2017-12-10 20:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកំលោះពីរនាក់បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា «យើងធ្វើដូចម្ដេចនឹងបានអេះ ?» ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកំលោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធនោះដើរមកដល់, ក៏កំលោះម្នាក់នោះវាសួរថា « នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន» ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកំលោះម្នាក់បររទេះមកដល់វាធ្វើជាសួរថា «នេះហៅអ្វី ? អ្នក !»។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា «គេហៅរទេះ» មែនឬអ្នក ? ។ បុរសនោះថា «មែន » « បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ»។ បុរសនោះសួរថា « អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កំលោះនោះថា « បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ « សុំតែប្រពន្ធអ្នក » ។ បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។ ទើបកំលោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កំលោះអ្នកបររទេះប្រាប់ថា « នេះគេហៅចន្ទោល»។ ចង្អុលសួរទៅនឹមថា «នេះគេហៅនឹម» « នេះគេហៅទូក» «នេះគេហៅទ្រាយ» « នេះគេហៅប្រែក» «នេះគេហៅកង់» «នេះគេហៅខ្នងកង់» «នេះគេហៅទ្រពង» ដល់ឆ្លើយរួចសព្វគ្រប់ កំលោះនោះសួរទៅបុរសជាប្ដីថា«ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេ ៗ ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រម ៗ ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កំលោះទាំងពីរនាក់នោះវាសូកចៅក្រម ៗ កាត់សេចក្ដីថា «ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ» ។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយ ៗសួរថា «ថ្វីបានជាយំបង ? » ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា « បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ» ។ បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយ ៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា «លោកកាត់សេចក្ដីគេនោះ តើដូចម្ដេចខ្លះ ?»។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា «លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង» ។ សុភាទន្សាយ សួរកំលោះដែលយកប្រពន្ធគេមកនោះថា « អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ?» ។ បុរសនោះឆ្លើយថា «ដាក់ប្រពន្ធ » ។ សុភាទន្សាយ សួរទៅកំលោះនោះថា « ត្រង់ណាហៅប្រពន្ធ » បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ»។ កំលោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា « នេះគេហៅជើងទេ» វាចាប់ត្រង់នេះ ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ «ប្រពន្ធ» ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់ទ្រពង រួមទាំងអស់នេះទៅ ទើបហៅថា «រទេះ» បើដូច្នេះ ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ» ។ សុភាទន្សាយឲ្យកំលោះនោះ យកប្រពន្ធមកវិញ ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា «បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ» ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់ លើកដៃសំពះសុភាទន្សាយថា « លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន » ។
ប្រាជ្ញឯង ឲ្យក្រែងប្រាជ្ញគេ