ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៤១- តើនៅថ្នាក់ណាដែលមានសិទ្ធិបកស្រាយច្បាប់ ?
២៤២- ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិបញ្ជាតាមដានសកម្មភាពស្ថាប័នកំពូលរដ្ឋសភា ព្រឹទ្ធសភាដែរឬទេ ?
២៤៣- ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋសភា តើមានទំនាក់ទំនងការងាររបៀបណា ?
២៤៤- តើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចកិច្ចការអ្វីខ្លួន ? ការសម្រេចនោះមានប៉ះពាល់លើរាជរដ្ឋាភិបាលដែរឬទេ ?
២៤៥- ក្រុមប្រឹក្សាធម្មនុញ្ញបានជួយអ្វីខ្លួនដល់ប្រជាពលរដ្ឋកម្ពុជា ហើយបានជួយធ្វើអ្វីខ្លួនដល់រាជរដ្ឋាភិបាល ហើយបានជួយការពារអ្វីខ្លួនដល់ព្រះមហាក្សត្រ ?
ចម្លើយ
២៤១- បើនិយាយពីបកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ជាផ្លូវការ គឺស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែបើអ្នកស្នើឱ្យបកស្រាយ គឺមានច្រើន សូមពិនិត្យមើលរដ្ឋធម្មនុញ្ញ ។ ដូច្នេះ បើក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ ហើយគឺចប់បិទផ្លូវតវ៉ា ។ ចំណែកឯការធ្វើអត្ថាធិប្បាយ (ដែលភាសាបារាំងថា Commentaire) អ្នកណាក៏អាចធ្វើបានដែរ ដូចជាចៅក្រម ព្រះរាជអាជ្ញា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាឃុំ -សង្កាត់ជាដើម ប៉ុន្តែនៅពេលដែលមានភាពមិនច្បាស់លាស់ក្នុងចំណោមស្ថាប័នទាំងអស់នោះ គឺមានតែការបកស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលជាការបកស្រាយអាចយកមកអនុវត្តជាផ្លូវការបាន ។ ឧទាហរណ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់ឱ្យអភិបាល អភិបាលរងខេត្ត ស្រុក ខណ្ឌ ត្រូវសុំលាឈប់ពីមុខងារប៉ុន្មានខែមុន ដើម្បីអាចចូលរួមឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន ។ ដោយយល់ឃើញពីការប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីរាជការក្នុងក្របខណ្ឌបែបនេះ រាជរដ្ឋាភិបាលស្នើសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយមាត្រា ១៧ និងមាត្រា ១៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ ។ ជាលទ្ធផល ក្រុមប្រឹក្សាធម្មនុញ្ញបានបកស្រាយឱ្យត្រឹមតែព្យួរមុខងារតែក្នុងមួយរយៈពេលនៃការធ្វើយុទ្ធនាការនៃការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលតែប៉ុណ្ណោះទេ ទើបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការកែសម្រួលបទបញ្ជា និងនីតិវិធីនោះជាថ្មី ហើយជូនដំណឹងទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការផ្សព្វផ្សាយ ។
២៤២- ក្រុមប្រឹក្សាធម្មនុញ្ញឥតមានសមត្ថកិច្ចទៅត្រួតពិនិត្យលើរដ្ឋសភា និងព្រឹទ្ធសភាទេ ។ ក្រុមប្រឹក្សាធម្មនុញ្ញ មិនមែនស្ថាប័នកំពូលលើកំពូលទេ ដូច្នេះអត់មានសិទ្ធិទេ ។ គ្មានខ្សែបណ្តោយ និងខ្សែទទឹងទេ។ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ ប៉ុន្តែថវិកាសម្រាប់ដំណើរការ គឺបានមកពីថវិការដ្ឋ ។
២៤៣- បើនិយាយពីការងារ គឺទាក់ទងគ្នាតាំងពីបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមក ។ បន្ទាប់មក គឺមានទំនាក់ទំនងគ្នាក្នុងក្របខណ្ឌនៃការធ្វើច្បាប់ ជាពិសេសច្បាប់រៀបចំអង្គការមុននឹងយកទៅប្រកាសឱ្យប្រើ និងបន្ទាប់ពីព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ចប់សព្វគ្រប់ហើយ រដ្ឋសភាត្រូវបញ្ជូនច្បាប់នោះឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះជាមុន ។ ឧទាហរណ៍ ច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី ដែលបានកំណត់ថា រដ្ឋមន្ត្រីក្រសួងកិច្ចការនារីត្រូវតែជានារី ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថា អធម្មនុញ្ញភាព និងមិនអាចយកទៅប្រកាសឱ្យប្រើបានឡើយ ។ ម្យ៉ាងវិញទៀត ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋសភាមានទំនាក់ទំនងគ្នា ដើម្បីផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ។ ឧទាហរណ៍ ដូចជាថវិការបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាថវិកាក្នុងកញ្ចប់ ថវិកាជាតិ ដែលត្រូវអនុម័តដោយរដ្ឋសភា ។
២៤៤- ទីមួយ សម្រេចទៅលើវិវាទនៃការបោះឆ្នោត ទីពីរ បកស្រាយរដ្ឋធម្មនុញ្ញ ឬបកស្រាយច្បាប់ ពិនិត្យធម្មនុញ្ញភាពលើច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ការសម្រេចនេះបើស្របនឹងរដ្ឋធម្មនុញ្ញថា ស្រប បើមិនស្របនឹងរដ្ឋធម្មនុញ្ញថាមិនស្រប ឧទាហរណ៍ រាជរដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់មួយបង្កើតក្រសួងកិច្ចការនារី ក្នុងច្បាប់នោះដាក់ថា ក្រសួងកិច្ចការនារីត្រូវតែដឹកនាំដោយរដ្ឋមន្រ្តីជានារី ។ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចថា ច្បាប់ហ្នឹងមានការរើសអើងហើយ ពីព្រោះបុរស និងស្ត្រីមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។
២៤៥- ក្រុមប្រឹក្សាធម្មនុញ្ញធ្វើបានច្រើនណាស់តាំងពីកកើតក្នុងឆ្នាំ១៩៩៨មក ពិសេសភារកិច្ចការពារការ គោរពរដ្ឋធម្មនុញ្ញ ជួយព្រះមហាក្សត្រក្នុងការថ្វាយយោបល់ផ្សេងៗ គឺជួយក្នុងផ្លូវច្បាប់ ។