ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៣១- បើសាលាជម្រះក្តីកាត់ក្ដីអ្វីមួយ ហើយអ្នកចាញ់ក្តីមិនសុខចិត្ត តើអាចប្ដឹងនូវចំណុចណាមួយដែលពួកគាត់មិនសុខចិត្តទៅក្រុមប្រឹក្សាធម្មនុញ្ញបានទេ ឬពឹងទៅខាងណាវិញ ?
២៣២- តើឥស្សរជនរូបណា ជាអ្នកនឹកឃើញបង្កើតក្រុមប្រឹក្សាធម្មនុញ្ញនេះមុនគេនៅស្រុកខ្មែរ ?
២៣៣- តើប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងផ្ទាល់ទៅក្រុមប្រឹក្សាធម្មនុញ្ញដែរឬទេ នៅពេលដែលតុលាការកាត់ក្តីដោយអយុត្តិធម៌ ?
២៣៤- តើការបកស្រាយក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាពធ្វើតាមនីតិវិធីរបៀបណា? អធម្មនុញ្ញភាពធ្វើតាមនីតិវិធីរបៀបណា ?
២៣៥- តើក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោតបានប៉ុន្មានដង ? ចូរពន្យល់ ។
ចម្លើយ
២៣១- ប្រសិនបើករណីនោះទាក់ទងនឹងការរំលោភសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ គេអាចធ្វើសំណើមួយមកក្រុមប្រឹក្សាធម្មនុញ្ញបានតាមរយៈនីតិវិធីសម្រាប់បញ្ហាបន្ទាន់បង្ខំ ដែលលោកជំទាវបានលើកឡើងពីខាងដើមរួចមកហើយ ។ ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាកំពូលនៅលើតុលាការកំពូលនោះទេ ដូច្នេះប្រសិនបើសាលក្រម សាលាដំបូងណាមួយអស់រយៈពេលប្តឹងទាស់ ឬសាលដីការបស់តុលាការកំពូលចេញមកហើយ ត្រូវតែយកមកអនុវត្តហើយ ពីព្រោះតុលាការក៏ជាស្ថាប័នឯករាជ្យដូចក្រុមប្រឹក្សាធម្មនុញ្ញដែរ ។
២៣២- បើយើងរាប់ចាប់ពីឆ្នាំ ១៩៩៣ យើងអាចឆ្លើយបានថា គឺសមាជិកសភាធម្មនុញ្ញទាំង ១២០រូប ក្នុងនោះមតិភាគច្រើនថាគួរណាតែបង្កើតស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនេះឡើង ពីព្រោះស្រុកសេរី ហើយសេដ្ឋកិច្ច ទីផ្សារហើយ ។ គោលបំណងនៃការបង្កើតស្ថាប័ននេះ គឺជាការបង្កើតឱ្យមានឆ្នាំ ឬនិយតកររដ្ឋធម្មនុញ្ញ មានន័យថា ជាអ្នកធានាឱ្យមានការអនុវត្តន៍រដ្ឋធម្មនុញ្ញកាន់តែរលូននៅពេលអនាគត ។ ដូច្នេះ យើងអាចនិយាយបានថា ជាសមិទ្ធិផលដែលចេញពីការសរសេររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយគណបក្សចំនួន ០៤ រួមគ្នា មានគណបក្សហ៊្វុនស៊ិនប៉ិច ៥៨រូប គណបក្សប្រជាជនកម្ពុជា ៥១រូប គណបក្សសេរីនិយមព្រះពុទ្ធសាសនា ១០រូប និងគណបក្សម៉ូលីណាកា ០១រូប ។
២៣៣- រឿងបញ្ហាការកាត់ក្តីដោយអយុត្តិធម៌របស់តុលាការ មិនមែនជាសមត្ថកិច្ចដែលក្រុមប្រឹក្សាធម្មនុញ្ញត្រូវដោះស្រាយទេតែភាគីនៃរឿងក្តីអាចប្តឹងអំពីអធម្មនុញ្ញភាពនៃច្បាប់នៅក្នុងករណីបន្ទាន់បង្ខំ ។ ការប្តឹងពីបញ្ហាបន្ទាន់បង្ខំនេះ ត្រូវធ្វើតាមរយៈតុលាការកំពូល ។
២៣៤- ការបកស្រាយច្បាប់ គឺធ្វើនៅក្រោយការប្រកាសឱ្យប្រើ។ អ្នកដែលមានសិទ្ធិស្នើសុំរួមមាន ព្រះមហាក្សត្រ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា តំណាងរាស្ត្រចំនួនមួយភាគដប់ សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន នាយករដ្ឋមន្ត្រី និងតុលាការ ។
ដូច្នេះយន្តការ គឺសមាជិករាយការណ៍សិក្សាស្រាវជ្រាវ ហើយធ្វើរបាយការណ៍ដាក់ក្នុងរបៀបវារៈប្រជុំក្រុម ក្រុមត្រូវធ្វើរបាយការណ៍មួយទៀត ទើបកោះប្រជុំបឋមរួចមកទើបកោះប្រជុំពេញអង្គ ។ ប្រជុំពេញអង្គរួច គឺចេញសេចក្តីសម្រេចបិទផ្លូវតវ៉ា ។
២៣៥- តាំងឆ្នាំ១៩៩៨ មកដល់បោះឆ្នោតឆ្នាំ២០០៨ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេច ចំនួន ៤៦ បណ្ដឹង ក្នុងនោះឆ្នាំ១៩៩៨ មានចំនួន ១៧ បណ្តឹង ឆ្នាំ២០០៣ មានចំនួន១១ បណ្តឹង និងឆ្នាំ២០០៨ មានចំនួន ០៩ បណ្ដឹង ដែលសុទ្ធសឹងជាបណ្តឹងដែលត្រូវបានយកមកបើកសវនាការជាសាធារណៈ ។