ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦១- មាត្រា ១៥០ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថាច្បាប់ និងសេចក្តីសម្រេចរបស់ស្ថាប័នរដ្ឋត្រូវតែស្របរដ្ឋធម្មនុញ្ញដាច់ខាត ។ តើច្បាប់ និងសេចក្តីជូនដំណឹងមួយណាធំជាង ? ពីព្រោះកន្លងមកឱ្យតែមានរឿងកើតឡើង ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យដូចជាមិនហ៊ានអនុវត្តន៍នីតិវិធីនោះទេ ?
២៦២- តើរដ្ឋធម្មនុញ្ញយើងជារដ្ឋធម្មនុញ្ញរឹង ឬទន់ ? បើរឹងមូលហេតុអ្វី ? បើទន់មូលហេតុអ្វី ?
២៦៣- តើរាល់ការកែប្រែច្បាប់រដ្ឋធម្មនុញ្ញ ត្រូវឆ្លងកាត់ការប្រជុំក្រុមប្រឹក្សាធម្មនុញ្ញឬត្រូវឆ្លងកាត់ព្រះមហាក្សត្រ ឬនាយករដ្ឋមន្ត្រី ?
២៦៤- ច្បាប់ណាមួយដែលចែងប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តើអាចយកមកអនុវត្តបានដែរឬទេ ?
២៦៥- តើរដ្ឋធម្មនុញ្ញមានមុខងារយ៉ាងដូចម្តេចខ្លួន ?
ចម្លើយ
២៦១- គឺច្បាប់ខ្ពស់ជាងសេចក្តីជូនដំណឹង ។ បើតាមឋានានុក្រម គឺច្បាប់បន្ទាប់មកព្រះរាជក្រឹត្យ អនុក្រឹត្យ បន្ទាប់មកបានសេចក្តីជូនដំណឹង ។
២៦២- រដ្ឋធម្មនុញ្ញរបស់យើងគឺអាចនិយាយបានថា ជារដ្ឋធម្មនុញ្ញរឹងផង និងទន់ផង ។ ប្រការដែលថា រឹង គឺគេចែងចំណុចណាដែលគេហាមក្នុងការធ្វើវិសោធនកម្ម ឬសើរើតាមចិត្ត ដូច្នេះអ្នកដែលមានអំណាចបញ្ញត្តិរដ្ឋធម្មនុញ្ញ គេគិតពីចំណុចដែលនឹងហាមប្រាម ចំណុចដែលហាមមិនឱ្យកែប្រែ គឺទី១-ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ទី២-របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទី៣-ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ទី៤-ក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ។ ចំពោះមាត្រាណាដែលគេអាចធ្វើការកែប្រែបាន គឺជារដ្ឋធម្មនុញ្ញទន់ ហើយរដ្ឋធម្មនុញ្ញរបស់យើងក៏មានការធ្វើវិសោធនកម្មច្រើនមាត្រាហើយដែរ។ រដ្ឋធម្មនុញ្ញរបស់យើងសព្វថ្ងៃនេះ គឺជាសមិទ្ធិផលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលតម្រូវឱ្យខ្មែរគ្រប់ភាគីរួមគ្នាបង្កើតរដ្ឋធម្មនុញ្ញមួយ ។ កាលនោះយើងបង្កើតសភាធម្មនុញ្ញដើម្បីរៀបចំតាក់តែងសេចក្តីព្រាងរដ្ឋធម្មនុញ្ញមួយ ដែលក្រោយមកសភាធម្មនុញ្ញបានក្លាយជារដ្ឋសភា ។
២៦៣- សូមមើលគំនូសតាងដែលលោកជំទាវឧទ្ទេសនាម អ្នកដែលមានសិទ្ធិផ្តួចផ្តើមគំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមានតែ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រ ១/៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ អ្នកផ្តួចផ្តើមរៀបចំនីតិវិធីរួចហើយ ថ្វាយទៅព្រះមហាក្សត្រ ព្រះមហាក្សត្រមិនឆ្លើយអ្វីទេ ទ្រង់បញ្ជូនមកក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ក្រុមប្រឹក្សា ធម្មនុញ្ញថ្វាយមតិ បានចម្លើយនេះហើយ ទ្រង់ផ្ញើត្រឡប់ទៅអ្នកស្នើវិញ ។
២៦៤- រដ្ឋធម្មនុញ្ញតតម្រូវឲ្យច្បាប់ទាំងអស់ និងអត្ថបទក្រោមច្បាប់ទាំងអស់ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញ ។
២៦៥- ជាច្បាប់រួម ច្បាប់មេ ហើយក្នុងឋានានុក្រមនៃច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូល ចុះមកច្បាប់រៀបចំ អង្គការ ច្បាប់ធម្មតា ច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី បន្ទាប់មកអនុក្រឹត្យ សេចក្តីសម្រេច ។ល។ តែត្រូវចងចាំឱ្យច្បាស់ថា ច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញ ។