សំណួរ
១១- ចូររៀបរាប់ពីឋានានុក្រមមុខតំណែងក្នុងក្រសួង-ស្ថាប័ន និងមុខតំណែងរាជធានី-ខេត្ត ?
១២- តើទណ្ឌកម្មវិន័យមន្ត្រីរាជការមានប៉ុន្មានវិន័យ ? ចូររៀបរាប់ ?
១៣- តើគោលការណ៍មុខងារសាធារណៈមានប៉ុន្មាន ? ចូរបកស្រាយ ?
១៤- តើប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធវិជ្ជាជីវៈអ្វី ? ហើយមូលហេតុអ្វីដែលនាំអោយប្រទេសកម្ពុជាទទួលយកភិប្រព័ន្ធនេះមកអនុវត្តក្នុងការគ្រប់គ្រងមន្ត្រីរាជការ ?
១៥- តើលក្ខណៈពិសេសនៃមុខងារសាធារណៈមានប៉ុន្មានយ៉ាង ? ចូរបកស្រាយ ។
ចម្លើយ
១១- ឋានានុក្រមមុខតំណែងក្នុងក្រសួងស្ថាប័ន (ថ្នាក់កណ្តាល) និងមុខតំណែងរាជធានី-ខេត្ត រួមមាន ៖
ក- ក្រសួង ស្ថាប័ន (ថ្នាក់កណ្តាល)
- អគ្គលេខាធិការ
- អគ្គនាយក
- អគ្គាធិការ
- អគ្គលេខាធិការរង
- អគ្គនាយករង
- អគ្គាធិការរង
- ប្រធាននាយកដ្ឋាន
- អនុប្រធាននាយកដ្ឋាន
- ប្រធានការិយាល័យ
- អនុប្រធានការិយាល័យ
ខ- ថ្នាក់រាជធានី-ខេត្ត
- អភិបាលរាជធានី-ខេត្ត
- អភិបាលរងរាជធានី-ខេត្ត
- អភិបាលក្រុងស្រុកខណ្ឌ
- ប្រធានមន្ទីរ
- អនុប្រធានមន្ទីរ
- ប្រធានការិយាល័យ
- អនុប្រធានការិយាល័យ
- ប្រធានអនុប្រធានការិយាល័យក្រុងស្រុកខណ្ឌ
១២- ទណ្ឌកម្មវិន័យមន្ត្រីរាជការមាន២វិន័យគឺ ៖
- ស្តីបន្ទោស
- ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
- ផ្លាស់ដោយបង្ខំវិធានការវិន័យ
- លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់
- ស្តីបន្ទោសជាទម្ងន់បណ្តាលឲ្យលុបចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ បើសិនជាមានចុះឈ្មោះហើយ ឬធ្វើឲ្យយឺតក្នុងការតម្លើងឋានន្តរស័ក្តិ ឬថ្នាក់ ក្នុងថេរៈវេលាមួយមានការកំណត់តែមិនត្រូវឲ្យលើសពី២ឆ្នាំ ក្នុងការតម្លើងឋានន្តរស័ក្តិ ឬថ្នាក់តាមវេនជ្រើសរើស ឬតាមវេនតីតភាព ។
- ដាក់ឲ្យនៅទំនេរគ្មានបៀវត្សមិនឲ្យលើសពីមួយឆ្នាំ ។
- បន្ថយឋានន្តរស័ក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់ ។
- ដាក់ឲ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ ។
- បណ្តេញចេញពីមុខតំណែងរាជការ ។
១៣- គោលការណ៍មុខងារសាធារណៈមាន៣គឺ ៖
- បម្រើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សាធារណៈត្រូវផ្សារភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរ ពោលគឺមិនត្រូវប្រឆាំងនឹងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្ត្រីរាជការតាមក្រសួងផ្ទាល់នោះទេគឺគ្រាន់តែធ្វើការសម្របសម្រួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗឱ្យមានដំណើរការល្អ ដើម្បីបំពេញការងារឲ្យបានរលូននិងបានជោគជ័យតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ។
- គោរពគោលការណ៍ស្ដីពីឋានានុក្រមការងារការ ការតែងតាំង ការឡើងថ្នាក់ ឬឋានន្តរស័ក្តិ និងការដាក់ទណ្ឌកម្មវិន័យ....ត្រូវគោរពតាមនីតិវិធី និងមានគោលការណ៍ច្បាស់លាស់ ។
ឧទាហរណ៍ អនុមន្រ្តីមានឧបនិស្ស័យអាចកាន់មុខតំណែងអនុប្រធាននាយកដ្ឋាន ឬប្រធានមន្ទីរជាដើមចាំបាច់ត្រូវគោរពគោលការណ៍នេះ ។
- ការពារផលប្រយោជន៍របស់មន្ត្រីរាជការ គឺការពារផលប្រយោជន៍របស់មន្ត្រីរាជការ តាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមន្ត្រីរាជការ រួមមានការពារសិទ្ធិ ការឡើងថ្នាក់ ឬឋានានុក្រម ឬមុខតំណែង ការធានាជីព ការការពារអាជីព បៀវត្ស ប្រាក់សោធននិវត្តន៍ ។ល។ មុខងារសាធារណៈជាអ្នកសម្របសម្រួលគោលការណ៍ទាំងអស់នេះ ឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពរលូន ។ គោលការណ៍ទាំង ៣ នេះត្រូវតែឆ្លើយតបឲ្យបានត្រឹមត្រូវតាមសំណូមពរនិងបំណងប្រាថ្នារបស់រដ្ឋនិងមន្ត្រីរាជការ ។
១៤- ព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកប្រព័ន្ធវិជ្ជាជីវៈ មុខងារសាធារណៈក្របខណ្ឌតាមការសម្រេចរបស់រដ្ឋា បាលកម្ពុជានាថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ១៩៩៤ ។ មូលហេតុមួយចំនួនដែលនាំអោយប្រទេសកម្ពុជាទទួលយកប្រព័ន្ធនេះមកអនុវត្តរួមមាន ៖
- ប្រទេសកម្ពុជា គឺធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្ស (១៨៦៣-១៩៥៣) ។ ហើយប្រទេសកម្ពុជាយើងក៏ធ្លាប់អនុវត្តប្រព័ន្ធវិជ្ជាជីវៈក្របខ័ណ្ឌនេះតាំងពីពេលនោះមក ហើយចាក់ឫសគល់យ៉ាងជ្រៅក្នុងការគ្រប់គ្រងរាជការរហូតមក ។ ពោលគឺ ធ្លាប់មានប្រពៃណីតាំងពីយូរយារណាស់មកហើយដែលថាពេលចូលធ្វើការមានការធានាអំពីប្រាក់បៀវត្ស ដល់ចាស់ទៅមានប្រាក់សោធននិវត្តន៍ ។
- នៅដើមទសវត្សរ៍ ៩០ ប្រទេសកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពបង្រួបបង្រួមជាតិ និងកំពុងអនុវត្តគោលការណ៍នយោបាយសមាហរណកម្មមន្ត្រីរាជការនៃភាគីនយោបាយនានា ក្នុងពេលនោះយើងមានមិនអាចអនុវត្តប្រព័ន្ធនិយោជន៍បានទេ ព្រោះយើងមិនអាចរំសាយមន្ត្រីរាជការ ឲ្យទៅជាបុគ្គលិកជាប់កិច្ចសន្យាភ្លាមក្នុងចំនួន ១៥០,០០០ នាក់ឡើយ ។
- ការជ្រើសរើសប្រព័ន្ធនេះសមស្របតាមស្ថានភាពរបស់ប្រទេសកម្ពុជាយើង ជាប្រទេសកំពុងអភិវឌ្ឍន៍ និងវិស័យឯកជនមិនទាន់រីកចម្រើន ជាពិសេសវិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម នៅមានកម្រិតទាបរួមផ្សំនិងចំនេះដឹង ជំនាញរបស់មន្ត្រីរាជការនៅមានកម្រិតទាប ។ បើយើងអនុវត្តប្រព័ន្ធនិយោជន៍ធ្វើឲ្យមានផលវិបាកយ៉ាងច្រើនដល់សង្គមពោល គឺមានចំនួនអ្នកអត់ការងារធ្វើច្រើន ព្រោះធនធានមនុស្សរបស់យើងមិនទាន់ឆ្លើយតបនឹងទីផ្សារការងារ ។ លើសពីនេះទៅទៀត អត្ថប្រយោជន៍នៃប្រព័ន្ធវិជ្ជាជីវៈក្របខ័ណ្ឌ គឺធានាបរិមាណ និងគុណភាពនៃការជ្រើសរើសមន្ត្រីរាជការក្របខណ្ឌរដ្ឋព្រោះវិធីជ្រើសរើស គឺធ្វើតាមរយៈប្រលងប្រជែងម្យ៉ាង និងម្យ៉ាងទៀត ប្រព័ន្ធនេះធានាស្ថិរភាពរបស់មន្ត្រីរាជការស៊ីវិល ចាប់ពីពេលចូលបម្រើរដ្ឋរហូតដល់ពេលចូលនិវត្តន៍ ស្របតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។
១៥- លក្ខណៈពិសេសនៃមុខងារសាធារណៈមាន៣យ៉ាង ៖
- បេសកម្មរបស់មុខងារសាធារណៈ ជាបេសកកម្មសេវាសាធារណៈ ហើយមន្ត្រីរាជការត្រូវគោរពគោលការណ៍ទាំងឡាយក្នុងការបម្រើសេវាសាធារណៈ ព្រមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈចំពោះប្រជាពលរដ្ឋ ។ បេសកកម្មម្យ៉ាងទៀត គឺជាការធ្វើឲ្យសម្រេចជោគជ័យនូវគោលនយោបាយដែលអ្នកបញ្ជាដឹកនាំ ។
- យោបាយរបស់មុខងារសាធារណៈ គឺអំណាចសាធារណៈ និងឥណទានសាធារណៈ ។ អ្នករាជការជាអ្នកអនុវត្តបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ឲ្យ ព្រមទាំងមានបុព្វសិទ្ធិនៃអំណាចសាធារណៈសម្រាប់ប្រើក្នុងការងាររបស់ខ្លួន ។ អ្នករាជការជាអ្នកទទួល នឹងចាយឥណទានសាធារណៈ ដែលបានមកពីការយកពន្ធដារសព្វសារពើ និងប្រភពចំណូលផ្សេងៗទៀតក្នុងក្របខណ្ឌហិរញ្ញវត្ថុ និងថវិកា ។
- ប្រសិទ្ធភាពនៃសកម្មភាពរបស់មុខងារសាធារណៈ ដើម្បីឲ្យមានប្រសិទ្ធភាពការងាររបស់មុខងារសាធារណៈត្រូវមានការត្រួតពិនិត្យខាងក្នុង និងខាងក្រៅ ទៅលើសកម្មភាពរបស់មន្ត្រីរាជការនៅក្នុងក្រសួងស្ថាប័ន ៖
- ការត្រួតពិនិត្យខាងក្នុង ៖ ការត្រួតពិនិត្យពីភាពត្រឹមត្រូវតាមច្បាប់ ពោលគឺ មើលពីភាពគោរពច្បាប់បទបញ្ជា ធ្វើតាមនីតិវិធី មានភាពទៀងទាត់ មិនខ្ជះខ្ជាយ និងអាចដាក់ទណ្ឌកម្មចំពោះអ្នកនៅក្រោមបង្គាប់ ពោលគឺ ជាការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំលើទង្វើរបស់អ្នកក្រោមបង្គាប់បន្តបន្ទាប់ ។
- ការត្រួតពិនិត្យខាងក្រៅ ៖ ការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ ពោលគឺ ការត្រួតពិនិត្យពីចំណូលចំណាយរបស់ស្ថាប័ន ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គសវនកម្មជាតិ ។ល។
គោលដៅរបស់ពួកឯកជន គឺទទួលបានប្រាក់ចំណេញ រីឯគោលដៅរាជការ គឺទំនាក់ទំនងល្អរវាងអ្នករាជការ និងប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាសាធារណៈ គឺថាក្នុងផលប្រយោជន៍ទូទៅ ។ ការធ្វើឲ្យការផ្តល់សេវាសាធារណៈមានភាពរហ័ស ងាយស្រួល និងមានភាពរលូន ចំណាយតិចក្នុងការបំពេញបែបបទរដ្ឋបាល នាំឲ្យប្រជាពលរដ្ឋសប្បាយចិត្តនឹងរាជការ ដោយប្រែក្លាយសេវាសាធារណៈឲ្យមានគុណភាពល្អ តម្លៃថោក ខ្លី សាមញ្ញ អាចជឿទុកចិត្តបានឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់សេវា ។
តភាគ