Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                 សេចក្តីអធិប្បាយ

                 បុគ្គលគ្រប់រូបដែលកើតមកហើយនៅលើលោកសន្និវាសយើងនេះ តែងតែមានបំណងចង់បាននូវអ្វីដែលខ្លួនប៉ងប្រាថ្នា សម្រាប់បម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល ។ ហើយដើម្បីសម្រេចនូវបំណងខាងលើនេះ យើងគួរតែបំពេញសេចក្តីតតស៊ូព្យាយាមជាកត្តាមូលដ្ឋានចាំបាច់បំផុតទើបនាំជីវីតរបស់អ្នកទទួលបានជោគជ័យ ផ្សារភ្ជាប់នឹងជំនឿជាក់លើខ្លួនឯង​។ ដោយមើលឃើញពីអត្ថប្រយោជន៍បែបនេះហើយទើបមានពំនោលមួយបានលើកឡើងថា « ជំឿជាក់លើខ្លួនឯងជាកត្តាជំរុញឲ្យការងារទទួលបានជោគជ័យ » ។

                 តើគំនិតរបស់ប្រធានខាងលើមានអត្ថន័យដូចម្តេច ?

                 ដើម្បីជាជំនួយក្នុងការបកស្រាយប្រធានខាងលើនេះឲ្យបានក្បោះក្បាយ យើងគប្បីយល់អត្ថន័យនៃពាក្យគន្លឹះជាមុនសិន ។ ពាក្យ « ជំនឿជាក់លើខ្លួនឯង » មានន័យថា ការដែលជឿជាក់ច្បាស់លាស់លើខ្លួន​ឯងស្គាល់សមត្ថភាពរបស់ខ្លូនឯងច្បាស់លាស់ពិតប្រាកដ ។ ចំណែកឯពាក្យ « ជោគជ័យ » គឹសំដៅទៅលើការទទួលបានលទ្ធផលល្អ ឈ្នះលើអ្វីមួយ ។ ដូចនេះប្រធានមានន័យថាការស្គាល់សមត្ថភាពខ្លួនឯង ទុកចិត្តខ្លួនឯងធ្វើឲ្យមនុស្ស មានជំនឿជាក់លើខ្លួនឯងបានជាកត្តាជំរុញឲ្យមនុស្សអាចសម្រេចការងារ ឬកិច្ចការផ្សេងៗទទួលបានលទ្ធផលល្អ ។

                 ជាការពិតណាស់ផ្អែកតាមជីវភាពជាក់ស្តែងនៅក្នុងសង្គមយើងគេឃើញថា​ ប្រសិនបើមនុស្សគ្រប់គ្នារស់នៅ ចេះតស៊ូគ្រប់កាលៈទេសៈស្គាល់ពីតម្លៃខ្លួនឯងពិតប្រាកដ ព្រមទាំងមានជំនឿជាក់លើសមត្ថភាពរបស់ខ្លួនទីបំផុតលទ្ធផល តែងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ជាទីគាប់ចិត្ត ។ យ៉ាងណាមិញអ្នកសិក្សាតស៊ូព្យយាមរៀនសូត្រ ចេះស្តាប់គ្រូពន្យល់អត្ថាធិប្បាយរៀបរាប់គ្រប់មុខវិជ្ជា មិនថាតែមុខវិជ្ជាផ្នែកសង្គមឬមួយជាមុខវិជ្ជាផ្នែកវិទ្យាសាស្រ្តពិតទេ ចេះក្តាប់បានរាល់ខ្លឹមសារគ្រប់មេរៀនទាំងឡាយ ហើយទទួលស្គាល់ពីចំនុចខ្លាំងរបស់យើង នោះលទ្ធផលបញ្ចប់ការសិក្សាប្រាកដជាប្រលងជាប់ មានទិន្ទេសល្អគ្រប់មុខវិជ្ជាជាក់ជាមិនខាន ។ ចំណែកអ្នកធ្វើការវិញ ប្រសិនបើខិតខំតស៊ូជំនះគ្រប់ឧបសគ្គតូចធំទាំងឡាយនោះបីការងារនោះប្រើដោយកម្លាំងកាយក្តី កម្លាំងបញ្ញាក្តី ទើបធ្វើឲ្យការងាររបស់យើងឆ្លើយតបមកវិញនូវប្រសិទ្ធភាពខ្ពស់មានតម្លៃ កិត្តិយស នៅក្នុងអង្គភាព ស្ថាប័នជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិលផ្សេងៗទៀត ។ ជាងនេះទៀតចំពោះអាជីវករតូចធំទាំងឡាយ ខិតខំរកស៊ីពួកគេនឹងមានទ្រព្យសម្បត្តិច្រើនមានអំណាចកិត្តិយសរស់នៅបានសុខស្រួលប្រកបដោយសុខដុមរម្យនា ក្នុងគ្រួសារជាក់ជាមិនខាន ។ ជាក់ស្តែងនៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែររឿងកុលាបប៉ៃលិន ជាទឹកដៃនិពន្ធរបស់ លោក ញ៉ុក ថែម យើងឃើញថាចៅចិត្រជាយុវជន មានជំនឿជាក់លើសមត្ថភាពផ្លូវកាយចិត្រមានសុខភាពល្អ មានកម្លាំងកាយមាំមួនអាចធ្វើជាកម្មករជីកត្បូងឲ្យលោកហ្លួងរតនៈបានយ៉ាងរលូន ដោយអនុវត្តតាមបណ្តាំរបស់តាចឹមជាឪពុកជា« អត្តាហិ អត្តនោនាថោ » មានន័យថា ខ្លួនត្រូវទីពឹងខ្លួនឯងជាមុនសិន ពេលឲ្យអ្នកដទៃជួយខ្លួននោះ ។ ដោយមើលឃើញពីអត្ថន័យពាក្យទូន្មានរបស់ឪពុកបែបនេះហើយ ទើបធ្វើឲ្យចៅចិត្រមានកម្លាំងកាយធ្វើការដោយមិនរុញរាឡើយ ។ ចិត្រពោលធានារ៉ាប់រងការងារជាមួយលោកហ្លួងរតនៈសម្បត្តិ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់នៅចំពោះមុខនាងឃុននារីថា មនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សល្ងង់ទេ ឯមនុស្សស្គមក៏គេមិនសម្គាល់ថាជាមនុស្សខ្សោយដែរ ស្គមយ៉ាងខ្ញុំបាទនេះមានកម្លាំងដូចមនុស្សធាត់មាំដែរ គ្រាន់តែមិនសូវមានសាច់ឈាមធាត់បរិបូណ៍ប៉ុណ្ណោះទេតើ » ។ មិនត្រឹមតែប៉ុណ្ណោះទេយុវជនចិត្រថែមទាំងអាចមានកម្លាំងខ្លាំងហ៊ានប្រយុទ្ធតបតជាមួយចោរ រហូតដល់ទីពីបីលើកទៀតផង ទាំងនៅក្នុងព្រៃនិងទាំងនៅក្នុងផ្ទះរបស់ចៅហ្វាយនាយរបស់ខ្លួនថែមទៀតផង ។ ទង្វើគ្រប់សកម្មភាពរបស់យុវជនរូបនេះបានស្តែងឃើញពីសមត្ថភាពផ្លូវកាយរបស់ចិត្រ ដែលមានកាយសម្បទាពេញលេញគ្រប់គ្រាន់ប្រកបទៅដោយថាមភាពអង់អាចក្លាហានជាទីបំផុត ។ ម្យ៉ាងវិញទៀតចិត្រជឿជាក់ទៅលើសមត្ថភាពផ្លូវចិត្ត ។ ជាក់ស្តែងគេជាមនុស្ស ចេះតស៊ូ អំណត់ អត់ធន់ គ្រប់បែបយ៉ាងមិនថាតែរឿងការងារ ឬមួយជារឿងស្នេហាទេ ។ ក្នុងនោះដែរចំពោះរឿងការងារ ចៅចិត្រអត់ទ្រាំនិងពាក្យរិះគន់របស់ឃុននារី ប្រមាថមើលងាយថាខ្លួនថាមនុស្សស្គម គ្មានកម្លាំងកំហែងដូចជាមនុស្សញៀនអាភៀន នាងបានសម្លឹងមើលថាចៅចិត្រទាំងពីក្បាលរហូតចុងជើងមើលហើយមើលទៀតរហូតលាន់មាត់ថា « កម្មករនេះស្គមដូចអ្នកញៀនអាភៀន នឹងមានកម្លាំងជីកដីបានឬនិងពាក្យរិះគន់របស់លោកបាឡាត់ថែមទៀតផង ។ ជាងនេះទៀតចៅចិត្រជាមនុស្សមានសមត្ថភាពផ្លូវបញ្ញា ដែលជាហេតុនាំឲ្យគេទទួលបានជោគជ័យ ទោះបីជាចិត្រជាកូនកំព្រាមានជីវភាពក្រីក្រមែនពិត ប៉ុន្តែចៅចិត្រមានការតស៊ូរៀនសូត្រ មានចំណេះដឹង មានសញ្ញាបត្រប្រកាសនីយបត្រ មានជំនាញនិងចេះដោះស្រាយបញ្ហាពេលមានអាសន្ន ។ លើសពីនេះចិត្រចេះជួសជុលឡាន មានបញ្ញាឈ្លាសវៃចេះឆ្លើយឆ្លង ​និងប្រើចិត្តសាស្រ្តក្នុងការពន្យល់ឃុននារីរហូត បានធ្វើឲ្យចិត្តរបស់នាងឃុននារី ដែលធ្លាប់តែប្រកាន់ខ្លួនមានអត្តចរិកឆ្មើងឆ្មៃ មិនសូវត្រូវជាមួយចិត្រនោះបានធ្វើឲ្យនាងងផ្លាស់ប្តូរមកជាមនុស្ស ដែលចេះគិតមានហេតុផលវិញ ។ ទីបំផុតដោយសារសមត្ថភាពសំខាន់ៗ នៃការជឿទុកចិត្តរបស់ចិត្របែបនេះទើបធ្វើឲ្យរួបគេទទួលជោគជ័យចំពោះរឿងការងារ ក៏ដូចជារឿងស្នេហារហូតបាននាងឃុននារីជាឧត្តមភរិយាថែមទៀតផង ។

                 សរុបមកការបកស្រាយខាងលើ អាចបញ្ជាក់បានថាការជំនឿជាក់លើខ្លួនឯង អាចធ្វើឲ្យមនុស្សទទួលបានជោគជ័យក្នុងជីវីតគ្រប់ពេលវេលា ។

                 ឆ្លងតាមការបកស្រាយយើងឃើញថា ប្រធានខាងលើមានអត្ថន័យល្អ អប់រំឲ្យយើងជឿជាក់លើសមត្ថភាពខ្លួនឯងដោយពឹងផ្អែកលើចំណេះដឹងនិងការខិតខំប្រឹងប្រែងតស៊ូព្យាយាម ។ ក្នុងនាមយើងជាងយុវជនត្រូវខិតខំប្រឹង​ប្រែងរៀនសូត្រ ពង្រីកនូវចំណេះដឹង សមត្ថភាពរបស់ខ្លួនដើម្បីជំរុញឲ្យការងារទទួលបានជោគជ័យ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login