ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៩១- តើមានករណីលើកលែងដែរឬទេ ប្រសិនបើមានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពជាមួយរដ្ឋសភា ព្រឹទ្ធសភា មុខងារសាធារណៈ ប្រធាន ឬ អនុប្រធានគណបក្សនយោបាយ ប្រធាន ឬ អនុប្រធានសហជីព ឬចៅក្រមក្នុងតំណែងដូចមានចែងត្រង់មាត្រា ១៣៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ?
១៩២- តើការតែងតាំងអាណត្តិនីមួយៗរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញខ្លះ៣ឆ្នាំ ខ្លះ៦ឆ្នាំ និងខ្លះ៩ឆ្នាំ ដោយរបៀបណា ?
១៩៣- តើរដ្ឋធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញទាំងពីរនេះណាមួយធំជាង ? ចូរបកស្រាយ ?
១៩៤- តើជនណាខ្លះ ឬស្ថាប័នណាខ្លះមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ?
១៩៥- តើក្រុមប្រឹក្សាធម្មនុញ្ញមានវិធានការដូចម្តេចដើម្បីកែលំអ ឬលុបបំបាត់បាតុភាពនៅស្ថាប័នខ្លួនដែលរៀបចំខ្លឹមសារលិខិតបទដ្ឋានគតិយុត្ត (ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស...) ដែលស្របឯកសារយោង ឬមិនស្របរដ្ឋធម្មនុញឱ្យមានប្រសិទ្ធភាព ឬក្លាយជាប្រទេសប្រកាន់នីតិរដ្ឋ ។
ចម្លើយ
១៩១- គ្មានការលើកលែងទេ ។ បើចូលធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាល់តែលាលែងចេញពីមុខតំណែងទាំងអស់ ដែលរដ្ឋធម្មនុញ្ញបានចែងពីវិសមិតភាព ប៉ុន្តែបើចប់អាណត្តិរបស់ខ្លួនអាចវិលត្រឡប់ទៅកន្លែងដើមវិញ ។
១៩២- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិ ៩ឆ្នាំ សមាជិក ០៣រូប តែងតាំងដោយព្រះមហាក្សត្រ ០៣រូប ត្រូវជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយ ០៣រូប ត្រូវជ្រើសតាំងដោយរដ្ឋសភា ។ អាណត្តិទី១ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ០៣រូប តែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូបត្រូវតែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៦ឆ្នាំ ០៣រូបទៀត ត្រូវតែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៩ឆ្នាំ គឺដើម្បីរក្សានិរន្តភាពស្ថាប័ន កុំឱ្យឈប់ ឈប់ទាំងអស់គ្នា ហើយចូលថ្មី ថ្មីទាំងអស់គ្នា ។ ក្នុងរយៈពេល៣ឆ្នាំម្ដង១ សមាជិកចំនួន ០៣រូប ត្រូវផ្លាស់ប្តូរ និងតែងតាំងជាថ្មី គឺ ០១រូប តែងតាំងដោយ ព្រះមហាក្សត្រ ០១រូបជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង ០១រូបទៀតជ្រើសតាំងដោយរដ្ឋសភា ។
១៩៣- រដ្ឋធម្មនុញ្ញជាច្បាប់គោលជាច្បាប់កំពូលលើគេបង្អស់ ហើយរាល់ការពិនិត្យធម្មនុញ្ញភាព បកស្រាយច្បាប់នានា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែគោរពតាមរដ្ឋធម្មនុញ្ញជាដាច់ខាត ។
១៩៤- អ្នកដែលមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញមាន ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន សមាជិករដ្ឋសភាចំនួនមួយភាគដប់ នាយករដ្ឋមន្ត្រី គណបក្សនយោបាយដែលក្រសួងមហាផ្ទៃបានបដិសេធមិនព្រមចុះបញ្ជីគណបក្សនយោបាយ ។ គណបក្សនយោបាយ ប្តឹងផ្ទាល់ (បណ្តឹងនេះធ្វើបានតែក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ) ឬតាមបណ្តឹងឧទ្ធរណ៍មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ គ.ជ.ប ក្នុងវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ បណ្តឹងរបស់ប្រជារាស្ត្រ គឺត្រូវធ្វើតាមរយៈតំណាងរបស់ខ្លួន ដូចជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន សមាជិករដ្ឋសភាចំនួនមួយភាគដប់ ។
១៩៥- ប្រហែលមិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ព្រោះរដ្ឋធម្មនុញ្ញបានបញ្ជាក់ហើយថា អំណាចទាំងបីធ្វើអ្វីក៏ដោយត្រូវស្របរដ្ឋធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញមើល និងឱ្យយោបល់ទៅលើការសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង មានសមត្ថកិច្ចពិនិត្យធម្មនុញ្ញភាពនៃច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាមុនប្រកាសឱ្យប្រើ និងបកស្រាយរដ្ឋធម្មនុញ្ញច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់ហើយ ។