ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២២១- ប្រសាសន៍របស់ឯកឧត្តម ព្រហ្ម ញាណវិចិត្រ បានលើកឡើងថា ច្បាប់គឺជាទម្រង់បទបញ្ញត្តិទូទៅ និងខ្លឹមសារលម្អិតពិបាកយល់ ។ សុភាសិតបារាំងមួយលើកឡើងថា ពលរដ្ឋបារាំងគ្មាននរណាម្នាក់មិនចេះច្បាប់ ។ ឥឡូវយើងងាកមើលប្រជាពលរដ្ឋកម្ពុជាវិញ មានប្រជាពលរដ្ឋជាច្រើនដែលមិនបានរៀនជ្រៅជ្រះ ។ ចំពោះប្រសាសន៍នេះ តើឯកឧត្តមយល់យ៉ាងណាដែរចំពោះលទ្ធភាពនៃការយល់ដឹងរបស់ពលរដ្ឋកម្ពុជាទៅលើផ្នែកច្បាប់?
២២២- តើមានមូលហេតុអ្វីដែលបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ ?
២២៣- ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចពីករណីវិវាទកម្មទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង សមាជិកព្រឹទ្ធសភា ។ ចំពោះខ្លឹមសារនេះ តើវិវាទកម្មនេះត្រូវឆ្លងកាត់ប្រព័ន្ធតុលាការដែរឬទេ? ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមានចែងក្នុងច្បាប់បោះឆ្នោតទាំងពីរ ហើយច្បាប់បោះឆ្នោតកំណត់សមត្ថកិច្ចឱ្យក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប និង ខ្សែរយៈ គ.ជ.ប បកស្រាយឬកំណត់ដោយអ្វី ? ២២៤- ប្រសិនបើប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ឬកំពុងមានសង្គ្រាម តើក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចធ្វើអ្វីខ្លះ ? ឬប្រទេសជាតិមានជម្លោះផ្ទៃក្នុងអាចបង្កឡើងដោយមានជនអាវុធខ្លាំងក្លាបែងចែកទឹកដី តើក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចធ្វើអ្វីខ្លះ ?
២២៥- ប្រសិនបើគណបក្សនយោបាយណាឈ្នះឆ្នោត ហើយគណបក្សនោះមានអំណាចទាំងស្រុងក្នុងការគ្រប់គ្រងប្រទេស ហើយបានផ្លាស់ប្តូររដ្ឋធម្មនុញ្ញទាំងស្រុង ។ តើក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចធ្វើអ្វីខ្លះ ?
ចម្លើយ
២២១- នេះមិនមែនជាបញ្ហាពិបាកទេ វាជាសុភាសិតបារាំងមួយដែលមានប្រភពពីប្រទេសបារាំង ។ ចំពោះការអនុវត្តន៍ក្នុងសម័យទំនើបនេះ ច្បាប់មាននីតិវិធីនៃការផ្សព្វផ្សាយ ។ ឧទាហរណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការផ្តួចផ្តើមពីឯកឧត្តមប្រធាន ឱ្យមានការផ្សព្វផ្សាយនៅតាមមូលដ្ឋានផ្សេងៗ ហើយអ្នកដែលមកចូលរួមអាចធ្វើការផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយបន្ថែម ។ ខ្ញុំសូមឆ្លើយដោយខ្លីប៉ុណ្ណេះ ។
២២២- ដូចដែលឯកឧត្តម លោកជំទាវ បានលើកឡើងហើយ ការបង្កើតស្ថាប័នមួយនេះ គឺជាការរួមចំណែកពង្រឹងនីតិរដ្ឋក្នុងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស សេដ្ឋកិច្ចទីផ្សារសេរី ។ កន្លងមកក្នុងរបបសាធារណរដ្ឋ ខ្មែរគេបង្កើតតុលាការធម្មនុញ្ញ ហើយក្នុងរបបរដ្ឋកម្ពុជាទាក់ទងនឹងការបកស្រាយច្បាប់ បកស្រាយរដ្ឋធម្មនុញ្ញ មានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងមានក្រុមប្រឹក្សារដ្ឋ ។ តាមការវិវឌ្ឍន៍ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ បង្កើតក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបំពេញសមត្ថកិច្ចរបស់ខ្លួនដែលចែងក្នុងរដ្ឋធម្មនុញ្ញ ជំពូកទី១២ថ្មី ថាក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញ និងបកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ និងដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា។ នេះជាការវិវឌ្ឍន៍មួយ ។ ហេតុអ្វី មិនទុកឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើទៅ ? តាមបទពិសោធន៍ ការទុកឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាធ្វើក៏បានដែរ ការលំបាកត្រង់ថា គាត់ជាអ្នកធ្វើច្បាប់រួចទៅហើយ ដល់មានការមិនច្បាស់ទុកឱ្យគាត់បកស្រាយវាមានការពិបាក ហើយបើតុលាការបកស្រាយរដ្ឋធម្មនុញ្ញក៏មានការពិបាកដែរ ។ ដូច្នេះ ត្រូវឱ្យមានស្ថាប័នផ្សេងមួយជាអ្នកបកស្រាយ ។
២២៣- វិវាទកម្មទាក់ទងការបោះឆ្នោតជាសមត្ថកិច្ចរបស់ គ.ជ.ប និង ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេច ហើយក្រុមប្រឹក្សាធម្មនុញ្ញអាចជាសាលាកាត់សេចក្តីចុងក្រោយ តែបើទាក់ទងបទល្មើសថ្មីទៀតជាសមត្ថកិច្ចរបស់តុលាការ ។ ឧទាហរណ៍ ការចុះបញ្ជីបោះឆ្នោត វិវាទកម្មជុំវិញការឃោសនាបោះឆ្នោត ភាពមិនប្រក្រតីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ជាសមត្ថកិច្ចរបស់ គ.ជ.ប ក្នុងរចនាសម្ព័ន្ធរបស់ គ.ជ.ប ពីក្រោម ដល់ថ្នាក់កណ្តាល គ.ជ.ប ហើយចុងក្រោយគេគឺក្រុមប្រឹក្សាធម្មនុញ្ញ។ បើក្រុមប្រឹក្សាធម្មនុញ្ញកាត់សេចក្តីចប់ហើយមិនអាចប្ដឹងទៅណាទៀតបានទេ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនស្ថិតក្នុងរចនាសម្ព័ន្ធតុលាការនោះទេ តែជាស្ថាប័នមួយដោយឡែកមានតែមួយពោល គ្មានខ្សែបណ្តោយ ចុះក្រោម គ្មានខ្សែទទឹង ។ ត្រង់នេះខ្ញុំសូមភ្ជាប់សំណួរថា តើមានទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលឬទេ ? គឺពិតជាមានឯករាជ្យនៅពេលនេះ គឺឯករាជ្យតែក្នុងសមត្ថកិច្ចរបស់ខ្លួន តែទំនាក់ទំនងរដ្ឋបាល និងហិរញ្ញវត្ថុ គឺទាក់ទងគ្នារហូត ។
២២៤- បើប្រទេសស្ថិតក្នុងភាពអាសន្ន រដ្ឋសភាត្រូវប្រជុំរាល់ថ្ងៃ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃ ក្រុមប្រឹក្សាធម្មនុញ្ញមិនទាន់មានបទបញ្ញត្តិចែងពីករណីនេះទេ តែប្រហែលជាប្រជុំរាល់ថ្ងៃហើយ ដើម្បីតាមដានមើលក្នុងឋានៈ ខ្លួនជាអ្នកការពារការគោរពរដ្ឋធម្មនុញ្ញ ធ្វើយ៉ាងម៉េចដើម្បីកុំឱ្យគេរំលោភលើរដ្ឋធម្មនុញ្ញ ។ ប្រសិនបើមានរដ្ឋប្រហារហើយ គឺក្រុមប្រឹក្សាធម្មនុញ្ញមិនមានអ្វីទៀតទេ ព្រោះគេលែងគោរពរដ្ឋធម្មនុញ្ញហើយ ។ តែប្រើច្បាប់យោធា គឺចប់ហើយ ។
២២៥- ចំណុចនេះជាសំណួរដែលឆ្លើយបានខ្លួនហើយ ។ ចង់បន្ថែមបន្តិចថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ និងបន្តមក គឺប្ដូរភ្លេងជាតិ ប្តូរទង់ជាតិ មិនមែនជាការងាយទេ។ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រហែលជាមិនឱ្យគេផ្លាស់ប្តូររដ្ឋធម្មនុញ្ញទេ បើគណបក្សណាឈ្នះឆ្នោត លោកចង់ធ្វើវិសោធនកម្ម ឬកែប្រែមាត្រាណាខ្លះដែលរដ្ឋធម្មនុញ្ញបានកំណត់កែបាន តែត្រូវគោរពតាមករណីហាមឃាត់មួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដូចជា ៖
ចំណុចខាងលើនេះប្រសិនបើមកដល់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបដិសេធចោល និងបិទផ្លូវតវ៉ា។