Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១១- ក្រោយពេលបោះឆ្នោតជាតិ ខែ កក្កដា ឆ្នាំ២០០៨ មានគណបក្សនយោបាយមួយដែលត្រូវន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការផាកពិន័យជាប្រាក់ លើការរំលោភច្បាប់បោះឆ្នោត ។ ប៉ុន្តែប្រធានគណបក្សនោះហាក់ដូចជាពុំគោរពតាមសិទ្ធិសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយអំពាវនាវឱ្យព្រះមហាក្សត្រប្រើព្រះរាជសិទ្ធិលើកលែងឱ្យខ្លួន ។ តើបញ្ហានេះក្រុមប្រឹក្សាធម្មនុញ្ញ ចាត់វិធានផ្លូវច្បាប់យ៉ាងណា ដើម្បីការពារច្បាប់ និងការកម្រិតសិទ្ធិនៃគណបក្សនយោបាយនោះ ?

២១២- តើស្របនឹងរដ្ឋធម្មនុញ្ញមានន័យដូចម្តេច ? តើអធម្មនុញ្ញភាព ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ មានន័យដូចម្តេច ?

២១៣- តើក្រុមប្រឹក្សាធម្មនុញ្ញបង្កើតក្នុងបំណងអ្វីនៅក្នុងរាជរដ្ឋាភិបាល ឬនៅក្នុងសង្គមមួយ ។ មូលហេតុអ្វីបានជាបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ ? តើសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី ? តើរដ្ឋធម្មនុញ្ញមានគោលបំណងអ្វីក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាធម្មនុញ្ញបង្កើតឡើងដើម្បីអ្វីក្នុងរដ្ឋធម្មនុញ្ញ ?

២១៤- តើក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិស្មើរដ្ឋសភា ឬព្រឹទ្ធសភាដែរឬទេ ?

២១៥- តើក្រុមប្រឹក្សាធម្មនុញ្ញមានបទបញ្ជាផ្ទៃក្នុងដើម្បីដឹកនាំការងារដែរឬទេ ? បើមាន តើបទបញ្ជាផ្ទៃក្នុងនោះមានប្រយោជន៍អ្វីខ្លះ ?

ចម្លើយ

២១១- អ្នកដាក់សំណួរ គឺជាអ្នកតាមដានព្រឹត្តិការណ៍ម្នាក់ រឿងនេះពាក់ព័ន្ធទៅនឹងមាត្រា ៣៦ នៃច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិននៅស្ងៀមទេ គាត់ឃើញបុគ្គលនោះមិនគោរព គាត់ប្តឹងភ្លាមទៅព្រះរាជអាជ្ញាអមតុលាការសាលាដំបូងរាជធានីភ្នំពេញ ។ ការប្តឹងនោះមានទម្ងន់ខ្លាំង គឺទី១ ប្តឹងពីការមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទី២ បើកឱ្យមានការចោទប្រកាន់ ព្រោះមិនងាយចោទបានទេ ដោយអ្នកត្រូវគេប្តឹងជាតំណាងរាស្ត្រ ត្រូវសុំលើកអភ័យឯកសិទ្ធិជាមុន ព្រះរាជអាជ្ញាសុំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើទៅប្រធានរដ្ឋសភា ដោយយល់ថាស្ថិតក្នុងអំឡុងពេលដែលរដ្ឋសភាវិស្សមកាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំដកអភ័យឯកសិទ្ធិពេលព្រឹក ដល់ពេលល្ងាចសាមីខ្លួនក៏យក ១0.000.000 រៀល ទៅបង់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ នៅពេលព្រឹកថ្ងៃបន្ទាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ធ្វើលិខិតដកពាក្យបណ្តឹងវិញរឿងនោះក៏ចប់ទៅ ។

២១២- ពាក្យថា ស្របនឹងរដ្ឋធម្មនុញ្ញ គឺស្របទាំងអក្ខរាវិរុទ្ធ ស្របទាំងអត្ថន័យ ។ អក្ខរាវិរុទ្ធ និងអត្ថន័យ នៅក្នុងសៀវភៅរដ្ឋធម្មនុញ្ញសរសេរយ៉ាងម៉េច សុំឱ្យសរសេរតាម ។ ឧទាហរណ៍ ក្នុងអំណាចនីតិប្បញ្ញត្តិ មានរដ្ឋសភា និងព្រឹទ្ធសភា ហើយបើអ្នកណាប្តូរឈ្មោះរដ្ឋសភាទៅជាសភាជាតិហ្នឹងគឺមិនស្របនឹងរដ្ឋធម្មនុញ្ញហើយ ។ រដ្ឋសភា គឺរដ្ឋសភា មានអ្នកខ្លះថាសភាជាតិ ហ្នឹងផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយដូច្នេះយើងដែលជាអ្នកគោរពរដ្ឋធម្មនុញ្ញ ទាំងភាសានិយាយ ទាំងភាសាសរសេរ គឺសរសេរឱ្យដូចពាក្យច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ ដូចជាពាក្យ រាជរដ្ឋាភិបាល គណៈរដ្ឋមន្រ្តីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដល់ពេលយើងសរសេរដាក់ថា រដ្ឋាភិបាលកម្ពុជាហ្នឹងផ្ទុយនឹងរដ្ឋធម្មនុញ្ញហើយ ។ អធម្មនុញ្ញភាព ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ មានន័យថា ឱ្យតែខុសពីអ្វីដែលមាននៅក្នុងសៀវភៅ រដ្ឋធម្មនុញ្ញ គឺមិនស្របហើយ ។ ពាក្យថា ត្រួតពិនិត្យធម្មនុញ្ញភាព គឺត្រួតពិនិត្យតាំងពីអក្ខរាវិរុទ្ធ ច្បាប់ និង ខ្លឹមសារ ។

២១៣- ដូចឯកឧត្តម ប៉ែន ថុល ជម្រាបជូនហើយ គឺរដ្ឋធម្មនុញ្ញមានតួនាទីសំខាន់ណាស់នៅក្នុងរដ្ឋមួយ វាមានតួនាទីសម្រាប់គ្រប់គ្រងរដ្ឋជាច្បាប់គោលដែលកំណត់អំពីរបបនយោបាយ និងការបែងចែកអំណាចនយោបាយ ។ ប្រសិនបើគ្មានរដ្ឋធម្មនុញ្ញទេ ប្រៀបបាននឹងប្រទេសគ្មានច្បាប់ ពីព្រោះរដ្ឋធម្មនុញ្ញជាច្បាប់មេសម្រាប់បង្កើតច្បាប់ផ្សេងៗទៀត ប៉ុន្តែនៅអាស៊ីអាគ្នេយ៍យើងមានប្រទេសប៊្រុយណេ ជាប្រទេសគ្មានរដ្ឋធម្មនុញ្ញ ប៉ុន្តែគេរស់នៅបានសុខដែរ ។ ជាទូទៅ គឺប្រទេសទាំងឡាយតែងតែមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ។ ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចបកស្រាយរដ្ឋធម្មនុញ្ញ ច្បាប់ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់ដោះស្រាយវិវាទទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ គោលបំណងនៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ គឺពង្រឹងនីតិរដ្ឋ ។

២១៤- មិនដឹងពន្យល់យ៉ាងម៉េចទេ បើនិយាយពីសិទ្ធិស្ថាប័ន និងស្ថាប័ន ដូចពិបាកនិយាយ បើសិទ្ធិពលរដ្ឋ ដូចស្រួលនិយាយជាង។ បើនិយាយពីសមត្ថកិច្ចអាចនិយាយបានសមត្ថកិច្ចមិនដូចគ្នាទេ រដ្ឋសភាធ្វើច្បាប់ក្រុមប្រឹក្សាធម្មនុញ្ញធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដោះស្រាយវិវាទទាក់ទងនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

២១៥- មាន ។ បទបញ្ជាផ្ទៃក្នុង គឺជាវិធានដែលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ និង មន្ត្រីនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ត្រូវគោរព មិនខុសគ្នាពីបទបញ្ជាយើងប្រើក្នុងតុលាការ ឬប្រើនៅក្នុងអង្គភាព ឬសាលានានានោះដែរទេ ។ មានបទបញ្ជាផ្ទៃក្នុងពីរ ទី១ បទបញ្ជាផ្ទៃក្នុងសម្រាប់ការត្រួតវិន័យ ទី២ បទបញ្ជាផ្ទៃក្នុងស្តីពីនីតិវិធីដែលត្រូវអនុវត្តនៅមុខក្រុមប្រឹក្សាធម្មនុញ្ញ។ ឯកសារនេះនឹងមានជូននាយកសាលា ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login