ជនអន្តោប្រវេសន៍ដែលមិនអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ត្រូវមានទោសដូចតទៅ ៖
ក. ទោសជាប់ពន្ធនាគារ
- ត្រូវផ្តន្ទាទោសដាក់គុកពី៣ដល់៦ខែមុននឹងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាដែលចូលមកកម្ពុជាដោយលបលាក់បន្លំឬដោយល្បិចកល់ផ្សេងៗផ្ទុយនឹងច្បាប់។
- ត្រូវផ្តន្ទាទោសដាក់គុកពី៥ដល់១០ឆ្នាំចំពោះជនដែលក្លែងបន្លំសរសេរត្រួតកោសលប់ឬឱ្យគេខ្ចីឬមួយសរសេរឈ្មោះក្លែងក្លាយ ក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យា ឬមួយក៏ប្រើប្រាស់ឯកសារទាំងនោះដែលមានឈ្មោះផ្សេងៗពីខ្លួន ឬធ្វើបណ្តឹងក្លែងបន្លំសុំឯកសារ។
ខ. ទោសពិន័យជាប្រាក់
- ត្រូវពិន័យជាប្រាក់ពី ៥០ ០០០ដល់១០០០ ០០០រៀលចំពោះជនអន្តោប្រវេសន៍ណាដែល
- មិនបង្ហាញខ្លួននិងដាក់ពាក្យសុំស្នាក់នៅបន្ទាប់ពីមកដល់ប្រទេសកម្ពុជា
- មិនបានសុំបញ្ជាក់លើប័ណ្ណស្នាក់នៅ ពីសមត្ថកិច្ចមូលដ្ឋានមុនពេលផ្លាស់ប្តូរទីលំនៅ
- មិនបានបង្ហាញប័ណ្ណស្នាក់នៅពេលសមត្ថកិច្ចឆែកឆេរឬមិនព្រមប្រគល់ប័ណ្ណពេលសមត្ថកិច្ចធ្វើការដកហូតក្នុងករណីមិនគោរពតាមបទបញ្ញត្តិនៃច្បាប់អន្តោប្រវេសន៍
- ការធ្វើដំណើរជិត ឬចូលក្នុងតំបន់ដែលសមត្ថកិច្ចហាមឃាត់
- ប្រើប្រាស់ប័ណ្ណស្នាក់នៅ ហួសរយៈពេលកំណត់
- មិនបានសុំការអនុញ្ញាតចេញ និងវិលត្រលប់មកវិញពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងរយៈពេលស្នាក់នៅ។
- ករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី១០០០ ០០០ដល់២០០០ ០០០រៀល។
គ. ទោសបណ្តេញចេញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបណ្តេញចេញរាល់ជនបរទេសអន្តោប្រវេសន៌ណាដែល ៖
- រំលោភលើបញ្ញត្តិច្បាប់អន្តោប្រវេសន៍
- មានអាកប្បកិរិយានិងសកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រសួងមានសមត្ថកិច្ច មានភស្តុតាងជាក់លាក់ថាជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា។
- មកធ្វើការនៅប្រទេសកម្ពុជាដោយគ្មានប័ណ្ណការងារ។