Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                 សេចក្ដីអត្ថាធិប្បាយ

   នៅក្នុងប្រទេសកម្ពុជាមានប្រជាជនសរុបជាងកៅសិបភាគរយដែលគោរពប្រកាន់បដិបត្តិតាមទ្រឹស្ដីព្រះពុទ្ធសាសនាហើយត្រូវបានរដ្ឋាភិបាលដាក់ចូលរដ្ឋធម្មនុញ្ញថាសាសនារបស់រដ្ឋថែមទៀតផង។នៅក្នុងព្រះពុទ្ធសាសនាមានទស្សនៈអប់រំជាច្រើនដែលបង្រៀនអប់រំប្រៀនប្រដៅដល់មនុស្សសត្វឲ្យប្រព្រឹត្តអំពើល្អមានភាពស្មោះត្រង់ប្រកាន់ខ្ជាប់នូវសីលប្រាំមិនមានចិត្តវៀចវេលោភលន់មិនច្រណែនឈ្នានីសដល់អ្នកដ៏ទៃនិងស្គាល់ហេតុស្គាល់ផលបុណ្យបាបប្រាស់ចាកនូវអវិជ្ជាទាំងឡាយ ។នៅក្នុងទស្សនៈ អប់រំទាំងអស់នោះគេឃើញមានទស្សនៈ អប់រំមួយបានទូន្មានថា«កូនដែលដឹងនិងតបគុណមាតាបិតា ត្រូវទទួលបាននូវអានិសង្សកតញ្ញូ»។

     តើទស្សនៈអប់រំនៃព្រះពុទ្ធសាសនាខាងលើនេះមានអត្ថន័យនិងខ្លឹមសារយ៉ាងដូចម្ដេចខ្លះ?

     ដើម្បីជាតម្រុយជំនួយដល់ការបកស្រាយប្រធានបទខាងលើឲ្យកាន់តែស៉ីជម្រៅនិងក្បោះក្បាយច្បាស់លាស់នោះយើងគប្បីពន្យល់នូវពាក្យគន្លឹះប្រធានជាមុនសិន។ ពាក្យ«អានិសង្ស»គឺសំដៅលើផលដែលតបស្នងបានមកពីការធ្វើនូវអំពើល្អដែលបុគ្គលអ្នកប្រព្រឹត្តបានធ្វើ។ចំណែកពាក្យ«កតញ្ញូ»គឺសេចក្ដីដឹងគុណដល់បុគ្គលដែលបានប្រព្រឹត្តល្អមកលើខ្លួន។ ស្របតាមន័យរបស់ពាក្យគន្លឹះប្រធានចង់បានសេចក្ដីថា កូនដែលដឹងនិងតបស្នងគុណមាតាបិតា នឹងត្រូវទទួលបាននូវការតបស្នងសងវិញនូវការដឹងគុណពីបុគ្គលដ៏ទៃដែលខ្លួនបានប្រព្រឹត្តអំពើជាបុណ្យកុសលដល់បុគ្គលផ្សេងឯទៀតនោះដែរ។

    ជាការពិតណាស់នៅក្នុងទស្សនៈអប់់រំជាច្រើនរបស់ពុទ្ធសាសនាបានទូន្មានប្រដៅដល់មនុស្សឲ្យចេះស្គាលនូវគុណនិងទោសស្គាល់ហេតុនិងផល អំពើបុណ្យនិងអំពើបាបអាក្រក់ល្អសខ្មៅចេះតបស្នងនូវគុណចំពោះមាតាបិតា ដែលបានចិញ្ចឹមបីបាច់ថែរក្សា ពរពោះអស់រយៈពេល ៩ខែ១០ថ្ងៃ ដោយសេចក្តីអំណត់រហូតដល់ធំដឹងក្តី ចំពោះកូនៗនៅពេលចំរើនវ័យនៃការត្រិះរិះពិចារណា ក៏រមែងតែងតែរំលឹកនឹកគុណដល់មាតាបិតា ដោយឆ្លើយតបតាមរយៈនៃការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ព្រមទាំងអនុវត្តន៍អំពើណា ដែលជាបុណ្យកុសលធ្វើអោយ លោកសប្បាយរីករាយក្នុងផ្លូវចិត្ត។កូនដែលចេះដឹងនូវឧបការគុណដល់មាតាបិតារមែងទទួលបាននូងបុណ្យកុសលដ៏ខ្ពងខ្ពស់ដែលមានជាអាថមាននូវការដឹងគុណត្រឡប់មកវិញអំពីបុគ្គលផ្សេងទៀតដែលខ្លួនបានធ្វើល្អដាក់មកនោះ និងការគោរពស្រលាញ់ការកោតសរសើរឲ្យតម្លៃមានកិត្តិសព្ទល្បីរន្ទឺកេរឈ្មោះល្អប្រសើរពាសពេញទីកន្លែងប្រៀបដូចក្លិនក្រអូបបញ្រ្ចាស់ខ្យល់អ៊ីចឹងឯង។ អនិសង្សដែលបានពីការចេះតបគុណរបស់មាតាបិតាតែងឲ្យផលត្រឡប់មកតាំងពីជាតិបច្ចុប្បន្នដែលបានរស់នៅដែលត្រូវបានការតបស្នងមកវិញនូវការដឹងគុណចេះយកអាសារដល់ខ្លួនផងនោះ និងទាំងអនាគតជាតិផងដែរដែលត្រូវទទួលបានផលបុណ្យកើតជាទេវតាឬអ្នកមានទ្រព្យសម្បត្តិដែលមានគេគោរពស្រលាញ់ច្រើនទៀតផង។ ជាក់ស្ដែងនៅក្នុងសង្គមខ្មែរបច្ចុប្បន្នមានកុលបុត្រកុលធីតាបានដឹង និងតបស្នងគុណម្ដាយឪពុកគេតែងឃើញកូនទាំងអស់នោះតែទទួលនូវបុណ្យកុសលដែលជាការតបស្នងវិញនូវការដឹងគុណរបស់គេចំពោះមាតាបិតាដែលត្រូវបងប្អូនញាត្តិមិត្តជិតឆ្ងាយចេះជួយទុក្ខធុរៈយកអាសារពេលមានការលំបាកនានាដែលបានកើតឡើង ហើយមានកិត្តិសព្ទល្បីឈ្មោះខ្ទរខ្ទាត្រូវអ្នកផងទាំងពួងគោរពឲ្យតម្លៃស្រលាញ់រាបអានយ៉ាងច្រើនឥតគណនា។ ចំណែកនៅក្នុងអក្សរសិល្ប៍រឿងសុវណ្ណសាមវិញដែលបង្ហាញឲ្យយើងឃើញថា សុវណ្ណសាមជាកូនកតញ្ញូ ដឹងគុណមាតបិតា ដូចជានៅពេលមាតាបិតាលោកទាំង២ត្រូវពិការភ្នែកដោយពស់ព្រួសពិសដាក់ភ្នែក ដោយសុវណ្ណសាមនៅមើលថែរក្សាមាតាបិតាដោយកាយវិការទន់ភ្លន់គក់ច្របាច់ដោយដៃថ្នមខ្លួន ដើរស្វែងរកបេះផ្លែឈើយកទៅទំនុកបម្រុងមាតាបិតា មិនអោយខ្លះចន្លោះឡើយ ហៀយសុវណ្ណសាមបានយកក្អមទៅដងទឹកយកមកអោយមាតាបិតាមុជជម្រះកាយាទៀតផង ។ អំពើជាកុសលរបស់សុវណ្ណសាមចំពោះអ្នកមានគុណ គេក៏បានទទួលត្រលប់មកវិញនូវគុណដ៏ល្អនេះដូចជានៅពេលសុវណ្ណសាមទៅដងទឹកនៅស្ទឹងត្រូវយក្សបាញ់ប្រហារឲ្យក្ស័យជីវិតនៅតាមមាត់ស្ទឹងតែដោយអំណាចនៃបុណ្យកុសលនោះ បានធ្វើអោយព្រះឥន្ទ្រាធិរាជ មានទឹកចិត្តអាណិតអាសូរដល់សុវណ្ណសាម ជាពន់ពេកក៏ប្រោសដោយទឹកអម្រឹតឲ្យគេបានរស់មានជីវិតឡើងវិញទៅ។ កាន់តែច្បាស់ជាងនេះទៅទៀតនៅក្នុងរឿងអក្សរសិល្ប៍រឿងវេស្សន្តរដែលបាន បង្ហាញឲ្យយើងឃើញថា ជាលីគ្រឹស្នាគឺជាអ្នកដែលបានធ្វើអំពើល្អជួយបំពេញទានបារមីឲ្យព្រះបិតានៅទីបំផុតត្រូវបានព្រះឥន្ទ្រាធិរាជជួយពង្វាងផ្លូវឲ្យមកនគរព្រះអយ្យកោរព្រះអយ្យការ ធ្វើឲ្យគេទាំងពីរនាក់មានជីវិតឡើងវិញ ប្រកបដោយសេរីភាព ហើយប្រទាននូវទ្រព្យសម្បត្តិ និងព្រះអយ្យកោរព្រះអយ្យការរៀបចំអភិសេកអោយឡើងសោយរាជសម្បត្តិជំនួសព្រះអង្គទៅថ្ងៃអនាគត នេះដោយសារតែអំណាចនៃកុសលធម៌ដែលគេបានជួយបំពេញបារមីដល់បិតាទ្រង។ កាន់តែរឹតជាក់ច្បាស់ជាងនេះទៅទៀតនោះនៅក្នុងរឿងកុលាបប៉ៃលិនរបស់លោកញ៉ុកថែមដែលបានរៀបរាប់ពីខ្សែជីវិតរបស់ចៅចិត្រជាបុត្រប្រកបដោយកន្លងធម៌ បានមើលថែបិតាគឺតាចឺមដែលមានជម្ងឺ ផ្គត់ផ្គងទឹកក្ដៅត្រជាក់គក់ច្របាច់ផ្ដល់ថ្នាំសង្កូវដល់លោកថែមទាំងគោរពតាមដំបូន្មានរបស់ឪពុករហូតដល់ទីបញ្ចប់នៃជីវិតរបស់លោក។ក្នុងជីវិតកំព្រាចៅចិត្រត្រូវលោកគ្រូពេទ្យស្អាតជួយយកអាសារហើយរកការងារឲ្យធ្វើដោយសុំលោកហ្លួងរតនសម្បត្តិនៅប៉ៃលិនធ្វើជាកម្មករត្បូង។ដោយបុណ្យកុសលនៃការតបបម្រើគុណមាតាបិតារបស់ចិត្រ គេក៏ត្រូវលោកហ្លួងរតនសម្បត្តិប្រគលកូនស្រីសំណព្វចិត្តរបស់លោកធ្វើជាភរិយាហើយចែកទ្រព្យរបស់លោកទាំងអស់ឲ្យគេគ្រប់គ្រងនៅថែរក្សាទៀតផង។

       សរុបសេចក្ដីមកបុត្រទាំងឡាយដែលចេះដឹងនូវឧបការគុណចំពោះមាតាបិតា បុត្រទាំងអស់នោះតែងទទួលនូវផលតបស្នងវិញនូវការដឹងគុណស្រ័យពីអ្នកដ៏ទៃវិញជាក់ជាពុំខាននោះឡើយ។

      ឆ្លងតាមការអធិប្បាយយ៉ាងក្បោះក្បាយខាងលើរួចមកយើងអាចវាយតម្លៃប្រធានបានថា ទស្សនៈទូន្មានរបស់ព្រះពុទ្ធសាសនាខាងលើនេះពិតជាត្រឹមត្រូវមានខ្លឹមសារអប់រំយ៉ាងទូលំទូលាយ ដើម្បីឲ្យមនុស្សចេះតបនិងដឹងគុណចំពោះមាតាបិតាក៏ដូចជាបុគ្គលផ្សេងទៀតដែលប្រព្រឹត្តនូវគុណមកលើយើងនាគ្រាកន្លងមក។ ដូច្នេះក្នុងនាមយើងជាពុទ្ធសាសនិកត្រូវគោរពបដិបត្តិតាមពុទ្ធឱវាទរបស់សាសនាចេះដឹងគុណចំពោះអ្នកដែលបានធ្វើមកលើយើងឲ្យបានខ្ជាប់លាប់ ៕  

ដោយ អេត សុខ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login