារាមនានា រាល់ថ្ងៃដរាបដល់ថ្ងស ១៤រោច ។ លុះដល់ថ្ងៃ ១៥រោច ទោះបីអ្នកកាន់បិណ្ឌទីប៉ុន្មានក៏ដោយក៏នាំគ្នាទៅចូលរួចធ្វើបុណ្យភ្ជុំបិណ្ឌមិនដែលខាន ។
បើយោងតាមប្រពៃណីខ្មែរ បានបញ្ជាក់ថាសូម្បីតែមនុស្សប្រមឹកមិនជឿបុណ្យបានយ៉ាងណាក៏ដោយ ក៏ត្រូវខំរកបាយមួយចាន សម្លមួយវែកយកទៅវត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសសមគ្គផលជូន ឪពុក ម្តាយ ជីដូនជីតាដែរ ។
២៦. បើយោងតាមប្រពៃណីខ្មែរ មនុស្សដែលស្លាប់ទៅហើយកូនចៅនៅឯក្រោយឃើញនៅមានសំណល់ទុករហូតមកដល់សព្វថ្ងៃ ៖
យកចំណីអាហារទៅអុជធូបបួងសួងអញ្ជើញខ្មោចឲ្យមកកសេពសោយភោជនាអាហារ និងផ្តល់សេចក្តីសុខសេចក្តីចម្រើនសល់កូនចៅ ( ការធ្វើបែបនេះ គេតែងនាំគ្នាឲ្យតម្លៃ ថាការធ្វើតាមសាសនាព្រហ្មណ៍ ) ។ តែតាទស្សនៈផ្ទាល់ខ្លួន ខ្ញុំយល់ថា ការធ្វើបែបនេះ ជាលក្ខណៈអរិយធម៌ខ្មែរមានតាំងពីមានកំនើតជាខ្មែរមកម៉្លេះ ។ នេះបើយោងតាមប្រវត្តិសាស្រ្តមនុស្សដើម បើមនុស្សរស់នៅផ្ទះណា បើគាត់ស្លាប់ត្រូវរៀបចំកន្លែងឲ្យគាត់សម្រាន្តឲ្យស្រួល ។ ដល់គាត់ ពិសាអ្វីត្រូវយករបស់នោះទៅជូនគាត់( សែន ) ។ ការធ្វើបែបនេះជាទម្លាប់ដល់សព្វថ្ងៃនេះ ។
ការធ្វើពិធីរៀបចំសែននេះ ដោយយល់ថា មនុស្សស្លាប់គឺ ស្លាប់តែជីវីតឯវិញ្ញាណមិនស្លាប់ទេ បានជាគេរៀបចំសែនជូនបែបនេះ ។
២៧. ត្រូវធ្វើពិធីសែនព្រេននៅថ្ងៃ ១៥រោច ឬហៅថាថ្ងៃភ្ជុំបិណ្ឌ ។
២៨. ប្រេតគឺជា ពាក្យសំស្រ្តឹត បើបាលីហៅថា បេត ។
ពាក្យ បេត បើយោងតាម៖ បទានុក្រម ធម្មបទភាគទំព័រ ១៧៥
បេត < ប. បុព្វបទ + ឥ.ធាតុ + ត.បច្ច័យ ថា
វី.បរលោកកំ ឯតិ កច្ឆតីតិ ( បុគ្គលោ )
វិ.បេតស្ស កាតព្វន្តិ > បេតំ ( កិច្ចំ )
បេតំ កិច្ច > បេតកិច្ច ។
ប្រេត ( សំ ,បា , បេត ) សត្វកើតក្នុងអបាយភូមិ ពួកមួយ ពួកប្រេត ។
គុ. អ្នកដែលធ្វើមរណកាលទៅកាន់បរលោកទៅហើយ ។
អបាយភូមិ ជាកំណើតសត្វ ដែលប្រាសចាកសេចក្តីសម្រើន មានពួកនរកតិរច្ឆាន ប្រេត អសុរកាយ ទាំង៤ នេះជាអបាយភូមិ ។
ប្រេត គឺជាសត្វដែលបានកើតក្នុងអបាយភូមិ ជាក្រុមសត្វ នរក អសុកាយ ដែលជាសត្វបាបច្រើនរងទុក្ខវេទនា ស៊ីតែវត្ថុមិនស្អាត ជាវត្ថុលាយដោយខ្ទុះ និងឈាម ។ ពួកប្រេត បានដើររកស៊ីតាមសំយាបផ្ទះញាតិ... ។
២៩. ប្រេតមានច្រើនពួក តែបើបំព្រួញឲ្យខ្លី នៅត្រឹមតែ ៤ពួក ៖
៣០. គឺពួកបរទតត្តូបជីវិតប្រេតនេះហើយ ដែលយើងធ្វើបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសកុសលផល ឬសែនឲ្យរាល់ឆ្នាំរាល់លើក ។
៣១. យើងត្រូវយកបង្អែម ចំអាប ដែលយើងហៅថា បិណ្ឌនោះទៅប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃ ហើយឧទ្ទិដផលដោយវាចា ជាដើមថា «ផលទាន នៃយើងខ្ញុំទាំងឡាយនេះសូមឲ្យបានទៅដល់អ្នកមានគុណទាំងឡាយមានមាតាបិតាដើមដែលទៅកាន់បរលោកហើយ » ។
យើងត្រូវធ្វើបែបនេះ ជារៀងរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ និងភ្ជុំបិណ្ឌទើបពួកប្រេតដែលញាតិរបស់ខ្លួនបានរួចរំដោះចាកទុក្ខទាំងពួងបាន ។