Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៧១- តើប្រធានព្រឹទ្ធសភា មានសិទ្ធិផ្តើមគំនិតសើរើ ឬ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឬទេ ?

២៧២- ហេតុអ្វីបានជាច្បាប់រដ្ឋធម្មនុញ្ញមាត្រា ១៥១ថ្មី ឥតមានអនុញ្ញាតឱ្យប្រធានព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាធ្វើការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ?

២៧៣- មាត្រា ១៥៥ថ្មី ចូរពន្យល់ការខុសគ្នារវាងសភាធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញ ?

២៧៤- តើពាក្យ “អាណត្តិអាជ្ញាបញ្ជា” និង ពាក្យ “អាណត្តិតំណាង” ។ ពាក្យទាំងពីរនេះមានន័យដូចម្តេច ?

២៧៥- តើពាក្យ "អវសានប្បញ្ញាត្តិ ” និង ពាក្យ "អន្តរប្បញ្ញត្តិ” ខុសគ្នាដូចម្តេច ?

ចម្លើយ

២៧១- ប្រធានព្រឹទ្ធសភា គ្មានសិទ្ធិផ្តើមគំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ។ មានតែ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រចំនួនមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបអាចធ្វើបាន ។ បើពិនិត្យទៅលើរដ្ឋធម្មនុញ្ញត្រង់ជំពូកព្រឹទ្ធសភា គឺប្រធានព្រឹទ្ធសភាគ្មានសិទ្ធិផ្តល់គំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ ព្រោះជំពូកព្រឹទ្ធសភានេះជាជំពូកដែលធ្វើវិសោធនកម្មនៅឆ្នាំ១៩៩៩ ។ ជំពូកនេះជាកូនកើតចេញពីដំណោះស្រាយនយោបាយឆ្នាំ១៩៩៨ ពិសេសគណបក្យធំពីរក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ជំពូកនេះផ្តើមគំនិតយកចេញពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ដែលគេនិយាយពីក្រុមប្រឹក្សាព្រះរាជអាណាចក្រជាមូលដ្ឋានយកមកសរសេរដោយប្តូរពាក្យពេជន៍ខ្លួនអាស្រ័យហេតុនេះ ហើយបានជាប្រធានព្រឹទ្ធសភាអត់មានសិទ្ធិផ្តួចផ្តើមសើរើ ឬ វិសោធនកម្មរដ្ឋធម្មនុញ្ញទេ ។ ព្រឹទ្ធសភាជាសភាមួយសម្រាប់ត្រិះរិះពិចារណាតែប៉ុណ្ណោះ ។

២៧២- ខ្ញុំជាអ្នកសរសេររដ្ឋធម្មនុញ្ញមួយរូបដែរ គឺមានបទពិសោធន៍ពីប្រទេសដទៃ ដែលគេមានដូច្នេះដែរ។ អាចមានចម្លើយផ្សេងទៀត គឺសមាជិកព្រឹទ្ធសភាកើតចេញពីការបោះឆ្នោតអសកល ។

២៧៣- ការពន្យល់ការខុសគ្នារវាងសភាធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញគឺ ៖

  • សភាធម្មនុញ្ញ ៖ គឺជារដ្ឋសភាមួយកើតចេញពីការបោះឆ្នោតសកល ហើយមានភារកិច្ចកំណត់យ៉ាងច្បាស់ថា ត្រូវរៀបរៀងតាក់តែងរដ្ឋធម្មនុញ្ញពិភាក្សា និងអនុម័តរដ្ឋធម្មនុញ្ញ ។ ដោយឡែកតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាគោលការណ៍ច្បាប់ គឺបោះឆ្នោតរើសសភាធម្មនុញ្ញពលរដ្ឋធម្មនុញ្ញចូលជាធរមាន ហើយត្រូវបោះឆ្នោតម្តងទៀតរើសរដ្ឋសភា ប៉ុន្តែដោយសារពាក់ព័ន្ធនឹងថវិកា និងពេលវេលា យើងបោះឆ្នោតតែមួយលើកទេ គឺពេលរដ្ឋធម្មនុញ្ញចូលជាធរមានហើយ សភាធម្មនុញ្ញក្លាយទៅជារដ្ឋសភាដោយស្វ័យប្រវត្តិ ។
  • ក្រុមប្រឹក្សាធម្មនុញ្ញ ៖ ជាស្ថាប័នមួយកើតចេញពីរដ្ឋធម្មនុញ្ញ មានតួនាទីពិនិត្យធម្មនុញ្ញភាពនៃច្បាប់បកស្រាយ រដ្ឋធម្មនុញ្ញ និងច្បាប់ដោះស្រាយវិវាទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ។

២៧៤- អត្ថន័យនៃពាក្យថា​៖

  • អាណត្តិអាជ្ញាបញ្ជា គឺជាអាណត្តិនយោបាយ (ចេញពីការបោះឆ្នោត) ដែលអ្នកជាប់ឆ្នោតជាតំណាងរបស់ប្រជាជនទទួលអាណត្តិពីប្រជាជនក្នុងមណ្ឌលរបស់ខ្លួន ត្រូវគោរពតាមសេចក្តីណែនាំរបស់ប្រជាជន ហើយអាចត្រូវប្រជាជនដកហូតតំណែងបាន ។ ទាំងនេះគឺដោយសារគេអនុវត្តតាមបែបអធិបតេយ្យប្រជាជន (Souveraineté populaire) ដែលគេច្រើនអនុវត្តនៅក្នុងរបបប្រជាធិបតេយ្យដោយផ្ទាល់ដូចដែលមានសព្វថ្ងៃនៅតំបន់ខ្លួននៃប្រទេសស្វីស ។
  • អាណត្តិតំណាង គឺជាអាណត្តិនយោបាយ ដែលអ្នកជាប់ឆ្នោតទទួលអាណត្តិពីប្រជាជាតិ នៅក្នុងការអនុវត្តន៍តាមបែបបទអធិបតេយ្យប្រជាជាតិ (Souveraineté nationale) ។ ឧទាហរណ៍ តំណាងរាស្រ្តដែលជាប់ឆ្នោតនៅក្នុងមណ្ឌលរបស់ខ្លួន មិនមែនតំណាងឱ្យតែប្រជាជនក្នុងមណ្ឌលបោះឆ្នោតរបស់ខ្លួនទេតែតំណាងឱ្យប្រជាជនទូទាំងប្រទេសតំណាងឱ្យប្រជាជាតិទាំងមូល ។ អ្នកតំណាងដែលជាប់ឆ្នោតអនុវត្តការងារដោយឯករាជ្យពីអ្នកបោះឆ្នោតឱ្យគេ គេអាចមិនទទួលសំណូមពរ ឬសេចក្តីណែនាំរបស់អ្នកបោះឆ្នោត ហើយក៏មិនអាចត្រូវដកតំណែងដោយអ្នកបោះឆ្នោតឱ្យគេដែរ ។

២៧៥- ភាពខុសគ្នារវាងពាក្យ ៖

  • អវសានប្បញ្ញត្តិ គឺជាបទប្បញ្ញត្តិចុងក្រោយ ដែលមានពីរ ឬបីមាត្រា ។
  • អន្តរប្បញ្ញត្តិ គឺជាបទប្បញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឬចែងនៅក្នុងច្បាប់សម្រាប់អនុវត្តក្នុងអន្តរកាលណាមួយ ការឆ្លងកាត់ណាមួយការផ្ទេរអ្វីមួយទៅអ្វីមួយទៀត ។ មានន័យថា ជារយៈពេលមួយដែលស្ថិតនៅចន្លោះរយៈពេលនៃច្បាប់មួយដែលមានហើយឆ្លងទៅច្បាប់ថ្មីមួយទៀត ដែលនឹងត្រូវគេយកមកជំនួសច្បាប់ ចាស់នោះនៅពេលខាងមុខ ក្នុងគោលបំណងធានានូវនិរន្តរភាពនៃច្បាប់ ។ ឧទាហរណ៍ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណីជាដើម មានចែងអំពីអន្តរប្បញ្ញត្តិ ។ ទាក់ទងនឹងអន្តរប្បញ្ញត្តិដែលមាននៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សភាធម្មនុញ្ញធ្លាប់បានធ្វើការពិភាក្សាគ្នាថា តើពងមាន់កើតមុនមេមាន់ ឬមេមាន់កើតមុន ពងមាន់ ។ សភាធម្មនុញ្ញបានបើកសម័យប្រជុំលើកទី១ នាថ្ងៃ ទី ១៤ ខែ មិថុនា ឆ្នាំ១៩៩៣ ដើម្បីធ្វើការអនុម័ត លើសេចក្តីសម្រេចចិត្តមួយក្នុងការថ្វាយអំណាចជូនសម្តេច នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋនៃកម្ពុជា ហើយត្រូវ បានចុះហត្ថលេខាដោយសម្តេច បវរសេដ្ឋា សឺន សាន នៅថ្ងៃ ទី ២១ ខែ កញ្ញា ឆ្នាំ១៩៩៣ ។ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញត្រូវបានប្រកាសឱ្យប្រើដោយ សម្តេច នរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃកម្ពុជា ហើយព្រះអង្គទ្រង់ប្រកាសផងដែរថា សភាធម្មនុញ្ញក្លាយទៅជារដ្ឋសភានីតិកាលទី១ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login