សំណួរ
១- តើបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិមានអ្វីខ្លះ ? ចូរបកស្រាយ ?
២- ដូចម្តេចហៅថា វប្បធម៌សេវាសាធារណៈ ?
៣- ដូចម្តេចហៅថា ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល ?
៤- តើបញ្ហាប្រឈមសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នជួបបញ្ហាអ្វីខ្លះ ?
៥- ដូចម្តេចហៅថា ក្របខណ្ឌគិតយុត្តអន្តរកាល ?
ចម្លើយ
១- បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិមានដូចជា ៖
- បុគ្គលិកដែលត្រូវបានជ្រើសរើសនិងតែងតាំងដោយក្រុមប្រឹក្សា ៖ បុគ្គលិកទាំងនេះ គឺជាបុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សានៅពេលមានតម្រូវការធនធានមនុស្សដើម្បីបំពេញភារកិច្ច និងករណីកិច្ចឆ្លើយតបទៅនឹងតម្រូវការងារដែលក្រុមប្រឹក្សាត្រូវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
- បុគ្គលិកដែលត្រូវរៀបចំឡើងវិញ និងផ្ទេរទៅឲ្យក្រុមប្រឹក្សា ដែលបុគ្គលិករួមមាន ៖
- បុគ្គលិកដែលត្រូវរៀបចំឡើងវិញតាមការធ្វើសមាហរណកម្មរចនាសម្ព័ន្ធ និងមន្រ្តីរាជការដែលមានបច្ចុប្បន្នភាពទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
- បុគ្គលិកដែលបានផ្ទេរពីក្រសួង ស្ថាប័នទៅក្រុមប្រឹក្សាក្នុងដំណើរការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
- បុគ្គលិកដែលត្រូវបានតែងតាំងនឹងចាត់តាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សា ៖ បុគ្គលិកទាំងនេះ គឺជាបុគ្គលិកដែលត្រូវបានតែងតាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមការកំណត់របស់រដ្ឋាភិបាល ។ ដែលគោលនយោបាយនេះ មានវិសាលភាពអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
២- វប្បធម៌សេវាសាធារណៈ គឺសំដៅដល់ការផ្តល់សេវាសាធារណៈរបស់បុគ្គលិកមន្រ្តីរាជការដែលត្រូវប្រកាន់ខ្ជាប់នូវគោលការចំបងៗដូចជា៖
- ការផ្លាស់ប្តូរឥរិយាបទរបស់មន្រ្តីរាជការពី (អ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវា)
- ជាអ្នកផ្តល់សេវាដែលផ្តោតទៅលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា និងត្រូវឆ្លើយតបប្រកបដោយមនសិកាវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ
- ជាអ្នកប្រឹក្សាយោបល់ ដែលត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មាន និងពន្យល់ឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋអំពីនីតិវិធីរបៀបរបប និងបែបបទផ្សេងៗនៃការផ្តល់សេវា
- ជាអ្នកសម្របសម្រួលទៅលើដំណើរការនៃការផ្តល់សេវា និងការមកទទួលសេវាទៅប្រើប្រាស់ដោយការកាត់បន្ថយនីតិវិធីស្មុគស្មាញ ការផ្តល់សេវាមានភាពសាមញ្ញ ខ្លីទាន់ពេលវេលា និងមានភាពរលូននៅក្នុងទម្រង់ការងារទាំងអស់ ។
៣- ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល គឺសំដៅដល់ការធ្វើកម្មសិក្សាការី ការតាំងស៊ប់ក្នុងក្របខណ្ឌ ការតែងតាំង ការដំឡើងថ្នាក់ ការដំឡើងឋានន្តរស័ក្តិ ការរៀបឋានន្តរស័ក្តិជាថ្មី ការផ្លាស់ប្តូរកន្លែងធ្វើការ ការផ្ទេរក្របខណ្ឌ ការដាក់ឲ្យនៅក្របខណ្ឌដើម ការដាក់ឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការបញ្ឈប់ពីការងារ ការបណ្តេញចេញពីការងារ ការចូលនិវត្តន៍ ការបន្ថយឋានន្តរស័ក្តិ ការបន្ថយថ្នាក់ ការព្យួរមុខងារដោយផ្អាកបៀវត្ស ការចូលបម្រើការងារជាថ្មី ។ល។
៤- បញ្ហាប្រឈមសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នរួមមាន ៖
- នីតិវិធីមួយចំនួនក្នុងការផ្តល់សេវាសាធារណៈនៅមានភាពស្មុគស្មាញ ប្រមូលផ្តុំការិយាល័យធិបតេយ្យ ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិត ហើយការរៀបចំនិងការដាក់ឲ្យអនុវត្តមួយចំនួនមានលក្ខណៈដាច់ដោយដុំ មិនមានលក្ខណៈជាប្រព័ន្ធ ។
- រំហូតការងារនិងទំនាក់ទំនងផ្ទៃក្នុងនៅក្នុងក្រសួងស្ថាប័ន រវាងក្រសួងស្ថាប័ននិងក្រសួងស្ថាប័ននៅមិនទាន់ដំណើរការជាបណ្តាញតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពរលូននៅឡើយ ។
- យន្តការនិងប្រព័ន្ធតាមដានពិនិត្យ និងវាយតម្លៃគុណភាពនៃសេវាសាធារណៈ មិនទាន់បានដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព ។
- ការគ្រប់គ្រង និងការអភិវឌ្ឍអាជីពរបស់មន្ត្រីរាជការ មិនទាន់ត្រូវបានរៀបចំជាប្រព័ន្ធប្រកបដោយសិទ្ធភាព និងមិនទាន់មានការរៀបចំការពិពណ៌នាមុខតំណែងឲ្យបានច្បាស់លាស់នៅឡើយ ។
- សមត្ថភាពធនធានមនុស្សនិងស្ថាប័ន នៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
- ប្រព័ន្ធបៀវត្សមិនទាន់ឆ្លើយតបនឹងគោលការណ៍សមធម៌ ប្រសិទ្ធភាព សង្គតិភាព ក្នុងនោះគម្លាតបៀវត្សរបស់មន្រ្តីរាជការស៊ីវិលនៅមានកម្រិតខ្ពស់ ប្រព័ន្ធបៀវត្សរបស់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលមិនមានសង្គតិភាពនឹងគ្នា ។
៥- ក្របខណ្ឌគិតយុត្តអន្តរកាល គឺសំដៅដល់ការបង្កើតឡើងនូវគោលការណ៍ណែនាំ ឬនីតិវិធីជាបណ្តោះអាសន្ននានា ដើម្បីគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅមុនពេលដែលក្របខណ្ឌគិតយុត្តអចិន្រ្តៃយ៍សម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំនិងអនុម័តជាផ្លូវការ ។
តភាគ