រកន័យដូចនឹងពាក្យ « ស៊ី » គឺ៖
- សោយៈ សម្រាប់និយាយតែនៅក្នុងសង្គមព្រះរាជវង្សានុវង្ស ។ ឧ. ព្រះមហាក្សត្របានសោយព្រះក្រយារួចរាល់ហើយ ។
- ឆាន់ៈ សម្រាប់និយាយតែនៅក្នុងសង្គមព្រះសង្ឃ ។ឧ. សម្តេចព្រះសង្ឃរាជ ទ្រង់ឆាន់បាយថ្ងៃត្រង់ជាមួយសម្លរម្ជូរ ។
- ពិសាៈ សម្រាប់និយាយព្រះរាជវង្សានុវង្សព្រះសង្ឃនិងមនុស្ស ដែលមានអាយុតិចនិយាយដោយគោរពទៅរកចាស់ព្រឹទ្ធាចារ្យ ឬបុត្រា បុត្រី និយាយទៅរកមាតា បិតា ឬសម្រាប់ក្មួយៗនិយាយទៅរកឪពុកធំ ឪពុកមា ។ ឧ. លោកឪពុកអញ្ជើញ ពិសា អំបុក ជាមួយទឹកដូងជុំគ្នា ។
- ទទួលទានៈ ពាក្យគោរព ពាក្យគួរសម ដែលសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ ឬអ្នកស្មើគ្នានិយាយទៅវិញទៅមក ។ ឧ. លោក នាយអញ្ជើញពិសាបាយចុះខ្ញុំទទួលទានរួចហើយ ។
- ហូបៈ សម្រាប់មនុស្សស្មើភាព នឹងខ្លួនឬទាបជាងខ្លួនដោយសេចក្តីគួរសម ។ ឧ. ឯងរាល់គ្នាម៉េចក៏មិនាំគ្នា ហូបបាយឲ្យហើយពីថ្ងៃពីភ្លឺទៅ ?
- អាស្រ័យៈ សម្រាប់អ្នកធំ ឬមាតាបិតានិយាយទៅរកកូនចៅ ។ ឧ. ឯងរាល់គ្នានៅចាំអី ក៏មិនអាស្រ័យបាយពីថ្ងៃពីភ្លឺឲ្យហើយនៅ ។
- បរិភោគៈ ការចំអែតអាត្មា ពាក្យអ្នកធំ ឬចាស់និយាយទៅរកអ្នកតូច ទៅរកក្មេង ។ឧ. សំបូរតើកូនបរិភោគបាយហើយ ឬនៅ ?
- ឆីៈ ស៊ី ឆ្កែជាឲ្យបាយឆី ដេកនៅដីចាំធនធានគ្រឿងសឹកទុកទាហាន កេរ្តិ៍គម្ពីរទុកប្រាជ្ញប្រាយ ។
- ញុំាៈ និយាយបានតែ ចំពោះកូនក្មេងតូចៗ ( ពាក្យទំយើ ) ។ឧ. វាចេះញុំាបាយដោយខ្លួនឯងហើយ ។
- ច្រាស. ច្រាសច្រុំៈ ពាក្យបញ្ជោះបោះបោកពាក្យទ្រគោះ ។ ឧ. អ្ហែង ច្រាសច្រំដល់ម៉ោងប៉ុន្មាន ?
- ទរៈ ស៊ី ។ ឧ. ឆ្កែទរនំអស់រលីង ។
- ចឹកៈ ខាំដោយចំពុះ ។ ឧ. មាន់ចឹកស្រូវអស់មួយក្រឡ ។
- ហួរៈ ស្រូបដោយចំពុះ ។ ឧ. ទាមួយហ្វូងហួរចំណីអស់ ។