ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាព ក្រសួងបានដាក់ចេញនូវវិធានការ និងសកម្មភាព ដូចខាងក្រោម ៖
- ពង្រឹងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្ម គ្រប់មុខសញ្ញា គ្រប់ជាន់ថ្នាក់ ។ ពង្រឹង
លេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្ម ដើម្បីប្រចាំការ ត្រៀមខ្លួនចូលដោះស្រាយនិងផ្សះផ្សារវិវាទ នៅរៀងរាល់ពេលម៉ោងធ្វើការងាររបស់បងប្អូនកម្មករនិយោជិត និងបង្កើតឱ្យមានវេណប្រចាំការពេលយប់ទៅតាមតម្រូវការសង្គមសេដ្ឋកិច្ច និងពេលវេលាសមស្របណាមួយ ។
- ពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារទី៨) នៃគណៈកម្មាធិការដឹកនាំការងារ ដើម្បី
អភិវឌ្ឍវិស័យឯកជន ជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគូពាក់ព័ន្ធ ដោះស្រាយបញ្ហាទាក់ទងទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ ។
- ពង្រឹងគណៈកម្មការប្រឹក្សាការងារ បង្កើនប្រសិទ្ធភាពនៃការពិភាក្សាផ្តល់យោបល់អំពីលក្ខខណ្ឌការងារស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ។ រៀបចំ និងអនុវត្តបទបញ្ជាផ្ទៃក្នុងតាមគោលការណ៍ប្រជាធិបតេយ្យ និងបទដ្ឋានអន្តរជាតិ ។
- សហការជាមួយក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំច្បាប់ស្តីពីតុលាការការងារ ។
- បង្កើតឱ្យមានបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់កម្រិតបឋមដល់កម្មករនិយោជិតសហគ្រាស គ្រឹះស្ថានដែលមានវិវាទ ។
- ពង្រឹងយន្តការដោះស្រាយវិវាទការងាររួម តាំងពីពេលចាប់ផ្ដើមមានវិវាទ រហូតដល់កលើវិវាទត្រូវបានប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
- គាំទ្រឱ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
- ពង្រឹងយន្តការដោះស្រាយវិវាទបុគ្គល តាំងពីពេលចាប់ផ្ដើមមានវិវាទរហូតដល់ភាគីបណ្តឹងធ្វើពាក្យបណ្ដឹងបន្តទៅតុលាការមានសមត្ថកិច្ច ។
- សហការជាមួយស្ថាប័នពាក់ព័ន្ធ ជំរុញការបង្កើតយន្តការធានារ៉ាប់រងផលប្រយោជន៍កម្មករនិយោជិតនៅពេលរោងចក្រក្ស័យធន ។
- ពង្រឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពដោះស្រាយវិវាទការងារ និងពង្រីកសាខាក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅតាមតំបន់ និងរៀបចំឱ្យមានក្រុមអាជ្ញាកណ្តាលចល័ត ដើម្បីដោះស្រាយវិវាទឱ្យទាន់ពេលវេលា ។
- រៀបចំ និងពង្រឹងយន្តការតាមដានប្រមូលព័ត៌មានលើកវិធានការទប់ស្កាត់ និងពន្យល់ដល់ភាគីពាក់ព័ន្ធនឹងវិវាទឱ្យយល់ពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
- ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
- បណ្តុះបណ្តាលគ្រូបង្គោលផ្នែកដោះស្រាយវិវាទការងារ ដើម្បីធ្វើការបណ្តុះបណ្តាលដល់មន្ត្រីដោះស្រាយ
វិវាទការងារអង្គការវិជ្ជាជីវៈ សហគ្រាស គ្រឹះស្ថាន និងអង្គការជាតិ ឱ្យបានយល់ដឹងពីច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ។
- សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានសិក្ខាសាលាស្តីពីការដោះស្រាយវិវាទការងារ យ៉ាងតិច
ចំនួន ២ ដង ក្នុង ១ ឆ្នាំ សំដៅបង្កើនការយល់ដឹងពីសិទ្ធិសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍ នៃការរក្សាបាននូវភាពសុខដុមនានៃទំនាក់ទំនងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍សំវាទសង្គមដោយសន្តិវិធី (Peaceful Social Dialogue) ។
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាពិសេសជាមួយអង្គការអន្តរជាតិខាងការងារ
ក្នុងការពង្រឹង និងកសាងសមត្ថភាពរបស់មន្ត្រីដោះស្រាយវិវាទការងារ ជាពិសេសមន្ត្រីជំនាញនៅតាមមន្ទីររាជធានី ខេត្ត ។
- រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបព័ត៌មានវិទ្យា ដែលអាចផ្លាស់ប្តូរជាមួយនឹងប្រព័ន្ធទិន្នន័យគ្រប់គ្រង
របស់អធិការការងារ ដើម្បីគ្រប់គ្រងស្ថិតិស្តីពីស្ថានភាពអង្គការវិជ្ជាជីវៈ ករណីវិវាទការងារ និងករណីកូដកម្ម ។ល។
- រៀបចំលិខិតបទដ្ឋាននានា ដើម្បីបំរើឱ្យការងារដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញានៃ គ.ក.ប គ្រប់ជាន់ថ្នាក់ ។
- ចូលរួមអន្តរាគមន៍ក្នុងការដោះស្រាយករណីរោងចក្រក្ស័យធនជាយថាហេតុ និងករណីហានិភ័យផ្សេងៗ
និងចូលរួមដោះស្រាយថវិកាសម្រាប់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិតតាមរោងចក្រសហគ្រាស ។
- បន្តសិក្សាលទ្ធភាពផ្តល់សច្ចាប័នបណ្តាអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ដែលត្រូវបានផ្តល់
សច្ចាប័នរួចដោយបណ្តាប្រទេសនៅក្នុងតំបន់ ។
- រៀបចំក្រុមការងារតាមដានត្រួតពិនិត្យ វាយតម្លៃ ផែនការសកម្មភាពនៃកម្មវិធីនេះ ដើម្បីកំណត់នូវសូចនាករវាស់នូវសមិទ្ធផលប្រចាំឆ្នាំ និងកំណត់ផែនការសកម្មភាពប្រចាំឆ្នាំ តាមរយៈកំណត់ឲ្យមានរបាយការណ៍ និងស្ថិតិប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយមានបញ្ជាក់ពីការវិវត្តនៃសូចនាករនីមួយៗ ។