Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៥៦- តើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានគុណសម្បត្តិ និងវិបត្តិយ៉ាងម្តេច?

២៥៧- ការផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ។ តើត្រូវតែមានការផ្តើមគំនិតពីស្ថាប័នទាំងបីនេះ ទើបអាចធ្វើវិសោធនកម្មបាន ឬមួយក្នុងចំណោមទាំងបីក៏អាចធ្វើវិសោធនកម្មបានដែរ ?

២៥៨- ក្នុងបទឧទ្ទេសនាមរបស់ឯកឧត្តម សឺន ស៊ូបែរ្តិ៍ ការសើរើធ្វើវិសោធនកម្មត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលណាប្រទេសជាតិឋិតក្នុងភាពអាសន្ន ។ តើស្ថានភាពអាសន្ននោះក្នុងកម្រិតណា? បើស្ថានភាពអាសន្នពិតមែន បើយើងមិនធ្វើវិសោធនកម្មវាអាចធ្វើឱ្យប្រទេសជាតិជាប់គាំងធ្ងន់ធ្ងរ តើគួរធ្វើយ៉ាងណា ?

២៥៩- គ្រប់ច្បាប់លិខិតបទដ្ឋានគតិយុត្តត្រូវតែស្របរដ្ឋធម្មនុញ្ញ តើយោងលើមូលដ្ឋានអ្វីខ្លះដើម្បីកំណត់ថា ច្បាប់លិខិតបទដ្ឋានគតិយុត្តណាមួយមិនស្របរដ្ឋធម្មនុញ្ញ?(ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស...)មាត្រា១៥០ថ្មីនៃរដ្ឋធម្មនុញ្ញ?

២៦០- ទម្រង់នៃការរៀបចំលិខិតបទដ្ឋាននីមួយៗ (ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស...) ចាំបាច់ត្រូវមានឯកសារយោងរួមមានរដ្ឋធម្មនុញ្ញ ច្បាប់ដែលពាក់ព័ន្ធ តើឯកសារយោងទាំងនោះមានឥទ្ធិពល ឬសារៈសំខាន់អ្វីខ្លះ ក្នុងការវាយតម្លៃខ្លឹមសារលិខិតបទដ្ឋានគតិយុត្តដែលកំពុងរៀបចំនេះថាស្រប ឬមិនស្របរដ្ឋធម្មនុញ្ញ ?

ចម្លើយ

២៥៦- សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដែល គេមានវ័យចំណាស់ខាងប្រជាធិបតេយ្យសេរី ប្រទេសណាក៏គេកែដែរ ហេតុអ្វីបានគេធ្វើ ? ពីព្រោះផ្អែកទៅលើឆន្ទៈរបស់ប្រជារាស្រ្ត និងភាពចាំបាច់នៃការគ្រប់គ្រងប្រទេសប៉ុន្តែមានលក្ខខណ្ឌ ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានលក្ខខណ្ឌ៤ ហាមមិនឱ្យធ្វើការកែប្រែ ឬសើរើរដ្ឋធម្មនុញ្ញ ទី១-កាលណាប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ទី២-កាលណាប៉ះពាល់ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទី៣-ព្រះមហាក្សត្រគ្រងរាជសម្បត្តិ ប៉ុន្តែមិនកាន់អំណាច និង ទី៤-នៅពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ។ ដោយផ្អែកលើភាពចាំបាច់របស់ប្រទេសជាតិ និងឆន្ទៈរបស់ប្រជារាស្ត្រភាគច្រើន ដែលមានតំណាងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាពេលនោះហើយដែលគេអាចដំណើរការធ្វើវិសោធនកម្មបាន។ អ៊ីចឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាគុណសម្បត្តិ ជាការសម្របសម្រួល ជាតម្រូវការចាំបាច់របស់ប្រទេសជាតិ ដើម្បីធានាឱ្យមានដំណើរការប្រក្រតីនៃអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ ដូច្នេះគុណវិបត្តិ គឺមិនមានទេ ។

២៥៧- សូមជម្រាបថាមិនចាំបាច់ស្នើមកទាំងបីព្រមគ្នានោះទេ ជួនកាលព្រះមហាក្សត្រតែមួយអង្គឯងក៏អាចស្នើឱ្យធ្វើវិសោធនកម្មបានដែរ ។ នីតិវិធីមានការលំបាកបន្តិច ព្រោះថាការផ្តើមគំនិតត្រូវលើកហេតុផល និងធ្វើសេចក្តីព្រាងថ្វាយព្រះមហាក្សត្រ ។ ព្រះអង្គធ្វើរាជសារមួយមកក្រុមប្រឹក្សាធម្មនុញ្ញដើម្បីផ្តល់មតិ ។ ក្រុមប្រឹក្សាធម្មនុញ្ញប្រជុំគ្នាពិនិត្យមើលថា តើសំណើនោះត្រឹមត្រូវគ្រប់លក្ខខណ្ឌទេ បើគ្រប់គ្រាន់ហើយក្រុមប្រឹក្សាធម្មនុញ្ញធ្វើចុតហ្មាយថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រប្រាប់ទៅម្ចាស់សំណើវិញតាមចុតហ្មាយដែលបានថ្វាយទ្រង់ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ជាការពិបាកដែរ ព្រោះត្រូវយកសំឡេងអនុម័តពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ហើយការយកសំឡេងពីរភាគបីនេះ ជាគោលការណ៍សាកលគ្រប់ប្រទេសទាំងអស់បើចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺទាល់តែមានសំឡេងអនុម័តពីរភាគបីទើបអាចកែបាន ។

២៥៨- ចំណុចនេះ មិនមានចែងច្បាស់លាស់ក្នុងរដ្ឋធម្មនុញ្ញទេ តែយើងអាចដឹងថា ពាក្យថាភាពអាសន្ននេះ មានន័យថា ប្រទេសស្ថិតនៅក្នុងសង្គ្រាម ឬសង្គ្រាមជាមួយប្រទេសដទៃទៀត ឬអាចថាប្រទេសមានវិបត្តិធំៗ ។

២៥៩- ខ្ញុំយល់ថារដ្ឋធម្មនុញ្ញជាប្រដាប់វាស់មួយដើម្បីឱ្យដឹងថាច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តណាមួយមិនស្របរដ្ឋធម្មនុញ្ញ ហើយអ្នកដែលមានសមត្ថកិច្ចត្រួតពិនិត្យថាត្រឹមត្រូវ ឬ មិនត្រឹមត្រូវ គឺទាល់តែមានបណ្តឹងទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចប្រកាសថា ច្បាប់ណាមួយមិនស្របរដ្ឋធម្មនុញ្ញ ប៉ុន្តែមិនត្រួតពិនិត្យធម្មនុញ្ញភាពដល់ទៅព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ ប្រកាសឡើយ ។

២៦០- អ្នកសួរចង់យោងទៅដល់មូលបទ ព្រោះមូលបទគេដាក់យោងរដ្ឋធម្មនុញ្ញ យោងព្រះរាជក្រម យោងច្បាប់បន្តបន្ទាប់ ។ ការដែលយើងហ្នឹងហើយ ដើម្បីឱ្យខ្លឹមសារខាងក្រោមរលូនដូចអ្វីដែលមានយោងខាងលើ ព្រោះអ្នកដែលបានសរសេរលិខិតបទដ្ឋាន គឺគោរពទៅតាមខ្លឹមសារដែលមានយោងខាងលើ គឺធ្វើឱ្យរលូនទៅតាមរដ្ឋធម្មនុញ្ញ ហើយមូលបទដែលខ្ពស់ជាងគេ គឺរដ្ឋធម្មនុញ្ញបន្ទាប់មកច្បាប់បន្តមកក្រោមៗទៀតតាមឋានានុក្រមគ្នាចុះមក ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login