Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

              សេចក្តីអធិប្បាយ

              តាំងពីបុរាណកាលមក មនុស្សគ្រប់ៗរូបពិតជាជឿឱវាទរបស់ចាស់ព្រឹទ្ធចារ្យណាស់ព្រោះពួកគេជឿជាក់ថា ពាក្យទូន្មានរបស់ចាស់ៗ គឺសុទ្ធតែត្រឹមត្រូវល្អ មិនពោលពាក្យកុហកបោកប្រាស់ឡើយ ហើយមនុស្សចាស់ ជាមនុស្សដែលគួរជាទីគោរពឱនលំទោន ។ ពួកគាត់ជាមនុស្សជំនាន់ថ្មី មានន័យថាចាស់ព្រឹទ្ធាចារ្យ គឺត្រូវបានចាត់ទុកជាមនុស្សដែលដឹងនូវអ្វីៗទំាងអស់ច្រើនជាងគេ ។ អ្នកដែលជឿហើយគោរពតាមដំបូន្មានរបស់ចាស់ទុំ អ្នកនោះនឹងទទួលបានលទ្ធផលល្អ មានសិរីសួស្តី សុភមង្គលវិបុលសុខដ៏មហាប្រសើរជាដើម ។ ហេតុនេះហើយទើបចាស់ៗ ចេះតែចងក្រងច្បាប់ទូន្មានល្អៗ ទុកឲ្យកូនចៅជំនាន់ក្រោយ យកទៅប្រតិបត្តិតាមដូចច្បាប់ពាក្យចាស់មួយបានពោលថា «​អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន » ។

                 តើច្បាប់ខាងលើនេះ មានអត្ថន័យអប់រំយ៉ាងដូចម្តេច ?

                 ដើម្បីជាប្រទីបក្នុងការស្រាយបំភ្លឺទស្សនៈរបស់ប្រធានខាងលើ ឲ្យបានក្បោះក្បាយនោះជាបឋម យើងគប្បីយល់ដឹងនូវន័យនៃពាក្យគន្លឹះមួយចំនួនរបស់ប្រធានជាមុនសិន ។ អ្នកមាន គឺសំដៅទៅលើអ្នកដែលមានទ្រព្យសម្បត្តិ កិត្តិយស បុណ្យស័ក្តិ ជាដើម ។ ខ្សត់គឺជាអ្នកក្រខ្សត់ទាំងទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ យសស័ក្តិ... ។ អ្នកប្រាជ្ញជាអ្នកចេះដឹង ឈ្លាសវៃ អ្នកមានបញ្ញា... ។ ខ្លៅ មានន័យថា អ្នកល្ងិត  អ្នកល្ងង់ មិនចេះមិនដឹង ...។តាមទស្សនៈរបស់ប្រធានខាងលើគឺគេចង់ឲ្យយើងបកស្រាយអំពីទស្សនៈមួយគឹអ្នកមានជួយអ្នកក្រ ដូចសំពត់ព័ទ្ធពីក្រៅ ហើយអ្នកចេះជួយអ្នកល្ងង់ ដូចសំពៅពឹងសំប៉ាន ។

                 ជាការពិតជាក់ស្តែងណាស់​តាំងពីថ្នាក់ក្រោមមក យើងធ្លាប់បានសិក្សាអំពីកំណាព្យ ដែលភាគច្រើនគឺជាវណ្ណកម្មរបស់កវិដ៏ល្បីល្បាញរបស់ខ្មែរម្នាក់ ដែលមានគោរមងារជាអ្នកព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ ព្រោះគាត់ពូកែវោហារ លើកកំណាព្យបានភ្លាមៗ ច្រៀងឡើងជាមួយនឹងសម្លេងសាដៀវយ៉ាងពិរោះរណ្តំ ។ ស្នាដៃកំណាព្យរបស់លោកមានច្រើនដូចជាច្បាប់ល្បើកថ្មី ច្បាប់កេរការថ្មី បណ្តំាក្រម ង៉ុយ សេចក្តីរំញាកដាស់តឿន ច្បាប់ប្រដៅជនប្រុសស្រី... ។ ក្នុងនោះច្បាប់ពាក្យចាស់ បានដើរតួយ៉ាងសំខាន់ក្នុងការទូន្មានឲ្យជនទូទៅប្រតិបត្តិតែអ្វីដែលល្អៗហើយនាំគ្នាលះបង់ចោលនូវរាល់អំពើណាដែលមិនល្អ ដែលផ្តល់ផលអាក្រក់ជាដើម ។ យើងសង្កេតឃើញថា ច្បាប់ពាក្យចាស់មួយបានពោលថា « អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន » ដែលមានអត្ថន័យអប់រំដូចតទៅ៖

                 អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ « បានសេចក្តីថាមនុស្ស កាលបើក្លាយជាអ្នកមាន​ហើយគឺអាចចាស់នៅតែឯកាបានឡើយ ។ មនុស្សរស់នៅក្នងុសហគមន៍មួយតែងតែមានការប្រាស្រ័យទាក់ទងគ្នា ចេះជួយគ្នាក្នុងគ្រាមានអាសន្នជាដើម ។ ហេតុនេះអ្នកកមានទាំងឡាយមិនត្រូវសោយសុខតែឯងនោះទេ ត្រូវតែចេះយល់ដឹងពីទុក្ខលំបាក ក៏ដូចជាតម្រូវការរបស់អ្នកក្រដែលនៅជុំវិញខ្លួនផង ព្រោះការដែលក្លាយជាអ្នកមានទ្រព្យ កិត្តិយស បុណ្យស័ក្តិ សុទ្ធសឹងតែកើតចេញពីការព្យាយាម ខំប្រឹងប្រែងរកទុកសន្សំតាំងពីគ្មានអ្វីសោះដូចអ្នកក្រក្រីទេ ព្រោះវាជាស្ពានចម្លងយើងឲ្យមានដល់សព្វថ្ងៃ ។ លើសពីនេះ អ្នកមានត្រូវជួយអ្នកក្រីក្រទេ ព្រោះមានតែពួកគេហើយដែលអាចជួយអ្នកក្នុងភូមិផងរបងជាមួយគ្នាបានទាន់ពេលវេលា  ។ ដូច្នេះអ្នកមាន និងអ្នកក្រត្រវជួយរក្សាគ្នាទៅវិញទៅមក ដូចកំណត់ដែលពាក់ពីលើផ្តល់ភាពកក់ក្តៅឲ្យអ្នកពាក់ ។ ជាក់ស្តែងតួអង្គហ្លួងរតនសម្បត្តិ ក្នុងរឿង កុលាបប៉ៃលិន គឺលោកស្រឡាញ់អាណតិយកចិត្តទុកដាក់និងកម្មករជីកត្បូងណាស់ ។ គាត់មិនរើងអើងវណ្ណៈឡើយ ធ្វើឲ្យកម្មករមានភក្តីភាពចំពោះគាត់ជាថៅកែ ហើយពេលមានចោរកម្មកើតឡើងចំពោះគ្រួសាររបស់លោកនាកណ្តាលព្រៃស្ងាត់នោះ កម្មករនាំមកជួយការពារ និងតតាំងប្រយុទ្ធជាមួយចោរដល់ពួកវាដកថយអស់ថែមទាំងរំដោះជីវីតគ្រួសាររបស់ហ្លួងរតនសម្បត្តិ ដោយមិនគិតពីអាយុជីវីតរបស់ខ្លួនឡើយ ព្រោះហ្លួងរតនសម្បត្តិស្រឡាញ់ អាណត្តិនិងមានគុណចំពោះពួកគេ ។ ទាំងនេះបង្ហាញឲ្យឃើញថា ការចេះជួយគ្នាដោយមិនរើសអើង និងផ្តល់ភាពកក់ក្តៅដល់គ្នារវាងថៅកែ និងកម្មករ ។

                 « អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន » គឺមនុស្សកាលបើក្លាយខ្លួនជាអ្នកប្រាជ្ញហើយមានន័យថា ជាអ្នកដែលមានបញ្ញាឈ្លាសវៃ ភ្លឺស្វាង ដឹងនិងចេះវិជ្ជាផ្សេងៗយ៉ាងច្បាស់លាស់និងស្ទាត់ជំនាញ ។ ប៉ុន្តែធម្មជាតិបង្កើតមនុស្សមក ឲ្យមានប្រភេទ ឬអម្រិតសមត្ថភាពមិនដូចគ្នាឡើយ ។ កាលណាមានអ្នកប្រាជ្ញ ក៏មានអ្នកល្ងង់ដែរ ព្រោះមនុស្សខ្លះមិនបានចូលរៀនមិនចេះអក្សរមិនដឹងអ្វីល្អឬអាក្រក់គ្មានសីលធម៌ ពោលគឺជាមនុស្សល្ងិតល្ងង់នេះឯង ។ មនុស្សរស់នៅក្នុងសហគមន៍មួយ ត្រូវតែមានការប្រាស្រ័យទាក់ទងគ្នា ។ ប៉ុន្តែការដែលមានមនុស្សដែលមានកម្រិតសមត្ថភាពចំពោះដឹងផ្ទុយគ្នា ក៏ពុំអាចធ្វើឲ្យសហគមន៍មួយរីកចម្រើនបានដែរ ។ មនុស្សល្ងង់ធ្វើអ្វីក៏គិតថាខ្លួនត្រូវដែរ ទាំងដែលប្រព្រឹត្តមិនសមហេតុសមផលសោះដូចជា បើកសម្លេងគ្រឿងបំពងសម្លេងតម្លង់អ្នកជិតខាងទំាងយប់ ឈ្លោះគ្នាឮៗជជែកគ្នាឮ ដាក់សំរាមមុខផ្ទះអ្នកដទៃ និយាយស្តីខ្វះការសុជីវធម៌... ។ កាលណាអ្នកចេះដឹងឃើញទៅទាស់ភ្នែកយ៉ាងដូចនេះ ក៏ទៅអប់រំអ្នកល្ងង់ទាំងនោះ ។ ប៉ុន្តែអ្នកល្ងង់ទាំងនោះ មិនទទួលយកសោះថែមទាំងពោលពាក្យអសុរោះដាក់អ្នកចេះដឹងទៀត ។ ហេតុនេះហើយមនុស្សល្ងង់ទាំងនេះជឿតែឱវាទរបស់ព្រះពុទ្ធទេ ។ ក្នុងនាមជាអ្នកប្រាជ្ញ ត្រូវយកសម្តីផ្អែមល្ហែមទៅអប់រំពួកគេបណ្តើរៗដោយយកពុទ្ធោវាទ មកទូន្មានពួកគេ ដើម្បីឲ្យពួកគេដឹងថាធ្វើដូចម្តេចល្អ ដូចម្តេចហៅថាអាក្រក់ ព្រោះពួកគេជឿថាព្រះពុទ្ធជាមនុស្សល្អសាងផ្នួសបានសម្រេច ត្រាស់ដឹងទៅហើយ ។ ហេតុនេះយកពុទ្ធោវាទមកអប់រំមនុស្សល្ងង់ហាក់ដូចមានប្រសិទ្ធភាព ។ ក្នុងសហគមន៍មួយ អ្នកប្រាជ្ញដើរតួយ៉ាងសំខាន់ក្នុងការជួយមនុស្សល្ងង់ និងផ្តល់ទំនុកចិត្តដ៏ចុតមាំដល់ពួកគេ   ។ កាលបើអ្នកប្រាជ្ញផ្តល់ទំនុកចិត្តដល់ជនល្ងិតល្ងង់នោះពួកគេនឹងជឿអ្វីៗដែលអ្នកផ្តល់ឲ្យដូចជាចំណេះដឹង សុជីវធម៌ គុណធម៌ ។​ពេលនោះហើយជាពេលដែលអ្នកអប់រំពួកគេទទួលបានផលល្អគួរជាទីមោទនៈនោះ ព្រោះអ្នកល្ងង់ទាំងនោះជឿលើអ្នកហើយ  ។ បន្ទាប់មកអ្នកមិនចេះក៏ចាប់ផ្តើមចេះដឹងជាបណ្តើៗហើយ ។ ពេលដែលសហគមន៍មួយមានមនុស្សចេះដឹងយ៉ាងនេះ សហគមន៍នោះមានការរីកចម្រើនហើយ ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថាទឹកចិត្តជួយអ្នកល្ងង់របស់អ្នកចេះដឹងជាការលុបបំបាត់នូវភាពល្ងង់ល្ងិតរបស់មនុស្សបានមួយកម្រិតធំ ហើយអ្នកចេះដឹងប្រើវិធីសាស្រ្តបង្រៀនច្រើននាំឲ្យចម្រើនចំណេះដឹងចាំបន្ថែមអ្នកល្ងង់ផងដែរ ។ ដូចក្នុងអក្សរសិល្ប៍ខ្មែររឿងព្រះនាងឥន្រ្ទទេវី ដែលព្រះនាងយកព្រះទ័យទុកដាក់រៀនអក្សរសិល្ប៍ខ្មែរនិងវិទ្យសាសាស្រ្តបានយ៉ាងស្ទាត់ជំនាញ ហើយនាងគោរពព្រះពុទ្ធោវាទទៀតនោះ នាំឲ្យព្រះនាងក្លាយជាមនុស្សចេះដឹងជ្រៅជ្រៈប្រកបដោយធម៌ចេះសណ្តោសប្រណីដល់រាជបរិពារហើយព្រះនាងបានបញ្ចុះបញ្ចូលព្រះបាទជ័យវរ្ម័នទី៧ឲ្យងាកមកគោរពព្រះពុទ្ធសាសនាវិញ ។ ព្រះបាទជ័យវរ្ម័នទី៧ និងប្រជារាស្រ្តគោរពតាមពុទ្ធោវាទមានហេតុមានផល ។ ពេលនោះព្រះពុទ្ធសាសនាបានចាក់ឬសក្នុងអាណាចក្រខ្មែរនាំប្រជារាស្រ្ត ឲ្យខិតខំរៀនសូត្រកសាងខ្លួនឲ្យមានតម្លៃដើម្បីប្រទេសជាតិ  ។ ដោយសារពុទ្ធោវាទទើបធ្វើឲ្យកូនខ្មែរមានស្មារតីមោះមុត ខិតខំរៀនសូត្រជួយជាតិឲ្យរីកចម្រើនរុងរឿងនាសម័យអង្ករនោះ ដោយមានការបំភ្លឺពីព្រះនាងឥន្រ្តទេវីផងដែរ ។ ទំាងនេះបំផុសឲ្យឃើញថា ទឹកចិត្តស្រឡាញ់រាស្រ្តរបស់ព្រះនាងឥន្រ្តទេវីដែលព្រះនាងនាំប្រជារាស្រ្តឲ្យងើបពីភាពល្ងិតល្ងង់មករៀនតាមពុទ្ធោវាទឲ្យក្លាយជាអ្នកយល់ដឹងខ្ពស់ ។ កាលណាប្រជារាស្ត្រក្លាយជាធនធានមនុស្សហើយក៏ជួយកសាងជាតិវិញ ។ ដូច្នេះហើយអ្នកចេះជួយអ្នកអត់ចេះហើយអ្នកមិនចេះក៏បានជួយអ្នកចេះវិញដែរ គឹពឹងពាក់គ្នាបីដូចសំពៅពឹងសំប៉ានមែន ។

                 សរុបមកវិញមនុស្សទាំងអស់មិនអាចរស់នៅតែឯកឯងបានទេ គឹត្រូវមានការប្រាស្រ័យទាក់ទងគ្នា ចេះជួយគ្នា ផ្តល់ភាពកក់ក្តៅដល់គ្នា ចេះអប់រំគ្នាផ្តល់ទំនុកចិត្តចំពោះគ្នា ...ទើបធ្វើឲ្យមនុស្សនោះមានការរីកចម្រើនប្រសើរឡើងបន្ថែមទៀត ។

                 ដោយឆ្លងតាមការបកស្រាយយ៉ាងស៊ីជម្រៅខាងលើ យើងឃើញថាទស្សនៈរបស់ប្រធានពិតជាត្រឹមត្រូវប្រពៃណាស់ អប់រំមនុស្សឲ្យចេះជួយគ្នា ចេះយល់ពីទុក្ខលំបាករបស់គ្នា ចេះផ្តល់ភាពកក់ក្តៅដល់គ្នា ចេះចែករំលែកចំណេះដឹងដល់គ្នា ចេះទុកចិត្តគ្នា ឲ្យមនុស្សចេះផ្តល់ពីទំនាក់ទៅវិញទៅមក ។ ហេតុដូច្នេះហើយយើងជាមនុស្សជំនាន់ក្រោយត្រូវរឿងនិងគោរពយតាមឱវាទចាស់ទុំ ដោយចេះជួយធុរៈគ្នាយល់ទុក្ខលំបាកគ្នា ផ្តល់ភាពកក់ក្តៅដល់គ្នាចេះអប់រំគ្នាផ្តល់ទីពឹងពាក់ទៅវិញទៅមក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login