សម្តេចនរោត្តម សីហនុបានធ្វើរាជសកម្មភាពនៅប្រទេសមួយចំនួនដូចជា៖
- ប្រទេសបារាំង៖ សម្តេច នរោត្តមសីហនុ បានយាងទៅបារាំងនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ដោយប្រគលកិច្ចការប្រទេសជាតិឲ្យព្រះរាជបិតា ព្រះបាទសុរាម្រិត និងឯកឧត្តម ប៉ែន នុត ជាឧបនាយករដ្ឋមន្រ្តី ។ ពេលដល់បារាំងសម្តេចនរោត្តម សីហនុ ផ្ញើរសារទៅលោកប្រធានាធិបតីបារំាង វ៉ាងសង់ អូរីយ៉ូល នៅថ្ងៃទៅ ០៥មីនា ១៩៥៣ មានសេចក្តីថា « នៅក្នុងដំណើរទស្សនៈកិច្ចរបស់ខ្ញុំមកប្រទេសបារាំងខ្ញុំមានជំនឿថាបារាំងនិងសន្យាផ្តល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាជនខ្ញុំគឺការនាំមកនូវឯករាជ្យពេញលេញជួនមាតុភូមិ ។ នៅក្នុងន័យនេះបើប្រទេសកម្ពុជាមិនបានទទូលអំណាចតុលាការយោធា ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ទេនោះឈ្មោះថាប្រទេសកម្ពុជាមិនបាននូវឯករាជ្យពេញលេញនៅឡើយ » ។
- ប្រទេសកាណាដា៖ សម្តេចនរោត្តម សីហនុ សម្រេចព្រះទ័យយាងទៅធ្វើសកម្មភាពនៅកាណាដា ដោយទ្រង់សង្ឃឹមថា ប្រទេសនេះជាប្រទេសនិយាយភាសាបារាំងទទួលអរិយធម៌បារាំងហើយអាចមានឥទ្ធិពលក្នុងការទាក់ទាញរដ្ឋាភិបាលបារាំងឲ្យយល់អំពីបញ្ហារបស់ប្រទេសនៅក្រោមអាណានិគម ។ នៅប្រទេសកាណាដា សម្តេច សីហនុ ទ្រង់បានធ្វើសន្និសីទកាសែតមួយតាមវិទ្យុកាណាដា នៅថ្ងៃ១២ ខែ មេសា ១៩៥៣ ដោយទ្រង់បញ្ជាក់ថា ការផ្សព្វផ្សាយរបស់ពួកឥស្សរៈ និងកុំមុយនីស្តមានឥទ្ធិពលខ្លាំងក្នុងការទាក់ទាញប្រជាជនដែលធ្វើឲ្យប៉ះពាល់ឯករាជភាពនៃប្រទេសកម្ពុជា ។
- សហរដ្ឋអាមេរិច៖ នៅសហរដ្ឋអាមេរិចសម្តេច នរោត្តម សីហនុ បានផ្តល់បទសម្ភាសន៍មួយជាមួយភ្នាក់ងារសារព័ត៌មានមួយឈ្មោះថា ញូយ៉កថែម ( New York Time ) ។ នៅថ្ងៃទី ១៩មេសា ឆ្នាំ ១៩៥៣ កាសេតញូយ៉កថែម បានចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួននូវអត្ថបទដែលមានឥទ្ធិពលដូចគ្រាប់បែកមួយគ្រាប់ ។ អត្ថន័យនោះបញ្ជាក់ថា ប្រសិនបើប្រទេសនៅឥណ្ឌូចិនមិនបានទទូលឯករាជ្យពីបារាំងទេនោះ ប្រជាជនខ្មែរទូទាំងប្រទេសនិងក្រោកឡើង ធ្វើការប្រឆាំងនិងអាណានិគម នៅពេលនោះជោគជ័យរបស់ពួកកុំមុយនីស្តនិងកើតឡើងជាស្វ័យប្រវត្តិ ។ បន្ទាប់មកព្រះអង្គ ក៏បានយាងទៅប្រទេសថៃ ។