ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៤១- តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈល្អឥតខ្ចោះហើយឬនៅ? បើនៅមិនទាន់ល្អឥតខ្ចោះ តើមានកង្វះខាតត្រង់ចំណុចណាខ្លួន?
៣៤២- តើការប្រើពាក្យ “ថ្មី (មួយ)” មានន័យដូចម្តេច ? តើន័យខុសគ្នានឹង “ថ្មី” ឬ “ថ្មី (ពីរ)” យ៉ាងដូចម្តេច ?
៣៤៣- ការប្រើប្រាស់ពាក្យថ្មីនៅតាមមាត្រាដែលបានធ្វើវិសោធនកម្ម ការដាក់ពាក្យនេះហាក់ដូចជា បង្កឱ្យមានភាពច្របូកច្របល់ក្នុងការយោង ហើយនឹងនាំឱ្យមានកំហុសឆ្គង ។ ប្រសិនបើមានការភ្លេចភ្លាំងនៅក្នុងការដាក់ពាក្យថ្មី តើក្រុមប្រឹក្សាធម្មនុញ្ញមានវិធីសាស្ត្រអ្វី ដើម្បីធ្វើឱ្យមានឯកភាពនៃមាត្រាដែលបានរៀបរាប់ក្នុងរដ្ឋធម្មនុញ្ញដែរឬទេ ?
៣៤៤- ហេតុអ្វីបានជាមានមាត្រា “ថ្មី” និង មាត្រាអត់មាន “ថ្មី” ?
៣៤៥- មុននឹងបង្កើតរដ្ឋធម្មនុញ្ញ តើគេត្រូវយកចិត្តទុកដាក់ទៅលើកត្តាអ្វីខ្លះ? ដើម្បីកុំឱ្យរដ្ឋធម្មនុញ្ញបង្កើតហើយត្រូវឆ្លងកាត់ការធ្វើវិសោនកម្មច្រើនលើកច្រើនសារ ?
ចម្លើយ
៣៤១- ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋធម្មនុញ្ញដែលមាននៅក្នុងដៃអស់លោក លោកស្រីនេះ ខ្ញុំយល់ថាប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ ការពារប៉ុណ្ណឹងទៅសុខហើយ រីកចម្រើនហើយ ។ លុះត្រាតែវាវិវឌ្ឍទៅរកដំណាក់កាល មួយចាំបាច់ត្រូវធ្វើវិសោធនកម្ម យើងអាចធ្វើទៀត ប៉ុន្តែគោរពទៅតាមនីតិវិធីនៃការធ្វើវិសោធនកម្ម ហើយអ្វីដែលរដ្ឋធម្មនុញ្ញហាមកុំប៉ះពាល់ឱ្យសោះ ។
៣៤២- សូមជម្រាបថា បញ្ហានេះគឺពិបាកណាស់ ។ របៀបដាក់លេខរៀងមាត្រានេះ គឺយករដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៧ ជាគោល ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ មកដល់ឆ្នាំ១៩៧០ មានធ្វើវិសោធនកម្មចំនួន ១២លើក ។ បើកាលណាឃើញមាត្រា ហើយមានពាក្យថ្មីនៅបន្ត ឧទាហរណ៍មាត្រា ២០ថ្មី នេះមានន័យថាមាត្រានេះបានកែលើកទីមួយហើយ ។ ប្រសិនបើគេដាក់ពាក្យមាត្រាថ្មី (មួយ) គឺមានន័យថាមាត្រានោះបានធ្វើការកែប្រែពីរដងហើយ។ ប៉ុន្តែបើគេដាក់មាត្រាថ្មី ហើយបើករង្វង់ក្រចកយោងលើមាត្រាចាស់ អាហ្នឹងគឺមាត្រាចាស់ទាំងស្រុង តាំងពីឆ្នាំ១៩៩៣ ប្តូរតែលេខទេ ពីព្រោះយើងបង្កើតជំពូកព្រឹទ្ធសភាមួយកាលពីឆ្នាំ១៩៩៩ ធ្វើឱ្យប្តូរលេខរៀងមាត្រាទាំងអស់ ។ ប៉ុន្តែបើគេដាក់មាត្រាថ្មី (ពីរ ) គឺមានន័យថាមាត្រានោះបានធ្វើការកែប្រែយ៉ាងតិចពី ២ ទៅ ៣ដង ។ ដូច្នេះ ត្រូវមើលទៅឧបសម្ព័ន្ធខាងក្រោយគេ នេះគឺជាវិធីសាស្ត្រក្នុងការដាក់លេខរៀងរដ្ឋធម្មនុញ្ញ ។
៣៤៣- ច្បាប់ក៏ដោយ រដ្ឋធម្មនុញ្ញក៏ដោយ កាលណាធ្វើវិសោធនកម្មវានឹងបណ្តាលឱ្យមានការដាក់ពាក្យថា “ថ្មី” ហើយ ។ ម្យ៉ាងវិញទៀត ពាក្យថា “ថ្មី” នេះសំដៅទៅដល់ការកែលើកទី១ ហើយបើកលើកទី២ គេដាក់ថា "ថ្មី(មួយ)" និងកែលើកទី៣ គេដាក់ថា “ថ្មី(ពីរ) " ។ នេះគឺជារបៀបរៀបលំដាប់មាត្រាដែលត្រូវបានគេធ្វើវិសោធនកម្ម ។ ប៉ុន្តែបញ្ហាលំបាកនឹងកើតមាននៅពេលដែលគេបង្កើតជំពូក និងមាត្រាថ្មី តួយ៉ាងដូចការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបង្កើតឱ្យមានជំពូកថ្មីមួយស្តីពីព្រឹទ្ធសភា និងជំពូកថ្មីមួយទៀតស្តីពីសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងខាងនយោបាយកាលពីឆ្នាំ១៩៩៨ ។ ដូច្នេះ ការដាក់លេខរៀងមាត្រានៃរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងវិញ ដោយផ្អែកតាមគោលការណ៍ណាមួយ ។ ទាក់ទងបញ្ហានេះ យើងបានដកស្រង់បទពិសោធន៍ដែលមានស្រាប់ជាមួយនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ដែលត្រូវបានគេធ្វើវិសោធនកម្មចំនួន ១២ លើកនោះ ។ ម្យ៉ាងវិញទៀត បើទោះបីជាមានការខុសឆ្គងទៅនឹងការដាក់ពាក្យ "ថ្មី(មួយ)" ឬ "ថ្មី(ពីរ)" ក៏ដោយក្រុមប្រឹក្សាធម្មនុញ្ញគ្មានសមត្ថកិច្ចទៅធ្វើការកែសម្រួលទេ ពីព្រោះការកែប្រែផ្នែកណាមួយ ឬមាត្រាណាមួយនៃរដ្ឋធម្មនុញ្ញត្រូវឆ្លងកាត់នីតិវិធីច្បាប់ត្រឹមត្រូវដូចជាត្រូវអនុម័តច្បាប់ធម្មនុញ្ញមួយដើម្បីធ្វើកែប្រែពាក្យ “ថ្មី” នេះ ។
៣៤៤- មាត្រាដើមនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អត់មានថ្មីទេ ដូចជាមាត្រា១ មាត្រា២ មាត្រា៣ ជាដើម ហើយចាប់ពីមាត្រា ១១ មានដាក់ពាក្យថា “ថ្មី ” នៅពីក្រោយមាត្រានីមួយៗ ដោយសារតែមានការធ្វើវិសោធនកម្មបណ្តោះមាត្រាទាំងនោះ ហើយក៏ជាវិធីសាស្រ្តក្នុងការដាក់សម្គាល់ពីចំនួនដងនៃការធ្វើវិសោធនកម្មដែរ ។
៣៤៥- សូមជម្រាបជូនថា នៅក្នុងគណៈធិបតីនេះមានវត្តមានអតីតសមាជិកសភាធម្មនុញ្ញ ៣រូប គឺឯកឧត្តម សឺន ស៊ូបែរ្តិ៍ ឯកឧត្តម ប៉ែន ថុល ឯកឧត្តម ឯក សំអុល និងឯកឧត្តមម្នាក់ទៀតអវត្តមាន គឺឯកឧត្តម ឈួរ លាងហួត ។ នៅឆ្នាំ១៩៩៣ សមាជិកសភាធម្មនុញ្ញ ១២០រូប មានពេលវេលាតែ៣ខែគត់ ក្នុងការសរសេររដ្ឋធម្មនុញ្ញ ។ ដូច្នេះទទួលស្គាល់ថា ការសរសេរនេះ មិនគ្រប់ជ្រុងជ្រោយទេ ព្រោះស្ថានការណ៍ និងតម្រូវការរបស់ជាតិ ប្រជាជន វិវឌ្ឍទៅមុខជានិច្ច ។ កត្តានេះហើយដែលតម្រូវឱ្យមានការកែប្រែ ។