Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦៦- មាត្រា១៥២ថ្មី នៃរដ្ឋធម្មនុញ្ញ មានពាក្យ "ច្បាប់ " និង "សេចក្តីសម្រេច" តើពាក្យ "ច្បាប់ ” នេះសំដៅទៅដល់ច្បាប់ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ឬអនុក្រឹត្យ ឬប្រកាសដែរឬទេ ?

២៦៧- តើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សមានន័យយ៉ាងដូចម្តេចមាត្រា ១៥៣ថ្មី ?

២៦៨- ក្នុងមួយអាណត្តិនៃរាជរដ្ឋាភិបាល តើបានកំណត់ចំនួនដងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរឬទេ? បើកំណត់តើប៉ុន្មានដង ? បើមិនកំណត់តើដូចម្តេច ?

២៦៩- រដ្ឋធម្មនុញ្ញជាច្បាប់កំពូល តើស្ថាប័នណាជាអ្នកតាក់តែងវិសោធនកម្ម និងនិរាករណ៍ ?

២៧០- នៅពេលណាទើបមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ? តើការធ្វើវិសោធនកម្មច្បាប់ប្រព្រឹត្តទៅយ៉ាងដូចម្តេច? ចម្លើយ

២៦៦- មាត្រា ១៥០ថ្មី នៃរដ្ឋធម្មនុញ្ញ ច្បាប់និងសេចក្តីសម្រេចទាំងឡាយរបស់ស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញ ។ ដូច្នេះទាំងច្បាប់ ទាំងព្រះរាជក្រឹត្យ ទាំងអនុក្រឹត្យ និងទាំងសេចក្តីសម្រេចនានាត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។

២៦៧- ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស មានន័យថា យើងមានសិទ្ធិសេរីភាពពេញទី ទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ។ ម្យ៉ាងវិញទៀតត្រង់មាត្រានេះ គេបានធ្វើការហាមឃាត់មិនឱ្យមានការកែប្រែទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់របបប្រជាធិបតេយ្យសេរីពហុបក្សនេះ ដូចជាការកែប្រែពីរបបពហុបក្សមកជាឯកបក្សជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ ។

២៦៨- អត់មានទេ ពីព្រោះថាគេធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាល់តែមានការចាំបាច់ជាទីបំផុត ។ ឧទាហរណ៍ ចុងក្រោយ ដូចជានៅខែ កុម្ភៈ ឆ្នាំ២០០៨ មុនការធ្វើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យើងបានធ្វើវិសោធនកម្មម្តង ដោយសារតែយើងចង់ធ្វើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលដែនដីចាស់ ពីព្រោះថារចនាសម្ព័ន្ធចាស់មិនឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យមានការបែងចែកដែនដីជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។ ដូច្នេះ ក្រោយពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្រុងមួយចំនួនត្រូវបានប្រែខ្លួនទៅជាខេត្ត ដូចជាក្រុងប៉ៃលិន ក្រុងព្រះសីហនុ ក្រុងកែប ហើយមានទីប្រជុំជនខ្លះ ដែលមានមនុស្សច្រើនកុះករអាចប្រែខ្លួនក្លាយទៅជាក្រុងបានដូចជាក្រុងប៉ោយប៉ែត ក្រុងបាវិត ក្រុងសួង ។ល ។ ចំណែកឯអ្នកមានសិទ្ធិផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាតាមសំណើរបស់តំណាងរាស្ត្រ១/៤ ហើយព្រឹទ្ធសភាមិនមានសិទ្ធិផ្តួចផ្តើមធ្វើវិសោធនកម្មទេ ។ បើនាយករដ្ឋមន្ត្រីចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញវិញនោះ នាយករដ្ឋមន្ត្រីត្រូវធ្វើសំណើថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រទ្រង់ធ្វើព្រះរាជសារសុំពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលចំណុចមួយចំនួនដែលរដ្ឋធម្មនុញ្ញហាមឃាត់ក្នុងនោះមានរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមជាដើម ។

២៦៩- តាមប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧បាន ពេលនោះ ព្រះមហាក្សត្រទ្រង់បានរៀបចំឱ្យមានការបោះឆ្នោតមួយ ដើម្បីបង្កើតសភាធម្មនុញ្ញដែលជាស្ថាប័នទទួលភារកិច្ចសរសេររដ្ឋធម្មនុញ្ញ និងអនុម័តរដ្ឋធម្មនុញ្ញ។ នៅសម័យសាធារណរដ្ឋខ្មែរ របៀបបង្កើតរដ្ឋធម្មនុញ្ញនៅសម័យនោះ គឺគេបង្កើតគណៈកម្មការមួយទទួលបន្ទុករៀបចំតាក់តែងរដ្ឋធម្មនុញ្ញ និងយកទៅដាក់ឱ្យអនុម័តដោយប្រជាមតិ ។ ចំណែកឯនៅសម័យកម្ពុជាប្រជាធិបតេយ្យ គឺសរសេរហើយជាស្រេច ដោយគ្រាន់តែយកទៅឆ្លងសន្និបាតកម្មាភិបាលទូទាំងប្រទេស ។ ចំណែកឯរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣វិញ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ គឺគេបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបង្កើតសភាធម្មនុញ្ញឡើង ដើម្បីសរសេររដ្ឋធម្មនុញ្ញ ហើយក្រោយរដ្ឋធម្មនុញ្ញចូលជាធរមាន សភាធម្មនុញ្ញក្លាយទៅជារដ្ឋសភាតែម្តង ។ មានតែព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រចំនួនមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបអាចផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន ។ បើពិនិត្យទៅលើរដ្ឋធម្មនុញ្ញត្រង់ជំពូកព្រឹទ្ធសភា គឺប្រធានព្រឹទ្ធសភាគ្មានសិទ្ធិផ្តួចផ្តើមគំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ ពីព្រោះជំពូកព្រឹទ្ធសភានេះជាជំពូកដែលកើតចេញពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាល ឆ្នាំ១៩៩៩ ។ ជំពូកនេះជាកូនកើតចេញពីដំណោះស្រាយនយោបាយឆ្នាំ១៩៩៨ ពិសេសគណបក្សធំៗពីរក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ។ ជំពូកនេះផ្តើមគំនិតយកចេញពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ដែលគេនិយាយពីក្រុមប្រឹក្សា ព្រះរាជអាណាចក្រជាមូលដ្ឋានយកមកសរសេរដោយប្តូរពាក្យពេចន៍ខ្លួន អាស្រ័យហេតុនេះហើយបានជាប្រធានព្រឹទ្ធសភាអត់មានសិទ្ធិផ្តួចផ្តើមសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញទេ។ ព្រឹទ្ធសភាជាសភាមួយសម្រាប់ត្រិះរិះពិចារណាតែប៉ុណ្ណោះ ។ ព្រះមហាក្សត្រពេលទទួលសំណើហើយ ទើបពិគ្រោះមតិជាមួយក្រុមប្រឹក្សាធម្មនុញ្ញ ។ ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយមតិទៅព្រះមហាក្សត្រ បើធ្វើបានព្រះមហាក្សត្រ ទ្រង់ផ្តល់ចម្លើយទៅនាយករដ្ឋមន្ត្រី ឬទៅប្រធានរដ្ឋសភា ហើយអនុវត្តនីតិវិធីព្រាងច្បាប់ធម្មនុញ្ញ ធ្វើសេចក្តីថ្លែងហេតុ និងធ្វើសំណើ ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវអនុម័តដោយសំឡេង ២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ហើយព្រឹទ្ធសភាក៏ត្រូវអនុម័តដោយសំឡេង ២/៣ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដែរ នេះជាសំឡេងអនុម័តដែលមានលក្ខណៈជាស្តង់ដារនៅក្នុងរដ្ឋធម្មនុញ្ញទាំងអស់នៅលើពិភពលោក ។ ចំណែកឯនិរាករណ៍វិញ គឺមិនមានចំពោះករណីរដ្ឋធម្មនុញ្ញទេ ប៉ុន្តែគេប្រើបានជាមួយច្បាប់ទៅវិញ ។

២៧០- មិនមានពេលវេលាកំណត់ទេ ពោលគឺទៅតាមភាពចាំបាច់របស់ប្រទេសជាតិ ពីព្រោះថាបើយើងមិនកែរដ្ឋធម្មនុញ្ញ គឺប្រទេសជាតិទៅមុខមិនរួច ដោយសារតែប្រទេសជាតិជួបប្រទះនឹងភាពជាប់គាំងខាងនយោបាយ ។ ឆ្នាំ១៩៩៣ យើងមានរដ្ឋធម្មនុញ្ញហើយ ហើយនៅឆ្នាំ១៩៩៤ យើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានចំនួន ០១ដង ពីព្រោះថាពេលនោះ បើព្រះមហាក្សត្រទ្រង់ត្រូវយាងទៅព្យាបាលរោគនៅទីក្រុងប៉េកាំង គឺគ្មាននរណាអាចចុះ ព្រះហស្តលេខាជំនួសព្រះ អង្គក្នុងនាមព្រះប្រមុខរដ្ឋបាននោះទេ បើតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។ ក្រោយបោះឆ្នោត ឆ្នាំ១៩៩៨ កម្ពុជាជួបភាពជាប់គាំងខាងនយោបាយដែលជាហេតុធ្វើឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ិនប៉ិច ចរចាគ្នាសម្រេចឱ្យកែរដ្ឋធម្មនុញ្ញ ដើម្បីទម្លាយភាពជាប់គាំងនោះ ។ ដូច្នេះហើយយើងបានជំពូកថ្មីមួយទៀតស្តីពីព្រឹទ្ធសភា ។ នៅឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០០៣ រដ្ឋសភាជួបបញ្ហាលំបាកដោយសារតែខ្វះចំនួនកូរ៉ុម រដ្ឋសភា និងសំឡេងដើម្បីអនុម័ត ដូចជានៅពេលប្រជុំរដ្ឋសភា បើមានការមិនពេញចិត្តពីសំណាក់តំណាងរាស្ត្ររបស់គណបក្សនយោបាយមួយនោះ ពួកគេក៏នាំគ្នាចេញពីរដ្ឋសភាទាំងពេលកំពុងប្រជុំដែលជាហេតុធ្វើឱ្យរដ្ឋសភាមិនអាចអនុម័តអ្វីកើតពីព្រោះមិនអាចរកចំនួនកូរ៉ុម ៧/១០ និង សំឡេងភាគច្រើន ២/៣ បាន ។ លុះក្រោយពីការបោះឆ្នោតឆ្នាំ២០០៣ហើយ យើងនៅជាប់គាំងនយោបាយ ១ឆ្នាំទៀត រហូតដល់មានកិច្ចព្រមព្រៀងស្រុះស្រួលគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០០៤ ។ ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទេ។ ចំណែកឯអ្នកមានសិទ្ធិផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួមមាន ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាតាមសំណើរបស់តំណាងរាស្ត្រចំនួន ១/៤ ហើយប្រធានព្រឹទ្ធសភា និងសមាជិក ព្រឹទ្ធសភា ពុំមានសិទ្ធិនេះទេ។ គ្រប់សំណើទាក់ទងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រទ្រង់ត្រូវ ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលថាសំណើនោះ មិនបានធ្វើឱ្យប៉ះពាល់ទៅនឹងការហាមឃាត់របស់រដ្ឋធម្មនុញ្ញ ជាពិសេសរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ ចំពោះឯកសារវិញ ម្ចាស់សំណើត្រូវធ្វើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការធ្វើវិសោធនកម្មមាត្រានៃរដ្ឋធម្មនុញ្ញណាមួយ សេចក្តីថ្លែងហេតុ និងត្រូវមានហត្ថលេខាច្បាស់លាស់ភ្ជាប់មកជាមួយ ដើម្បីដាក់ជូនរដ្ឋសភាអនុម័ត និងព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login