Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១២១- តើនីតិព្រហ្មទណ្ឌទូទៅសិក្សាទៅលើអ្វី ?

១២២- តើអ្វីទៅជាបទល្មើស ? អ្វីទៅជាបទល្មើសព្រហ្មទណ្ឌ ? តើបទល្មើសមួយកើតឡើងមានធាតុផ្សំប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១២៣- បើតាមទ្រឹស្ដី តើដំណាក់កាលនៃការប្រព្រឹត្តបទល្មើសជាទូទៅមានប៉ុន្មានដំណាក់កាល ? ហើយតើដំណាក់កាលនិមួយៗមានអ្វីខ្លះ ? ចូលរៀបរាប់បញ្ជាក់ ?

១២៤- ចូលនិយាយពីភាពខុសប្លែកគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែករដ្ឋប្បវេណី ?

១២៥- ចូលនិយាយពីភាពខុសគ្នា រវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែកវិន័យ ?

ចម្លើយ

១២១- នីតិព្រហ្មទណ្ឌទូទៅសិក្សាទៅលើចំនុចបីគឺ ៖

  • បទល្មើស
  • ការទទួលខុសត្រូវ និងការមិនទទួលខុសត្រូវព្រហ្មទណ្ឌ
  • ទោស

១២២- បទល្មើស គឺជាអំពើប្រឆាំងនឹងរដ្ឋ អំពើដែលនាំអោយមានគ្រោះថ្នាក់ដល់សង្គម អំពើប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌជាធរមាន នឹងត្រូវផ្តន្ទាទោសក្នុងបទឧក្រឹដ្ឋ បទមជ្ឈិម ឬបទលហុ ។ បទល្មើសព្រហ្មទណ្ឌ គឺជាអំពើដែលត្រូវផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌ ហើយជាកំហុសរបស់ចារីផ្ទាល់ ។ ប្រសិនបើច្បាប់ពុំចាត់ទុក្ខថាអំពើណាមួយជាបទល្មើសទេ អំពើនោះពុំចាត់ទុកជាបទល្មើសបានឡើយ យោងតាមគោលការណ៍នីត្យានុគោលភាពដែលមានចែងនៅក្នុងមាត្រា ៣ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសមួយកើតឡើងត្រូវមានធាតុផ្សំបីយ៉ាងគឺ ៖

  • ធាតុផ្សំនីត្យានុកូល ៖ ច្បាប់ដែលចាត់ទុកអំពើណាមួយជាបទល្មើស
  • ធាតុផ្សំសត្យានុម័ត ៖ សកម្មភាព ឬអសកម្មភាពប្រព្រឹត្តដោយជនល្មើស
  • ធាតុផ្សំអត្តនោម័ត ៖ កំហុសចេតនា ឬអចេតនារបស់ជនល្មើស ។

១២៣- បើតាមទ្រឹស្តីជាទូទៅ ដំណាក់កាលនៃការប្រព្រឹត្តបទល្មើសត្រូវចែកចេញជា ៤ដំណាក់កាល ដែលដំណាក់កាលនិមួយៗមានដូចជា ៖

  • ដំណាក់កាលនៃការគិត និងការសម្រេចចិត្តប្រព្រឹត្តបទល្មើស ៖ គឺជាដំណាក់កាលមួយ ដែលជនល្មើសបានគិត បានពិចារណា យ៉ាងច្បាស់លាស់មុននឹងសម្រេចចិត្តប្រព្រឹត្តបទល្មើសមួយទៅលើអ្នកដទៃ ។ នៅក្នុងដំណាក់កាលនេះ ប្រសិនបើជនល្មើសបានត្រឹមតែគិតពិចារណា និងបានសម្រេចចិត្តថានឹងប្រព្រឹត្តបទល្មើសមួយក៏ដោយ ក៏ការគិត និងការសម្រេចចិត្តរបស់គាត់មិនត្រូវបានផ្តន្ទាទោសនោះទេ ហើយក៏ពុំមានច្បាប់ណាចែងនោះទេថា ការគិត និងការសម្រេចចិត្តបែបនេះត្រូវផ្តន្ទាទោសនោះដែរ ។ ព្រោះថាគ្រាន់តែគិត និងសម្រេចចិត្តបែបនេះ មិនទាន់ធ្វើអោយជនណាម្នាក់ ឬក៏សង្គមណាមួយទទួលរងនូវព្យសនៈកម្មពីជននោះដែរ ។
  • ដំណាក់កាលនៃការត្រៀមរៀបចំប្រព្រឹត្តបទល្មើស ៖ គឺជាដំណាក់កាលមួយដែលជនល្មើសរៀបចំគម្រោងប្រព្រឹត្តសកម្មភាពរបស់ខ្លួន ដែលគាត់បានគិតនិងបានសម្រេច ចិត្តរួចហើយពីមុនមកនោះ ។ នៅក្នុងដំណាក់កាលនេះ ក៏ពុំអាចចាត់ទុកជាអំពើខុសច្បាប់បានដែរ ទោះបីជាជនល្មើសបានរៀបចំទិញសម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសក៏ ដោយ ដូចជា ទិញកាំបិត ឬពូថៅ ជាដើម ។ល។ ប៉ុន្តែបើគាត់ទិញរបស់ហាមឃាត់វិញគឺ អាចត្រូវផ្តន្ទាទោសបាន។
  • ដំណាក់កាលនៃការចាប់ផ្តើមប្រព្រឹត្តបទល្មើស ៖ ដំណាក់កាលនេះ គឺជនល្មើសចាប់ផ្ដើមប្រព្រឹត្តសកម្មភាពរបស់ខ្លួន ដើម្បីសម្រេចនូវបំណងដែលគេបានគិតទុកតាំងតែពីមុនមកម្លេះ ។ នៅក្នុងដំណាក់កាលនេះ ជាដំណាក់កាល មួយ ដែលជនល្មើសត្រូវតែប្រឈមមុខនឹងការទទួលខុសត្រូវព្រហ្មទណ្ឌ ប្រសិនបើអំពើនេះត្រូវបានកំណត់ដោយច្បាប់ព្រហ្មទណ្ឌច្បាស់លាស់ ។ តែសកម្មភាពខ្លះក៏អាចចៀសផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ បើ សកម្មភាពនោះពុំមានកំណាត់នៅក្នុងក្រមព្រហ្មទណ្ឌ ។
  • ដំណាក់កាលនៃការសម្រេចបទល្មើស ៖ គឺជាដំណាក់កាលមួយដែលជនល្មើសបានប្រព្រឹត្តនូវសកម្មភាពល្មើសនឹងច្បាប់ព្រហ្មទណ្ឌរួចទៅហើយ ហើយព្យសនៈកម្មក៏បានកើតឡើងហើយដែរ ។ ចារីត្រូវតែទទួលខុសត្រូវព្រហ្ម ទណ្ឌតាមការកំណត់របស់ច្បាប់ ។

១២៤- ភាពខុសប្លែកគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសរដ្ឋប្បវេណ ៖

+ បទល្មើសព្រហ្មទណ្ឌ

  • ប្រភព ៖ ត្រូវតែជាអំពើដែលច្បាប់បានចែងយ៉ាងច្បាស់លាស់ថា ជាបទល្មើសព្រហ្មទណ្ឌនៅក្នុងក្រុមព្រហ្មទណ្ឌ។
  • លទ្ធផល ៖ ពេលខ្លះមានព្យសនៈកម្ម ពេលខ្លះទៀតពុំមានព្យសនៈកម្មទេ តែកើតជាបទល្មើសដូចគ្នា ។
  • ទណ្ឌកម្ម ៖ ទោសពន្ធនាគា និងទោសពិន័យជាប្រាក់ផលប្រយោជន៍បានទៅរដ្ឋ ។

+ អំពើល្មើសផ្នែករដ្ឋប្បវេណី

  • ប្រភព ៖

         - មានចែងនៅមាត្រា ៧៤៣ កថាខណ្ឌទី១ (បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬផលប្រយោជន៍របស់ជនដទៃដោយកំហុសចេតនា ឬដោយកំហុសអចេតនា ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលកើតឡើងដោយអំពើនោះ) ។

         - មានចែងនៅមាត្រា ១២១ នៃក្រឹត្យច្បាប់លេខ ៣៨ ដែលចែងយ៉ាងច្បាស់ ថា (ជនណាដែលធ្វើអោ យខូចខាតដល់អ្នកដទៃ ដោយកុំហុសរបស់ខ្លួន ជននោះត្រូវជុសជុលរល់ការខូចខាតនោះ) ។

  • លទ្ធផល ៖ ត្រូវតែមានព្យសនៈកម្មកើតឡើង ។ វាជាកត្តាចាំបាច់ដើម្បីអោយចៅក្រមអាចដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្តបាន ។
  • ទណ្ឌកម្ម ៖ ការបង់សំណងជំងឺចិត្តជាទណ្ឌកម្មសម្រាប់អំពើល្មើសផ្នែករដ្ឋប្បវេណី និងជាទណ្ឌកម្ម ដែលផ្តល់ផលប្រយោជន៍ដល់ជនរងគ្រោះ ។

១២៥- ភាពខុសប្លែកគ្នារវាង បទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែកវិន័យ ៖

+ បទល្មើព្រហ្មទណ្ឌ

  • ប្រភព ៖ មានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌហើយមានលក្ខណ្ឌច្បាស់លាស់ ពោលគឺបើពុំមានច្បាប់ចែងនោះទេ ពុំចាត់ទុកជាបទល្មើសព្រហ្មទណ្ឌឡើយ ដោយផ្អែកតាមគោលការណ៍នីត្យានុកូលភាពនៃបទល្មើស ។
  • លទ្ធផល ៖ ជាអំពើដែលប៉ះពាល់ដល់សង្គមជាទូទៅ ។
  • ទណ្ឌកម្ម ៖ ជាសមត្ថកិច្ចរបស់សាលាជំរះក្តីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយទណ្ឌកម្មអាចមានលក្ខណៈធ្ងន់ធ្ងរ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគា និងទោសពិន័យជាប្រាក់ ។

+ អំពើល្មើសផ្នែកវិន័យ

  • ប្រភព ៖ ជាអំពើធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍សមូហភាពនៃក្រមសង្គមណាមួយដូចជា ពេទ្យ មេធាវី និស្សិត ជាដើម ។ អំពើនោះមិនត្រូវបានកំណត់អោយច្បាស់លាស់ជាទូទៅទេ ។
  • លទ្ធផល ៖ ជាអំពើដែលធ្វើអោយប៉ះពាល់តែផ្នែកណាមួយនៃសង្គមតែប៉ុណ្ណោះ ពោលគឺក្រុមសង្គមដែលជនប្រព្រឹត្តនោះស្ថិតនៅ ។
  • ទណ្ឌកម្ម ៖ ត្រូវធ្វើដោយស្ថាប័នពិសេសសម្រាប់សង្គមណាមួយ ដូចជាក្រមព្រឹក្សា មេធាវីសម្រាប់ ការដាក់វិន័យលើមេធាវី ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់ដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុសជាដើម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login