កន្លងមកប្រទេសថៃតែងតែមានចំណាត់ការចំពោះពលករ ដែលកំពុងធ្វើការដោយខុសច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាននានានៅក្នុងប្រទេសថៃ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានព្រមព្រៀង និងរៀបចំបែបបទជូនពលករខ្មែរដែលកំពុងធ្វើការខុសច្បាប់ ឱ្យក្លាយជាពលករស្របច្បាប់។ ប៉ុន្តែនៅពេលថ្មីៗនេះរដ្ឋាភិបាលយោធាថៃ បានបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញយ៉ាងតក់ក្រហល់និងគំហុកដោយគ្មានការជួនដំណឹង និងពិភាក្សាជាមុនជាមួយកម្ពុជា។ គិតចាប់ពីថ្ងៃទី ០៦ ដល់ ២៣ ខែមិថុនា ឆ្នាំ ២០១៤ ពលករដែលបានត្រឡប់មកកម្ពុជាវិញមានចំនួនសរុប ២៨១ ៣៨៦ នាក់ ក្នុងនោះតាមច្រកខេត្តបន្ទាយមានជ័យ ចំនួន ១៩៤ ៤៨៧ នាក់ តាមច្រកខេត្តឧត្តរមានជ័យមានចំនួន ១២ ០៦២នាក់ តាមច្រកខេត្តបាត់ដំបងចំនួន ២១ ៨០៣ នាក់ តាមច្រកខេត្តប៉ៃលិនចំនួន ៤ ៩៦៧នាក់ តាមច្រកខេត្តកោះកុងចំនួន ៣ ០៦៧ នាក់។ ពលករដែលបានចាប់បញ្ជូនទាំងអស់រួមមានពលករដែលកំពុងធ្វើការខុសច្បាប់ ចាស់ជរា ជនពិការ កុមារ និងស្រ្តីមានផ្ទៃពោះ។
ក.ពលករកម្ពុជាដែលមានបំណងវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ៖
- រដ្ឋាភិបាលយោធាថៃបានចេញសេចក្តីប្រកាសចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ១០«៤ តាមរយៈគណៈកម្មាធិការជាតិរក្សាសន្តិភាព បានបង្កើតមណ្ឌលសម្របសម្រួល (Coordinating Center) នៅតាមព្រំដែន ចាប់ពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៤ ដែលមានចំនួន៤កន្លែង៖
១.អារញ្ញ (ខេត្តស្រះកែវ) ទល់មុខក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២.បានប៉ាកាត (ខេត្តច័ន្ធបុរី) ទល់មុខក្រុងប៉ៃលិន
៣.កាត់ឆ្អឹង (ខេត្តសូរិន) ទល់មុខអូរស្មាច់ ខេត្តឧត្តរមានជ័យ
៤.ហាត់លឹក (ខេត្តត្រាត) ទល់មុខចាំយាម ខេត្តកោះកុង
- ពលករខ្មែរទាំងអស់ដែលបានចាកចេញពីប្រទេសថៃនាពេលថ្មីៗនេះ អាចទៅធ្វើការនៅកន្លែងដើមវិញតាមមជ្ឃមណ្ឌលសម្របសម្រួលទាំងនេះ ដោយមាននិយោជកដែលខ្លួនបានធ្វើការពិមុននៅចាំទទួល។ ពលករខ្មែរដែលពុំមាន ឬមានឯកសារមិនគ្រប់គ្រាន់អាជ្ញាធរថៃទុកពេល ៦០ថ្ងៃ សម្រាប់ឱ្យពួកគេបំពេញបែបបទឱ្យបានត្រឹមត្រូវនៅតាមមជ្ឃមណ្ឌលច្រកចេញចូលតែមួយ (One Stop Services) ដែលមាននៅគ្រប់ខេត្តទាំង ៧៧ របស់ថៃ សម្រាប់ផ្តល់សេវាកម្មពិនិត្យសុខភាព និងចេញប័ណ្ឌការងារ (Work Permit) ប័ណ្ឌស្នាក់នៅ (Stay Permit) ដែលមានរយៈពេលតាមកិច្ចសន្យាការងាររវាងពលករ និងនិយោជិកថៃអាចពី ២ឆ្នាំ ហើយបន្តទៀតបាន២ឆ្នាំ។ ដើម្បីបានប័ណ្ឌការងារ (Work Permit) និងប័ណ្ឌស្នាក់នៅ (Stay Permit) ពលករត្រូមមានឯកសាររបស់កម្ពុជារួមមាន៖ ប័ណ្ឌពលករកម្ពុជា ទៅធ្វើការបរទេស (Overseas Cambodia Worker Card) និងលិខិតឆ្លងដែន (Passport)។
ខ.វិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ពលករដែលវិលត្រឡប់ពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់ទៅធ្វើការនៅប្រទេសថៃ៖
អនុវត្តតាមអនុសាសន៍របស់ សម្តេចតេរជោនាយករដ្ឋមន្រ្តី ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីប្រដាប់អាវុធ បានធ្វើប្រតិបត្តិការឆ្លើយតបទាន់ពេលវេលា ដើម្បីទទួលដំណើរមាតុភូមិនិវត្តន៍ដ៏កំហុករបស់ពួកពលករដោយធានាបាននូវសេវាសង្គ្រោះបន្ទាន់ ឧបត្ថម្ភស្បៀងអាហារ ការថែរក្សាសុខភាព ដឹកជញ្ជូនបងប្អូនពលករទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។
- ដើម្បីជាការលើកទឹកចិត្ត និងដោះស្រាយបញ្ហានានារបស់ពលករទាំងនោះ ក៏ដូចជាការស្វែងយល់ពីជីវភាពរស់នៅបន្ទាប់ពីការវិលត្រឡប់ពីប្រទេសថៃទៅកាន់ភូមិដ្ឋានវិញ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានី ខេត្ត បាន៖
១.សហការជាមួយអាជ្ញាធរមូលដ្ឋានក្តាប់ឱ្យជាប់ជាប្រចាំអំពីចំនួនស្ថិតិ និងស្ថានភាព (ជីវភាព សុខភាព និងការងារ) របស់ពលករទាំងអស់នោះ។
២.ឧបត្ថម្ភសម្ភារ ឬគ្រឿងឧបភោគ និងបរិភោគ។
៣.ជួយគាំទ្រព្យាបាល និងឧបត្ថម្ភដក់ពលករដែលមានជម្ងឺ ឬដែលជួបប្រទះគ្រោះថ្នាក់នានា ឬទទួលមរណភាព។
៤.ខិតខំសហការជាមួយក្រសួង ស្ថានប័ននានា និងអង្គការជាតិ-អន្តរជាតិដើម្បីស្វែងរកការងារជួនពលករ និងខិតខំជំរុញការបង្កើតការងារនៅតាមមូលដ្ឋានរបស់ខ្លួន។
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតគណៈកម្មការសម្រាប់ដោះស្រាយករណីពលករទេសន្តរប្រវេសន៍ខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងបានសហការជាមួយនឹងអាជ្ញាធរដែនដីនិងជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ។
- ចេញសេចក្តីជួនដំណឹងស្តីពីការផ្តល់សេវាការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលមានបំណងបង្កើននូវជំនាញរយៈពេលខ្លី និងមធ្យម (ពី១សប្តាហ៍ ទៅ ៤ខែ)។ កន្លងមកក្រសួងបានជូនដំណឹងដល់ពលករនូវឱកាសការងារក្នុងស្រុកជិត ៤ម៉ឺនកន្លែង។ ពលកររាប់ម៉ឺននាក់ផ្សេងទៀតបានទៅរកការងារដោយផ្ទាល់នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានារួចទៅហើយ។
- សហការជាមួយក្រុមហ៊ុនជ្រើសរើសឯកជន ជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលវិលត្រឡប់មកពីប្រទេសថៃវិញ និងរៀចចំបែបបទស្របច្បាប់ជួនពលករកម្ពុជា ក្នុងករណីពលករមានបំណងទៅធ្វើការនៅប្រទេសថៃវិញ។
- ដើម្បីបន្ថយការចំណាយ និងជួយសម្រួលបែបបទជួនពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅបរទេស ពិសេសពលករដែលមានបំណងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញលិខិតឆ្លងដែនជួនពលករដោយអារកជាបន្ទុករបស់រដ្ឋ និងយកតម្លៃថតរូប ចំនួន ៤ដុល្លាអាមេរិច។ រយៈពេលធ្វើលិខិតឆ្លងដែន ២០ថ្ងៃ ធ្វើការតាមរយៈអនុក្រឹត្សលេខ ២០៥ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៤ ស្តីពីការផ្តល់លិខិតឆ្លងដែនជួបពលករ ពលការិនី និងសិស្សនិស្សិតខ្មែរ។
- រៀបចំឱ្យមានច្រកចេញចូលតែមួយនៅគ្រប់រាជធានី ខេត្ត មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសាខាផ្តល់លិខិតឆ្លងដែន របស់ក្រសួងមហាផ្ទៃ ដើម្បីសម្រួលក្នុងការបំពេញបែបបទជួនពលករប្រកដោយតម្លាភាព និងកាត់បន្ថយពេលវេលានូវការបំពេញបែបបទធ្វើលិខិតឆ្លងដែន ដែលអាករជាបន្ទុករបស់ដ្ឋ (ពលករអត់មានចំណាយថវិកា)។
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជួនដំណឹងដោយកំណត់ឱ្យរាល់ការចំណាយផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុនជ្រើសរើសឯកជនស្របច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពលករចំណាយតែ ២០ដុល្លាអាមេរិច សម្រាប់បង់ថ្លៃទិដ្ឋាការងារទៅឱ្យស្ថានទូតថៃប្រចាំនៅកម្ពុជាតែប៉ុណ្ណោះ។
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្ជូនប្រតិភូបច្ចេកទេសដើម្បីទៅពិភាក្សាជាមួយភាគីថៃដើម្បីកំណត់នូវនីតិវិធីក្នុងការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំច្រកចេញចូលតែមួយកម្ពុជា-ថៃ តាមស្មារតីអង្គប្រជុំដែលបានព្រមព្រៀងគ្នាកន្លងមករួចមកហើយ។